មេដឹកនាំ​បន្តវេន​របស់​បក្ស​កាន់​អំណាច​ចេញ​ឃោសនា​ដោយ​ខ្វះ​ដៃ​គូ​ប្រជែង​ចម្បង ខណៈ​មាន​ការ​រំពឹង​មើល​សមិទ្ធផល

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់ទង់បក្ស ក្នុងអំឡុងពេលលោកចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។

ភ្នំពេញ — ទំព័រ​ថ្មី​មួយ​ទៀត​នៃ​នយោបាយ​កម្ពុជា​ត្រូវបាន​កត់ត្រា​ទុក កាលពី​ថ្ងៃទី ១ ខែ​កក្កដា​កន្លង​ទៅ គ្រា​ដែល​លោក ហ៊ុន ម៉ាណែត កូន​ប្រុសច្បង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក​ បាន​ទទួល​ទង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ឪពុក​របស់​លោក ហើយ​បាន​បង្ហាញ​មុខ​និង​បញ្ចេញ​កម្លាំង​ឃោសនា​រក​សំឡេង​គាំទ្រ​ជូន​គណបក្ស​កាន់​អំណាច​ចាស់​វស្សា​មួយ​នេះ​ជា​លើក​ដំបូង។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «ជយោ! គណបក្ស​ប្រជាជន​កម្ពុជា​.......អរគុណ​ណាស់​ព្រឹក​មិញ​បាន​ចេញ​ដំណើរ​ធ្វើ​ការ​ហែក្បួន​បក្ស​ទេវតា​របស់​យើង។ យើង​បាន​ស្តាប់​នូវ​គោល​នយោបាយ​ដែល​មេ​បក្ស​ទេវតា​យើង​ ដែល​សម្តេច​តេជោ​បាន​ចេញ​ហើយ ​គឺ​គោល​នយោបាយ​ទាំង​អស់​សម្រាប់​បក្ស​ទេវតា​គឺ​ដើម្បី​ប្រជាពលរដ្ឋ​និង​បម្រើ​ខ្លួន​យើង​ទាំង​អស់​គ្នា។ […] នៅ​សល់​ ២១ ថ្ងៃ​ទៀត​ដើម្បី​ជួយ​ជំរុញ​ទេវតា​ឱ្យ​ឈ្នះ​ភ្លូកទឹក ​ភ្លូកដី​នៅ​រាជធានី​ភ្នំពេញ​តែ​ម្តង ​១២ អាសនៈ​យើង​យក​ប៉ុន្មាន? យក​ទាំង​ ១២​តែ​ម្តង»។

លោក ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ដូច្នេះ ក្នុង​ទឹកមុខ​ពោរពេញ​ដោយ​សុទិដ្ឋិនិយម ដោយ​ទទួល​បាន​ការ​ស្វាគមន៍​ពី​ក្រុម​អ្នក​គាំទ្រ​និង​សកម្មជន​បក្ស​រាប់​ពាន់​នាក់​ដែល​បាន​ចូលរួម​ហែក្បួន​ឃោសនា​របស់​បក្ស នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ ដែល​គ្មាន​វត្តមាន​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្ស​នយោបាយ​ប្រជែង​ដ៏​ចម្បង​មួយ។

