ប្រែសម្រួលដោយ លី សុខឃាង
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN Security Council) បានជួបជុំគ្នាកាលពីថ្ងៃពុធ ដើម្បីដឹកនាំកិច្ចពិភាក្សាមួយស្តីអំពីតួនាទីរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court) ដែលជាប្រធានបទមួយ ដែលបានបង្កឲ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុក កាលពីអតីតកាល។ ក្រុមសិទ្ធិមនុស្សមួយថ្លែងថា ក្រុមប្រឹក្សានេះបានខកខានមិនបានបញ្ជូនបញ្ហាសំខាន់ៗទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយរាប់បញ្ចូលទាំងជម្លោះនៅក្នុងប្រទេស ស៊ីរី (Syria) ផង។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ថ្លែងថា ទំនាក់ទំនងរវាងក្រុមប្រឹក្សាសន្តិសុខ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នឹងទទួលបាន«ការពិភាក្សាពេញលេញ» ពីសំណាក់សមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ។ លោក រីឆាត ឌីកឃឺ (Richard Dicker) ដែលជានាយកកម្មវិធីយុត្តិធម៌អន្តរជាតិរបស់ក្រុមនេះ មានប្រសាសន៍ថា ក្រុមប្រឹក្សាបានបរាជ័យ ឬខកខានមិនបានបញ្ជូនសេចក្តីណែនាំរបស់ខ្លួនទៅឱ្យតុលាការ។
ក្រុមប្រឹក្សាមានការជ្រើសរើសយ៉ាងខ្លាំង ចំពោះស្ថានភាពរបស់ប្រទេសណាមួយ ដែលត្រូវបញ្ជូនទៅកាន់តុលាការ និងប្រទេសណាដែលមិនត្រូវបញ្ជូនទៅ។ ឧទាហរណ៍ ក្រុមប្រឹក្សានេះបានស្នើសុំឲ្យតុលាការស៊ើបអង្កេតបទឧក្រិដ្ឋកម្មនៅប្រទេស លីប៊ី (Libya) ប៉ុន្តែមានភាពស្ងប់ស្ងាត់ ហើយជាប់គាំងនៅចំពោះមុខនៃឧក្រិដ្ឋកម្មដ៏គួរឲ្យស្អប់ខ្ពើមនៅក្នុងប្រទេស ស៊ីរី។
លោកពណ៌នាក្រុមប្រឹក្សានេះ ថាបានទុកឱ្យតុលាការនេះ «ទទួលបរាជ័យប្រកបដោយភាពខ្វះខាតការគាំទ្រ»។
បញ្ហាទីពីរគឺថា នៅក្នុងស្ថានភាពរបស់ប្រទេសទាំងពីរ ដែលក្រុមប្រឹក្សានេះបានបញ្ជូនសំណុំរឿងទៅ គឺតំបន់ ដាហ្វ័រ (Darfur) នៅក្នុងប្រទេស ស៊ូដង់ (Sudan) កាលពីឆ្នាំ២០០៥ និងប្រទេស លីប៊ី កាលពីឆ្នាំ២០១១។ បន្ទាប់ការបោះឆ្នោតដើម្បីបញ្ជូនសេចក្តីណែនាំ ក្រុមប្រឹក្សានេះមិនបានផ្តល់ការគាំទ្រផ្នែកការទូតដល់តុលាការនេះទេ ដើម្បីពិនិត្យមើលថា ដីការចាប់ខ្លួនដែលតុលាការបានចេញ ពិតជាត្រូវបានអនុវត្តឬយ៉ាងណា។
លក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute) ដែលជាសន្ធិសញ្ញាដែលបានបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានដាក់កម្រិតដល់តុលាការឱ្យចោទប្រកាន់បទឧក្រិដ្ឋកម្មអន្តរជាតិ តែនៅក្នុងរដ្ឋណាដែល «គ្មានលទ្ធភាព ឬគ្មានបំណងស៊ើបអង្កេតនិងកាត់ទោស»។ ជាធម្មតា បទឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ទាំងនោះ ត្រូវបានរកឃើញនៅតាមបណ្តាប្រទេស ដែលមិនទាន់ចុះហត្ថលេខាលើលក្ខន្តិកៈនេះ។ អាស្រ័យហេតុនេះ ការផ្តល់សិទ្ធិពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ គឺត្រូវការជាចាំបាច់ដើម្បីឲ្យតុលាការ ICC ចាត់វិធានការ។
