ក្នុងឆ្នាំ២០២៣ ភ្ញៀវបរទេសមកទស្សនាអង្គរវត្តមានប្រមាណ៨០ម៉ឺននាក់ ខណៈកម្ពុជារង់ចាំការមកដល់របស់ភ្ញៀវចិន

រូបឯកសារ៖ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ នៅខេត្ត​សៀមរាប កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ​៨០​ ម៉ឺន​នាក់​មក​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ​ក្នុង​ឆ្នាំ​ ២០២៣ ​ដែល​ចំនួន​នេះ​កើន​ឡើង​ប្រមាណ​ ១៧០% ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២។ ​ ប៉ុន្តែ​ចំនួន​នេះ​នៅ​ទាប​នៅ​ឡើយ ​បើ​ធៀប​នឹង​ឆ្នាំ​ដែល​ពិភព​លោក​មិន​ទាន់​ជួប​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩​ ដែល​ក្នុង​មួយ​ឆ្នាំ ភ្ញៀវ​បរទេស​ជាង​២​លាន​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ។​

នាពេល​នេះ ​កម្ពុជា​កំពុង​រំពឹង​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ​ដែល​មិន​ទាន់​មក​លេង​កម្ពុជា ​ដូច​មុន​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ នៅ​ឡើយ​ទេ។​

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះ​ស្ថាន​អង្គរ​ដែល​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១ ខែ​មករា​ ឆ្នាំ​ ២០២៤​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ​ក្នុង​រយៈ​ពេល​ ១២ ​ខែ​ ក្នុង​ឆ្នាំ​ ២០២៣​ មាន​ចំនួន ​៧៩​៨.០៦៩​នាក់ ​ឬ​ ៨០​ម៉ឺន​នាក់​ ដែល​មាន​កំណើន​ប្រមាណ​ ១៧៧%​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២។ ​ចំណែក​ចំណូល​ពី​ការ​លក់​សំបុត្រ​ក្នុង​ឆ្នាំ​ ២០២៣​ មាន​ប្រមាណ​ ៣៧ ​លាន​ដុល្លារ​អាមេរិក ​ដែល​កើន​ឡើង​ប្រមាណ ​២២២% ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០២២ ​ដែល​មាន​ចំណូល​ប្រមាណ​ ១២​ លាន​ដុល្លារ​អាមេរិក។ ​នេះ​បើ​តាម​របាយ​ការណ៍​របស់​គ្រឹះ​ស្ថាន​អង្គរ។​

កាល​ពី​ឆ្នាំ​ ២០១៩​ ពោល​គឺ​មុន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​រមណីយ​អង្គរ ​ប្រមាណ ​២​លាន​ ២​សែន​នាក់​ ដែល​រក​ចំណូល​បាន​ប្រមាណ​ ១០០ ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ​ចំណែក​ក្នុង​ឆ្នាំ​ ២០១៨​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​មក​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​ ប្រមាណ ​២​លាន ​៦​សែន​នាក់ ​ដែល​រក​ចំណូល​បាន​ប្រមាណ ​១១៦ ​លាន​ដុល្លារ​អាមេរិក។​

បើ​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​មន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា ​ក្នុង​រយៈ​ពេល​ ១០ ​ខែ​ ដើម​ឆ្នាំ​ ២០២៣​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ ៤៥ ​ម៉ឺន​នាក់។​ ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ពី​កំណត់​ត្រា​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ២​លាន ​៣​សែន​នាក់ ​ក្នុង​ឆ្នាំ​ ២០១៩​ ដែល​ជា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​លំដាប់​លេខ ១ ​ក្នុង​ប្រទេស​កម្ពុជា។ ​យោង​តាម​តួលេខ​របស់​ក្រសួង​ទេសចរណ៍ ​ភ្ញៀវ​ទេសចរ​ចិន​មាន​តែ​ ៩​ម៉ឺន​នាក់​ប៉ុណ្ណោះ​ បាន​មក​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ​ ២០២២។​

