ខណៈឥទ្ធិពលបច្ចេកវិទ្យានិងវប្បធម៌បរទេស កំពុងសាយភាយក្នុងសង្គមកម្ពុជា ជាពិសេសក្នុងចំណោមយុវជន ក្រសួងអប់រំបានជំរុញឱ្យមានការលេងល្បែងប្រជាប្រិយ និងរបាំប្រពៃណីខ្មែរបន្ថែមទៀត ដើម្បីចូលរួមថែរក្សានិងការពារអត្តសញ្ញាណជាតិខ្មែរ នារដូវកាលបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។
ការណែនាំដូច្នេះធ្វើឡើងក្នុងគោលបំណង «ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក្នុងឱកាសត្រៀមអបអរសាទរនិងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ»។ នេះបើយោងតាមសេចក្តីណែនាំមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយកាលពីថ្ងៃទី ១៥ ខែមីនា។
ក្រសួងអប់រំក៏ស្នើឱ្យមានការសហការយ៉ាងជិតស្និទ្ធរវាងអាណាព្យាបាលសិស្សនិងសហគមន៍ ជាមួយអជ្ញាធរដែនដី ដើម្បីផ្ដល់និងទទួលព័ត៌មានស្តីពីការលេងល្បែងអសុវត្ថិភាព ដែលពេញនិយមក្នុងស្រទាប់យុវជន ដូចជាការជះទឹកដាក់គ្នា និងប៉ាតម្សៅ ទាំងនៅក្នុងឬក្រៅគ្រឹះស្ថានសិក្សា ដើម្បីចូលរួមទប់ស្កាត់និងដោះស្រាយបញ្ហានិងគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុណាមួយ។ ល្បែងនិងរបាំប្រជាប្រិយដែលក្រសួងអប់រំលើកទឹកចិត្តឱ្យមានការលេង មានដូចជារាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ល។ និងល្បែងប្រជាប្រិយមួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។
ជាមួយគ្នានេះដែរ លោកនាយកមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានគាំទ្រសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយលើកឡើងថា៖ «ចំណុចនេះគឺជាចំណុចដ៏ល្អ ដែលយើងត្រូវតែពង្រឹងនូវវប្បធម៌ប្រពៃណីរបស់ខ្លួនឡើង នៅក្នុងដំណាក់កាលនៃសកលភាវូបណីយកម្ម អត្តសញ្ញាណជាតិ ងាយនឹងបាត់ណាស់ បើសិនជាយើងខ្ជីខ្ជា មិនមែនជាបញ្ហាលេងសើច»។
ជាទូទៅ ល្បែងនិងរបាំប្រជាប្រិយខ្មែរនីមួយៗតែងតែផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ដើម្បីបង្ហាញពីការរស់នៅបានសុខសាន្ត សាមគ្គីភាព និងការគ្នាជួយគ្នាទៅវិញទៅមក ដែលមានបង្កប់ក្នុងសកម្មភាពនៃល្បែង និងរបាំប្រជាប្រិយទាំងអស់នោះ។
សម្រាប់ឆ្នាំ ២០២៣ នេះ កម្ពុជានឹងប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសាខាងមុខនេះ៕