សហព័ន្ធ​ស្រូវ​អង្ករ⁠កម្ពុជា​បង្ហាញ​ពី​ចន្លោះ​ខ្វះខាត​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ទាំង​មូល

រូបឯកសារ៖ លោកយាយកសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​នៅ​រដូវ​ប្រមូល​ទិន្នផលស្រូវ នៅ​ភូមិត្រពាំងមាន នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​​ ក៏​បាន​បង្ហាញ​ពី​ការ​រត់ពន្ធ​ស្រូវ​អង្ករ​ពី​វៀតណាម​ ​ដែល​មក​ទល់​ពេល​​នេះ​ នៅ​តែ​ជា​បញ្ហា​មួយ​ដែល​មិន​សូវ​មាន​ការ​លើក​មក​និយាយ​ច្រើន។​

នៅ​ក្នុង​របាយការណ៍​មួយ​កាល​ពី​ខែ​មករា​កន្លង​ទៅ​ ​សហព័ន្ធ​ស្រូវ​អង្គរ​កម្ពុជា​ ​(ស.អ.ក)​ ​បាន​ព្រមាន​ពីការ​ប៉ះពាល់​ដ៏⁠ធ្ងន់ធ្ងរ​មួយទៅ​លើ​ទីផ្សារ​នាំ​ចេញ​ស្រូវ​អង្ករ​ទាំង​មូល​របស់​កម្ពុជា​ ​ដោយ​សារ​អង្ករ​រត់​ពន្ធ​ខុសច្បាប់​កំពុង​មាន​លំហូរ​ជា​បន្តបន្ទាប់។​

របាយការណ៍​ស្តីពី​ ​«ផែនការ​យុទ្ធសាស្រ្ត​ឆ្នាំ​ ​២០១៧-២០២១»​ ​ដែល​បង្ហាញ​ពី​បញ្ហា​ជា​ច្រើន​ចំណុច​នៅ​ក្នុង​សហព័ន្ធ​ស្រូវ​អង្គរ​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់​ ​និង​វិស័យ​ស្រូវ​អង្ករ​ទាំង​មូល​ ​បាន​ឆ្លុះ​បញ្ចាំង​ពីចន្លោះ​ប្រហោង​នៅ​ក្នុង​ប្រតិបត្តិការ​ ​និង​ភាព​ទន់ជ្រាយ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ ​ដែល​ជា​វិស័យ​ចម្បង​មួយ​នៅ​ក្នុង​សង្គម​ ​និង​សេដ្ឋកិច្ច​កម្ពុជា។​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៤​ ​ដើម្បី​លើក​កម្ពស់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដែល​កំពុង​ដើរ​ពីក្រោយ​ប្រទេស​ថៃ​ ​និង​វៀតណាម​ ​ដែល​ជា​គូ​ប្រជែង​នៅ​ក្នុង​ផ្នែក​ទិន្នផល។

បើ​ទោះ​ជា​ការ​នាំ​ចេញ​នៅ​ក្នុង​ឆ្នាំ​ ​២០១៧​ ​បាន​កើន​ឡើង​ ​១៧,៣​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​ ​ក្នុង​ចំនួន​ប្រមាណ​ ​៧​សែន​តោន​ ​បន្ទាប់​ពី​មាន​កំណើន​ជា​បន្តបន្ទាប់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ក្តី​ បរិមាណ​ស្រូវ​អង្ករ​នាំ​ចេញ​របស់​កម្ពុជា​ ​នៅ​តែ​មាន​កម្រិត​ទាប​ជាង​វៀតណាម​ ​ដែល​បាន​នាំ​ស្រូវ​ចេញ​ជិត​ ​៦លាន​តោន​ ​និង​ថៃ ​ដែល​បាន​នាំ​ស្រូវ​ចេញ​ជាង​ ​១១លាន​តោន​នៅ​ក្នុង​រយៈពេល​ដូចគ្នា​នេះ។​

របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កត់​សម្គាល់​ថា​ ​មាន​ហេតុផល​ច្រើន​ ​និង​ស្មុគស្មាញ​នៅ​ពី​ក្រោយ​បញ្ហាប្រសិទ្ធភាពរបស់ខ្លួនទាំងនោះ។​