សម្រាប់​ក្រុម​អ្នកគាំទ្រ​និង​សកម្មជន​នយោបាយ​បក្ស​ ការ​បង្ហាញ​មុខមាត់​របស់​លោក ហ៊ុន ម៉ាណែត គឺជា​លទ្ធផល​នៃ​ការ​កែទម្រង់​របស់​រចនា​សម្ព័ន្ធ​បក្ស ​និង​ជាក្តី​សង្ឃឹម​នៃ​ការ​អភិវឌ្ឍ​ប្រទេស​បន្ត​ទៅ​មុខ​ទៀត​របស់​គណបក្ស​កាន់​អំណាច។ ក៏​ប៉ុន្តែ​ក្រោម​បរិបទ​នៃ​ការ​បោះឆ្នោត​ជាតិ​មួយ​ដែល​គ្មាន​គណបក្ស​នយោបាយ​ប្រជែង​ចម្បង​នោះ សម្រាប់​ប្រជា​ពលរដ្ឋ​ជា​អ្នក​បោះឆ្នោត​មួយ​ចំនួន​ទៀត វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត​ ក្នុង​ឆាក​នយោបាយ​ជា​លើក​ដំបូង​នេះ មិន​នាំ​មក​នូវ​ក្តី​សង្ឃឹម​អ្វី​ថ្មីនៅ​ក្នុងឆាក​នយោបាយ​កម្ពុជា​ដែល​កំពុង​រំកិល​ទៅ​រករបប​អត្តាធិបតេយ្យ​កាន់តែ​ខ្លាំង​ឡើង ខណៈ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ នេះ​ ក៏​ត្រូវបាន​សន្មត់​មុន​រួច​ទៅ​ហើយ​នោះ។

លោក ស៊ុន សំណាង សកម្មជន​និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​តំបន់​គីមហេ​នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​ប្រាប់​វីអូអេ​ថា ការ​បង្ហាញ​មុខ​មាត់​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​យុទ្ធនាការ​ឃោសនា​លើក​ដំបូង​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​លទ្ធផល​នៃ​ «កំណែទម្រង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា» ដែល​បាន​ដាក់​បញ្ចូល​សមាសភាព​នៃ​ក្រុម​អ្នក​ដឹកនាំ​វ័យ​ក្មេង​ដែល​មាន​ចំណេះដឹង។ សមាជិក​បក្ស​វ័យ ៣៣ ឆ្នាំ​រូបនេះ រំពឹង​ថា រចនា​សម្ព័ន្ធ​បែប​នេះ​នឹង​ពង្រឹង​ឥទ្ធិពល​នៃ​ការ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ ស៊ុន សំណាង ថ្លែង​ថា៖ «សង្ឃឹម​ថា ថ្ងៃ​អនាគត​ទៅ​ ឯកឧត្តម ​ហ៊ុន ម៉ាណែត​នឹង​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ល្អ​ ហើយ​ក៏​ដូចជា​ដឹក​នាំ​សង្គម​ជាតិ​បាន​ល្អ​ ពីព្រោះ​តែ​យើង​មាន​ខួរ​ក្បាល​ថ្មី​ យើង​មាន​អ្នក​ថ្មី​ ទាំង​អ្នក​ដឹក​នាំ​ថ្មី​ ទីពីរ​គឺ​យើង​កំពុង​មាន​ការ​កែ​ទម្រង់​ច្រើន​ទៅ​លើ​យុវជន​សម័យ​ថ្មី​ ដើម្បី​ចូល​បម្រើ​ការងារ​ប្រទេស​ជាតិ​យើង»។

សម្រាប់​ពលរដ្ឋ​ដែល​ជា​អ្នក​គាំទ្រ​វ័យ​ចំណាស់​ ដូចជា​លោក អ៊ុង ភី អាយុ ៦៦ ឆ្នាំ និង​លោក អ៊ុក ពណ្ណារម្យ អាយុ​ ៦៣ ឆ្នាំ ដែល​ធ្លាប់​តែ​ឃើញ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​មិន​មានអ្នក​បន្តវេន​ច្បាស់ការណ៍​នោះ ​ការ​ចេញ​ប្រឡូក​ធ្វើ​យុទ្ធនាការ​ឃោសនា​របស់​លោក​ ហ៊ុន ម៉ាណែត បាន​ផ្តល់​នូវ​ក្តី​សង្ឃឹម​ដល់​ពួកគេ​ថា ការ​អភិវឌ្ឍ​ប្រទេស​អាច​នឹង​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត ក្រោម​សមាសភាព​របស់​ឈាមថ្មី​ដែល​មាន «ការ​ចេះ​ដឹង​ខ្ពស់»។

