សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ផ្សព្វផ្សាយ​«យុទ្ធនាការ​ទិញ​ស្រូវ​អង្ករ​កម្ពុជា ជួយ​កសិករ​កម្ពុជា»

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធិវុធ ពន្យល់​អំពី​យន្តការ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីអំពី​យុទ្ធនាការ «ទិញ​ស្រូវ​អង្ករ​កម្ពុជា​ ជួយ​កសិករ​កម្ពុជា» នៅ​ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦។ (អ៊ិត សូធឿត/VOA)

រាជ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ធ្វើ​អន្តរាគមន៍​ដោយប្រកាស​​បញ្ចេញ​ថវិកា​យ៉ាង​តិច​ ២០លាន​ដុល្លារ​ ដើម្បី​រួម​ជាមួយ​ទុន​នៃ​ផ្នែក​ផ្សេង​ទៀត​ ដើម្បី​គាំទ្រ​លើតម្លៃ​ស្រូវ។​ ស្របគ្នា​នោះដែរ ​​​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ដាក់​ទុន​បន្ថែម​ចំនួន​ ៧លាន​ដុល្លារ​។

សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាល​ពីព្រឹក​ថ្ងៃ​អង្គារ​នេះ ​បាន​អំពាវនាវ​បន្ថែម​ឲ្យ​ប្រជាជន​ទូទៅ​ជួយ​ទិញ​អង្ករ​ពី​កសិករ​ផ្ទាល់​ដើម្បី​ឲ្យ​កសិករ​បាន​ទទួល​កម្រៃ​ផ្ទាល់​ទាំង​ស្រុងពី​ការ​លក់​ស្រូវអង្ករ។​ នេះ​បើ​តាម​ការ​ថ្លែង​ដោយ​លោក សុខ​ ពុទ្ធិវុធ​ ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ក្នុង​សន្និសីទ​សារព័ត៌មាន ​ស្តីអំពី «យុទ្ធ​នា​ការ​ទិញ​ស្រូវ​អង្ករ​កម្ពុជាជួយ​កសិករ​កម្ពុជា​»​ ។

«យុទ្ធនាការ​នេះ​គឺដោយសារ​ភាព​អាសន្ន ​គឺភាព​បន្ទាន់។​ អ្វី​ដែលយើង​ច​ង់បាន​គឺចង់​ជម្រុញម៉ាស៊ីន​កិន​ស្រូវកុំ​ឲ្យចាំ​ ព្រោះ​ម្នាក់ៗ​ចាំមើល​ឲ្យតម្លៃ​ធ្លាក់ទៀត​គាត់អត់​ព្រម​ទិញទេ។​ បើចាំ​ទាំងអស់​គ្នា​តម្លៃ​ពិតជា​ធ្លាក់ទៀត​ហើយ។​ អញ្ចឹង​បើ​ថាគាត់​ចាំ ​មហាជន​គាត់​ជួយទិញ​ ធ្វើម៉េច​ឲ្យការ​ទិញ​មាន​ឡើង​វិញ​ហើយ​តម្លៃមាន​ស្ថិរភាព​ បន្ធូរ​សម្ពាធ​កសិករ​ក្នុង​ដំណាក់​កាលនេះ»។​

សន្និសីទ​សារ​ព័ត៌មាន​ ស្តី​អំពី​ «យុទ្ធនាការ​ទិញ​ស្រូវ​អង្ករ​កម្ពុជា ជួយ​កសិករ​កម្ពុជា​» ធ្វើឡើង​ក្នុង​គោល​បំណង​ បង្កើត​យន្តការ​មួយចំនួនដើម្បី​ដោះ​ស្រាយ​បញ្ហា​ស្រូវអង្ករ​ដែល​ផលិត​ដោយ​កសិករ​កម្ពុជា​ ពី​កសិករ​ដោយ​ផ្ទាល់​ឬតាម​រយៈ​បណ្តាញ​សហគមន៍​កសិករ។

កាល​ពីខែ​កញ្ញា​កន្លង​ទៅ ​ប្រធាន​បទ​អំពីបញ្ហា​ស្រូវ​អង្ករ​កម្ពុជាត្រូវ​បាន​គេ​ជជែក​ពិភាក្សា​ជា​រឿយៗ​នៅ​លើ​បណ្តាញ​សារព័ត៌​មាន​ក្នុងស្រុក​ បន្ទាប់​ពី​ប្រជា​កសិករខ្មែរ​ជា​ច្រើន​រយ​នាក់​ កាលពី​ខែមុន ​បាន​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​ប្រាំ​ ក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង ប្រឆាំង​នឹង​ឈ្មួញ​កណ្ដាល​ ដែល​ឲ្យ​តម្លៃ​ស្រូវ​របស់​ពួក​ទាប​ជាងការ​កំណត់​របស់​រដ្ឋាភិបាល​នោះ។