របាយការណ៍​ដដែល​ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ពី​ការ​ក្លែង​បន្លំ​ម៉ាក​យីហោ​ ​ការ​កេង​ចំណេញ​លើ​ថ្លៃ​ បញ្ហា​ទាក់ទិន​នឹង​ក្រម​សីលធម៌​ ​និង​វិជ្ជាជីវៈ​ក្នុង​ចំណោម​សមាជិក​ ​ក្រុម​ប្រឹក្សាភិបាល​មាន​ការ​ប្តេជ្ញាចិត្ត​ទាប​ទាក់ទង​នឹង​ផល​ប្រយោជន៍​ជា​រួម​ ទិន្នន័យ​ ​និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សមាជិក​ ​និង​វិស័យ​ស្រូវ​អង្ករ​នៅ​មាន​កម្រិត​ ​កង្វះ​ខាត​ហិរញ្ញប្បទាន​ ​និង​បញ្ហា​ការ​រំលោភ​កាន់​កាប់​ដី​ធ្លី​ ​និង​វិវាទ​ដី​ធ្លី​ចំពោះ​កសិករ។​

ក្រៅ​ពី​នេះ​ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បាន​បង្ហាញ​ពី​ការ​រត់ពន្ធ​ស្រូវ​អង្ករ​ពី​វៀតណាម​ ​ដែល​មក​ទល់​ពេលនេះ​ នៅ​តែ​ជា​បញ្ហា​មួយ​ដែល​មិន​សូវ​មាន​ការ​លើក​មក​និយាយ​ច្រើន។​ ​នៅ​ពេលរឿង​ចម្រូង​ចម្រាស​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ​២០១៣​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​រត់ពន្ធ​ស្រូវ​អង្ករ​នេះ​ ​មន្រ្តី​កម្ពុជា​បាន​ចេញ​មុខ​មក​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ពី​វត្តមាន​នៃ​បញ្ហាទាំង​នេះ។​

រូបឯកសារ៖⁠ កសិករដាំ⁠ស្រូវ⁠នៅ⁠ជាយក្រុង⁠ភ្នំពេញ។

ផ្ទុយ​ទៅ​វិញ​នៅ​ក្នុង​របាយ​ការណ៍​មួយ​ដែល​ចេញផ្សាយ​ក្នុង​ខែមករា​ ​ឆ្នាំ​២០១៨​នេះ​ ​សហព័ន្ធ​ស្រូវ​អង្ករ​បាន​លើក​ឡើង​ពី​ការ​គំរាម​កំហែង​ដោយសារ​ការ​រត់ពន្ធ​ស្រូវ​អង្ករ​វៀតណាម​ទៅ​លើ​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ ​និង​ពាណិជ្ជកម្ម​អាស៊ាន​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន។

របាយការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​បាន​សរសេរដែរ​ថា៖​

«វិស័យ​ស្រូវ​អង្ករ​ប្រទេស​កម្ពុជា​បាន​ទទួល​រង​ការ​ប៉ះពាល់​មិន​ល្អ​ពី​ការ​រត់​ពន្ធ​អង្ករ​ ​ដែល​មាន​គុណ​ភាព​ទាប​ពី​ប្រទេស​ជិត​ខាង​ផង​ដែរ ដោយ​ប្តូរ​ដាក់​ឈ្មោះ​យីហោ​ជា​អង្ករ​ក្នុង​ស្រុក​ជំនួស។​ ឈ្មួញ​ធ្វើ​ការ​ចែកចាយ​អង្ករ​គេច​ពន្ធ​ទាំង​នេះ​នៅ​ទូទាំង​ប្រទេស​ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​ ​និង​តម្លៃ​អង្ករ​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក»។​

ច្បាប់​បញ្ជាក់​ប្រភព​ដើម​ទំនិញមាន⁠លក្ខណៈ⁠ខុស⁠គ្នា⁠នៅ​ក្នុង​ចំណោម​ប្រទេស​ដៃ​គូ​ពាណិជ្ជ​កម្ម⁠នា​នា​ ​ប៉ុន្តែ​ការ​ព្រួយបារម្ភ​ចម្បង​មក​ទល់​ពេល​នេះ​សម្រាប់​កម្ពុជា​គឺ​ ​លទ្ធភាព​ដែល​អង្ករ​រត់​ពន្ធ​បង្អាក់​ដំណើរ​ការ​ឲ្យ​ចូល​ទៅ​លក់​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប។

ក្នុង​ឆ្នាំ​២០១៧​ ​អង្ករ​នាំ​ចេញ​ពី​កម្ពុជា​ចំនួន​ ​៤៣,៥៤​ ​ភាគរយ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប។​ ​នេះ​បើ​យោង​ទៅ​តាម​តួលេខ​របស់​រដ្ឋាភិបាល។​

