វិស័យ​អចលន​ទ្រព្យ​និង​សំណង់​កម្ពុជា​​ប៉ះពាល់​ខ្លាំង​ ក្រោយ​ជនជាតិ​ចិន​ចាក​ចេញ​ និង​ការ​ផ្ទុះ​វីរុស​កូរ៉ូណា

រូបឯកសារ៖ កម្មករធ្វើការនៅការដ្ឋានសំណង់មួយកន្លែងនៅកោះពេជ្រក្នុងរាជធានីភ្នំពេញថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១៥ ។

ភ្នំពេញ — វា​ជា​រឿង​នឹក​ស្មាន​មិន​ដល់​ដែល​ជនជាតិ​ចិន​បាន​ចាក​ចេញ​ពី​កម្ពុជាចំនួន​ច្រើន ​ក្រោយ​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ការ​ភ្នាល់​ល្បែង​តាម​អន​ឡាញ ​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៩ ​ប៉ុន្តែ​ការ​ប្រកាស​នេះ​ចូលជា​ធរមាន​នៅ​ដើម​ឆ្នាំ​២០២០។

​ចាប់​ពី​ចុង​ឆ្នាំ​២០១៩​មក​ វិស័យ​អចលន​ទ្រព្យ​ និង​សំណង់​នៅ​ប្រទេស​កម្ពុជា​ ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​អ្នក​វិនិយោគ​ចិន​កំពុង​ជាប់​គាំង​ខ្លាំង​ ​បន្ទាប់​ពី​រង​ផល​ប៉ះ​ពាល់​ពី​ការ​បិទ​ល្បែង​អន​ឡាញ​ ដែល​នាំឲ្យ​ជន​ជាតិ​ចិន​ជា​ច្រើន​ម៉ឺន​នាក់​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ ​មិនតែ​ប៉ុណ្ណោះ​ស្ថានភាព​នេះ​កាន់​តែ​អាក្រក់​ ស្រប​ពេល​ដែល​រីវុរស​កូរ៉ូណា​កំពុង​រាតត្បាត​នៅ​លើ​ពិភព​លោក។​

ប្រជា​ពលរដ្ឋ​ដែល​រក​ស៊ី​ និង​ធ្វើ​ការ​ទាក់ទង​នឹង​វិស័យ​អចលន​ទ្រព្យ ​បាន​លើក​ឡើង​ថា​ ការ​រក​ស៊ី​របស់​ពួកគេ​បាន​ធ្លាក់​ចុះ ​ហើយ​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ​នៅ​រយៈ​ពេល​ប្រមាណ​៦​ខែ​កន្លង​មក​នេះ ​វិស័យ​សំណង់​និង​អចលន​ទ្រព្យ​មាន​ការ​ថមថយ​ខ្លាំង​ បន្ទាប់​ពី​ជនជាតិ​ចិន ​ដែល​បាន​មក​ធ្វើ​ការ ​និង​រកស៊ី​នៅ​កម្ពុជា ​បាន​សម្រុក​ចេញ​ពី​ប្រទេស​កម្ពុជា ​ក្រោយ​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ល្បែង​អនឡាញ​ ដែល​អ្នក​រក​ស៊ី​ចិន​រក​ចំណូល​បាន​យ៉ាង​ច្រើន​ពី​ល្បែង​អនឡាញ​នេះ។​

លោក ជា​ សេងថៃ ​ជា​បុគ្គលិក​ផ្នែក​លក់​ដី​ឡូត៍​នៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ​មួយ​ នៅ​ក្រុង​ប៉ោយប៉ែត​ បាន​ឲ្យដឹងថា​ ​ការ​លក់​ដីឡូត៍​របស់​លោក​ក្នុង​១ខែ​ មាន​ប្រមាណ​២០​ឡូត៍​ មុន​បិទ​ល្បែង​អនឡាញ។ ​ប៉ុន្តែ​ បន្ទាប់​ពី​បិទល្បែង​អនឡាញ​មក ​លោក​លក់​បាន​ប្រហែល​៥​ឡូត៍​ប៉ុណ្ណោះ។ ​កាន់​តែ​អាក្រក់​ជាង​នេះ ​ រយៈ​ពេល​ជាង២​ខែ​មក​នេះ​ សូម្បី​តែ​១ឡូត៍ ​ក៏​លោក​លក់​មិន​បាន​ដែរ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖​ «ក្នុង​មួយ​ខែៗ​ យើង​អាច​រក​បាន​១០​ទៅ​២០​ឡូត៍​ដែរ។​ បន្ទាប់​ពី​ការ​ចាប់​ផ្តើម​បិទ​អន​ឡាញ​នេះ​ទៅ​ ​យើង​អាច​រក​បាន​ខ្ទង់​តែ​៥​អី​ទេ​ក្នុង​១​ខែៗ​ជា​មធ្យម។ ​ប៉ុន្តែ​ចាប់​ផ្តើម​មាន​ជំងឺ​ថ្មី​នេះ​ចូល​មក​ទៀត​មក​ គិត​ទៅ​ចូល​ខ្ទង់​៣​ខែ ​គឺ​យើង​អត់​ទាន់​រក​ភ្ញៀវ​បាន​ទេ ​អត់​បាន​តែ​ម្តង. ​មាន​ភ្ញៀវ​ខ្លះ​គាត់​បាន​ផ្តាំ​ឲ្យ​យើង​ជួយ​លក់​ឲ្យ​គាត់​វិញ។ ​ប៉ុន្តែ​យើង​រក​ឲ្យ​អត់​បាន។​ ឥឡូវ​ថយ... ​ថយ​មែន​ទែន​តែ​ម្តង! ​ចុះ​ខ្លាំង!ខ្ញុំ​អត់​នឹក​ស្មាន​ថា ​ដល់​ចំណុ​នេះ​ដែរ»។​

