មនុស្ស​ ៤០ ​នាក់​ទៀត​ឆ្លងជំងឺ​​កូវីដ​១៩ ​ក្នុង​ចង្កោម​ឆ្លង​សហគមន៍​ទ្រង់ទ្រាយ​ធំ

រូបឯកសារ៖ កូនសិស្ស​ពាក់ម៉ាស់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ ពេល​ធ្វើ​ដំណើរ​ទៅ​រៀន​នៅ​សាលា ភ្នំពេញ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​សុខាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា​ មនុស្ស​ ៤០​ នាក់​ទៀត ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន​ បាន​ឆ្លង​វីរុស​ជំងឺ​កូវីដ​១៩ ​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​ដឹង​ថា​ មនុស្ស​ ៤០ ​នាក់បន្ថែមទៀត​បាន​ឆ្លងជំងឺកូវីដ១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​ ២០​ កុម្ភៈ កើន​ទៅ​ដល់​ ២៣៤ ​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន។

ក្នុង​ចំណោម​មនុស្ស ៤០ ​នាក់​នោះ ជន​ជាតិ​ចិន ​៧​ នាក់​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​សុំ​វិញ្ញាបន​បត្រ​បញ្ជាក់​សុខភាព​ដើម្បី​ទៅ​ប្រទេស​ចិន​វិញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ហើយ​លទ្ធផល​តេស្ត​វិជ្ជមាន​កូវីដ​១៩។ ក្នុង​ចំណោម​មនុស្ស​ ៤០​ នាក់​នោះ ក៏​មាន​ជន​ជាតិ​ខ្មែរ​ ២ ​នាក់​ផង​ដែរ។

អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​ បាន​ព្រមាន​អំពី «ហានិភ័យ» ​ដែល​ថា ​ទំហំ​នៃ​ចង្កោម​ការ​ឆ្លង​រាត​ត្បាត​វីរុស​កូវីដ​១៩​ ក្នុង​សហគមន៍​លើក​ទី​ ៣ លើក​ទី​ ២ និង​ទី ១ ក្នុង​រយៈពេល​ ៤ ខែ​ចុង​ក្រោយ​នៅ​ប្រទេស​កម្ពុជា​នេះ អាច​រាល​ដាល​ទៅ​ដល់ ​«ទ្រង់​ទ្រាយធំ​ជាង​នេះ»។

គួរ​បញ្ជាក់​ថា​ ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ សរុប​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​នេះ មាន​ចំនួន​ ៧៤១ ​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១៕