រដ្ឋមន្រ្តី​ការបទេស​កម្ពុជា​នឹង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ដែល​ឡាវ​ធ្វើជា​ម្ចាស់​ផ្ទះ

រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំមួយនៅ​ក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួងការបរទេស)

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក សុខ ចិន្តា​សោភា នឹង​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើក​ទី​ ៥៧ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ នៅ​ទីក្រុង​វៀង​ចន្ទន៍ ប្រទេស​ឡាវ ចាប់​ពី​ថ្ងៃទី ២៤ ដល់ថ្ងៃទី ​២៧ ខែ​កក្កដា ឆ្នាំ​ ២០២៤។

ប្រទេស​ឡាវគឺជា​ប្រធាន​ប្តូរ​វេន​នៃ​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ ​២០២៤​ នេះ។

កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អ៊ាសាន​លើក​ទី ៥​៧ ធ្វើ​ឡើង​ក្រោម​មូលបទ «អាស៊ាន​៖ ការ​ពង្រឹង​ការ​តភ្ជាប់ និង​ភាពធន់»​ ដែល​នឹង​ផ្តល់​ឱកាស​ដើម្បី​ពិភាក្សា​ការងារ​កសាង​សហគមន៍​អាស៊ាន រួម​ទាំង​វិធីសាស្ត្រ​ប្រកប​ដោយ​នវានុវត្តន៍​ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន​បន្ថែម​ទៀត ដើម្បី​សម្រេច​បាន​នូវ​តំបន់​មួយ​ដែល​កាន់​តែ​មាន​ភាព​តភ្ជាប់ និង​ភាព​ធន់​ជាង​មុន​សម្រាប់​វិបុលភាព​រួម។

សេចក្តី​ប្រកាស​ព័ត៌មាន​លើ​គេហ​ទំព័រ​ ASEAN LAOS PDR 2024 ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​ ១៨ ខែ​កក្កដា បង្ហាញ​ថា​ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​លើក​ទី​ ៥៧ នឹង​មាន​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ចំនួន​ ២៥​ ដែល​នឹង​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស និង​តំណាង​មក​ពី​ប្រទេស​ចំនួន​ ៣១ ដែល​មាន​គណៈ​ប្រតិភូ​ជាង​ ១០០០ ​នាក់។ អ្នក​សារ​ព័ត៌មាន​ប្រមាណ ៥០០ ​នាក់​ នឹង​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​កិច្ច​ប្រជុំ​មួយ​នេះ​ផង​ដែរ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​នឹង​ផ្តោត​លើ​ការ​ពិភាក្សា​លើ​ការ​ពង្រឹង​ការ​កសាង​សហគមន៍​អាស៊ាន ក៏ដូច​ជា​ការ​ពង្រឹង​ការ​តភ្ជាប់ និង​ភាព​ធន់​របស់​អាស៊ាន​ស្រប​តាម​ប្រធាន​បទ​នៃ​ការ​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​របស់​ឡាវ តាម​រយៈ​ការ​អនុវត្ត​អាទិភាព​ចំនួន​ប្រាំបួន​សម្រាប់​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២៤ របស់​ឡាវ និង​ការ​អនុវត្ត​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​ ២០២៥ និង​ការ​អភិវឌ្ឍ​ផែនការ​យុទ្ធសាស្រ្ត ដើម្បី​អនុវត្ត​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​ ២០៤៥។ ជាមួយគ្នា​នេះ កិច្ចប្រជុំ​ក៏​នឹង​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​អាស៊ាន និង​ដៃគូ​ខាង​ក្រៅ តាម​រយៈ​យន្ត​ការ​ដឹកនាំ​ដោយ​អាស៊ាន និង​ការ​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរ​ជាតិ​ដែល​មាន​ផល​ប្រយោជន៍ និង​កង្វល់​រួម។

ជាមួយ​គ្នា​នោះ លោក សុខ ចិន្តាសោភា ក៏​នឹង​ចូលរួម​កិច្ច​ប្រជុំ​ដោយឡែក​ក្រោម​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ជាមួយ​រដ្ឋ​មន្រ្តី​ការ​បរទេស​ជប៉ុន កូរ៉េ និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ លោក សេង វណ្ណលី លើក​ឡើង​ថា កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី ​៥៧ ​នេះ នឹង​ផ្តោត​សំខាន់​ទៅ​លើ​មូលបទ​ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឡាវ​ គឺ​ពង្រឹង​ការ​តភ្ជាប់ និង​ភាព​ធន់​នៃ​អាស៊ាន ដោយ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់ និង​សន្តិសុខ​រវាង​មហា​អំណាច​ចិន និង​អាមេរិក​ជាដើម។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ក្រៅ​តែ​ពី​ប្រធាន​បទ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ ការ​តភា្ជប់​នៅ​ក្នុង​ចំណោម​សមាជិក​អាស៊ាន កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៧​នេះ ក៏​នឹង​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ផ្សេងៗ​នោះ​ទៀត​ ដូចជា​ការព្រងឹង​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន​រវាង​ដៃគូ​សន្ទនា មិន​ថា​ក្រប​ខណ្ឌ​តំបន់​ដូចជា​តំបន់​មេគង្គ​ជា​ដើម»។