ការតវ៉ា​បាន​កើតឡើងបន្ទាប់ពីឈ្មួញ​បានឲ្យ​តម្លៃ​ស្រូវអង្ករ​ដែល​ផលិត​ដោយ​កសិករ​ខ្មែរ​ ក្នុងតម្លៃ​ប្រមាណ​ ៦០០ ​រៀល​ ក្នុងមួយ​គីឡូក្រាម​ លើស្រូវ​លេខ ​២ ​និង​ ៦៥០​ រៀល​ក្នុងមួយ​គីឡូក្រាម​ លើស្រូវ​លេខ​ ១។

ក្នុងខែ​កញ្ញា​ ដដែល​ ​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ អំពាវនាវ​ដល់​ពាណិជ្ជករ​ ដែល​ធ្វើ​អាជីវកម្ម​ ស្រូវ​អង្ក​រ​ ឲ្យ​បញ្ចេញ​ទុន​ ដើម្បី​ជួយ​ទិញ​ស្រូវ​ក្រអូប​ពីកសិករ​មិនក្រោម៨៤០៛។

បន្ថែម​លើស​ពីនោះ​ រាជ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ធ្វើ​អន្តរាគមន៍​ដោយប្រកាសបញ្ចេញ​ថវិកា​យ៉ាង​តិច​ ២០លាន​ដុល្លារ​ ដើម្បី​រួម​ជាមួយ​ទុន​នៃ​ផ្នែក​ផ្សេង​ទៀត​ ដើម្បី​គាំទ្រ​លើតម្លៃ​ស្រូវ។​ ស្របគ្នា​នោះដែរ ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ដាក់​ទុន​បន្ថែម​ចំនួន​ ៧លាន​ដុល្លារ​។

ក្នុង​សន្និសីទ​ ដដែល​នោះ ​លោក ​ហ៊ុន​ ឡាក់​ តំណាង​ក្រុមហ៊ុន​នាំចេញ​ស្រូវ​អង្ករ​ បាន​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ ដោយ​ទាញ​បញ្ហា​ចម្រូង​ចម្រាសក្នុងទីផ្សារ​ស្រូវ​អង្ករ​ ដែលកើត​ថ្មីៗនេះ​ថា​ ជាឥទ្ធិពល​សេដ្ឋកិច្ច​ពី​ប្រទេស​ជិតខាង​។

«វាជា​ឥទ្ធិពល​មកពី​ខាងក្រៅ​ ផ្តើម​ចេញពី​ប្រទេស​ដែលគេ​មាន​សក្តានុពល​ដូច​កម្ពុជា​យើងដែរ​ មាន​៤ ​គឺភូមា ​ប៉ាគីស្ថាន ​វៀតណាម ​និង​ថៃ។​ គេនាំចេញ​ទីផ្សារ​ក្នុងតម្លៃ​ទាប​ជាង​ឆ្នាំមុនៗ។»

លោក​បន្ថែមថា​ កម្ពុជា​មានភាព​ជ្រួល​ច្របល់លើ​បញ្ហា​ស្រូវអង្ករ​ក្នុងឆ្នាំ​នេះ​ ដោយសារ​ កម្ពុជា​ខ្វះស្ថាប័ន​មួយដែល​តាមដាន​ស្ថាន​ការណ៍​ និង​ទីផ្សារ​អង្ករ។

«ងាក​មកកម្ពុជា​យើងវិញ​ យើង​ត្រូវធ្វើ​ម៉េច?​ យើង​ត្រូវដើរ​ឲ្យទាន់​សភាព​ការណ៍​តម្លៃ​ទីផ្សារ​អង្ករ​ជា​សាកល​ រួមគ្នា​បង្កើត​ទាំង​ស្ថាប័នរដ្ឋ ​និង​ឯកជន​បង្កើត​មជ្ឈមណ្ឌល​មួយដែល​មាន​យន្តការ​តាមដាន​សភាពការ​ តម្លៃ​ទីផ្សារ​អង្ករ។​ បើ​មិនអញ្ចឹង​ទេ​ ពេល​មាន​បញ្ហា​ខាងក្រៅ​ យើង​ខាង​ក្នុង​នេះ​ជ្រួល​ច្របល់​។»​