លោក អ៊ុង ភី អាយុ៦៦ឆ្នាំ អតីតយោធានិងជាពលរដ្ឋរស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានផ្តល់បទសម្ភាសន៍ឱ្យវីអូអេ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

លោក អ៊ុក ពណ្ណារម្យ អាយុ ៦៣ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ បានផ្តល់បទសម្ភាសន៍ឱ្យវីអូអេ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

លោក អ៊ុង ភី ថ្លែង​ថា៖ «គាត់​មាន​ឱពុក​គាត់​ជា​ជំហរ​នៅ​ពី​ក្រោយ​ គាត់​ក្មេង ​ហើយ​ គាត់​រៀន​បាន​ជ្រៅ​ជ្រះ។ សព្វ​ថ្ងៃ​គាត់​មេទ័ព​ផង ​ហើយ​គាត់​ជាប់​តំណែង​ តាម​គំនិត​ខ្ញុំ​កាន់​តែ​រីក​ចម្រើន​ទៀត​ហើយ​ទៅ​មុខ​ទៀត»។

រីឯ​លោក អ៊ុក ពណ្ណារម្យ ថ្លែង​ថា៖ «គាត់​មាន​តម្រិះ ​គាត់​មាន​ការ​ចេះ​ដឹង​ខ្ពស់។ គាត់​មាន​សញ្ញាបត្រ​ចេញ​មក​ពី​សហរដ្ឋ​អាមេរិក។ ម៉្លេះ​ហើយ​និយាយ ​គេ​ឆាប់​យល់​ណាស់។ ហើយ​ណា​មួយ​គាត់​ចុះ​ផ្ទាល់​នឹង​ការងារ​ហ្នឹង​ ហើយ​គាត់​កំពុង​តែ​រៀន​សូត្រ​បែបបទ​ពី​ការងារ​ហ្នឹង​ពី​ឱពុក​គាត់។ ឱពុក​នៅ​ពី​ក្រោយ​ខ្នង​ អប់រំ​បន្ថែម​ពី​លើ​ហ្នឹង​ទៀត​គឺ​អស្ចារ្យ​ហ្មង។ លើក​លែង​តែ​អ្នក​ជុំ​វិញ​ខ្លួន​ គេ​ប៉ែង​ជើង​ មិន​ដឹង​ទេ។ តែ​ឯកឧត្តម​ ហ៊ុន​ម៉ាណែត​ គាត់​ស័ក្កសម​ជា​នាយក​រដ្ឋ​មន្ត្រី»។

ដោយ​ឡែក​ លោក​ ថន​ ចន្ថា ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ បាន​ឱ្យ​ដឹង​ថា​ ទោះ​បីជា​ការ​ហែក្បួន​ឃោសនា​របស់​បក្ស​កាន់អំណាច​មាន​ភាព​អធិកអធម​ដោយ​មាន​បង្ហាញ​មុខ​របស់​មេដឹកនាំ​បន្តវេន​ក្តី ក៏​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែលអវត្តមាន​គណបក្ស​ជំទាស់ ​លែង​ជា​ពេល​វេលា​សម្រាប់​រូប​លោក ក្នុង​ការ​តាម​ដាន​នយោបាយ​កម្ពុជា​ទៀត​នោះ​ទេ។

លោក​ថ្លែង​ថា៖ «នៅ​ពេល​ដែល​អត់​មាន​គូ​ប្រកួត​ប្រជែង​មួយ​ដែល​មាន​សក្តានុពល​ មាន​គីឡូ​ប៉ុន​គ្នា​ យុទ្ធនាការ​ឃោសនា​នេះ​វា​ធ្វើ​ឱ្យ​អត់​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ ឬ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​មាន​ចិត្ត​រំជើប​រំជួល​ ថា​ចង់​ផ្ទៀង​ផ្ទាត់ ​ចង់​តាម​ដាន​មើល​លទ្ធផល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ ពី​ព្រោះ​មាន​តែ​គីឡូ​គាត់​មួយ​ដែល​មាន​គីឡូ​ធំ»។

