កម្ពុជា​ទាត់​ចោល​របាយ​ការណ៍​ព័ត៌មាន​វៀតណាម​អំពី​ករណី​អ្នក​ឆ្លង​កូវីដ១៩​ពី​កម្ពុជា

រូបឯកសារ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

ប្រទេស​កម្ពុជា​បាន​ច្រាន​ចោលរបាយ​ការណ៍​ព័ត៌មាន​របស់​កាសែត​វៀតណាម ​Vietnam News Express ​អំពី​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ ម្នាក់ ដោយ​បាន​ហៅ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​កាសែត​នេះ​ថា​ «មិន​មែន​ជា​ការណ៍​ពិត»ទេ។​ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី ​១៨​ ខែ​ឧសភា ​ឆ្នាំ​ ២០២០។​

ប្រតិកម្ម​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​នេះ ធ្វើ​ឡើង ក្រោយ​ពី​កាសែតវៀតណាម​មួយ​នេះ​បាន​រាយ​ការណ៍​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​ ១៦ ​ខែ​ឧសភា​ថា ​ពលរដ្ឋ​វៀតណាម ​៤​ នាក់ ​ដែល​វិល​ត្រឡប់​មក​ពី​បរទេស ​រួម​ទាំង​បុរស​វ័យ​ ៣៩ ​ឆ្នាំ​ម្នាក់​ ដែល​បាន​ធ្វើ​ដំណើរ​ចូល​ប្រទេស​វៀតណាម​វិញ​ ពី​ខេត្ត​សៀមរាប ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា ​មាន​ផ្ទុក​វីរុស​កូវីដ១៩។

ការ​រាយ​ការណ៍​របស់កាសែត​វៀតណាម​នេះ​ កើតឡើង​ចំ​ថ្ងៃ​ដែល​កម្ពុជា​បាន​ប្រកាស​ថា ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ទាំង​អស់​ ១២២ នាក់​ នៅ​កម្ពុជាបាន​ជា​សះស្បើយ​អស់​ហើយ ហើយ​ក៏​មិន​មាន​ករណី​ឆ្លង​ថ្មីក្នុង​ប្រទេស​អស់​រយៈ​ពេល​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ។​

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​ខ្លួន​ថា អាជ្ញាធរ​កម្ពុជា​បាន​ស្រាវជ្រាវ​ដោយ​យកចិត្ត​ទុក​ដាក់​ «ជាទី​បំផុត​ និង​ជា​បន្ទាន់ តែមិន​មាន​ឈ្មោះ​ជនជាតិ​វៀតណាម​ ដូច​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​របស់​វៀតណាម​នោះ​ទេ»។

មិន​ទាន់​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​ឆ្លើយ​តប​របស់​អាជ្ញាធរ​វៀតណាម​ ជុំវិញ​ករណី​នេះ​នៅ​ឡើយ​ទេ។​

រហូត​មក​ដល់​ពេល​នេះ ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺកូវីដ១៩ ​បាន​ឆ្លង​ទៅ​មនុស្ស​ជិត​ ៥​ លាន​នាក់ ​និង​បាន​សម្លាប់​មនុស្ស​ជាង​ ៣​សែននាក់ ​នៅ​ទូទាំង​សកល​លោក។​ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​អំពី​វីរុស​កូរ៉ូណា​នៃ​សាកលវិទ្យាល័យ ​Johns Hopkins ​ក្នុង​សហ​រដ្ឋ​អាមេរិក៕