មួយឆ្នាំបន្ទាប់ពីបានស្នងតំណែងពីឪពុករបស់លោកជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត កំពុងប្រឈមនឹងកំហឹងរបស់សាធារណជនដែលរាលដាលខ្លាំងពាក់ព័ន្ធនឹងផែនការនៃកិច្ចសហការសេដ្ឋកិច្ចតំបន់ជាមួយប្រទេសវៀតណាម និងឡាវ ដែលកំពុងសាកល្បងការសម្រេចចិត្តខាងនយោបាយរបស់លោក នៅចំពោះមុខបញ្ហាដែលបានកើតឡើង។
ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងអូស្រា្តលី បានធ្វើបាតុកម្មប្រឆាំងនឹងគំនិតផ្តួចផ្តើមនៃគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV-DTA ដោយលើកឡើងអំពីការភ័យខ្លាចនៃការបោះបង់អធិបតេយ្យភាពមួយផ្នែកទៅវៀតណាម ឬបើកឱ្យមានការចូលមកនៃជនអន្តោប្រវេសន៍មានចំនួនច្រើនពីប្រទេសវៀតណាម។
ទោះបីជាគំនិតផ្តួចផ្តើមនេះបានអនុវត្តអស់ជាច្រើនទសវត្សរ៍មកហើយក្តី ក៏កិច្ចប្រជុំថ្នាក់តំបន់សម្រាប់ «ផែនការមេ»នៅឆ្នាំ ២០៣០ បានទទួលការចាប់អារម្មណ៍ជាខ្លាំងពីសាធារណជន។ វីដេអូដែលមានរយៈពេល ១១ នាទី បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយអ្នកនិយាយរិះគន់រដ្ឋាភិបាលកាលពីខែមុន បានបង្កឱ្យមានការអាក់អន់ចិត្តជាប្រវត្តិសាស្ត្រចំពោះប្រទេសវៀតណាម ហើយនឹងការគ្រប់គ្រងរបស់ប្រទេសនេះដែលគេនៅគិតថា កំពុងមានលើរដ្ឋាភិបាលដែលត្រូវបានលើកបន្តុប និងគាំទ្រដោយរដ្ឋាភិបាលទីក្រុងហាណូយក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយបន្តមកដល់បច្ចុប្បន្ន។
ខណៈអ្នកវិភាគនយោបាយបានថ្លែងថា ការភ័យខ្លាចអំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) អាចត្រូវបានបំប៉ោងកាន់តែខ្លាំង និងធ្វើឱ្យរោលរាលខ្លាំងឡើងដោយព័ត៌មានមិនត្រឹមត្រូវតាមប្រព័ន្ធអនឡាញ ពួកគេក៏បានស្តីបន្ទោសរដ្ឋាភិបាលចំពោះការបរាជ័យដើម្បីផ្តល់ការពន្យល់នានាអំពីគំនិតផ្តួចផ្តើមនោះ ហើយបែរជាមកប្រឹងគាបសង្កត់អ្នករិះគន់ ដែលបានបង្កឱ្យមានការកើនឡើងនូវការសង្ស័យអំពីបំណងអាក្រក់នៃអំពើគាបសង្កត់ទាំងនោះ។
លោក អ៊ា សុផល ព្រឹទ្ធបុរសរងជាន់ខ្ពស់និងសាស្ត្រាចារ្យជំនួយប្រចាំសាលា Thunderbird School of Global Management នៃសាកលវិទ្យាល័យរដ្ឋ Arizona ប្រាប់វីអូអេតាមសារអ៊ីមែលមួយថា ការបារម្ភរបស់កម្ពុជាដែលកើតចេញពីរឿងអធិបតេយ្យភាពនៅគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម គឺជាការសាកល្បងសំខាន់មួយសម្រាប់លោកហ៊ុន ម៉ាណែត។
