កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវធនាគារពិភពលោកបានព្យាករដោយប្រយ័ត្នប្រយែងនៅចំពោះមុខការគំរាមកំហែងនៃការរាតត្បាតជំងឺឆ្លងកូវីដ១៩ដោយកំណើនអាចកើនខ្ពស់បំផុត៤ភាគរយឬទាបបំផុត«១.០ភាគរយ»សម្រាប់ឆ្នាំ២០២១។
នៅក្នុងការព្យាករណ៍នេះកំណើនសេដ្ឋកិច្ចកម្ពុជាអាចប្រែប្រួលទៅតាមសេណារីយ៉ូចំនួនពីរគឺសេណារីយ៉ូ ដែលមានភាពវិជ្ជមានពោលគឺកំណើនអាចកើនខ្ពស់ជាង៣,១ភាគរយនៅឆ្នាំ២០២០និងសេណារីយ៉ូដែលអាក្រក់បំផុតពោលគឺស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកនឹងអាចកាន់តែអាក្រក់ទៅបើសិនជាមានវិធានការបិទខ្ទប់បន្ថែមទៀត។ នេះបើតាមរបាយការណ៍ចុងក្រោយមួយរបស់ធនាគារពិភពលោកមានចំណងជើងថា៖ «មាគ៌ាឆ្ពោះទៅកាន់ការស្តារឡើងវិញ៖ បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាខែមិថុនាឆ្នាំ២០២១» ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
ក្រោមសេណារីយ៉ូគោលឬវិជ្ជមាននោះសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើន៤ភាគរយ នៅឆ្នាំ២០២១ដែលគាំទ្រដោយការងើបឡើងវិញបណ្តើរៗនៃតម្រូវការក្នុងស្រុកក្រោយពីការចាក់វ៉ាក់សាំងបង្ការរួចនិងកំណើននៃតម្រូវការខាងក្រៅនិងលំហូរមូលធន។
កំណើននេះអាចកើតមានឡើងបានបើសិនជាទំនុកចិត្តទីផ្សារបានវិលត្រឡប់មកឡើងវិញនៅខណៈដែលការផ្ទុះជំងឺកូវីដ១៩ក្នុងសហគមន៍នាពេលថ្មីៗនេះដែលបានចាប់ផ្តើមនៅខែកុម្ភៈឆ្នាំ២០២១នៅតែអាចគ្រប់គ្រងបានដែលនាំឲ្យមានការបន្ធូរបន្ថយវិធានការបិទខ្ទប់ជាដំណាក់កាលៗដោយមិនបង្កផលប៉ះពាល់ខ្លាំងក្នុងរយៈពេលមធ្យមនិងរយៈពេលវែង លើវិស័យសាជីវកម្មឬវិស័យធនាគារ។ នេះជាការពន្យល់បន្ថែមរបស់របាយការណ៍។
ក្រោមសេណារីយ៉ូគោលនេះអាជ្ញាធរកម្ពុជានឹងចាត់វិធានការផ្សេងៗក្នុងការទាក់ទាញការវិនិយោគបន្ថែមដូចជាបង្កើនភាពប្រកួតប្រជែងតាមរយៈកំណែទម្រង់បរិយាកាសវិនិយោគការទាញប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលនិងជំរុញពាណិជ្ជម្មតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានចុះហត្ថលេខានាពេលថ្មីៗនេះ។
សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំកម្ពុជាលោកលី សូដេតថ្លែងក្នុងសន្និសីទព័ត៌មានអនឡាញក្រោយការចេញផ្សាយរបាយការណ៍ថាដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នឹងរួមចំណែកយ៉ាងសំខាន់មួយផ្នែកក្នុងដំណើរធ្វើឲ្យងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជានិយាយជារួមនិងនិយាយដោយឡែកសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកក៏អាចមានសន្ទុះហើយការរៀបចំឥណទានឡើងវិញក៏អាចបញ្ចៀសបានដែរក្នុងវិស័យធនាគារ។
លោកបញ្ជាក់ថា៖ «Vaccine[វ៉ាក់សាំង]នេះគឺថាសំខាន់បំផុតដែលធ្វើឲ្យmarket confidence [ទំនុកចិត្តទីផ្សារ] និងrestore[ស្តារ]មកវិញបានឲ្យ market confidence[ទំនុកចិត្តទីផ្សារ]នេះវាចាប់ផ្តើមមានឡើងវិញហើយមនុស្សចាប់ផ្តើមធ្វើដំណើរគាត់ចាប់ផ្តើមចាយវាយគាត់ចាប់ផ្តើមធ្វើbusiness [ជំនួញ] អីចឹងហើយធ្វើឲ្យ businessហ្នឹងដើរឡើងវិញ»។
