រដ្ឋាភិបាលទីក្រុងភ្នំពេញបានវាយបកទៅសហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីរនាក់ដោយចោទសហរដ្ឋអាមេរិកធ្ងន់ៗថាមិនបានគោរពអធិបេតយ្យភាពកម្ពុជានិងចង់ទាញកម្ពុជាឲ្យទៅរកវិនាសកម្មដូចអតីតកាល។
កាលពីថ្ងៃពុធសប្តាហ៍មុន ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនិងក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសបញ្ចូលឈ្មោះចំៗរបស់ឧត្តមសេនីយ៍ពីររូបបន្ថែមគឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនិងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា។
ចំណាត់ការរបស់សហរដ្ឋអាមេរិកលើនាយឧត្តមសេនីយ៍និងនាយឧត្តមនាវីទាំងពីររូបនោះគឺយោងទៅលើការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុដែលសហរដ្ឋអាមេរិកមិនសប្បាយចិត្តនឹងការវាយបំផ្លាញចោលអគារជំនួយរបស់សហរដ្ឋអាមេរិកដល់យោធាកម្ពុជា។ សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់កម្ពុជាថាអាចនឹងអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពចិនខណៈកម្ពុជាប្រកែកដាច់អហង្ការថាមិនមានទៅវិញនោះ។
ក្រោយពីរថ្ងៃនៃការដាក់ទណ្ឌកម្មលើនាយទាហានជាន់ខ្ពស់កម្ពុជាទាំងពីររូបនោះក្រសួងការពារជាតិនិងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងភ្នំពេញបានចោទអាមេរិកថាមានចរិតក្រអឺតក្រទមនិងបន្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជាដែលជារដ្ឋអធិបតេយ្យ។
សេចក្តីប្រកាសរបស់ក្រសួងការពារជាតិចុះថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១ បានរិះគន់សហរដ្ឋអាមេរិកចំៗថាកំពុងធ្វើការសម្រេចចិត្តដោយឯកតោភាគីចំពោះការដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាទាំងពីររូបនោះ។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា ថ្មីៗបំផុតនេះក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានបង្ហាញអំពី«ចរិតក្រអឺតក្រទម សារជាថ្មីទៀតតាមរយៈការប្រកាសជាឯកតោភាគីដាក់ទណ្ឌកម្មមកលើនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទដោយគ្មានមូលដ្ឋានហើយអាមេរិកជាច្រើនលើកច្រើនសារព្យាយាមបំផ្លាញសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាមិនខុសពីអំពើពាលាយង់ឃ្នង ដែលប្រទេសមហាអំណាចមួយនេះបានធ្វើមកលើប្រទេសកម្ពុជានិងប្រទេសផ្សេងៗទៀតស្ទើរពាសពេញពិភពលោកឲ្យទទួលរងភាពហិនហោចខ្លោចផ្សាទាំងនៅក្នុងអតីតកាលក៏ដូចជាពេលបច្ចុប្បន្ន»។
ក្រសួងការពារជាតិបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកនៅតែមិនព្រមទទួលយកការពន្យល់នានារបស់កម្ពុជាអំពីការធ្វើទំនើបកម្មមូលដ្ឋានជើងទឹករាម។
អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ខែវិច្ឆិកាថា៖ «សម្រាប់បញ្ហាមូលដ្ឋានរាមនេះក្រសួងការពារជាតិបានបកស្រាយជាច្រើនលើកជាច្រើនសារស្ទើរតែគ្រប់រូបភាពដើម្បីបញ្ជាក់ថាអធិបតេយ្យរបស់ខ្លួនកំពុងត្រូវបានការពារយ៉ាងដាច់ខាតហើយការធ្វើទំនើបកម្មនេះទៀតសោតពុំមែនជាការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសណាមួយដូចការចោទប្រកាន់ទាំងនោះទាល់តែសោះ។ ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទតែងតែបង្ហាញនូវសុឆន្ទៈគោរពអធិបតេយ្យរបស់ប្រទេសដទៃដោយចាត់ទុកថាគឺជាការគោរពផលប្រយោជន៍គ្នាទៅវិញទៅមកនិងមិនចង់ឲ្យមានអរិភាពរវាងគ្នា»។
ក្រសួងការពារជាតិបានបន្ថែមថា៖ «ផ្ទុយទៅវិញអាមេរិកតែងតែបំពានមកលើកម្ពុជាជានិច្ចកាលដើម្បីតែផលប្រយោជន៍របស់ខ្លួននិងការកេងចំណេញនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ»។
ការដាក់ទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនិងក្រសួងការបរទេសសហរដ្ឋអាមេរិកកើតមានឡើងជាងមួយខែ ក្រោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិឬ CSIS (Center for Strategic and International Studies) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញលទ្ធផលអង្កេតស្រាវជ្រាវមួយថាមានការសាងសង់អគារថ្មីៗបន្ថែមទៀតនៅក្នុងតំបន់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងប្រទេសកម្ពុជា។
នាពេលនោះរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានទទួល«របាយការណ៍ដែលគួរឲ្យជឿជាក់បាន»ថាពិតជាមានសកម្មភាពសាងសង់សំណង់ដោយកងទ័ពរបស់សាធារណរដ្ឋប្រជាជនចិននៅមូលដ្ឋានកងទ័ពជើងរាមដែលស្ថិតនៅខេត្តជាប់មាត់សមុទ្រខេត្តព្រះសីហនុ។
