បរិយាកាស​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០២០

រូបឯកសារ៖ កម្មករធ្វើការនៅការដ្ឋានសំណង់មួយកន្លែងនៅកោះពេជ្រក្នុងរាជធានីភ្នំពេញថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១៥ ។ (REUTERS/Samrang Pring)

របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភព​លោក​ បង្ហាញ​ថា​បរិយាកាស​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា​​មិន​មាន​ភាព​ប្រសើរ​ទេ​សម្រាប់​ឆ្នាំ​២០២០។ មូល​ហេតុ​ដោយសារ​​ ​មិន​មាន​ការ​កែទម្រង់​ចាំ​បាច់​មួយ​ចំនួន។

ការចាប់ផ្ដើម​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា​ ​កាន់​តែ​អស់​ថ្លៃ​ទុន​ច្រើន​ដោយ​សារ​ការ​ចំណាយនានា​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​អាជីវកម្ម​នៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាន់​តែ​ខ្ពស់។

នេះ​គឺ​ជា​ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភព​លោក​ក្នុង​របាយការណ៍​ដែល​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

របាយការណ៍​ដែលមាន​ចំណង​ជើង​ថា​៖ «ការ​ធ្វើ​ជំនួញ​ឆ្នាំ​២០២០៖ ល្បឿន​នៃ​កំណែ​ទម្រង់​បរិយាកាស​ធ្វើ​ជំនួញ​ថយ​ល្បឿន​ក្នុង​តំបន់​អាស៊ី​ខាង​កើត​ និង​អាស៊ី​ប៉ាស៊ីហ្វិក» បង្ហាញ​ថា​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩​នេះ​ បរិយាកាស​ធ្វើ​ជំនួញ​របស់​កម្ពុជា​ មិន​មាន​ភាព​ប្រសើរ​ឡើង​នោះ​ឡើយ។​ មិន​បាន​ប្រសើរ​ដោយ​សារ​ប្រទេស​កម្ពុជា​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​១៤៤ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន ១៩០ ​សម្រាប់​បរិយាកាស​នៃ​ការ​ធ្វើ​ជំនួញ​ឆ្នាំ​២០២០​ដូចគ្នា​នឹងការ​វាយតម្លៃ​សម្រាប់​បរិយាកាស​ធ្វើ​ជំនួញ​នៅ​ឆ្នាំ​២០១៩​ដែរ ពោល​គឺជា​ចំណាត់​ថ្នាក់​អាក្រក់ជាង​ការ​វាយ​តម្លៃ​កាល​ពីឆ្នាំ​២០១៧ ដែល​កាល​នោះ​កម្ពុជា​ឈរ​នៅ​លំដាប់​ទី​១៣១។​

របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ដដែល​បង្ហាញ​ថា​បរិយាកាស​ធ្វើ​ជំនួញ​នៅ​កម្ពុជាមិន​ល្អ​ដូច​នៅ​ប្រទេស​ថៃ​និង​វៀតណាម​នោះ​ទេ។ កម្ពុជា​ទទួល​បាន​ការវាយតម្លៃ​ចំនួន​៥៣.៨ ពិន្ទុ នៅ​ពី​ក្រោយ​វៀតណាម​ចំនួន ១៦​ពិន្ទុ និង​ចាញ់​ប្រទេស​ថៃ​ចំនួន​២៦.៣​ពិន្ទុ។

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ បាន​គូស​បញ្ជាក់​បន្ថែម​ថា​កម្ពុជា​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការកែទម្រង់​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ជំនួញនោះ​ទេ។ ផ្ទុយ​ទៅ​វិញ កម្ពុជា​នៅ​ឆ្នាំ​២០២០​ មានការ​កែ​ប្រែ​ដែល​ធ្វើ​ឲ្យ​មានការ​ពិបាក​ច្រើន​ក្នុង​ការ​ធ្វើ​ជំនួញ។

