អ្នក​ជំងឺ​ម្នាក់​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ខណៈ​ការ​ឆ្លង​​ក្នុង​សហគមន៍​នៅ​តែ​ធ្ងន់ធ្ងរ

ក្រុមបុគ្គលិកសុខាភិបាលស្លៀកសម្លៀកបំពាក់ការពារកុំ​ឲ្យ​ឆ្លងជំងឺកូវីដ១៩ ខណៈត្រៀមបញ្ជូនបុរសម្នាក់ដែលមានជំងឺកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាលអ្នកជំងឺ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

អ្នក​ជំងឺ​ម្នាក់​ទៀត​ដែល​ជា​ជន​ជាតិ​ខ្មែរ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា។

ក្រសួងបាន​ឲ្យ​ដឹង​ថា​បុរស​ម្នាក់​អាយុ​៧៥​ឆ្នាំ រស់​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃ​ទី​២២ ខែ​មីនា ក្រោយ​លោក​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ​១៩ ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា។ ក្រសួង​មិន​បាន​បញ្ជាក់​ឈ្មោះ​របស់​អ្នក​ជំងឺ​ដែល​ស្លាប់​នោះ​ទេ ដោយ​គ្រាន់​តែ​ថា​លោក​ជា​វេជ្ជ​បណ្ឌិត​ចូល​និវត្តន៍​ម្នាក់។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ជំងឺ​នោះ​បាន​ចូល​មន្ទីរ​ពេទ្យ​សូវៀត​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ក្នុង​សភាព​ហត់​ខ្លាំង ខណៈ​គាត់​មាន​ជំងឺ​លើស​ឈាម​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា៖ «ក្រោយ​ពី​ការ​ថត​សួត​ បាន​រក​ឃើញ​ថា​មាន​រលាក​សួត​ធ្ងន់​ធ្ងរ​ខ្លាំង​ទាំង​សង​ខាង និង​មាន​ខ្សោយ​សួត​ខ្លាំង ដែល​ក្រុម​គ្រូ​ពេទ្យ​បាន​ព្យាយាម​ជួយ​គាត់​ រហូតដល់​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ហើយ នៅ​តែ​មិន​អាច​ជួយ​បាន ហើយ​គាត់​បាន​ទទួល​មរណ​កាល​ទៅ»។

នេះ​ជា​ករណី​ស្លាប់​ទី​៤​ហើយ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ការ​ឆ្លង​សហគមន៍​នៅ​តែ​ធ្ងន់​ធ្ងរ​នៅ​ឡើយ។ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទនេះ​ថា​មនុស្ស​៧១​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​«​២០កុម្ភៈ» ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​បាន​កើន​ដល់​១.២​៣៣​នាក់។ ករណី​ឆ្លង​ចុង​ក្រោយ​នេះ បាន​រាល​ដាល​ដល់​ខេត្ត​សៀមរាប​និង​កែប​ផង​ដែរ។

បើ​តាម​ក្រសួង​សុខាភិបាល ​ករណី​ឆ្លង​សរុប​ទាំង​ការ​ឆ្លង​ពី​ដំបូង​និង​ឆ្លង​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ​១.៧៥៣​ នាក់ ​គិត​ចាប់​ពី​ថ្ងៃ​ឆ្លង​ជំងឺ​កូវីដ​១៩ ​លើក​ដំបូង​ក្នុង​ប្រទេស​រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែ​មីនា។

លោកស្រី ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ឲ្យ​កាត់​បន្ថយ​ឬ​ជៀស​វាង​ការ​ធ្វើ​ដំណើរ​និង​បម្លាស់​ទី​ដែល​មិន​ចាំ​បាច់​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​ខេត្ត​និង​ពី​ខេត្ត​មក​រាជធានី​ភ្នំពេញ។ លោកស្រី​បញ្ជាក់​ថា​ការ​នៅ​ផ្ទះ​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ពេល​នេះ អំឡុង​ពេល​ដែល​វីរុស​កូវីដ​១៩​ជា​ពិសេស​វីរុស​បម្លែង​ថ្មី​ ​កំពុង​តែ​ចរាចរ​យ៉ាង​សកម្ម។

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេចផ្អាក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​និង​ឯកជន​គ្រប់​កម្រិត​នៅ​ទូទាំង​ប្រទេស​ជា​បណ្តោះអាសន្ន៕