អ្នក​នាំ​ពាក្យ​គណៈកម្មាការ​អឺរ៉ុប​បាន​ប្រាប់​ ​VOA​ ​ថា៖​

«រាល់​ការ​ចោទប្រកាន់​ណា​មួយ​ពី​ការ​ប្រព្រឹត្ត​ខុស​ពាក់ព័ន្ធ​នឹង​គម្រោង​លទ្ធភាព​ទទួល​បាន​ទីផ្សារ​ ​គឺ​ត្រូវ​បាន​យក​ចិត្តទុក​ដាក់​យ៉ាង​ខ្ជាប់​ខ្ជួន»។​

ប្រភព​ដដែល ដែល⁠សុំ⁠មិន⁠បញ្ចេញ⁠ឈ្មោះ⁠បាន​និយាយ​ថា៖​ ​«នៅ​ពេល​ទទួល​បាន​ការ​ចំណេញ​ពី​លទ្ធភាព​ចូល​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​ ​ដោយ​មិន​គិត​ពន្ធ​ ក្រោមកម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​ ដែល​មាន​ឈ្មោះ​ថា «Everything But Arms»​ ​មាន​ន័យ​ថា​ ​«អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ»​ កម្ពុជា​ ត្រូវ​តែ​ធានា​ថា អង្ករ​ដែល​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ ​គឺ​ត្រូវ​ដាំ​ទាំងស្រុង​នៅ​ក្នុង​ប្រទេស»។​

អ្នក​នាំ​ពាក្យ​គណៈកម្មាការ​អឺរ៉ុប​⁠បាន​បន្ត​ថា៖​

«នៅ​ក្នុង​បរិបទ​នេះ គណៈកម្មាការ​ស្វាគមន៍​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ​របស់​កម្ពុជា​ ​ដែល​មាន​គោលដៅ​ធានា​សុចរិតភាព​នៃ​ការ​នាំចេញ​អង្ករ​ទៅ​កាន់​សហភាព​អឺរ៉ុប»។​

ក្រម​ប្រតិបត្តិ​

នៅ​ក្នុង​ឆ្នាំ​ ​២០១៤​ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បង្កើត​ក្រម​ប្រតិបត្តិ​ ​ដែល​បាន​ដាក់​បម្រាម​លើ​ក្រុម​ហ៊ុន​នា​នា​ពី​ការ​នាំ​ចេញ​អង្ករ​ថោក​ ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ​ម៉ាក​ពី​ប្រទេស​ជិត​ខាង​ ហើយ​ពីរ​ឆ្នាំ​បន្ទាប់ សហព័ន្ធ​បាន​អះអាង​ថា​ ​ខ្លួន​នឹង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​តាម​បណ្តោយ​ព្រំដែន​ទៅ​លើ​ការ​នាំ​ចូលខុស​ច្បាប់។​

ប្រសិទ្ធភាព​នៅ​ក្នុង​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ​នេះ​នៅ​តែ​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា​នៅ​ឡើយ​ទេ។​

អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ លោក​ ​ស៊ឺ រ៉ានី​ ​និយាយ​ថា​ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មិនមាន​ស្ថិតិ​លម្អិត​ណា​មួយ​ទាក់ទិន​នឹង​បរិមាណ​ស្រូវ​ដែល​ត្រូវ​បាន​រត់ពន្ធ​ចូល​ក្នុង​កម្ពុជា​ ​ពី​វៀតណាម​នោះទេ​ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​ បញ្ហា​នេះ​នៅ​តែ​ជា​រឿង​ធ្ងន់ធ្ងរ​មួយ។​

រូបឯកសារ៖⁠ កសិករ⁠ប្រមូលផល⁠ស្រូវ⁠នៅ⁠ខេត្ត⁠កណ្តាល⁠ កាល⁠ពីថ្ងៃ⁠ទី⁠១១⁠ ខែ⁠កុម្ភៈ⁠ ឆ្នាំ២០១៥។

