ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីរបាយការណ៍ដែលថា អគារយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹកកម្ពុជា ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ត្រូវបានកម្ទេច ហើយបានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការពន្យល់។
ក្រសួងការពារជាតិស.រ.អា.សរសេរក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងមានការបារម្ភថា ការវាយចោលអគារនោះ ប្រហែលជាត្រូវបានចងភ្ជាប់ទៅនឹងផែនការរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ឲ្យមានការដាក់សម្ភារៈយោធា និងក្រុមទាហានរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទេ។
មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ (CSIS) របស់សហរដ្ឋអាមេរិកបានចេញផ្សាយរូបភាពដោយនិយាយថា រដ្ឋាភិបាលកម្ពុជាកាលពីខែមុន បានកម្ទេចអគារមួយដែលសហរដ្ឋអាមេរិកបានសាងសង់នៅមូលដ្ឋានទ័ពជើងទឹករាម ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន អំពីការណ៍ដែលប្រទេសចិន ចូលទៅកាន់មូលដ្ឋានយោធានៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំមុន ក្រសួងការពារជាតិស.រ.អា.បានស្នើសុំឱ្យប្រទេសកម្ពុជាពន្យល់ពីមូលហេតុដែលកម្ពុជាបដិសេធសំណើរបស់ស.រ.អា.ក្នុងការសុំជួសជុលមូលដ្ឋាននេះ។
រដ្ឋាភិបាលកម្ពុជា ធ្លាប់បានបដិសេធព័ត៌មានដែលថា ប្រទេសកម្ពុជា និងប្រទេសចិនធ្វើកិច្ចព្រមព្រៀងសម្ងាត់ ដើម្បីអនុញ្ញាតឱ្យចិនដាក់កងកម្លាំងនៅមូលដ្ឋាននេះ។ មន្ត្រីកម្ពុជានិយាយថា ការធ្វើដូច្នេះ គឺប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា។
មូលដ្ឋាននេះ ស្ថិតនៅភាគអាគ្នេយ៍នៃក្រុងកំពង់ផែព្រះសីហនុ ដែលជាមជ្ឈមណ្ឌលកាស៊ីណូរបស់ចិន និងជាតំបន់សេដ្ឋកិច្ចពិសេសដែលគ្រប់គ្រងដោយចិន៕