ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃសុក្រនេះថា កុមារម្នាក់អាយុ៩ឆ្នាំ រស់នៅក្នុងភូមិកាប៉ូ១ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី ឬ H5N1 ដែលជាជំងឺបំផ្លាញផ្លូវដង្ហើម។
ក្រសួងឲ្យដឹងទៀតថា ក្មេងប្រុសនោះត្រូវបានបញ្ជាក់ថាមានផ្ទុកវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១(H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ទោះជាមានការយកចិត្ត ទុកដាក់ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ដោយសារស្ថានភាពកុមារមានសភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម ហត់ ក្អក និងសន្លប់ កុមារបានស្លាប់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤»។
តាមការសាកសួរបង្ហាញថានៅផ្ទះអ្នកជំងឺមានមាន់៥ក្បាល និងទា៣ក្បាល បានងាប់ហើយបានយកមាន់ទានោះមកធ្វើម្ហូបបរិភោគ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ចាប់តាំងពីដើមឆ្នាំ២០២៣មក អាជ្ញាធរសុខាភិបាលកម្ពុជាបានរកឃើញករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី ចំនួន៣ករណី ដែលករណីទីមួយកើតលើក្មេងស្រីម្នាក់អាយុ១១ឆ្នាំ ក្នុងខេត្តកណ្តាល ករណីទីពីរកើតលើក្មេងស្រីក្នុងខេត្តព្រៃវែង អាយុ២ឆ្នាំ និងករណីទីបី កើតលើបុរសម្នាក់ទៀតក្នុងខេត្តព្រៃវែង អាយុ៥០ឆ្នាំ។
ក្រសួងសុខាភិបាលក៏បានក្រើនរំឭកសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺនេះ«នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ»។ ក្រសួងបញ្ជាក់ថា ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ ត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៕