លោកបានបន្ថែមថាបើសិនជាមានការបិទខ្ទប់បន្តទៀតនោះហានិភ័យហិរញ្ញវត្ថុសម្រាប់អ្នកធ្វើជំនួញនិងភាគីផ្តល់កម្ចីអាចកើនឡើង។
លោកលី សូដេត ថ្លែងថា៖ «អីចឹងហើយបានថាបើសិនជាយើង មានlockdown [ការបិទខ្ទប់]បន្តទៅទៀតបើសិនជាយើងមានlockdown[ការបិទខ្ទប់]ហ្នឹងវាធំ ហើយវែង គេធ្វើវារយៈពេលវែងវាកាន់តែimpact (ប៉ះពាល់)ខ្លាំងហើយអីចឹងហើយ demandតម្រូវការធ្វើloan restructuring [ការរៀបចំឥណទានឡើងវិញ]នឹងកើនឡើងទៀតអីចឹងគឺថា វាជាបញ្ហាមួយសម្រាប់ខាងធនាគារយើងដោយសារយើងទ្រោលសភាពការណ៍ហ្នឹងតាំង២០២០មករហូតដល់២០២១ អីចឹងគឺថាវាវាមានបញ្ហា វា risk [ហានិភ័យ]ហ្នឹងវាកើនឡើង»។
ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជាអ្នកស្រីអ៊ិនហ្គូណា ដូប្រាចា (Inguna Dobraja)ត្រូវគេស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មានក្រោយការចេញរបាយការណ៍ខាងលើតាមន័យដើមថា៖«ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរកម្ពុជាបានរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការលើសាកលលោកដោយសារតែកូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថាកម្ពុជាបានចាក់វ៉ាក់សាំងឱ្យមនុស្សក្នុងប្រទេសបានជាង៣លាននាក់រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់»។
អ្នកស្រីបានបន្ថែមទៀតថា៖ «ធនាគារពិភពលោកនៅតែបន្តធ្វើការជាមួយកម្ពុជាដើម្បីជួយប្រទេសនេះបន្ថែមទៀតក្នុងការប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩និងជួយស្តារសេដ្ឋកិច្ចនិងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ»។
យ៉ាងណាក៏ដោយធនាគារពិភពលោកឲ្យដឹងបន្ថែមថាចក្ខុវិស័យសម្រាប់កំណើនរបស់កម្ពុជានៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំងក្នុងនោះទ្រង់ទ្រាយនិងល្បឿននៃដំណើររើបឡើងវិញនេះអាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាពរបស់វីរុស និងទៅលើល្បឿននៃការចាក់វ៉ាក់សាំងការពារ។
របាយការណ៍របស់ធនាគារពិភពលោកដដែលពន្យល់ថាសេណារីយ៉ូទាបបំផុតសន្មតថា«ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកនឹងកាន់តែដុនដាបដោយសារតែការបិទខ្ទប់ជាច្រើនលើកច្រើនសារនិងការរឹតត្បិតការធ្វើដំណើរនៅពេលដែលកិច្ចខិតខំប្រឹងប្រែងក្នុងការរាំងខ្ទប់ការផ្ទុះជំងឺកូវីដ១៩ មិនទទួលបានជោគជ័យដែលនាំឲ្យសេដ្ឋកិច្ចមិនអាចស្តារឡើងវិញបានបើទោះជាស្ថានភាពក្រៅប្រទេសមានភាពប្រសើរក្តី»។
ក្រោមសេណារីយ៉ូទាបបំផុតនោះសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើន១.០ភាគរយនៅឆ្នាំ២០២១។
បើតាមសេណារីយ៉ូនេះកិច្ចខិតខំប្រឹងប្រែងរាំងខ្ទប់ធ្វើឲ្យខាតបង់ធនធានសាធារណៈនៅខណៈដែលការអនុវត្តន៍កម្មវិធីចាក់ថ្នាំបង្ការត្រូវបានសន្មតថាមានល្បឿនយឺត។ ជាលទ្ធផលទំនុកចិត្តទីផ្សារថយចុះដែលនាំឲ្យមានការថយចុះលំហូរចូលការវិនិយោគផ្ទាល់ពីបរទេសជាច្រើនខណៈដែលវិស័យកម្មន្តសាលសំខាន់ៗសម្រាប់នាំចេញដូចជាសម្លៀកបំពាក់ស្បែកជើងនិងទំនិញធ្វើដំណើរត្រូវបានបង្អាក់ដោយការបិទខ្ទប់ជាច្រើនលើកច្រើនសារ។