អ្នកតាម​ដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​រូបនេះ​បន្តថា ​ក្រៅ​តែ​ពី​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបទេស​អាស៊ាន​ ក៏​មាន​កិច្ច​ប្រជុំ​ដោយ​ឡែក​ផ្សេង​ទៀត​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា​ជប៉ុន កូរ៉េខាងត្បូង អាមេរិក និង​អូស្រ្តាលី។ លោក​បន្ថែម​ថា​ ទន្លេ​មេគង្គ​ក៏​ជា​បញ្ហា​ដ៏​ចម្បង​មួយ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ពី​ប្រទេស​មហា​អំណាច​នានា​។

លោក​ថ្លែង​ថា៖ «ដោយ​សារ​តំបន់​ហ្នឹង​ជា​តំបន់​ប្រភព​ផ្គត់​ផ្គង់​ដល់​ធនធាន​នានា​របស់​ប្រទេស​ប្រាំ​ ប្រាំ​មួយ​ដែល​ជា​សមាជិក​អាស៊ាន​ផង​ហើយ​ចិន​ផង​។ អ៊ីចឹង​ហើយ​ប្រសិន​បើ​ប្រទេស​ណា​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ ប្រទេស​ហ្នឹង​នឹង​អាច​បញ្រ្ជាប ឬ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​បណ្តា​ប្រទេស​ដែល​អាស្រ័យ​ផល​ទៅ​លើ​ដង​ទន្លេ​មេគង្គ​ អ៊ីចឹង​បាន​យើង​ឃើញ​កិច្ច​សហ​ប្រតិបត្តិការ​ទាក់​ទង​នឹង​មេគង្គ​ជាមួយ​នឹង​ប្រទេស​សមាជិក​អាស៊ាន​ជាមួយ​នឹង​មហា​អំណាច​ខាង​ក្រៅ​មាន​ការ​កើន​ឡើង​ជា​ប្រចាំ»។

លោក សុទ្ធ ឆាយហេង ប្រធាន​គ្រប់​គ្រង​កម្ម​វិធី​នយោ​បាយ​ការ​បរទេស​នៃ​មូលនិធិ​ខុនរ៉ាដ ​អាដិន​ណៅអ៊ែរ​ប្រចាំ​នៅ​កម្ពុជា ​(Konrad-Adenauer-Stiftung Cambodia)​ ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​ ការ​រៀបចំ​ចាំបាច់​សម្រាប់​ការ​អនុម័ត​ចក្ខុវិស័យ​អាស៊ាន​ក្រោយ​ឆ្នាំ​ ២០២៥ គឺជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​សំខាន់ៗ​របស់​អាស៊ាន​នា​ពេល​នេះ ដែល​វា​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​សំខាន់ៗ ដូចជា​ការ​កសាង​សហគមន៍​អាស៊ាន​នឹង​ត្រូវ​បាន​លើក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការបរទេស​អាស៊ាន​លើក​ទី​ ៥៧​ នេះ។

លោក​ប្រាប់​វីអូអេ​ជា​ភាសា​អង់គ្លេស​តាម​សារអ៊ីម៉ែល​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ «បញ្ហា​នយោ​បាយ​ និង​សន្តិសុខ​ដែល​នៅ​សេសសល់​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ និង​ពិភពលោក​នឹង​នៅ​តែ​ស្ថិត​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន​លើក​ទី​ ៥៧ រួម​មាន​ជម្លោះ​នៅ​មីយ៉ាន់ម៉ា បញ្ហា​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ជម្លោះ​នៅ​អ៊ុយក្រែន។ ការ​ធានា​នូវភាព​អព្យាក្រឹត​របស់​អាស៊ាន​ចំពេល​មាន​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​សកល​លោក​នៅតែ​ជា​កិច្ចការ​សំខាន់​សម្រាប់​រដ្ឋ​ជាសមាជិក​អាស៊ាន​ទាំង​អស់»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​ ២២ ខែ​កក្កដា លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា រួម​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​អគ្គលេខា​ធិការ​អាស៊ាន​នឹង​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក សនសៃ ស៊ីផាន់ដន នាយក​រដ្ឋមន្រ្តី​ឡាវ។ លោក សុខ ចិន្តាសោភា ក៏​រំពឹង​ថា​នឹង​មាន​ជំនួប​ពិភាក្សា​ទេ្វភាគី​ជាមួយ​សមភាគី​បរទេស​មួយ​ចំនួន ដើម្បី​ពិភាក្សា​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ដែល​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ទាំង​ក្នុង​ក្របខណ្ឌ​ទេ្វភាគី និង​ពហុ​ភាគី៕