ក្រុមនិស្សិតនិងប្រជាពលរដ្ឋប្រមាណ៤០០នាក់ បានមកជួបជុំគ្នានៅឯទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការតវ៉ាស្នើសុំឲ្យលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរខេត្តកំពតអនុវត្តអនុក្រឹត្យមួយដែលចេញដោយរដ្ឋាភិបាលកាលពី៣ឆ្នាំមុនសម្រាប់ការបែងចែកដីធ្លីមួយកន្លែងក្នុងស្រុកឈូកខេត្តកំពត។ ពួកគេក៏ទាមទារឲ្យរដ្ឋាភិបាលដកហូតតំណែងអភិបាលរងខេត្តកំពតមួយរូបផងដែរ ដោយសារតែអភិបាលរងខេត្តរូបនេះ មិនព្រមអនុវត្តអនុក្រឹត្យនេះ។ ប៉ុន្តែអភិបាលរងខេត្តរូបនេះឆ្លើយតបថាលោកមិនបានធ្វើអ្វីខុសនោះទេ។
ការតវ៉ារបស់ពួកគេកាលពីថ្ងៃអាទិត្យធ្វើឡើងស្របពេលដែលតំណាងប្រជាពលរដ្ឋពីរនាក់កំពុងស្ថិតនៅក្នុងដៃរបស់សាលាដំបូងខេត្តកំពត ដើម្បីឲ្យតុលាការធ្វើការសាកសួរ ទាក់ទិនការតវ៉ាទំនាស់ដីធ្លីទំហំ១.៣៣៧ហិកតា។
ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីលានប្រជាធិបតេយ្យ លោក លី គីមហុង អាយុ៦០ឆ្នាំ តំណាងពលរដ្ឋចំនួន៨១៦គ្រួសារ មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលកំពុងមានវិវាទដីធ្លីជាមួយនឹងអាជ្ញាធរ បានស្នើឲ្យដកលោក ហេង វន្ថា អភិបាលរងខេត្តកំពតពីព្រោះអភិបាលខេត្តរងរូបនេះ បានបំពានអនុក្រឹត្យរបស់រដ្ឋាភិបាលក្នុងការបែងចែកដីនៅក្នុងភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ខេត្តកំពត។
លោក គីមហុង ថ្លែងថា៖ «គាត់ហ្នឹងមនុស្សបំពានអុនក្រឹត្យ មនុស្សមិនស្មោះត្រង់នឹងប្រមុខរាជរដ្ឋាភិបាល ក្បត់រាជរដ្ឋាភិបាល ធ្វើបាបប្រជាពលរដ្ឋ បម្រើឈ្មួញ»។
លោកបន្តថា លោក ហេង វន្ថា មិនព្រមវាស់វែងដីដែលរដ្ឋាភិបាលសម្រេចប្រគល់ជូនប្រជាពលរដ្ឋតាមអនុក្រឹត្យលេខ២៥៩ចុះនៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០១២ តែអភិបាលរងខេត្តរូបនេះ បែរជាកាត់ដីនេះជាចំណែកៗលក់ឲ្យទៅអ្នកមានលុយមកពីទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុទៅវិញ។
លោកថា អាជ្ញាធរខ្លះបានមកចាប់ដីរបស់ប្រជាពលរដ្ឋទាំងកំរោលផងដែរ ដោយលោកបានលើកយកនូវមន្ត្រីទទួលបន្ទុករៀបចំបែងចែកធ្លីម្នាក់មកពន្យល់យ៉ាងដូច្នេះថា៖
«ការពិតអាជ្ញាធរនេះណ៎ា ពលរដ្ឋពេលដែលគាត់ចូលទៅកាន់កាប់ ពូផ្ទាល់ហ្នឹង ទៅស្ពាយអង្ករក្មួយណ៎ា ដើរអត់មានម៉ូតូឡាន ទៅបានទេ។ តែសម័យគាត់នេះ លោក បែន ភត្រ្តាវុឌ្ឍ ក្នុងនាមគាត់ជាអនុគណៈកម្មាការ រៀបចំដីជាតិថ្នាក់ស្រុក គាត់ទៅហ្នឹងយកឡានដឹកបង្គោលស៊ីម៉ង់ទៅបោះទៅលើចម្ការដំឡូងរបស់គាត់ ដោតទៅលើចម្ការស្វាយរបស់គាត់ ហើយបម្រាមដោយអីដោយមានកាំភ្លើង មានប៉ូលីស មានប៉េអឹម ប្រាប់ថាកុំប៉ះបង្គោលហ្នឹង កុំប៉ះ កុំប៉ះបង្គោលហ្នឹង តែប៉ះគុកហើយ»។
លោក លី គីមហុង បញ្ជាក់បន្ថែមថា អាជ្ញាធរក៏បានចោទប្រកាន់ថា ប្រជាពលរដ្ឋមករស់នៅលើដីដែលមានទំនាស់យ៉ាងអនាធិបតេយ្យ ហើយថាដីដែលរដ្ឋភិបាលប្រគល់ជូនប្រជាពលរដ្ឋនេះ ថាជាដីបម្រុងរបស់រដ្ឋ សម្រាប់បែងចែកជូនដល់យោធិនចូលនិវត្តន៍។