លោក ​ស៊ឺ រ៉ានី​ អនុប្រធាន​ និង​តំណាង​សហគមន៍​កសិករ ​យល់​ស្រប​លើ​បញ្ហា​កង្វះ​ព័ត៌មាន​ ដែលធ្វើ​ឲ្យកសិករ​ប្រឈម​នឹង​ការ​ស្វែង​រក​ទីផ្សារ​សម្រាប់​លក់​អង្ករចេញ​។ លោក​បន្ថែមទៀតថា​ លោក​ចង់​ឲ្យ​មាន​កញ្ចប់​ថវិកា​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យនាយ​ទុន​កន្លង​មក​ បាន​មក​ដល់​កសិករ​ផ្ទាល់​សម្រាប់​ធ្វើ​ជា​ទុនក្នុង​ការ​ដោះស្រាយ​បញ្ហា​ថ្លៃដើម។

«ការ​កញ្ចប់​ថវិកា​ហ្នឹង​ ឥឡូវ​ហ្នឹង គឺ​ដោះ​ស្រាយ​បន្ទាន់ ​ដល់តែ​រោង​ម៉ាស៊ីន​ធំៗទេ​ ឯសហគមន៍​អត់​មាន​កញ្ចប់​ថវិកា​ហ្នឹង​ដល់ទេ។​ ធ្វើ​ម៉េចថ្ងៃ​ក្រោយ​ហ្នឹង​ ខ្ញុំគិតថា​កញ្ចប់ថវិកា​ ចង់ឲ្យ​បាន​ទៅ​ដល់​សហ​គមន៍ ​ដើម្បីធ្វើ​ការបែង​ចែក​សម្រាប់​ស្តុកស្រូវ​ពេល​កំពុងជន់​អញ្ចឹង។​ ធ្វើម៉េច​ឲ្យសហគមន៍​មាន​ឡសម្ងួត​ ឃ្លាំងស្តុក ​ហើយ​ថវិកា​រដ្ឋាភិបាល​ទម្លាក់​ឲ្យហ្នឹង​ដល់​សហគមន៍​តែម្តង»។

​ភ្លាមៗ​ក្រោយ​ការ​អំពាវ​នាវ ​របស់​លោក​ហ៊ុន សែន​ កាល​ខែកញ្ញា​ដែល​ប្រកាស​ឲ្យ​មាន​ការ​ជួយ​ទិញ​ស្រូវ​ក្រអូប​ពីក្រុម​កសិករ​ខ្មែរ​ផ្ទាល់​ ក្រុម​មន្ត្រី​ជាន់​ខ្ពស់នៃ​គណបក្ស​កាន់​អំណាច បាន​ប្រកាស​ទិញ​អង្ករ​ពី​ទាំងនោះ​ជា​ហូរហែ​ ក្នុងម្នាក់ៗ​ប្រមាណ​១០ ​ទៅ​ ២០តោន។

តែទោះ​ជា​យ៉ាង​ណា​ មក​ដល់ពេល​នេះ ​គេនៅ​បារម្ភ​ពីការ​លក់ចេញ​ស្រូវអង្ករដ​ដែល ហើយ​យោង​តាម​សន្និសីទ​សារព័ត៌មាននេះទៀត​ ស្រូវ​អង្ករនៅ​សល់ប្រមាណ​ជាង​ ២០ម៉ឺន​តោន​ទៀត ​មិន​ទាន់​ប្រមូល​នៅឡើយ។​តំណាង​សហគមន៍​កសិករ ​លោក​ ស៊ឺ រ៉ានី​ បន្ត​ទៀតថា​ អ្វីដែល​លោក​បារម្ភ​គឺនៅ​ចុងខែ​វិច្ឆិកា​ និង​ដើមខែ​ធ្នូនេះ​ ជាពេល​ប្រមូល​ផលម្តង​ទៀត។ ​លោក​សំណូមពរ​ឲ្យ​មហាជន​ទូទៅ​បន្តទិញ​ស្រូវ​អង្ករ​ ពី​កសិករ​ផ្ទាល់​តាមរយៈ​សហគមន៍។

សហព័ន្ធ​ស្រូវអង្ករ ​កម្ពុជា​ អនុវត្ត​យុទ្ធនាការ​នេះដោយ​បង្កើត​បន្ថែមឲ្យបណ្តាញ​ទទូល​ព័ត៌មាន​ ឬ (Call Center) ​ដែល​ប្រជាជន​ទូទៅ​អាច​ទូរស័ព្ទ​ទៅ​ទិញ​ស្រូវអង្ករ​ទាំងនោះ​បាន៕