កម្ពុជា​ឈរ​នៅ​លេខរៀង​ទី ៨ ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ​២០២៣

មេដាយសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅកម្ពុជា។ (Facebook/Cambodia 2023)

កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ​បន្ត​ឈរ​លេខរៀង​ទី ៨ ក្នុង​កម្មវិធី​ប្រកួតកីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី ១២​ ដោយ​ទទួល​បាន​មេដាយ​សរុប​ចំនួន ៧០​ រួម​មាន​មេដាយ​មាស ៩ ប្រាក់​ ១៨​ និងសំរឹទ្ធ​ ៤៣ ​ខណៈក្រុម​ឥណ្ឌូណេស៊ី នៅតែ​ឈរ​នាំមុខ​កំពូល​តារាង​ ដោយ​បន្ត​ឈ្នះ​បាន​មេដាយ​សរុបចំនួន​ ២៧៤​ ​ជា​បណ្តោះ​អាសន្ន។ នេះ​បើ​តាម​លទ្ធផល​ប្រកួត​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

ការ​ប្រកួត​កីឡា​ជនពិការ​ដែល​មាន​ប្រទេស​ ១១ ​ចូល​រួម ដែល​មាន​ការ​ប្រកួតកីឡា​ជាង​ ១០ ​ប្រភេទនា​ចុង​សប្តាហ៍​នេះ រួម​មាន​វាយសី ​ប៊ូស្យា​ អុក ​យូដូ ​បាល់​ទាត់ ​លើក​ទម្ងន់ ​អត្តពល​កម្ម ​បាល់​បោះ​ រទេះ​រុញ ​កូន​ឃ្លី​លើ​តុ ​ហែល​ទឹក ​បាល់​ទះ​អង្គុយ ​និង​អេឡិច​ត្រូនិក។

ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​នេះ​ ​មាន​ការ​ចូលរួម​ពី​កីឡាករ​ជា​ជនពិការគ្រប់​សមាស​ភាព​ រួម​មាន​ពិការ​ផ្នែក​ចក្ខុ ​ពិការ​ផ្នែក​កាយ​សម្បទា ​និង​ពិការ​ផ្នែក​បញ្ញា​តិច​តួច។

ព្រឹតិ្តការណ៍​កីឡាក្នុង​ប្លុកអាស៊ាន​នេះ នឹងបិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ៩​ ខែ​មិថុនា ឆ្នាំ​ ២០២៣ នេះ ហើយកាល​ពី​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​ លើក​ទី ១១ ​កម្ពុជា​ដណ្ដើម​បាន​មេ​ដាយ​សរុប​ចំនួន​ ២៨ ក្នុង​នោះ​មាន​មេ​ដាយ​មាស​ចំនួន​ ៧​ ប្រាក់​ចំនួន​ ១០​ និង​សំរឹទ្ធ​ ចំនួន​ ១១។ ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​ ៧ ​ក្នុង​ចំណោម​ ១១ ​ប្រទេស​ ដែល​ចូលរួម​ប្រកួត​ប្រជែង​នាពេលនោះ៕