បុរស​វ័យ ៣៧ ឆ្នាំ​រូប​នេះ ក៏​បាន​កត់សម្គាល់​ថា ការ​ធ្វើ​យុទ្ធនាការ​របស់​លោក ហ៊ុន ម៉ាណែត ហាក់​មិន​បង្ហាញពី​ការ​ប្តេជ្ញាចិត្ត​ខ្លាំងក្លា​លើ​ការ​អភិវឌ្ឍ​ជា​ដុំកំភួន​អ្វី​នោះ​ឡើយ។

លោក ថន ចន្ថា ថ្លែង​ថា៖ «យើង​មើល​ទៅ​ដូច​ជា​គ្មាន​អី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផង។ ​អ្វី​ដែល​គាត់​លើក​ឡើង​ គឺ​គាត់​លើក​ឡើង​ពី​សមទ្ធិផល​បក្ស​របស់​គាត់ ពី​យុទ្ធ​សាស្រ្ត​ផែនការ​ដែល​គាត់​ថា​នឹង​ធ្វើ​អ្វី​ ដើម្បី​ឱ្យ​ជាតិ​របស់​យើង​អភិវឌ្ឍ​ខ្លាំង​ក្លា​ជាង​ហ្នឹង។ ​យើង​អត់​ទាន់​មាន​ឃើញ​គាត់​មាន​ការ​តាំង​ចិត្ត​ ឬ​ក៏​ប្តេជ្ញា​អី​ឱ្យ​វា​មុត​មាំ​ជាង​ហ្នឹង​ទេ»។

បន្ថែម​លើ​នេះ លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​នេះ​ក៏​នឹង​មិន​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ដែរ ស្របពេល​ដែលមតិសាធារណៈ​បានសន្មត​ថា ​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី​នឹង​បាន​ទៅ​លើ​គណបក្ស​កាន់​អំណាច​ ដែល​នឹង​មាន​លោក​ ហ៊ុន ម៉ាណែត ជាប់​ជា​តំណាងរាស្ត្រ​ម្នាក់​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ​នោះ។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​យុវតី ស៊ៀវ ម៉ី អាជីវករ​វ័យ ៣០ ឆ្នាំ​ម្នាក់​ នៅ​រាជធានី​ភ្នំពេញ។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​អត់​ចាប់​អារម្មណ៍ ​ពី​ព្រោះ​ដោយ​សារ​អី ​វា​អត់​មាន​ដៃ​គូ​ប្រកួត​ប្រជែង​ចូល​រួម​ជាមួយ ​មើល​ធ្វើ​អី។ បើ​ឧទាហរណ៍​ថា​ មាន​គណបក្ស​ប្រឆាំង​ចូល​រួម​នៅ​ពេល​នេះ​ ខ្ញុំ​តាម​ដាន​មើល​ តាម​ដាន​មើល​ម៉េច ​អូ! ខាង​គណបក្ស​ប្រជាជន​ក្បួន​ដង្ហែ​គេ​ម៉េច​ មនុស្ស​ប៉ុណ្ណា​ ខាង​គណបក្ស​ប្រឆាំង​ ខ្ញុំ​ក៏​មើល​ដូច​គ្នា ​អូ! ក្បួន​ដង្ហែ​គេ​ម៉េច ​យី​ល្អ​មើល​តើស​នែក កៀក​កិតៗ​គ្នា ​ចាំ​មើល​លទ្ធផល​បោះ​ឆ្នោត​មើល។ ខ្ញុំ​ជឿ​ថា ​បង​ប្អូន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក៏​គាត់​គិត​ដូច​ខ្ញុំ​ដែរ ​គាត់​នឹង​តាម​ដាន»។