បើតាមលទ្ធផលអង្កេតស្រាវជ្រាវរបស់មជ្ឈមណ្ឌលCSIS ដែលត្រូវបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១២ ខែតុលាការសាងសង់បន្តមាននៅមូលដ្ឋានកងទ័ពជើងទឹករាមនៅចំពេលមានការបារម្ភថា«អគារថ្មីៗ គឺត្រូវបានកំពុងកសាងឡើងដើម្បីសម្រួលឲ្យមានវត្តមានយោធាចិននៅកម្ពុជា»។ យ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជាជារឿយៗប្រកែកថាខ្លួនគ្មានបំណងឲ្យចិនដាក់មូលដ្ឋានទ័ពនៅកម្ពុជាទេ។
ជាការឆ្លើយតបទៅនឹងទណ្ឌកម្មថ្មីៗរបស់អាមេរិកលើនាយទាហានជាន់ខ្ពស់កម្ពុជាពីររូបបន្ថែមទៀតនោះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១២ ខែវិច្ឆិកា បដិសេធដាច់អហង្ការទង្វើរំលោភអធិបេតយ្យកម្ពុជាពីសំណាក់សហរដ្ឋអាមេរិកនិងអំណាចយុត្ថាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជាក្រោមការចោទប្រកាន់គ្មានមូលដ្ឋានដែលធ្វើដោយហេតុផលភូមិសាស្ត្រនយោបាយ។
ក្រសួងការបរទេសកម្ពុជាកត់សម្គាល់ក្នុងន័យដើមថា៖ «យុទ្ធនាការលាបពណ៌និងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយមិនត្រឹមតែបំពានលើច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែបានបង្ហាញពីការមាក់ងាយទាំងស្រុងដល់ឯករាជ្យភាពនិងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតផងដែរ»។
ទាំងក្រសួងការពារជាតិនិងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាមិនបានបញ្ចេញឈ្មោះ មន្ត្រីនៃអ្នកនាំពាក្យខ្លួនទេ។
កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញលោក Chad Roedemeier បានអត្ថាធិប្បាយតាមសារអ៊ីមែលមួយថាការវិវឌ្ឍនាពេលថ្មីៗនេះនៅក្នុងប្រទេសកម្ពុជាដូចជាការប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធឧក្រិដ្ឋកម្មឆ្លងដែនការរំលោភសិទ្ធិមនុស្សបានគំរាមកំហែងដល់ទាំងផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិកនិងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។
លោកអធិប្បាយជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលជាខេមរភាសាតាមន័យដើមថា៖ «មន្ត្រីអាមេរិក បានលើកក្តីបារម្ភអំពីរឿងទាំងអស់នេះជាទៀងទាត់ជាមួយមេដឹកនាំកម្ពុជាប៉ុន្តែជាការគួរឲ្យសោកស្តាយដែលគ្មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ»។
អ្នកតាមដាននយោបាយកម្ពុជា និងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Arizona State លោកបណ្ឌិត អៀ សុផល បានថ្លែងថា វិធានការខាងលើអាចនឹងបង្កផលវិបាកច្រើនដល់កម្ពុជាហើយអាចមានឈ្មោះមន្ត្រី និងពលរដ្ឋកម្ពុជាជាច្រើនរយនាក់ទៀតដែលនឹងរងវិធានការស្រដៀងគ្នានេះ។ លោកថាការដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីយោធាកំពូលៗ២រូបនោះជានិម្មិតរូបដែលមានសារៈសំខាន់។
លោកថ្លែងក្នុងន័យដើមថា៖ «ប្រជាជនកម្ពុជាមិនត្រូវបានគេបំភ្លេចចោលទេ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក្រសួងហិរញ្ញវត្ថុអាមេរិកខ្វល់ខ្វាយពីយុត្តិធម៌នៅកម្ពុជា»។
លោកបន្ថែមថាបុគ្គលទាំងឡាយណាដែលនាំឲ្យមានការបំផ្លាញអគាររបស់អាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹករាមកំពុងត្រូវបានយកមកឲ្យមានការទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនាយឧត្តមសេនីយ៍ ចៅ ភិរុណនិងនាយឧត្តមនាវី ទៀ វិញ គឺស្ថិតក្នុងបញ្ជីឈ្មោះដែលត្រូវអនុវត្តតាមបទបញ្ជាប្រធានាធិបតីសហរដ្ឋអាមេរិកលេខ១៣៨១៣ ដែលបន្ថែមទៅលើការអនុវត្តច្បាប់ Global Magnitsky ដែលផ្តន្ទាទោសលើជនរំលោភសិទ្ធិមនុស្សនិងប្រព្រឹត្តអំពីពុករលួយធ្ងន់ធ្ងរក្នុងពិភពលោក។
លោក សេង សារី អ្នកវិភាគនយោបាយកម្ពុជាយល់ថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលធ្វើតែទៅលើមន្ត្រីតូចតាចរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញនោះនឹងមិនអាចនាំមកនូវការផ្លាស់ប្តូរដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដែលចុះខ្សោយខ្លាំងក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧នោះទេ។
លោកបានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «ទណ្ឌកម្មអាមេរិកលើកនេះបើសិនជាអាមេរិកមានចេតនានៅក្នុងការចង់ឲ្យមានការផ្លាស់ប្តូរឬក៏ចង់ឲ្យមានការងាកមកគន្លងប្រជាធិបតេយ្យវិញខ្ញុំគិតថាអាមេរិកគួរតែដាក់ផ្ទាល់ទៅដល់មេដឹកនាំកំពូលនៃរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីនាយឧត្តមសេនីយ៍ ចៅ ភិរុណ និងនាយឧត្តមនាវី ទៀ វិញ បានទេគិតត្រឹមពេលបញ្ចប់ការធ្វើសេចក្តីរាយការណ៍នេះ។
ប៉ុន្តែកន្លងមក ក្រុមមន្ត្រីដែលធ្លាប់រងការដាក់ទណ្ឌកម្មនិងមន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលបានអះអាងថា ពួកគេមិនខ្វល់ជាមួយនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទេ៕