បើ​តាម​លោក ​សេង ថៃ​ អគារ​ជា​ច្រើន​នៅ​ក្រុង​ប៉ោយ​ប៉ែត ​ត្រូវ​បាន​ផ្អាក​ការ​សាង​សង់​ ខណៈ​អគារ​ខ្លះ​ទៀត​នៅ​សល់​គ្មាន​អ្នក​ជួល​ តាំង​ពី​មាន​ការ​បិទ​ល្បែង​អន​ឡាញ​មក។​

«បិទ​អន​ឡាយ​នេះ​ ចិន​គាត់​ត្រឡប់​ទៅ​វិញ។​ អគារ​ក៏​សល់​ច្រើន​ដែរ។ ​ផ្អាកៗ​ការ​សាង​សង់​ច្រើន»។​

រដ្ឋាភិបាល​បាន​ប្រកាសបិទ​ល្បែង​អនឡាញ​ដែល​រក​ស៊ី​ដោយ​កាស៊ីណូ​នៅ​ទូទាំង​ប្រទេស​ ​ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ​រដ្ឋាភិបាល​អះអាង​ថា​ ល្បែង​អនឡាញ​នេះ​ធ្វើ​ឲ្យ​អន្តរាយ​សន្តិសុខ ​សណ្តាប់​ធ្នាប់​សង្គម ​ការ​ចាប់​ជម្រិត​ និង​អំពើ​ខុស​ច្បាប់​របស់​ប្រជាជន​ចិន​ដែល​មក​កម្ពុជា។ ​ចំណាត់​ការ​នៃ​ការ​បិទ​នេះ​គឺ​ដោយ​សារ​មាន​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​ចិន។​

រូបឯកសារ៖ បុរសជនជាតិចិន​ម្នាក់​ដើរ​កាត់​សំណង់​អគារ​ជាច្រើន ដែល​ស្ថិត​នៅក្នុង​ដំណើរការ​សាងសង់​នៅក្នុង​ក្រុងព្រះសីហនុ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​២០២០ លោក ​កែវ វណ្ណថន​ អ្នកនាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្រោយ​ការ​ប្រកាស​បិទ​ល្បែង​អនឡាញ​ ប្រជាជន​ចិន​ប្រមាណ​ជាង​៤៤​ម៉ឺន​នាក់​បាន​ចាក​ចេញ​ពី​កម្ពុជា។​

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ថា​តើ​ជនជាតិ​ចិន​ទាំង​នោះ​នឹង​មក​កម្ពុជា​វិញ​ ឬ​យ៉ាង​ណា។​

លោក ចាន់​ បញ្ញា ដែល​ជា​អ្នក​រស់​នៅ​ខេត្ត​ព្រះ​សីហនុ ​និង​មាន​ផ្ទះ​ និង​រថយន្ត​ជួល ​បាន​ត្អូញ​ត្អែរ​ថា​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៩​ លោក​រក​ចំណូល​បាន​ក្នុង​១​ខែ ​ចំនួន​៧​ពាន់​ដុល្លារ​អាមេរិក​ ពី​ការ​ជួល​ផ្ទះ ​ជួល​រថយន្ត​ដឹក​ថ្ម​ និង​ហាង​ធ្វើក្រចក​របស់​ភរិយា​លោក។