ការ​ធ្វើ​សកម្មភាព​នយោបាយ​ជា​ផ្លូវការ​លើក​ដំបូង​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​នាម​លោក​ជា​បេក្ខជន​តំណាងរាស្ត្រ​ឈរ​ក្នុង​លេខរៀង​ទី ១ របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទីលាន​នៃ​ការ​ប្រជែង​រក​សំឡេង​គាំទ្រ​គ្មាន​វត្តមាន​របស់​គណបក្ស​ភ្លើងទៀន ​ដែល​ត្រូវបាន​បដិសេធ​ក្នុងការ​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត​ជាតិ ខណៈលម្ហ​សេរីភាព​របស់​សង្គម​ស៊ីវិល សហជីព​ និង​សារព័ត៌មាន​ឯករាជ្យ ត្រូវ​បាន​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើង។

រូបឯកសារ៖ ស្លាកគណបក្សភ្លើងទៀនត្រូវបានដាក់នៅជាប់ស្ពានមួយតាមដងវិថីនាជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។

រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមពិធីហែក្បួនក្នុងអំឡុងយុទ្ធការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២។

អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភិរិទ្ធ បាន​ប្រាប់​វីអូអេ​ថា ការ​ចេញ​ឃោសនា​រក​សំឡេង​ឆ្នោត​ជា​លើក​ដំបូង​របស់​លោក ហ៊ុន ម៉ាណែត​ ជា​សិទ្ធិ​សេរីភាព​របស់​លោក​ ក្នុង​ការ​ឃោសនា​ជូន​គណបក្ស​នយោបាយ​របស់​លោក។ ក៏​ប៉ុន្តែ​អ្នក​នាំពាក្យ​រូប​នេះ​បាន​កត់​សម្គាល់​ថា បើ​ទោះបីជា​មេដឹកនាំ​បន្តវេនវ័យ ៤៦ រូប​នេះ​ មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ក្តី ហើយ​មុខមាត់​របស់​លោក​កំពុង​បន្ត​លេចធ្លោ​កាន់តែ​ខ្លាំង​ឡើយ​ក្តី ​ក៏​សមត្ថភាព​ពិត​ប្រាកដ​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ចូលរួម​កសាង​សង្គម​ជាតិ​ក្នុង​នាម​ជា​មេដឹកនាំ​បន្តវេន​ នឹង​ត្រូវបន្តរង់​ចាំ​មើល​បន្ថែម​ទៀត គ្រា​ដែល​លោក​នឹង​ក្លាយ​ជា​តំណាងរាស្ត្រ​ម្នាក់​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ។

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​វា​ពិបាក​នឹង​រំពឹង​ថា​ ទៅ​ថ្ងៃ​អនាគត​ វា​មាន​ការ​ប្រែ​ប្រួល​ប្លែក​ពី​អាណតិ្ត​មុន​ប៉ុន្មាន​ណាស់​ ពីព្រោះ​អី​យើង​គិត​ហើយ​ថា​ នៅ​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​ប្រហែល​ជា​គ្មាន​គណបក្ស​ប្រឆាំង​ដ៏​រឹង​មាំ​ ដើម្បី​ជួយ​កិច្ច​និង​តម្រែ​តម្រង់​ទិស​នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​យើង ​ដើម្បី​ជៀស​ឱ្យ​ផុត​ពី​បញ្ហា​អសកម្ម​ក្នុង​សង្គម​ខ្លះ​ ដែល​ធ្លាប់​កើត​មាន​នា​ពេល​កន្លង​ទៅ»។