តុលាការ ICC បានឲ្យដឹងថា នៅក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ រឿងក្តីចំនួន១៦ ត្រូវបានបញ្ជូនទៅតុលាការនេះ ដោយមានរឿងក្តីចំនួន៦ស្ថិតក្នុងដំណាក់កាលនៃការកាត់សេចក្តី។ តុលាការ ICC បានចេញដីការចាប់ខ្លួនជាង២០ករណី ដែល ការចាប់ខ្លួនចំនួន៦ ត្រូវបានធ្វើរួចរាល់ហើយ។
តុលាការបានបន្ថែមទៀតថា ការស៊ើបអង្កេតចំនួន៧កំពុងត្រូវបានអនុវត្តនៅប្រទេស អ៊ុយហ្គាន់ដា (Uganda) សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) តំបន់ដាហ្វ័រ (Darfur) កេនយ៉ា (Kenya) លីប៊ី (Libya) និងប្រទេស ខូឌីវ័រ (Ivory Coast) និងបានចុះបញ្ជីក្នុងការស៊ើបអង្កេតបឋមចំនួន៨ នៅក្នុងប្រទេសអាហ្គានីស្ថាន (Afghanistan) កូឡំប៊ី (Colombia) ហ្សចជៀ (Georgia) ហុងដូរ៉ាស់ (Honduras) នីហ្សីរីយ៉ា ( Nigeria) សាធារណរដ្ឋកូរ៉េ (Republic of Korea) ហ្គីណេ (Guinea) និងប្រទេស ម៉ាលី (Mali)។
ក្រុមប្រឹក្សាសន្តិសុខចាត់ទុកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬទំនាក់ទំនងរបស់ខ្លួនជាមួយតុលាការនេះ ថាគ្រាន់តែជាការរួមមេត្រីមួយយប់ ជាជាងអាពាហ៍ពិពាហ៍តែម្តង។ ហើយគោលជំហរនេះត្រូវតែផ្លាស់ប្តូរ ប្រសិនបើក្រុមប្រឹក្សាសន្តិសុខនេះចង់បាននូវការជឿទុកចិត្ត ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ។
លោក ឌីកឃើ ក៏បានថ្លែងដែរថា ដំណើការនៃការដាក់ចេញសេចក្តីណែនាំ ត្រូវបានធ្វើឲ្យទៅជានយោបាយ។ លោកបានស្តីបន្ទោសភាគច្រើននៃដំណើរការនេះទៅលើសមាជិកអចិន្រ្តៃយ៍បីនៃក្រុមប្រឹក្សាសន្តិសុខ ដែលមិនមែនជាភាគីនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូម ពោលគឺប្រទេស រុស្សី (Russia) ចិន (China) និង សហរដ្ឋអាមេរិក (the United States)។
ពួកគេបានប្រើប្រាស់ដំណើរការបញ្ជូនសេចក្តីណែនាំ ឬមិនបញ្ជូន ថាជាមធ្យោបាយមួយដើម្បីធានាឱ្យបានថា សត្រូវរបស់ពួកគេត្រូវបានកាត់ទោស ហើយមិតភក្តិរបស់ពួកគេត្រូវបានការពារ ជាជាងជាមធ្យោបាយមួយដើម្បីធានាថា យុត្តិធម៌ត្រូវបានផ្តល់ឱ្យ។
កាលពីខែកុម្ភះ ឆ្នាំទៅ រាល់សមាជិកទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខ បានបោះឆ្នោតគាំទ្រដើម្បីបញ្ជូនស្ថានភាពនៅក្នុងប្រទេស លីប៊ី ទៅឲ្យតុលាការ ICC។ តែទោះយ៉ាងណា លោក ឌីកឃើ បាននិយាយថា បន្ទាប់ពីការដួលរលំរបស់ ម៉ូម៉ា ហ្គាដាហ្វី (Moammar Ghadafi) ការគាំទ្រសម្រាប់ការចេញដីការចាប់ខ្លួនបានដួលរលំ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បាននិយាយផងដែរថា សេចក្តីសម្រេចពីររបស់អង្គការសហប្រជាជាតិ កំពុងបំផ្លាញតុលាការ ICC ដោយការដាក់កម្រិតដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់តុលាការនេះ។
លោក ឌីកឃើ បានបន្ថែមទៀតថា បញ្ហាធំបំផុតចំនួនពីរ គឺបរាជ័យនៅក្នុងការអនុវត្តដីការចាប់ខ្លួន សម្រាប់ប្រធានាធិបតី ស៊ូដង់ លោក អូម៉ា អាល់បាសៀរ (Omar al Bashir) និងមេបញ្ជាការនៃកងយោធានៃចលនាតស៊ូព្រះជាម្ចាស់ លោក ចូស្សែប កូនី (Joseph Kony)៕