ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃអង្គារនេះថាមនុស្ស១០៥នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលជាចំនួនឆ្លងច្រើនជាងគេក្នុងមួយថ្ងៃ ចាប់តាំងពីផ្ទុះឆ្លងសហគមន៍ កាលពីថ្ងៃទី២០ ខែកុម្ភៈ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថាមនុស្ស១០៥នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍«២០ កុម្ភៈ» កើនទៅដល់៩១៥នាក់។ ក្នុងចំណោមអ្នកឆ្លងនៅថ្ងៃនេះ ៦៤នាក់នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ២៩នាក់នៅរាជធានីភ្នំពេញ ៨នាក់នៅខេត្តព្រះសីហនុ ៣នាក់នៅកោះកុង និង១នាក់នៅព្រៃវែង។ ក្នុងចំណោមអ្នកឆ្លងនោះ មានជនជាតិចិនប្រមាណ៥០នាក់ និងខ្មែរជាង៣០នាក់។
ក្រសួងសុខាភិបាលឲ្យដឹងថា មនុស្ស៨៨នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩នៅថ្ងៃអង្គារនេះ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងសរុបក្នុងប្រទេសកម្ពុជា មានចំនួន១៤៣០នាក់ គិតចាប់ពីថ្ងៃឆ្លងជំងឺកូវីដ១៩លើកដំបូងក្នុងប្រទេស រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្តាល មានប្រសាសន៍ថាស្រុកកោះធំជាកន្លែងដែលមានកាស៊ីណូនិងកន្លែងស្នាក់នៅរបស់ជនបរទេសច្រើន មានទាំងជនជាតិចិន និងឥណ្ឌូនេស៊ីផងដែរ។ លោកបន្តថាមនុស្សជាង១ពាន់នាក់ស្ថិតក្នុងមណ្ឌលធ្វើចត្តាឡីស័ក ហើយជាង១០០នាក់ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩។ លោកបញ្ជាក់ថាចំនួនអ្នកឆ្លងអាចកើនឡើងបន្តទៀត ដោយសារអ្នកខ្លះរង់ចាំលទ្ធផលជាបន្តបន្ទាប់។
លោកប្រាប់VOAនៅថ្ងៃអង្គារថា៖ «ហើយអ្នកខ្លះពិនិត្យលើកទីមួយ មិនទាន់ឃើញទេ។ យើងពិនិត្យជាបន្តបន្ទាប់លើកទីពីរមក បានមានចេញតួលេខថ្មី។ អញ្ចឹងនៅសល់សំណាកមួយចំនួនទៀត ដែលមិនទាន់ចេញលទ្ធផល យើងកំពុងតែតាមដាននូវលទ្ធផលនៃការធ្វើតេស្តសំណាកអ្នកទាំងអស់ហ្នឹង»។
បើតាមលោក គ្រុយ ម៉ាឡែន អាជ្ញាធរខេត្តបានស្នើសុំការបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ១៩នៅក្នុងស្រុកកោះធំតែម្តង ដើម្បីងាយស្រួលក្នុងការព្យាបាលដោយមិនបាច់បញ្ជូនមកមន្ទីរពេទ្យក្នុងក្រុងតាខ្មៅ។
លោកបន្ថែមថា៖ «បច្ចុប្បន្ននេះ ឯកឧត្តមអភិបាលខេត្តកំពុងរិះរកមធ្យោបាយក្នុងការសុំគោលការណ៍ថ្នាក់ដឹកនាំដើម្បីរៀបចំមណ្ឌលព្យាបាលនៅនឹងកន្លែងតែម្តង»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថាគ្រប់ភាគីទំាងអស់ត្រូវរួមគ្នា ហើយទប់ស្កាត់ដោយអត់ធ្មត់រយៈពេលខ្លី ដើម្បីកុំឲ្យមានភាព«ឈឺចាប់ក្នុងរយៈពេលមួយដ៏វែង»។
លោកបន្ថែមថា៖ «គួរតែមានវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ហានិភ័យនោះ កុំឲ្យវារីកសាយភាយកាន់តែធំ»។
លោកបន្តថាការឆ្លងនេះអាចឈានទៅរកភាពធ្ងន់ធ្ងរ ប្រសិនបើមិនមានការចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានល្អប្រសើរ។ លោកក៏បង្ហាញក្តីបារម្ភអំពីការធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវដែលនាំឲ្យមានការរាលដាលបន្ថែមទៀត។
លោក យង់ គិមអេង ឲ្យដឹងទៀតថាលោកក៏ព្រួយបារម្ភអំពីចំនួនអ្នកជំងឺកូវីដ១៩កាន់តែកើនឡើង ដូច្នេះអាចមានការខ្វះខាតឧបករណ៍ដូចជាបំពង់ជំនួយដង្ហើមជាដើម។
កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក(WHO)បានប្រកាសឲ្យចាត់វិធានការទាំងអស់គ្នាពេលនេះ ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរ ក្រោយមានករណីបុរសម្នាក់អាយុ៥០ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាករណីស្លាប់ដំបូងក្នុងប្រទេសកម្ពុជា ចាប់តាំងពីផ្ទុះជំងឺនេះ។
កាលពីថ្ងៃច័ន្ទ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថាស្ថានភាពជំងឺកូវីដ១៩ឆ្លងក្នុងសហគមន៍២០កុម្ភៈ មិនទាន់ធូរស្បើយនៅឡើយទេ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ការចម្លងទ្រង់ទ្រាយធំនេះ។
ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាបន្ទាន់ កាលពីសប្តាហ៍មុន។ ច្បាប់នេះចែងពីការដាក់ទណ្ឌកម្មរដ្ឋបាលនិងព្រហ្មទណ្ឌលើ«បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាល វិធានការរដ្ឋបាល ឬវិធានការផ្សេងទៀតដែលដាក់ចេញតាមច្បាប់នេះ»។ អ្នកបំពានគេចវេះពីការធ្វើចត្តាឡីស័កអាចប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅដល់៣ឆ្នាំ បើសិនជាបានចម្លងវីរុសដល់អ្នកដទៃអំឡុងការបំពាន៕