ជុំវិញ​ការ​ដក​ពិសោធន៍​ចេញ​ឃោសនា​លើក​ដំបូង​ជា​បេក្ខជន​តំណាងរាស្ត្រ​ម្នាក់​របស់​លោក​ ហ៊ុន ម៉ាណែត វីអូអេ​បាន​ព្យាយាម​ទាក់​ទង​លោក​តាម​ទូរសព្ទ​និង​តាម​បណ្តាញ​តេឡេក្រាម ក៏​ប៉ុន្តែ​មិនមាន​ការ​ឆ្លើយតប។ ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក ​សុខ ​ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​វីអូអេ​ថា​ លោក​ ហ៊ុន​ ម៉ាណែត​ ពិត​ជា​ស័ក្កសម​ក្នុង​ការ​ដឹក​នាំ​ដង្ហែ​ក្បួន​ឃោសនា​លើក​នេះ​ ពីព្រោះ​លោក​មាន​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី។

លោក​ថ្លែង​ថា៖ «ប្រជាប្រិយ​ភាព​របស់​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​ វា​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រជាប្រិយ​ភាព​នៃ​កម្មវិធី​នយោបាយ​របស់​គណបក្ស។ ចឹង​ទេ​ ខ្ញុំ​យល់​ថា​ ទោះ​បី​ជា​ឯកឧត្តម ​ហ៊ុន​ ម៉ាណែត​ ជា​ឥស្សរៈជន​ថ្មី​ថ្មោង​ ជា​ឈាម​ថ្មី​សម្រាប់​បន្ត​វេន អ្នក​ឈាម​ចាស់​ក៏​ដោយ​ ក៏​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ទទួល​ស្គាល់​នូវ​គុណ​សម្បតិ្ត​របស់​គាត់​តាំង​ពី​កើត​មក​ រហូត​មក​ដល់​ពេល​នេះ​ គាត់​មាន​គ្រប់​លក្ខណៈសម្បត្តិ​ជា​មន្ត្រី​ដែល​មាន​សីលធម៌​ល្អ ​ចរិយា​សម្បត្តិ​ល្អ»។

បើ​ទោះបី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​កម្លាំង​ឃោសនា​ដ៏​អធិកអធម​របស់​ខ្លួន​ក្តី ក៏​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ នេះ ត្រូវបាន​គេ​មើល​ឃើញ​ថា ​មាន​បរិយាកាស​មិន​សូវ​គគ្រឹកគគ្រេង​ ដូច​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ ២០២២ ឡើយ ទោះ​ជា​លោក​ ហ៊ុន ម៉ាណែត​ បាន​ចេញ​ឃោសនា​លើក​ដំបូង​យ៉ាងណា​ក៏​ដោយ។ នេះ​បើ​តាម​ការ​សម្គាល់​ឃើញ​របស់​លោក ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​អភិបាលកិច្ច។

លោក​ថ្លែង​ថា៖ «ប្រជា​ពលរដ្ឋ​ជា​ទូ​ទៅ​នៅ​តែ​គិត​ថា ​សម្តេច​នាយក​ ជា​នាយក​រដ្ឋ​មន្ត្រី ​ជា​ប្រធាន​បក្ស។ ដូច្នេះ​អារម្មណ៍​របស់​គេ​ដែល​អត់​ខ្វល់​ខ្វាយ​ហ្នឹង​ មិន​មែន​អត់​ខ្វល់​ខ្វាយ​រឿង​លោក ​ហ៊ុន ​ម៉ាណែត​ ទេ។ គេ​អត់​ខ្វល់​ខ្វាយ​នឹង​រឿង​ការ​ឃោសនា​បោះ​ឆ្នោត​មួយ ​ដែល​វា​អត់​ស្អី​ដែល​ធ្វើ​ឱ្យ​រំជួល​ចិត្ត​ ពី​ព្រោះ​វា​មាន​តែ​គណបក្ស​ធំ​គគ្រិង​គគ្រាំង​តែ​មួយ​ចឹង។ ម្លោះ​ហើយ​ភាព​រំជួល​ចិត្ត​នៅ​ក្នុង​សម័យ​កាល​ឃោសនា​បោះ​ឆ្នោត​ដូច​ពី​អតីតកាល​អី​ វា​អស់​មាន​ហើយ។ វា​អត់​មាន​ទេ​ អា​នេះ​វា​ជា​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​ដែល​ខ្ញុំ​ជួប​ប្រទះ​និយាយ ​និស្សិត​អី​ហ្នឹង​ វា​ទៅ​ជា​អ៊ីចឹង»។