លោកថ្លែងថា៖ «វានឹងសាកល្បងសមត្ថភាពរបស់គាត់ក្នុងការសម្រួលឱ្យមានគម្រោងក្នុងតំបន់ដែលមានលក្ខណៈស្មុគស្មាញ ខណៈដោះស្រាយកង្វល់ក្នុងស្រុកអំពីអធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ភាពជោគជ័យដែលបានមកពីការគ្រប់គ្រងបាននូវបញ្ហាចម្រូងចម្រាសនេះនឹងជាកត្តាសំខាន់ បំផុតមួយសម្រាប់ការកសាងភាពដែលគួរជឿទុកចិត្តបានរបស់គាត់ក្នុងនាមជាមេដឹកនាំ ដែលអាចការពារប្រយោជន៍ទាំងឡាយរបស់កម្ពុជា ខណៈបន្តរក្សាទំនាក់ទំនងក្នុងកិច្ចសហការតំបន់»។
លោកបន្ថែមថា៖ «វិធីដែលគាត់ប្រើដើម្បីអាចដោះស្រាយស្ថានភាពនេះបាន គឺអាចកំណត់អំពីរបៀបនៃការដឹកនាំរបស់គាត់និងឥទ្ធិពលនៃការយល់ឃើញជាសាធារណៈចំពោះសមត្ថភាពរបស់គាត់លើការគ្រប់គ្រងការងារប្រកបដោយប្រសិទ្ធភាព»។
លោក ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២ ០២៣ គឺមិនយូរប៉ុន្មានទេ ក្រោយការបោះឆ្នោតមួយដែលសហរដ្ឋអាមេរិកជឿថា មិនសេរី ហើយក៏មិនត្រឹមត្រូវ។ ឪពុករបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាច ហើយបានរៀបចំឱ្យកូនរបស់លោកកាន់អំណាចនៅមុនការរៀបចំរដ្ឋាភិបាលថ្មី។
គ្រាការផ្ទេរអំណាចតជំនាន់បានអនុញ្ញាតឱ្យបស្ចិមប្រទេសខ្លះកំណត់ឡើងវិញនូវទំនាក់ទំនងនានាជាមួយកម្ពុជានោះ វាក៏មានការប្រែប្រួលតិចតួចចំពោះការពឹងផ្អែករបស់រដ្ឋាភិបាលលើប្រទេសចិន ឬក៏វិធីសាស្ត្រនៃការឆ្លើយតបរបស់រដ្ឋាភិបាលទៅកាន់ពួកអ្នករិះគន់ និងក្រុមដែលគេយល់ថា ជាអ្នកជំទាស់។
គូបដិបក្ខនយោបាយនិងសកម្មជនរាប់សិបនាក់ត្រូវបានចាប់ខ្លួននៅក្រោមការកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត។ កាលពីខែសីហា អាជ្ញាធរបានចាប់ខ្លួនមនុស្សជាង ៣០ នាក់ នៅទូទាំងប្រទេស នៅចំពេលមានសេចក្តីរាយការណ៍អំពីការធ្វើបាតុកម្មដែលត្រូវបានគ្រោងទុកជាមុននៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ដើម្បីជំទាស់នឹងគំនិតផ្តួចផ្តើម គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA។
អ្នកទំាងឡាយណាដែលបង្កើតវីដេអូអំពីរឿងបាតុកម្មប្រឆំាងនឹងផែនការនេះហើយបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកត្រូវបានចាប់ខ្លួន បន្ទាប់ពីវីដេអូទាំងនោះបង្កការខឹងសម្បារក្នុងចំណោមមេដឹកនាំរដ្ឋាភិបាល។
