ខណៈការរាតត្បាតដោយសារជំងឺកូវីដ១៩ នៅតែបន្តបន្តឆ្លងនិងសម្លាប់អ្នកជំងឺ មន្ត្រីសុខាភិបាលព្រមានថា បើប្រជាពលរដ្ឋទាំងអស់គ្នាមិនចូលរួមការពារ នោះប្រទេសកម្ពុជានឹងរងគ្រោះមហន្តរាយដោយសារជំងឺនេះ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្ស ៦ នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈករណីឆ្លងថ្មីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ មានជាង ៤៣០ នាក់។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងឲ្យដឹងថា ករណីឆ្លងថ្មីសរុបមាន ៤៤៦ នាក់ ដែលក្នុងនោះមានករណីនាំចូល មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១៥ នាក់។ ករណីឆ្លងថ្មីជាង ៤០០ នាក់នេះ នាំឲ្យករណីឆ្លងសរុបចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ មានជាង ២ ម៉ឺននាក់។
បច្ចុប្បន្ននេះ ករណីស្លាប់សរុបនៅកម្ពុជាបានកើនដល់១៤២នាក់។
ក្រសួងសុខាភិបាលក៏បានប្រកាសថា មនុស្ស ៩៨០ នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ ដែលនាំឲ្យករណីជាសះស្បើយសរុបមានទៅដល់ជាង ៩.៥០០ នាក់។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍បាយ័ន កាលពីថ្ងៃអង្គារ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ការរាតត្បាតជំងឺកូវីដ១៩ ស្ថិតនៅក្នុង «ស្ថានភាពព្រួយបារម្ភនៅឡើយទេ» បើទោះលែងមានការបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងក៏ដោយ។
លោកស្រីបន្តព្រមានថា បើប្រជាពលរដ្ឋទាំងអស់គ្នាមិនចូលរួមការពារនោះ ប្រទេសកម្ពុជានឹងរងគ្រោះមហន្តរាយដោយសារជំងឺនេះ៕