លោក​ ​ស៊ឺ រ៉ានី​ ​បាន​មាន​ប្រសាសន៍​ថា៖​

«ធម្មតា​អ្នក​ដែល​យក​អង្ករ​ចូល​មក​ហ្នឹង​គឺ ​អ្នក​ខិល​ខូច​ហ្នឹង​ ​អត់​ដែល​ត្រង់​មួយ​យើង​ថា​ ​នាំ​ចូល​តាម​ច្រក​ដែល​យើង​ឆែក​ត្រឹមត្រូវ​ទេ។​ ​បាទ!​ ​នាំ​ចូល​មក​ហ្នឹង​ ​គឺ​នាំ​ចូល​មក​ដោយ​លួច​លាក់​ ​ដោយ​បន្លំ​អី​អញ្ចឹង​ទៅ»។​

លោក​បន្ត​ថា៖​

«សហព័ន្ធ​ស្រូវ​អង្ករ​កំពុង​តែ​ប្រឈម​រឿង​ហ្នឹង ទប់​ស្កាត់​ជាមួយ​នឹង​អង្គភាព​នានា ជា​ពិសេស​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ នាំ​ចូល​មក​ហ្នឹង​គឺ​នាំ​ចូល​របៀប​ម៉េច ហើយ​អ្នក​ដែល​មក​ទិញ​ស្រូវ​ទៅ​វិញ​ហ្នឹង គឺ​ទិញ​របៀប​ម៉េច។ អញ្ចឹង​យើង​កំពុង​ធ្វើ​កន្លែង​ហ្នឹង​ខ្លាំង​មែន​ទែន ហើយ​កន្លែង​ហ្នឹង​គឺ​កន្លែង​ដែល​ពិបាក​ហ្អា ពិបាក​ហ្អា​ដោយសារ​ អ្នក​ដែល​យក​ចូល​មក​ហ្នឹង​មិន​មែន​ជា​ឈ្មួញ​ធំ​ចំហ​ទេ ពេល​ខ្លះ​មាន​ឈ្មួញ​តូចៗ​ដែរ​ គាត់​យក​ យក​រត់​ពន្ធ​មក​ហ្នឹង​ហ្អា គេច​វៀង​អញ្ចឹង។ តែ​បើ​សួរ​ថា ផល​ប៉ះពាល់​អត់! ប្រាកដ​ជា​ប៉ះពាល់​ហើយ»។​

ក្រុម​ប្រឹក្សាភិបាល⁠សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា⁠ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​បុគ្គល⁠មាន⁠ទ្រព្យ⁠ធន​ ​និង​មាន​បណ្តាញ​នៅ​ក្នុង​ជួរ​នយោបាយ ស្ថិត​ក្នុង​វិស័យ​ស្រូវ​អង្ករ​ ​និង​មាន​លោក​សុខ ពុទ្ធីវុធ​ជា​ប្រធាន។​ ​លោក​ ​សុខ ពុទ្ធិវុធ​ ​ជា​កូន​ប្រុសរបស់​ ​អតីត​ឧបនាយក​រដ្ឋ​មន្រ្តី​លោក​សុខ អាន​ ​កូនប្រសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន ​និង​ជា​ម្ចាស់​ក្រុមហ៊ុន​នាំ​ចេញ​ស្រូវ​អង្ករ​ធំជាង​គេ​បង្អស់​មួយ​ឈ្មោះ​ ​SOMA group។​

ការ​រក​ឃើញ​មួយ​នៅ​ក្នុង​ផែនការ​យុទ្ធសាស្រ្ត​ស្រូវ​អង្ករ​កម្ពុជា​ឆ្នាំ​ ​២០១៧-២០២១​ ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា៖

«ភាព​មិន​អាច​ព្យាករណ៍​បាន​នៃ​តម្លៃ​ស្រូវ​ ​និង​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ផ្គត់ផ្គង់ បាន​ធ្វើ​ឲ្យ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​កសិករ​ ​អ្នក​កែច្នៃ​ស្រូវ​ ​និង​ពាណិជ្ជករ​កាន់​តែ​ខ្លាំង​ឡើងៗ ក្រុម​នីមួយៗ​រៀប​ចំ​បង្កើត​សមាគម​ ដើម្បីការពារ​ផល​ប្រយោជន៍​ផ្ទាល់​របស់​ពួកគេ»។​

របាយការណ៍​ផែនការ​យុទ្ធសាស្រ្ត​បាន​បន្ត​ថា៖​

«ផល​វិបាក​នៃ​ការ​មិន​ទុក​ចិត្ត​គ្នា​គឺ​ថា​ ​ក្រុម​នីមួយៗ​មាន​ទំនោរ​វិនិយោគ​ទៅ​មុខ​ទៅ​ក្រោយៗ​ ​ដើម្បី​រក្សា​លំនឹង​អាជីវកម្ម​របស់​ពួកគេ ជាជាង​សហប្រតិបត្តិការ​គ្នា​ ​និង​បង្កើត​នូវ​កម្លាំង​រួមជាមួយ​នឹង​ក្រុម​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត»។​