លោក ហ៊ុន សែន ដែលឥឡូវជាប្រធានព្រឹទ្ធសភា បានគំរាមចាប់ខ្លួនបន្ថែមទៀត បើសិនជានៅតែមានការរិះគន់ជាសាធារណៈបន្តទៀតនោះ។
លោក អ៊ា សុផល បានថ្លែងថា ការចាប់ខ្លួនកាន់តែខ្លាំង ដំណាលពេលនឹងការដាក់ពង្រាយអាជ្ញាធរទទួលបន្ទុកសនិ្តសុខច្រើនជ្រុលនៅតាមទីក្រុងធំៗ បានបង្ហាញការប្តេជ្ញារបស់រដ្ឋាភិបាល ដើម្បីបង្ក្រាបសញ្ញានៃការបះបោរណាមួយដែលគួរឱ្យកត់សម្គាល់បាន មុនពេលវារីករាលដាលលឿន ហើយកើនកម្លាំងនៃអ្នកចូលរួមច្រើនទៀត។
លោកប្រាប់វីអូអេកាលពីថ្ងៃទី ២៦ ខែសីហាថា៖ «យ៉ាងណាក៏ដោយ ស្ថានភាពនៅតែងាយប្រែប្រួល ហើយដំណោះស្រាយរបស់រដ្ឋាភិបាលលើរឿងនោះ គឺមិនដឹងថា តើអាចមានទាំងការបង្ក្រាបលើចលនាប្រឆាំង ឬក៏កៀរគរការជំទាស់ជាសាធារណៈបកទៅវិញ ឬក៏បែបណានោះទេ គឺវាអាស្រ័យលើថា តើរដ្ឋាភិបាលនឹងដោះស្រាយជាមួយអ្នកតវ៉ាយ៉ាងដូចម្តេច? ហើយដោះស្រាយបញ្ហាដែលបានកើតឡើងមកនោះតាមវិធីណា?»។
នៅក្នុងការថ្លែងជាសាធារណៈ កាលពីថ្ងៃទី ២២ ខែសីហា ដើម្បីរំឭកខួបមួយឆ្នាំនៃការកាន់អំណាច លោក ហ៊ុន ម៉ាណែត បានថែ្លងឆ្លើយតបនឹងការរិះគន់ និងក្តីបារម្ភនានាអំពីការអភិវឌ្ឍតំបន់ត្រីកោណនោះ ដោយបានលើកឡើងថា វាបាន«បង្កើតសក្តានុពលនិងការអភិវឌ្ឍ» នៅក្នុងខេត្តទាំងបួនរបស់កម្ពុជាដែលពាក់ព័ន្ធផែនការអភិវឌ្ឍន៍នោះ។
លោកថ្លែងថា គំនិតផ្តួចផ្តើមនោះនឹងបំផុសឱ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន ហើយជំរុញឱ្យមានការប្រើប្រាស់ដីដែលអាចបង្កបង្កើនផលដំណាំបានច្រើន និងការពារព្រៃឈើសម្រាប់ការអភិវឌ្ឍរួមគ្នា។
នៅក្នុងការថ្លែងសារដដែលនោះ លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ត្រួសៗថា គំនិតផ្តួចផ្តើមនោះនឹងពង្រឹងអធិបតេយ្យរបស់កម្ពុជា ខណៈ«ជំរុញកំណើននៃការអភិវឌ្ឍ និងរក្សាស្ថិរភាព និងសន្តិសុខ»សម្រាប់ប្រជាជន។
ចំណាប់អារម្មណ៍លើគំនិតផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម កើតឡើងខណៈប្រទេសកម្ពុជាកំពុងជំរុញឱ្យដំណើរការទៅមុខគម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០គីឡូម៉ែត្រ ដែលនឹងពឹងផ្អែកខ្លាំងលើប្រភពទុនរបស់ចិន និងជាការពឹងលើខ្លួនឯងរបស់កម្ពុជាក្នុងការដោះស្រាយការទាក់ទងក្នុងតំបន់ ខណៈកម្ពុជានឹងរំលងផ្លូវទឹកពាណិជ្ជកម្មបែបប្រពៃណីតាមតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម។
