អ្នកធ្វើដំណើរ៩នាក់ដែលមានខ្មែរ៨នាក់ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកវីរុសកូរ៉ូណា ក្រោយពួកគេធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃសៅរ៍នេះ។
អ្នកធ្វើដំណើរសរុប៤០នាក់ ក្នុងនោះមានជនជាតិខ្មែរ២៤នាក់ ឥណ្ឌូណេស៊ី១៥នាក់ និងវៀតណាម១នាក់។
នៅពេលមកដល់កម្ពុជានៅថ្ងៃទី២៥ ខែមិថុនា ពួកគេ៩នាក់ត្រូវបានរកឃើញថាផ្ទុកវីរុសកូរ៉ូណា។ ពួកគេមានអាយុចន្លោះពី២២ទៅ២៦ឆ្នាំ។ បច្ចុប្បន្នពួកគេកំពុងសម្រាកព្យាបាលនៅពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយឡែកអ្នកដែលបានរួមដំណើរផ្សេងទៀតដែលធ្វើតេស្តមិនមានជំងឺកូវីដ១៩ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
នៅសប្តាហ៍នេះ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ១៩លើពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិកាំង ដែលបានមកដល់ព្រលានយន្តហោះក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា។
រហូតមកដល់ពេលនេះ ករណីឆ្លងសរុបនៅកម្ពុជាមានចំនួន១៣៩នាក់ ក្នុងនោះ១២៩នាក់បានជាសះស្បើយ។
តាមគោលការណ៍ទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ អ្នកដំណើរទាំងអស់ត្រូវយកសំណាកទៅពិនិត្យជំងឺកូវីដ ហើយប្រសិនបើនៅលើយន្តហោះ មាននរណាម្នាក់មានវីរុសកូរ៉ូណា អ្នកដំណើរទាំងអស់ត្រូវស្នាក់នៅកន្លែងដែលរដ្ឋាភិបាលរៀបចំឲ្យរយៈពេល១៤ថ្ងៃ ហើយការធ្វើតេស្តយកសំណាក អាចមានយ៉ាងតិច៣ដងទៀត៕