លោក​ ​ឆុង សុផល​ ​មន្រ្តី​សម្របសម្រួល​សហគមន៍​កសិកម្ម​នៃ​បណ្តាញ​កសិករ​ ​និង​ធម្មជាតិ (Farmer and Nature Net)​ ​បាន​និយាយ​ថា​ ​អ្វី​ដែល​សំខាន់​ជាង​គេ​មួយ​ ​ដែល​ក្រុមប្រឹក្សាភិបាល​ស្រូវ​អង្ករ​រក​ឃើញ​ថា​ ​កសិករ​នៅ​មាន​ចំណុច​ខ្វះខាត​គឺ​ ការ​សម្របសម្រួល។​

លោក​បាន​និយាយ​ថា៖​

«បញ្ហា​ប្រឈម​ទី​មួយ​ យើង​ឃើញ​ហើយ​ទាក់ទង​ទៅ​ហ្នឹង​ ​កសិករ​គាត់​ធ្វើ​តាម​គ្នា។​ ​មិន​មាន​កុងត្រា​ច្បាស់​លាស់​ជាមួយ​នឹង​ក្រុម​ហ៊ុន​ណា​ទេ។​ ​អញ្ចឹង​ពេល​គាត់​ធ្វើ​តាម​គ្នា​ ​តម្លៃ​ទីផ្សារ​ហ្នឹង​ វា​អាស្រ័យ​លើ​ឈ្មួញ​ក្រឡុក»។​

លោក​ ​ឆុង សុផល​ ​បាន​បន្ត​ថា៖​

«អញ្ចឹង​បើ​សិន​ជា​ គាត់​មាន​កិច្ចសន្យា​ត្រឹមត្រូវ​ គាត់​ទទួល​បាន​បុព្វលាភ​ ​និង​តម្លៃ​ពី​ទី​ផ្សារ​ហ្នឹង​ ​គាត់​អាច​ចំណេញ​រហូត​ដល់​ពីរ​លាន​ជាង​ក្នុង​មួយ​ហិចតា។​ ​អញ្ចឹង​ប្រសិន​បើ​កសិករ​មួយ​គ្រួសារ​ ​គាត់​ធ្វើ​ពី​មួយ​ហិចតា​កន្លះ​ ​ទៅ​ពីរ​ហិចតា​ ​អញ្ចឹង​ចំណូល​គាត់​អាច​ប្រសើរ​ជាង​មុន​អញ្ចឹង​ដែរ»។​

របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​និយាយ​ផង​ដែរ​ថា​ ​លេខាធិការ​ដ្ឋានមាន​កិច្ចការ​រដ្ឋ​បាល​ចំនួន​ច្រើន​លើស​លប់​ ​គួប​ផ្សំ​ការ​ទទួល​ខុសត្រូវ​ផ្នែក​បច្ចេក​ទេស​បន្ថែម​ទៀត។​ ​ក្រៅ​ពី​នេះ​លេខា​ធិការដ្ឋាន​ក៏​ប្រឈម​នឹង​ ​«បញ្ហា​កង្វះ​ហិរញ្ញវត្ថុ​ ​សមត្ថភាព​មាន​កំណត់​ ​និង​ផែនការ​ការងារ​ដាក់​ចេញ​មិន​សូវ​ច្បាស់លាស់​ ​និង​គុណភាព​សេវាកម្ម​មួយ​ចំនួន​មិន​ទាន់​បាន​ល្អ»។​

របាយការណ៍​ក៏​បាន​លើក​ឡើង​ថា​ ​«ការ​យល់​ដឹង​ និង​ការ​ប្តេជ្ញា​ចិត្ត​ទៅ​លើ​ផល​ប្រយោជន៍​រួម​នៅ​មាន​កម្រិត​ ​ជា​ធម្មតា​វា​នឹង​រំខាន​ទៅ​ដល់​ប្រសិទ្ធភាព​នៃ​ការ​តស៊ូ​មតិ​ទាក់ទិន​នឹង​គោល​នយោបាយ​រដ្ឋាភិបាល​ និង​ការ​សហការ​ជាមួយ​នឹង​ដៃ​គូ​អភិវឌ្ឍន៍​របស់​ស.អ.ក.​ពុំ​ខាន។...​ ​ជាក់​ស្តែង​មាន​ករណី​ជា​ច្រើន​បញ្ហា​ផល​ប្រយោជន៍​រួម​ដ៏​សំខាន់​គឺ មិន​ត្រូវ​បាន​លើក​ឡើង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទៅ​កាន់​គូ​ភាគី​ទេ។