ការខឹងក្រោធនឹងគំនិតផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម បានបង្វែរការចាប់អារម្មណ៍ពីគម្រោងហ៊្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីដើមខែសីហា។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែងថា លោក ហ៊ុន ម៉ាណែត ហាក់ដូចជាគ្មានលទ្ធភាពនឹងដោះស្រាយជាមួយនឹងបញ្ហានេះបានទេ។
លោកថ្លែងថា៖ «រឿងព្រែកជីកហ្នឹងគឺជាកេរតម្លៃនយោបាយមួយដែលគេទុកតម្លៃធ្វើកសាងតម្លៃនយោបាយសម្រាប់នាយករដ្ឋមន្ត្រីថ្មី បាទ ទីមួយ។ ចំណុចទីពីរ រឿង CLV នេះ ជាចំណុចសល់ពីអតីតកាលនិង នាយករដ្ឋមន្ត្រីបច្ចុប្បន្នពុំមានសមត្ថភាពក្នុងការឆ្លើយតប ឬក៏ដោះស្រាយទេ បើយើងមើលទៅបាទ»។
អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលបានភៀសខ្លួនទៅរស់នៅប្រទេសអូស្ត្រាលី បានប្រាប់សំឡេងសហរដ្ឋអាមេរិកថា លោករំពឹងថា លោក ហ៊ុន ម៉ាណែត នឹងបន្តព្យាយាមដោះស្រាយការរិះគន់ដោយការបំបិទសំឡេង ឬក៏ការបង្វែរចំណាប់អារម្មណ៍ពីរឿងមួយទៅរឿងមួយទៀត។
លោកថ្លែងថា៖ «អ៊ីចឹងបើនិយាយដោះស្រាយតាមការទាមទារតវ៉ារបស់ប្រជាពលរដ្ឋហ្នឹង គឺគេមិនដោះទេ គឺគេនៅតែការពារគម្រោងហ្នឹង»។
លោកបន្ថែមថា៖ «គម្រោងហ្នឹងយើងដឹងហើយ ជាយុទ្ធសាស្ត្រ វែងឆ្ងាយ រវាងកម្ពុជា វៀតណាម ឡាវ ហ្នឹង។ អ៊ីចឹងបានជានាយករដ្ឋមន្ត្រីកូន ហើយនិងអតីត ឪដែលជានាយករដ្ឋមន្ត្រី គឺឃើញហើយ យើងដឹងហើយ គឺមិនអាចធ្វើអីកើតជាមួយនឹងរឿងរ៉ាវ ជាមួយនឹងប្រទេសវៀតណាម ទេ។ អ៊ីចឹងគ្មានសមត្ថភាពអី ទៅដោះស្រាយរឿងហ្នឹងបានទេ នាយករដ្ឋមន្ត្រីហ្នឹង!»។
ប្រទេសកម្ពុជាត្រូវគេរំពឹងថានឹងធ្វើជាម្ចាស់ផ្ទះ ជំនួបកំពូលរដ្ឋមន្ត្រីនៅឆ្នាំនេះ សម្រាប់ការពិនិត្យឡើងវិញ និងការផ្តល់ការយល់ព្រមលើផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុង
គម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV-DTA) ពីពេលនេះដល់ឆ្នាំ ២០៣០។
ក្រុមមេដឹកនាំនយោបាយជំទាស់កម្ពុជាដែលបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសបានឆក់ឱកាសអំពីការភ័យខ្លាចនឹងគំនិតផ្តួតផ្តើម CLV-DTA នោះ ដែលអាចនឹងប៉ះពាល់ជាអវិជ្ជមានលើខេត្តជាប់ព្រំដែនរបស់កម្ពុជារួមមាន រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ព្រមទាំងខេត្តមួយចំនួននៅប្រទេសឡាវ។