ទោះជា​យ៉ាង​ណា​ របាយការណ៍​បង្ហាញ​ថា​កម្ពុជា​មាន​បរិយាកាស​ធ្វើ​ជំនួញ​ប្រសើរ​ជាង​ប្រទេស​ឡាវ ដែល​ឈរ​នៅ​លំដាប់​ទី១៥៤ និង​ប្រសើរ​ជាង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ឈរ​នៅ​លំដាប់​ទី​១៦៥។​

លោក ​ហេង​ សួ​ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​លោក​ស៊ាង ថៃ​ មន្ត្រី​នាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម មិន​អាច​ទាក់​ទង​ដើម្បី​ស្នើ​សុំ​សេចក្ដី​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ដោយឡែក លោក​ ផៃ ស៊ីផាន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​និង​ជា​ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​ទទួល​ស្គាល់​ថាមាន​បន្ទុក​មួយ​ចំនួន​សម្រាប់​អ្នក​ប្រកប​របរ​ជំនួញ​នៅ​កម្ពុជា មុននឹង​លោក​បង្វែរ​សំណួរ​ទៅ​កាន់​មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ទាំង​ពីរ​ខាង​លើ។

យ៉ាង​ណា​ក៏ដោយ ​មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដដែល​អះអាង​ថា​កម្ពុជា​កំពុង​ធ្វើ​ការ​កែ​សម្រួលសម្រាប់​បរិយាកាស​ធ្វើ​ជំនួញ។

«អាស្រ័យ​ហេតុដូច្នេះ​ បាន​រាជរដ្ឋាភិបាល​ កាត់​បន្ថយ​រាល់​ប្រាក់​ចំណាយ​ ទាំងព្រម​ដែល​វា​មិន​ នែ​វា​មិន​ជា​ការ​ចាំបាច់​ ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង​ ដែល​គេ​ហៅ​ថា​ ធ្វើ​កំណែ​ទម្រង់​ទាំង​កញ្ចប់​ កាត់​លុបចោល​នូវ​ភ្នាក់​ងារ​ ដូច​កាំ​ត្រូល​ ដូច​ភ្នាក់​ងារ​ជា​ច្រើន​ដែល​នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​នោះ»។

ធនាគារ​ពិភព​លោក មិន​បាន​បញ្ជាក់​លម្អិត​ពី​ថ្លៃ​ចំណាយបែប​ណា​ក្នុង​ការ​ចុះ​បញ្ជី​ការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ក្នុង​របាយការណ៍​របស់​ខ្លួននោះ​ទេ។ ទោះ​យ៉ាង​ណា​ របាយការណ៍​ដដែល​ឲ្យដឹង​ថា​ ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​វិស័យ​សំណង់​ ដោយសារ​តែ​មាន​ការ​ចំណាយ​តិចតួច​ក្នុង​ការ​ទទួល​បាន​ការ​អនុញ្ញាត​សម្រាប់​ការ​សាង​សង់។

របាយការណ៍​របស់​ធនាគារពិភពលោក​ស្ដីពី​បរិយាកាស​ធ្វើ​ជំនួញ​ក្នុង​ឆ្នាំ​២០២០​នេះ​ ធ្វើ​ឡើង​តែ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ បន្ទាប់ពី​ធនាគារ​នេះ​ បាន​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​ដែល​នឹង​រំកិល​ធ្លាក់​ពី​កំណើន​៧,៥​ភាគ​រយ​នៅ​ឆ្នាំ​២០១៨ មក​ត្រឹម​៧​ភាគ​រយ​វិញ​សម្រាប់​ឆ្នាំ​២០១៩​នេះ។

ការ​ចុះ​ថមថយ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នេះ​ គឺ​អាច​បណ្ដាល​មក​ពី«ភាព​មិន​ច្បាស់​លាស់​នៃ​ការ​អនុគ្រោះ​ពន្ធ​ចូល​ទីផ្សារ​អឺរ៉ុប គឺ​អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ ឬ EBA (Everything but Arms) និង​ការ​ស្រុត​ចុះ​យ៉ាង​គំហុក​ណា​មួយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក»៕