លោកមាស សុខសេនសានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថារដ្ឋាភិបាលមិនទាន់មានការយល់ឃើញបែបណាលើការវាយតម្លៃរបស់ធនាគារពិភពលោកនោះទេហើយថា រដ្ឋាភិបាលនៅរក្សាជំហរថា កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១អាចស្ថិតក្នុងកម្រិត៣,៥ភាគរយ ដែលជាការប៉ាន់ស្មានតាំងពីខែមករាមក។
លោកទទួលស្គាល់ថាព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈបានបង្កការប៉ះទង្គិចលើសកម្មភាពសេដ្ឋកិច្ចប៉ុន្តែការបន្ថយការរឹតបន្តឹងដែលមានទំនាក់ទំនងនឹងការឆ្លងជំងឺកូវីដមួយចំនួននៅសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកអាចអំណាចផលដល់សកម្មភាពសេដ្ឋកិច្ចកម្ពុជា។
លោកបញ្ជាក់ថា៖ «វាមានការប៉ះទង្គិចហើយប្រាកដហើយនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះតែយើងខ្ញុំនៅមានការប្រយ័ត្នប្រុងប្រយ័ត្នចំពោះការព្យាករណ៍នេះជាពិសេសការព្យាករណ៍សារជាថ្មីនេះយើងនឹងមានការប្រុងប្រយ័ត្នហើយយើងនឹងបូកបញ្ចូលនូវកត្តាផ្សេងៗជាច្រើនទៀតជាពិសេសនូវការអភិវឌ្ឍន៍ថ្មីៗចុងក្រោយនេះឥឡូវយើងឃើញថាបើយើងមើលទំនោរពិភពលោកនេះក៏ចាប់ផ្តើមរាងគ្រាន់បើឡើងវិញហើយនៅជាពិសេសនៅប្រទេសអឺរ៉ុបនៅអាមេរិកគាត់ចាប់ផ្តើមកាត់បន្ថយនូវការរឹតបន្តឹងអីទាំងអស់អីចឹងយើងឃើញថា ខ្ញុំ ខ្ញុំមិនមានការវាយតម្លៃលើសពីហ្នឹងទេតែគ្រាន់ថាអ្វីដែលជាជំហរ គឺយើងនៅរក្សាគោលជំហរខែ១»។
ធនាគារពិភពលោកបានព្រមានផងដែរថាស្ថានភាពសកលមិនច្បាស់លាស់នៅតែជាហានិភ័យដ៏ធំចំពោះការស្តារសេដ្ឋកិច្ចកម្ពុជា។ នោះមានន័យថាភាពយឺតយ៉ាវនៃការចែកចាយវ៉ាក់សាំងទូទាំងសាកលលោកអាចនាំឲ្យជំងឺកូវីដ១៩នៅបន្តកើតមានដោយការផ្ទុះជំងឺនេះនឹងនាំឲ្យមានការបិទខ្ទប់កាន់តែច្រើន។
របាយការណ៍ធនាគារពិភពលោកស្តីពី «មាគ៌ាឆ្ពោះទៅការស្តារឡើងវិញ» ឲ្យដឹងថាការនាំចេញទំនិញរបស់កម្ពុជាអាចរងផលប៉ះពាល់បន្ថែមទៀតដោយការដកដោយផ្នែកនៃការអនុគ្រោះពន្ធEBAរបស់សហគមន៍អឺរ៉ុបនិងការផុតកំណត់ជាបណ្តោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធទូទៅGSPរបស់សហរដ្ឋអាមេរិក។
របាយការណ៍សង្កត់ធ្ងន់ថា៖ «លើសពីនេះទៀតប្រទេសកម្ពុជាកាន់តែពឹងផ្អែកលើប្រទេសចិនលើផ្នែកពាណិជ្ជកម្មការវិនិយោគនិងជំនួយអភិវឌ្ឍជាផ្លូវការ។ កំណើនឥណទានខ្ពស់ក្នុងវិស័យធនាគារជាពិសេសការផ្តល់ឥណទានដល់វិស័យសំណង់និងអចលនទ្រព្យនៅតែជាហានិភ័យដ៏ធំចំពោះស្ថិរភាពហិរញ្ញវត្ថកម្ពុជា។
កាលពីខែសីហា ឆ្នាំ ២០២០សហភាពអឺរ៉ុបបានបន្ថយការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម «គ្រប់មុខទំនិញលើកលែងសព្វាវុធ»ហៅកាត់ថាEBAដោយចាប់ផ្ដើមយកពន្ធចំនួន២០%លើទំនិញកម្ពុជាជាការឆ្លើយតបនឹង«ការរំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ»លើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយក្រោយការចាប់ខ្លួនលោកកឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ៕