ផែនការនេះនឹងជំរុញឱ្យមានការហូរចូលនូវទំនិញ និងប្រជាជនឆ្លងកាត់ព្រំដែន។ ប៉ុន្តែការចូលតាមការអភិវឌ្ឍរួមជាមួយអ្នកជិតខាងនៅភាគខាងកើតដែលមានប្រជាជនច្រើនជាង និងទឹកដីធំជាង ក៏បានធ្វើឱ្យមានការកម្រើកជាថ្មីនូវការភ័យខ្លាចជាយូរលង់មកហើយរបស់ប្រជាជនកម្ពុជាអំពីការពង្រីក និងការគ្របដណ្តប់របស់វៀតណាមមកលើខ្លួន។
នៅលើប្រព័ន្ធទំនាក់ទំនងសង្គម X ដែលពីមុនគេស្គាល់ថា Twitter ចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅក្រៅប្រទេសបានបង្ហោះសារថា ៖ «គម្រោងនេះពិតជាគ្របដណ្តប់លើការកាប់បំផ្លាញព្រៃឈើខុសច្បាប់បន្ថែមទៀត ការបណ្តេញចេញពីដីធ្លី និងការកេងប្រវ័ញ្ចធនធានធម្មជាតិដើម្បីកេងចំណេញដោយបរទេស»។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យបន្ថែមថា៖ «លំហូរអន្តោប្រវេសន៍វៀតណាមខុសច្បាប់ចូលទៅក្នុងខេត្តទាំងបួនរបស់កម្ពុជាដែលពាក់ព័ន្ធដោយកិច្ចព្រមព្រៀងនេះ ហើយការត្រួតត្រាប្រកបដោយប្រសិទ្ធភាពដែលវៀតណាមនឹងគ្រប់គ្រងលើសេដ្ឋកិច្ចក្នុងតំបន់នេះ មានន័យថា ខេត្តទាំងបួននោះនឹងក្លាយជាតំបន់ដែលកាន់កាប់ដោយវៀតណាមយ៉ាងពេញទី»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ថ្លែងថា លោក ហ៊ុន ម៉ាណែត បានកំពុងថែរក្សាសន្តិភាព សន្តិសុខ និងអធិបតេយ្យភាពជាតិ ហើយបានបដិសេធចោលថា មិនមានការរឹតបន្តឹងលើសេរីភាពនៃការបញ្ចេញមតិ និងអ្នកមានទស្សនៈផ្ទុយពីរដ្ឋាភិបាលទេ។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹង យើងឃើញហើយចុងក្រោយនេះ មានអ្នកប្រើប្រាស់វប្បធម៌ប្រឆាំងបំផ្លិចបំផ្លាញដោយពួកជ្រុលនិយមមួយក្តាប់តូច ដូច្នេះរាជរដ្ឋាភិបាលត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតមិនអនុញ្ញាតឱ្យក្រុមនេះប្រើប្រាស់ឧបាយកលរបស់ខ្លួនមកបំផ្លាញសន្តិភាព និងភាពសុខសាន្តឬក៏ការអភិវឌ្ឍប្រទេសបានជាដាច់ខាត»។
លោកបន្ថែមថា៖ «ហើយខ្ញុំសូមបញ្ជាក់ជូនដែរថា៖ កុំប្រើប្រាស់វិធានការរបស់រាជរដ្ឋាភិបាលហ្នឹងថាជាការរឹតត្បិត សេរីភាពបញ្ចេញមតិ សេរីភាពប្រជាធិបតេយ្យឱ្យសោះ។ អត់មានប្រជាធិបតេយ្យណាដែលមកធ្វើនយោបាយដើម្បីបំផ្លិចបំផ្លាញសន្តិសុខជាតិ បំផ្លិចបំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋ ធ្វើឱ្យអ្នកទេសចរមិនហ៊ានមកក្នុងប្រទេស ធ្វើឱ្យអ្នកវិនិយោគមិនហ៊ានចូលស្រុក ហើយធ្វើឱ្យសេដ្ឋកិច្ចដំាក្បាលចុះ ដូចដែលក្រុមពួកគេបាននិយាយនោះទេបាទ គឺអត់មានទេ មិនអនុញ្ញាតជាដាច់ខាត»៕