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមធ្វើយុទ្ធនាការឃោសនារបស់គណបក្ស​ប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​ លើក​ឡើង​ថា​ ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ជា​លើក​ដំបូង​របស់​លោក ហ៊ុន ម៉ាណែត​ បាន​បង្ហាញ​ពី​សមត្ថភាព​ថ្មី​របស់​ថ្នាក់​ដឹកនាំ​ជំនាន់​ក្រោយ​នៃ​គណបក្ស​កាន់​អំណាច​ ហើយ​វា​ក៏​ជា​ឱកាស​មួយ​ដល់​មេដឹកនាំ​បន្ត​វេន​រូប​នេះ​ដក​ស្រង់​ពិសោធន៍​ក្នុង​ការ​ទាក់​ទាញ​ម្ចាស់​ឆ្នោត​ផងដែរ។

លោក​ថ្លែង​ថា៖ «នេះ​គឺ​ជា​ដែល​ហៅ​ថា​របត់​មួយ ​ដែល​ពី​មុន​យើង​ឃើញ​សកម្មជន​នយោបាយ​គណបក្ស​កាន់​អំណាច​សុទ្ធ​សឹង​ជា​អ្នក​នយោបាយ​មាន​បទ​ពិសោធន៍​ច្រើន​នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស។ ដូច្នេះ​ឯកឧត្តម​ ហ៊ុន ម៉ាណែត​ គាត់​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ការងារ​យោធា​ ដូច្នេះ​នៅ​ក្នុង​ការ​ងារ​ស៊ីវិល​នេះ គឺ​ជា​កិច្ចការ​ដំបូង​ និង​ជា​របត់​មួយ​ដែល​ទាក់​ទាញ​អ្នក​មើល ឬ​អ្នក​បោះ​ឆ្នោត​ ម្ចាស់​ឆ្នោត​ឱ្យ​ពិនិត្យ​មើល​អំពី​សមត្ថភាព​ និង​ការ​ដឹក​នាំ​របស់​អ្នក​នយោបាយ​ជំនាន់​ថ្មី»។

ក៏ប៉ុន្តែ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ទំនោរ​នៃ​ភាព​ជាអ្នក​ដឹកនាំ​របស់​ក្រុម​អ្នក​ដឹកនាំ​ជំនាន់​ថ្មី ដូចជា​លោក ហ៊ុន ម៉ាណែត នឹង​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ប៉ុន្មាន​ទេ​ពី​ក្រុម​អ្នក​នយោបាយ​ជំនាន់​មុន​របស់​គណបក្ស​កាន់​អំណាច​ចាស់​វស្សា​នេះ។ ដូច្នេះលោក​ថា ក្តី​រំពឹង​ចង់​បាន​ការ​ផ្លាស់ប្តូរ​ថ្មី​របស់​ម្ចាស់​ឆ្នោត​ពី​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ នេះ នឹង​ត្រូវរង់ចាំ​មើល​ជា​បន្ត​ទៀត។