មាន​កត្តា​ជា​ច្រើន​ហាក់​ដូច​ជា​កំពុង​បង្អាក់​សេចក្តី​ប្រាថ្នា​របស់​វិស័យ​ទេស​ចរណ៍​កម្ពុជា​ចំពោះ​ការ​វិល​ត្រឡប់​របស់​ភ្ញៀវ​ទេសចរ​ចិន។ ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​ ក្រោយ​ជំងឺ​រាត​ត្បាត​នៅ​តែ​ធ្លាក់​ចុះ។​ នេះ​បាន​ជំរុញ​ឱ្យ​មនុស្ស​ដក​ខ្លួន​ចេញ​ពី​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដែល​មាន​តម្លៃ​ថ្លៃ។ ​នេះ​បើ​តាម ​FDIintelligence​ ដែល​បាន​រក​ឃើញ​ថា​ការ​ធ្វើ​ដំណើរ​អន្តរ​ជាតិ​ធ្លាក់​ចុះ​ដោយ​សារ​តែ​ថ្លៃ​ចំណាយ ​ការ​ថយ​ចុះ​ទិដ្ឋាការ ​កង្វះ​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​ និង​ការ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ ​លោក ​តុប សុភ័ក ​បាន​នៅ​ឡើយ​ទេ។

​លោក ​ទា គីឡេង ​ប្រធាន​សមាគម​ទេសចរណ៍​ចិន​កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​លេង​នៅ​ខេត្ត​សៀមរាប ​ភាគ​ច្រើន​ជា​ភ្ញៀវ​ទេសចរ​មក​ពីអឺរ៉ុប​ មិន​មែន​ជា​ភ្ញៀវ​ចិន​ឡើយ ​ដែល​ធ្លាប់​មាន​តួលេខ​ភ្ញៀវ​បរទេស​លំដាប់​លេខ​១​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​បន្ត​ថា​ មគ្គទេសក៍​ទេស​ចរណ៍​និយាយ​ភាសា​ចិន ​ដូច​ជា​រូប​លោក​កំពុង​តែ​ជួប​ការ​លំបាក​ ដោយ​សារ​តែ​មិន​មាន​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា ​ដូច​កាល​ពី​ពេល​មុន។

លោក​ថ្លែង​ថា៖ ​«បាទ​ចំពោះ​ខ្ញុំ​ជា​មគ្គទេសក៍​ទេស​ចរណ៍​ភាសា​ចិន ​ខ្ញុំ​ក៏​សង្ឃឹម​ថា​ ភ្ញៀវ​ទេសចរ​នឹង​មាន​ច្រើន​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដើម្បី​ផ្ដល់​ឱកាស​ការងារ​ដល់​ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា»។​

លោក​បន្ថែម​ថា​ វត្តមាន​ភ្ញៀវ​ទេសចរ​ចិន​អាច​ធ្វើ​ឱ្យ​វិស័យ​ទេស​ចរណ៍​ក្នុង​ខេត្ត​សៀមរាប​រីក​ចម្រើន​ឡើង​វិញ ​និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​មគ្គទេសក៍​ទេសចរណ៍​មាន​ភាព​ល្អ​ប្រសើរ។ ​លោក​ស្នើ​ដល់​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ពី​តំបន់​ទេស​ចរណ៍​ឱ្យ​ទូលំ​ទូលាយ ​និង​បង្កើន​ជើង​ហោះ​ហើរ​ទាំង​នៅ​ក្នុង​ខេត្ត​សៀមរាប ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​កម្ពុជា​កាន់​តែ​ច្រើន។​

យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ Nikkei Asia ​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ ​២០២៣​ អ្នក​ជំនាញ​ទេសចរណ៍​ក្នុង​តំបន់​ប្រាប់​ថា​ អ្នក​ដំណើរ​ជា​ច្រើន​បាន​លុប​ចោល​ផែន​ការ​ទៅ​ទស្សនា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​បន្ទាប់​ពី​ការ​ព្រមាន​ពី​ប៉ូលិស ​និង​មន្ត្រី​ផ្សេង​ទៀត​អំពី​ការ​ចាប់​ជំរិត​ ដែល​កើត​ចេញ​ពី​ការ​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អនឡាញ ​ឬ​ហៅ​ថា ​Scam៕​