អនុក្រឹត្យលេខ២៥៩ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា៖ «ផ្ទៃដីទំហំ ១.៦២៨,៧៤១៤ហិកតា កាត់ចេញពីក្រុមហ៊ុន First Bio-Tech Agricultural (Cambodia) Co,. Ltd ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មទំហំ ១.៣៧៧,២១៤៥ ហិកតា ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងទំហំ ២៥១,៥២៦៩ ហិកតា រក្សាទុកមួយចំណែកជាដីសាធារណៈរបស់រដ្ឋ នៅក្នុងភូមិតេជោក្បាលដំរី ឃុំតេជាអភិវឌ្ឍន៍»។
ទាក់ទងនឹងទំនាស់ដីធ្លីនេះ តំណាងប្រជាពលរដ្ឋពីររូប រួមមានលោក លី គឹមធុយ អាយុ៣៤ឆ្នាំ និងលោក លី គឹមហៀង អាយុ៤៧ឆ្នាំ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្តកំពតកាលពីថ្ងៃអង្គារកន្លងទៅ។ ការចាប់ខ្លួនេះគឺធ្វើឡើងតែមួយថ្ងៃ បន្ទាប់ពីពួកគេបានធ្វើការតវ៉ានៅទីលានប្រជាធិបតេយ្យនៅក្នុងទីក្រុងភ្នំពេញ។
លោក ហេង វន្ថា អភិបាលរងខេត្តកំពត បានច្រានចោលនូវរាល់ការចោទប្រកាន់ទាំងអស់ពីតំណាងប្រជាពលរដ្ឋ ហើយថា លោកកំពុងអនុវត្តអនុក្រឹត្យមួយផ្សេងទៀត គឺអនុក្រឹត្យលេខ២១៩សម្រាប់ធ្វើសម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ។ លោកបញ្ជាក់ថា លោកមិនអាចទទួលយកបានទេនូវអនុក្រឹត្យលេខ២៥៩ ហើយលោកក៏មិនបារម្ភពីការដកហូតតំណែងរបស់លោកផងដែរ។
«ខ្ញុំអត់មានភ័យបារម្ភអីទេ រឿងដកហូតតំណែងខ្ញុំ បើខ្ញុំមិនធ្វើខុស ពីគោលការណ៍របស់រាជរដ្ឋាភិបាល រឿងអីដកហូតតំណែងខ្ញុំ»។
លោកអភិបាលរងខេត្តកំពតរូបនេះឲ្យដឹងទៀតថា តំណាងពលរដ្ឋពីររូបដែលត្រូវបានអាជ្ញាធរខេត្តចាប់ខ្លួន កាលពីសប្តាហ៍មុន ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពត។ VOA ព្យាយាមសុំការបញ្ជាក់ពីលោក ជុំ សំបាន ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពត តែលោកមិនលើកទូរស័ព្ទ។ VOA ក៏ពុំអាចទាក់ទងលោក ផ្លាង ធិរិន ស្នងការប៉ូលីសខេត្តកំពតនិងលោកអិន ជីវា ស្នងការរងប៉ូលីសខេត្តកំពតបានដែរ។
ការតវ៉ារបស់ក្រុមនិស្សិត និងប្រជាពលរដ្ឋកាលពីថ្ងៃអាទិត្យ ក៏មានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចក្រុងភ្នំពេញផងដែរ។ នេះបើតាមការអះអាងពីតំណាងប្រជាពលរដ្ឋ។ ក៏ប៉ុន្តែលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានថ្លែងថា ការតវ៉ានេះត្រូវបានធ្វើឡើងដោយគ្មានការអនុញ្ញាត។ លោកថា អាជ្ញាធរមានសមត្ថកិច្ចក្រុងភ្នំពេញពុំបានចាត់វិធានការអ្វីនោះទេ ដោយអាជ្ញាធរមានសមត្ថកិច្ចគ្រាន់តែស្នើឲ្យក្រុមអ្នកតវ៉ាសុំច្បាប់អនុញ្ញាតពីសាលាក្រុងសម្រាប់ធ្វើការតវ៉ាប៉ុណ្ណោះ។
ទំនាស់ដីធ្លីបានកើតមានឡើងនៅជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា ហើយមានជនរងគ្រោះខ្លះបានប្រថុយគ្រោះថ្នាក់ឡើងមកប្តឹងដល់លំនៅដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសភាជាតិហើយអ្នកខ្លះទៀត ក៏ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ។ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សក្នុងពេលកន្លងមក៕