លោក​ថ្លែង​ថា​៖ «អ៊ីចឹង​យើង​រង់​ចាំ​មើល​ជាក់​ស្តែង​ ពីព្រោះ​បច្ចុប្បន្ន​នេះ​បាន​ន័យ​ថា​ម្ចាស់​ឆ្នោត​មិន​មាន​ជម្រើស​ ឬក៏​មាន​លទ្ធភាព​អី​រើស​បាន​ក្រៅ​ពី​រង់ចាំ​មើល​ពេល​វេលា​ទេ ពីព្រោះ​ការ​កាន់​អំណាច​របស់​គណបក្ស​កាន់​អំណាច​នៅ​តែ​បន្ត​ទៅ​មុខ​ ហើយ​សមាសភាព​គណបក្ស​កាន់​អំណាច​នេះ​ វា​មាន​បញ្ចូល​នូវ​ឈាម​ថ្មី​ ដៃ​ជើង​ថ្មី​ហ្នឹង​ មាន​ភាព​សកម្ម​ និង​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​បាន​ក្របខណ្ឌ ឬក៏​កម្រិត​ណា​មួយ»។

លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ បាន​កត់​សម្គាល់​ថា វា​ហាក់ដូច​ជា​ការ​ខាតបង់​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​ប្រឡូក​នយោបាយ​បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ​ សម្រាប់​ក្រុម​អ្នក​ដឹកនាំ​បន្ត​វេន​របស់​គណបក្ស​កាន់​អំណាច ដូចជា​លោក ហ៊ុន ម៉ាណែត ​នៅ​ពេល​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ដោយ​គ្មាន​គណបក្ស​នយោបាយ​ប្រឆាំង​ណា​មួយ​ប្រជែង​ជាមួយ​ឱ្យ​ពិត​ប្រាកដ ខណៈ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក៏​ត្រូវបាន​គេ​សន្មត​មុន​ហើយ​នោះ។

លោក​ថ្លែង​ថា៖ «បើ​និយាយ​អំពី​ការ​ឈ្នះ​វិញ​នោះ ​វា​លើស​ពី​ភ្ូក​ទឹក​ភ្លូក​ដី​ទៀត​ណោះ​បាទ។ គេ​អាច​ទស្សន៍​ទាយ​បាន​តាំង​ពី​ឥឡូវ​ ព្រោះ​មិន​មាន​គូ​ប្រជែង​ទៅ​ហើយ បើ​យើង​មើល​ការ​ហែក្បួន​ហែ​អី​ក៏​នៅ​គ្រប់​ទីកន្លែង​ គឺ​ឃើញ​តែ​គណបក្ស​កាន់​អំណាច​មួយ​ដែល​គាត់​មាន​លទ្ធភាព​ ហើយ​គាត់​ហែ​តែ​ម្នាក់​ឯង​ ក្រៅ​ពី​នោះ​មិន​ឃើញ​មាន​គណបក្ស​ណា​ផ្សេង​ទេ​បាទ»។

ក៏​ប៉ុន្តែ​បញ្ហា​ប្រឈម​ដ៏​ចម្បង​របស់​ក្រុមអ្នក​ដឹកនាំ​បន្តវេន​ ដូច​ជា​លោក ហ៊ុន ម៉ាណែត នោះ​គឺ​ថា ​តើ​រដ្ឋាភិបាល​ដែល​ខ្លួន​នឹង​ដឹកនាំ​នា​ពេល​អនាគត​នោះ នឹង​ត្រូវបាន​បណ្តា​ប្រទេស​ជា​ដៃគូ​និង​ប្រទេស​ឯទៀត​ក្នុង​ពិភពលោក​ទទួល​ស្គាល់​ភាពស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​នោះ​ដល់​កម្រិត​ណា។

លោក​ មាស នី ថ្លែង​ថា៖ «បញ្ហា​នោះ​នៅ​ត្រង់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ដែល​កើត​ក្រោយ​ឆ្នាំ​ ២០២៣​ នឹង​ត្រូវ​បាន​ទទួល​ស្គាល់​ពី​មជ្ឈដ្ឋាន​នានា​នៅ​ក្នុង​កម្រិត​ប៉ុណ្ណា​នោះ​ អាហ្នឹង​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​តាម​មើល​ត​ទៅ​ទៀត»៕