កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​២៤​នាក់​ថែម​ទៀត​ ដែល​រាល​ដាល​ដល់​ខេត្ត​ផ្សេង​ទៀត

រូបឯកសារ៖ បុរស​ម្នាក់​ពាក់​ម៉ាស់​មុខ​រង់ចាំ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​កីឡាដ្ឋានជាតិ​អូឡាំពិក​ ក្រោយ​ពី​មាន​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​សហគមន៍​ជា​លើក​ដំបូង​កាល​ពី​ខែ​មុន ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​មនុស្ស​ ២៤ ​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​ ហើយ​ការ​ឆ្លង​នេះ​បាន​រាល​ដាល​ទៅ​ដល់​ខេត្ត​មួយ​ចំនួន​ទៀត។

​ក្រៅ​ពី​រាជធានី​ភ្នំពេញ​ខេត្ត​ព្រះ​សីហនុ កោះកុង​ កណ្តាល ​ ស្វាយ​រៀង និង​ព្រៃវែង ក្រសួង​សុខាភិបាល​បាន​រាយការណ៍​នៅ​ថ្ងៃ​នេះ​ថា​ ករណី​ឆ្លង​សហគមន៍​នេះ បាន​រាល​ដាល​ដល់​ខេត្ត​កំពង់ធំ​និង​កំពង់ចាម​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ឲ្យ​ដឹង​ថា ​មនុស្ស ​២៤​ នាក់​បន្ថែម​ទៀត​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​ «២០​ កុម្ភៈ» កើន​ទៅ​ដល់​ ៥០១ ​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន។

ក្នុង​ចំណោម​មនុស្ស​ ២៤​ នាក់​ដែល​ឆ្លង​នៅ​ថ្ងៃ​នេះ មាន​ជនជាតិ​ខ្មែរ​ ៧​ នាក់​ ក្នុង​នោះ​មាន​ម្នាក់នៅ​ក្នុង​ស្រុក​តាំង​គោក​ ខេត្ត​កំពង់ធំ និង​ម្នាក់​ទៀត​នៅ​ស្រុក​កង​មាស ​ខេត្ត​កំពង់​ចាម​ ព្រម​ទាំង​ជន​ជាតិ​ចិន ​១២ ​នាក់ និង​វៀត​ណាម ​៥​ នាក់។

គួរ​បញ្ជាក់​ថា​ ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ ១០១១​ នាក់ គិត​ចាប់​ពី​ថ្ងៃ​ឆ្លង​ជំងឺ​កូវីដ​១៩​លើក​ដំបូង​ក្នុង​ប្រទេស ​មក​ដល់​ថ្ងៃ​ទី ​៨ ខែ​មីនា ឆ្នាំ ​២០២១ ​នេះ៕