លោក​ ​ស៊ឺ រ៉ានី​ ​អនុប្រធាន​សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​ បាន​និយាយ​ថា​ ​ការ​ផ្លាស់ប្តូរ​នឹង​ត្រូវ​ការ​ពេល​វេលា។​

លោក​បាន​មាន​ប្រសាសន៍ថា៖​

«ខ្ញុំ​គិត​ថា​ ​សហព័ន្ធ​ស្រូវ​អង្ករ​វា​ទើប​ហ្នឹង​កើត​ទៀត ហ្នឹង​ក៏​ជា​រឿង​បញ្ហា​ដែរ។​ ​ទើប​កើត​មាន​ សហព័ន្ធ​ហ្នឹង​វា​ថ្មី​ពេក​ ​ហើយ​ទំហំ​ការងារ​ហ្នឹង​វា​ធំ​ហ្អា ធំ​ធេង​ហ្អា។​ ​អញ្ចឹង​ខ្ញុំ​គិត​ថា​ ​ក៏​ជា​បទ​ពិសោធន៍​យើង​ វា​នៅ​ខ្ចី​ដែរ។​ ​អញ្ចឹង​ខ្ញុំ​គិត​ថា​ ​ធ្វើ​ការ​រឿង​ហ្នឹង​ឲ្យ​បាន​ចាស់ដៃ​ចាស់​ជើង​តិច​ ​ខ្ញុំ​គិត​ថា ការងារ​ហ្នឹង​នឹង​ប្រសើរ​ឡើង​ហើយ។​ ​ធ្វើ​ម៉េច​រួម​គ្នា​គិត​ទៅ​ណា»។​

លោក ​ស៊ឺ រ៉ានី​ ​បាន​បន្ត​ថា៖​

«ហើយ​ខ្ញុំ​ជា​កសិករ​ ​តាម​ពិត​ខ្ញុំ​ខ្វល់​ជាង​គេ។​ ​ប៉ុន្តែ​ទាល់​តែ​យើង​ទៅ​ចូល​រួម​ស្តាប់​ទៅ​ ​អ្នក​លើក​ហេតុផល​មក​ វា​មាន​រៀង​ខ្លួន​ ​រៀងៗ​ខ្លួន​ហា្អ។​ ​អញ្ចឹង​បាន​ ខ្ញុំ​គិត​ថា​ ​យក​ហេតុផល​រៀង​ខ្លួន​ហ្នឹង​ ​យក​មក​ដាក់​ហើយ​ ​យើង​យក​អា​ហេតុផល​ហ្នឹង​មក​ដោះ​ស្រាយ​ទៅ។​ ​ហើយ​រក​ចំណុច​ល្អ​ ​ជួបជុំ​គ្នា​ រួម​គ្នា​ទៅ​ ​ឲ្យ​កសិករ​ផលិត​ក៏​គាត់​រស់​ ​អ្នក​កែច្នៃ​ក៏​គាត់​រស់​ ​អ្នក​នាំ​ចេញ​ក៏​គាត់​រស់​ ​ខ្ញុំ​ថា​ ​រស់​ហើយ​អាហ្នឹង»។​

ក្នុង​ពេល​ដែល​សហព័ន្ធ​ស្រូវ​អង្គរ​កម្ពុជា​បង្ហាញ​ក្តី​បារម្ភ​និង​ផល​ប៉ះពាល់​ខ្លាំងក្លា​ចំពោះ​ការ​រត់ពន្ធ​ខុស​ច្បាប់​ចូល​មក​កម្ពុជា​ ​កសិករ​ខ្មែរ​កំពុង​ប្រញាប់​ប្រញាល់​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​វស្សា​ចុង​ក្រោយ​របស់​ខ្លួន​ ​ខណៈ​តម្លៃ​ស្រូវ​ក្នុង​ស្រុក​មាន​តម្លៃ​ ​មិន​ស្ថិតស្ថេរ​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ៕