រដ្ឋាភិបាលកម្ពុជាដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ាន បានប្រកាសឱ្យដឹងអំពីការប្រជុំនានា ពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ដែលមានរយៈពេលជិតមួយសប្តាហ៍ ក្នុងនោះក៏មានកិច្ចប្រជុំកំពូលដែលនឹងមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសមហាអំណាចមួយចំនួនផងដែរ។
នៅឆ្នាំ២០២២នេះ កម្ពុជាគឺជាប្រធានអាស៊ានប្តូរវេន ហើយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំផ្សេងៗនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នៅទីក្រុងភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
បើតាមក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំជាច្រើនដែលនឹងធ្វើឡើងអំឡុងពេលមានការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាពេលខាងមុខនោះ រួមមាន កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២៣ និងកិច្ចប្រជុំជាមួយដៃគូអាស៊ានផ្សេងទៀត។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងចិន បានបញ្ជាក់ការចូលរួមរបស់ពួកគេ។ ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាមិនទាន់អាចបញ្ជាក់អំពីវត្តមានរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកចូលរួមនៅឡើយទេ គិតត្រឹមថ្ងៃសុក្រនេះ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាឱ្យដឹងទៀតថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ហើយនឹងទទួលការចូលជួបសម្តែងការគួរសមរួមគ្នា ដោយរដ្ឋមន្ត្រីការបរទេស និងអគ្គលេខាធិការអាស៊ាន។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា កិច្ចប្រជុំអាស៊ាន នៅទីក្រុងភ្នំពេញ ឆ្នាំនេះនឹងផ្តោតលើបញ្ហាសំខាន់ៗដែលកំពុងកើតមានឡើងក្នុងតំបន់និងសាកលលោក រួមមានវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាស្ថានភាពនៃការគោរពសិទ្ធិមនុស្ស។
លោករំពឹងថាកម្ពុជាក្នុងនាមជាប្រធានអាស៊ាននឹងធ្វើការកែលម្អស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។ លោកបន្ថែមថា ស្ថានភាពមនុស្សមានការផ្សាភ្ជាប់គ្នាទៅនឹងបរិបទអាស៊ានផងដែរ ហើយថាប្រទេសមួយចំនួនក្នុងសមាគមនេះ ក៏កំពុងប្រឈមនឹងកំណត់ត្រាអាក្រក់នៃការគោរពសិទ្ធិមនុស្ស តួយ៉ាងដូចជាប្រទេសមីយ៉ាន់ម៉ា។
លោកនិយាយថា៖ «ឥឡូវហ្នឹង វាមានសង្គ្រាមរុស្ស៊ីអ៊ុយក្រែនទៀត។ អីចឹងក៏វាជះឥទ្ធិពលមិនល្អសម្រាប់បរិបទនយោបាយនៅក្នុងតំបន់ ជាពិសេសគឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬក៏អឺរ៉ុបខាងកើតផងដែរ។ សរុបមកវិញ ខ្ញុំគិតថាកម្ពុជាយើងគួរតែធ្វើយ៉ាងណា ដើម្បីកែលម្អ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ឱ្យមានភាពល្អប្រសើរ ដើម្បីជាគំរូនៅក្នុងអាស៊ាននេះ។ ហើយបើនិយាយក្នុងអាស៊ាន កម្ពុជាយើងជាប្រទេសដែលផ្តល់សច្ចាប័ន ច្រើនជាងគេទៅលើបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស»។
បើតាមលោក អំ សំអាត ជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែននេះ បានជំរុញឱ្យមានការប្រជុំអំពីតំបន់អាស៊ីអាគ្នេយ៍ ដែលគ្មានអាវុធនុយក្លេអ៊ែរ ក្រោមហេតុផលថាក្នុងជម្លោះនៅអ៊ុយក្រែន មានការគំរាមកំហែងនៃប្រើប្រាស់អាវុធដ៏ប្រល័យនេះពីប្រទេសរុស្ស៊ី។
លោកថ្លែងថា៖ «សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននេះ ជាការគំរាមកំហែងក្នុងការប្រើប្រាស់ នុយក្លេអ៊ែរហ្នឹងហើយ។ អីចឹង ការប្រជុំនេះ វាជាបរិបទពិភពលោក គួរឱ្យចាប់អារម្មណ៍ ទាក់ទងនឹង អាស៊ីបូព៌ាគ្មាននុយក្លេអ៊ែរនេះ»។
ក្នុងនាមប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំផ្សេងៗក្នុងក្របខណ្ឌអាស៊ាន កម្ពុជាកំពុងរង់ចាំស្វាគមន៍អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីការបរទេស តំណាងពីប្រទេសចំនួន៣៧ ដើម្បីចូលរួមការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងការប្រជុំពាក់ព័ន្ធដទៃទៀត។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ទាក់ទិននឹងវត្តមានរបស់តំណាងពីប្រទេសភូមា អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមជាភាសាអង់គ្លេស និងត្រូវប្រែសម្រួលជាខេមរភាសាតាមអត្ថន័យដើមថា៖ «រហូតមកដល់ពេលនេះ យើងត្រឹមតែទទួលបានការបញ្ជាក់ថាគ្មានតំណាងដែលមិនមែនជាតួអង្គនយោបាយពីប្រទេសមីយ៉ាន់ម៉ាមកចូលរួមការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងការប្រជុំពាក់ព័ន្ធដទៃទៀត»។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបញ្ជាក់ទៀតថា៖ «យើងរំពឹងថានឹងមានបញ្ហាប្រឈមខ្លះៗ និងបញ្ហាក្តៅក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិដែលយើងនឹងត្រូវប្រឈមមុខនៅក្នុងការប្រជុំនានា ក៏ប៉ុន្តែយើងសង្ឃឹមថាដោយមានការគាំទ្រ កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាពីភាគីចូលរួម យើងនឹងអាចសម្រេចបានការប្តេជ្ញាយ៉ាងមុតមាំក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាប្រទេសម្ចាស់ផ្ទះចំពោះលទ្ធផលប្រជុំប្រកបដោយផ្លែផ្កា និងដោយរលូន»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឧបនាយករដ្ឋមន្ត្រីលោក ប្រាក់ សុខុន និងជារដ្ឋមន្ត្រីការបរទេស រំពឹងថានឹងមានជំនួបទេ្វភាគីមួយចំនួនជាមួយសមភាគីបរទេសរបស់លោក៕