ជន​រងគ្រោះ​ទំនាស់​ដីធ្លី​សុំឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​រក​យុត្តិធម៌​ឲ្យ​ខ្លួន

Armenian police use water canons to disperse protesters demonstrating an increase in electricity prices in the Armenian capital of Yerevan.

លោក​វរ​សេនីយ៍​ទោ​ ភួង សុរិយា​ អតីត​មន្ត្រី​យោធា​នៃ​ខុទ្ទកាល័យ​ក្រសួង​ការពារ​ជាតិ​ទទួល​បន្ទុក​ព្រំដែន​ បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ថា ​ដី​របស់​លោក​ត្រូវ​បាន​គេ​រំលោភ​យក​នៅ​ក្នុង​ខេត្ត​សៀមរាប។​

លោក​និយាយ​ថា៖​ «ហ្នឹង​មេកង​ពល ​និង​ចៅហ្វាយ​ស្រុក​ ហើយ​បច្ចុប្បន្ន​នេះ​ក្រោយ​ពី​ការ​ប្តឹង ​ការ​ធ្វើបាតុកម្ម​ទៅ​តុលាការ​ហើយ​គឺ​មាន​ការ​ដោះ​ស្រាយ។​ប៉ុន្តែ​គេ​ដោះ​ស្រាយ​តែ​ដី​បក្ខពួកគេ ​ឯ​ប្រជាជន​៩៥​គ្រួសារ​ដែល​បាន​ឡើង​ប្តឹង​ នាំ​គ្នា​ទៅ​ប្តឹង​គឺ​គេ​អត់​វាស់​ទេ»។​

លោក​ភួង សុរិយា​ តំណាង​ឲ្យប្រជា​ពលរដ្ឋ​ប្រមាណ​៩៥​គ្រួសារ​ដែល​មាន​ទំហំដី​ជាង​៣០០​ហិចតា​នៅ​ក្នុង​ខេត្ត​សៀមរាប​ បាន​បញ្ជាក់​ថា​ ដីទាំង​នោះ​ត្រូវ​បាន​ទាហានកាន់​កាប់​ បើ​ទោះ​បី​ជា​លោក​បាន​ប្តឹង​គ្រប់​ស្ថាប័ន​ក៏ដោយ​តែ​មិន​មាន​ដំណោះ​ស្រាយ។​

លោក​សុរិយា​ ក៏ដូច​ជាប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​ខេត្ត​ចំនួន​៦​ខេត្ត​ផ្សេងទៀត​ បាន​មក​កាន់​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ក្នុង​អង្គសន្និសីទ​កាសែត​មួយ​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ដាក់​ពាក្យ​បណ្តឹង​វិវាទដីធ្លី​ជូន​អាជ្ញាធរ​ជំនាញ​មាន​សមត្ថកិច្ច។

«ខ្ញុំ​អតីត​វរ​សេនីយ៍​ទោ​ នៅ​ខុទ្ទកាល័យ​ក្រសួង​ការពារ​ជាតិ​ ទទួល​ការងារ​ព្រំដែន​ តែ​ទី​បំផុត​ត្រូវ​គេ​បាញ់​១០​គ្រាប់ ​ដោយ​សារ​រឿង​ដី​ ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​គឺត្រូវ​គេ​គំរាម​ទាំង​អស់»។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យដឹង​ថា​ ក្នុង​ចំណោម​ខេត្តទាំង​១៧​ដែល​មាន​ទំនាស់រឿងដីធ្លី​ ​អង្គការ​អាដហុក​បាន​ទទួលចំនួន​១០៥​បណ្តឹង​ ​ក្នុង​នោះ​មាន​១៥​បណ្តឹង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ស្រុក​ មាន​៣​បណ្តឹង​បាន​ដាក់​ជូន​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត​ ៧៧​បណ្តឹង​បាន​ដាក់​ជូន​អភិបាលខេត្ត​ និង​១០​បណ្តឹង​ដាក់​ជូន​ទៅ​តុលាការ។​

លោក​ ធន សារ៉ាយ​ ប្រធាន​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថាចំនួន​ពាក្យ​បណ្តឹង​ដែល​បាន​ដាក់នេះ​គ្រាន់​តែ​ជា​ចំនួន​មួយ​ មិន​មែន​ជា​ចំនួន​សរុប​ពាក្យ​បណ្តឹង​ទាំង​មូល​នោះ​ទេ​ ​ហើយ​ក្នុង​ចំណោម​១០៥​បណ្តឹង​ មាន​ប្រជា​ពលរដ្ឋ​ដែល​ប៉ះពាល់​មាន​ចំនួន​១១០០១​គ្រួសារ ​និង​បាន​ប៉ះពាល់​ដីធ្លី​ចំនួន​២៦៥១៨​ហិចតា។​

លោក​បាន​បញ្ជាក់​ថា​ ពាក្យ​បណ្តឹង​ដែល​ប្រជា​ពលរដ្ឋ​បាន​ដាក់​នៅ​ថ្ងៃ​នេះ​គឺ​ជា​ពាក្យ​បណ្តឹង​ចាស់​ ដែល​មានជាយូរ​មក​ហើយ​ដែល​មាន​អាយុ​កាល​ជាង​១០​ឆ្នាំ ​តែនៅ​មិនទាន់​មាន​ស្ថាប័ន​ណា​ដោះ​ស្រាយ​បាន​ទេ។​

លោក​និយាយ​ថា៖​ «អញ្ចឹង​យើង​ចង់​ឲ្យរាជរដ្ឋាភិបាល​របស់​យើង​នេះ ​សុំអំពាវ​នាវ​លោក​ដើម្បី​ឲ្យលោក​ធ្វើ​កិច្ច​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យបាន​ត្រឹម​ត្រូវ​ឡើង​វិញ​ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ជួយដោះ​ស្រាយ​នូវ​ទុក្ខ​លំបាក​ប្រជា​ពលរដ្ឋ​យើង​ដែល​ឈឺចាប់​ជាយូរ​ឆ្នាំ​ណាស់​មក​ហើយ»។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ក្រុម​ការ​ងារ​ពិសេស​មួយ​ដើម្បី​កំណែ​ទម្រង់​ដីធ្លី។​ ក៏ប៉ុន្តែ​ទំនាស់​ដីធ្លី​នៅ​តែ​បន្ត​កើត​មាន​ដដែល​ក្នុង​ប្រទេស​កម្ពុជា៕