ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញករណីឆ្លងវីរុសកូរ៉ូណា១នាក់ទៀត ដែលកើតលើជនបរទេស និងអ្នកជំងឺម្នាក់ដែលជាសះស្បើយហើយ តែកើតជំងឺកូវីដ១៩នេះឡើងវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ការឆ្លងថ្មីដែលកើតឡើងលើជនជាតិចិននេះ នាំឲ្យករណីឆ្លងទូទាំងប្រទេសកើនឡើងដល់ទៅ១១៨។ ក្រសួងបញ្ជាក់ថា ជនជាតិចិនដែលឆ្លងនោះ គឺជាស្រ្តីអាយុ៣០ឆ្នាំ ជាភ្ញៀវទេសចរ និងមានបំណងរកស៊ីបើកហាងនៅកម្ពុជា ហើយស្នាក់នៅបណ្តោះអាសន្ននៅភ្នំពេញ។ ស្រ្តីនោះជាអ្នកប៉ះពាល់ផ្ទាល់ជាមួយជនបរទេសដែលត្រូវបានរកឃើញថាផ្ទុកវីរុសកូរ៉ូណា កាលពីកន្លងទៅ។
ក្រសួងបន្ថែមថា បុរសខ្មែរម្នាក់អាយុ៤០ឆ្នាំ រស់នៅភ្នំពេញ ដែលបានជាសះស្បើយហើយ ប៉ុន្តែត្រូវបានធ្វើតេស្តរកឃើញមេរោគឡើងវិញ ក្រោយពីជាសះស្បើយ១៥ថ្ងៃ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មនុស្ស៦នាក់ទៀតបានជាសះស្បើយពីជំងឺនះនៅថ្ងៃនេះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សរុបអ្នកជាសះស្បើយ មានទៅដល់៦៨នាក់។
កន្លងទៅ អ្នកដែលជាសះស្បើយ ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យទៅផ្ទះ តែពួកគេត្រូវត្រឡប់មកធ្វើតេស្តឡើងវិញ ក្រោយរយៈពេល២សប្តាហ៍។ ក្រសួងបានណែនាំពួកគេឲ្យនៅឆ្ងាយពីក្រុមគ្រួសារ និងរក្សាអនាម័យជាប្រចាំ។
លោក ម៉ាត់លី អាយុ៤១ឆ្នាំ នៅខេត្តបាត់ដំបង បានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា លោកបានជាសះស្បើយពីជំងឺនេះ កាលពីថ្ងៃទី២៤ ខែមីនា ហើយត្រឡប់ទៅផ្ទះវិញ។ លោកនឹងត្រូវធ្វើតេស្តជាថ្មីរកវីរុសនេះនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា។ ប៉ុន្តែលោកថា សុខភាពរបស់លោកមិនប្រែប្រួលនោះទេ។
លោកមានប្រសាសន៍ថា៖ «សុខភាពរបស់ខ្ញុំនេះធម្មតា ក្អកក៏អត់មាន ផ្តាសាយក៏អត់មាន ក្តៅក៏អត់មាន ដូចយើងរស់នៅធម្មតា»។ លោកបន្តថាការរស់នៅក្នុងផ្ទះ លោកស្នាក់នៅជាមួយមនុស្ស៣នាក់ផ្សេងទៀត រួមមានកូន២នាក់ និងបងថ្លៃ តែពួកគេមានបន្ទប់ផ្សេងៗគ្នា។
លោកបញ្ជាក់ថា៖ «នៅដាច់ដោយឡែកពីគ្នាដែរ តែវាតែងតែដើរជួបគ្នាខ្លះដែរហើយ»៕