​ប៉ុន្តែ​នៅ​ពេល​នេះ​ លោក​ថា​ លែង​មាន​អ្នក​ជួលផ្ទះ​ និង​រថយន្ត​ដឹក​ថ្ម ​ហើយ​ហាង​ធ្វើ​ក្រចក​ ដែល​ធ្លាប់​រក​ចំណូលបាន​១​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ​ឥឡូវធ្លាក់​មក​នៅ​ត្រឹម​ប្រមាណ​ ៤០០​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។ ​លោក​មាន​ការ​ព្រួយ​បារម្ភអំពី​ការ​បង់​ធនាគារ​មួយ​ខែ​ ៣​ពាន់​ដុល្លារ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ឡាន​យើង​ដឹក​វិល​កង់ ​អត់​មាន​ពេល​សម្រាក​ទេ។ ​ទាល់​តែ​ពេល​ឥឡូវ​ ​អត់​ទាំង​ថ្លៃ​ផ្ទះ​ជួល​ ​អត់​ទាំង​ឡាន។​ ដល់​ពេល​ការ​សាង​សង់​វា​អត់​ទៅ​ អ៊ីចឹង​ឡាន​យើង​មាន​អីត្រូវដឹក​ចូល​ក្រុម​ហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍​ទៀត​ ​បើ​ការ​សាង​សង់​អត់​ដំណើរ​ការ»។​

លោក​បន្ថែម​ថា​ លោក​សង្ឃឹម​ថា​ ចិន​នឹង​ត្រឡប់​ចូល​មក​កម្ពុជា​វិញ ​ក្រោយ​ចូល​ឆ្នាំ​ចិន​បញ្ចប់​នៅ​ចុង​ខែ​មករា។ ​ប៉ុន្តែ​មាន​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា​នៅ​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​អាក្រក់។​

លោក​មាន​ប្រសាសន៍​ថា៖​ «ដោយ​សារ​បិទ​អន​ឡាញ​ហ្នឹង​ វា​លឿន​ គ្នា​ខ្លះ​មិន​ទាន់​បាន​រក​ចំណូល​ពី​ការ​ជួល​ផ្ទះ​ពី​ចិន​ផង​ ​ចិន​ទៅ​បាត់​ទៅ​ហើយ។ ​ហើយ​មួយ​ទៀត​ស្រាប់​តែ​ល្បី​ថា​ ​ចូល​ឆ្នាំ​ចិន​ ​ចិន​មក​វិញៗ​អី អ៊ីចឹង​ ស្រាប់​ជំងឺ​កូរ៉ូណា​មក​ដល់​ទៀត។ អ៊ីចឹងគ្នា​ប្រឈម​មុខ​ខ្លាំង។ ភ័យ​ទី១​ ខ្លាច​ប្រឈម​នឹង​ធនា​គារ​រឹប​អូស​ផ្ទះយើង​ផង​ កូន​ឈឺ​កូន​អី​ក៏​យើង​ភ័យ​ដែរ។ ​ឥឡូវ​ចឹង​លុយ​យើង​រក​មក​វា​អត់​គ្រប់ ​សូម្បី​តែ​ការ​ហូប​ចុក​បង្គ្រប់​អត់​ទាំង​គ្រប់​ផង​ឥឡូវ»។​

រូបឯកសារ៖ កាស៊ីណូមួយកន្លែងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨។

វិស័យ​អចលន​ទ្រព្យ​និង​វិស័យ​សំណង់​នៅ​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​វិយោគ​របស់​ចិន។ ​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ (World Bank) ​ដែល​បាន​ចេញផ្សាយ​កាល​ពី​ឆ្នាំ​២០១៩​ បង្ហាញ​ថា​ ​ជាង​ពាក់​កណ្តាល​នៃ​ការ​ហូរ​ចូល​ទុន​វិនិយោគ​ពី​ក្រៅ​ប្រទេស​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ ហើយ​មាន​វិសាល​ភាព​ស្ទើរ​គ្រប់​វិស័យ ​មាន​ទាំងការ​វិនិយោគ​វិស័យ​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ លំនៅដ្ឋាន​ វិស័យ​ទេសចរណ៍​និង​មួយ​ផ្នែក​តូច​ទៅ​លើ​វិស័យ​ផលិត​កម្ម ​និង​កសិកម្ម។​

លោក​ ស៊ា ​ឆៃលីន​ នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ស៊ីអិល​ រៀល​ធី​ ​មាន​ប្រសាសន៍​ថា ​ការ​លក់​ទិញ​អចលន​ទ្រព្យ​ក្នុង​រយៈ​ពេល​ប្រមាណ​ ៥​ខែ​កន្លង​មក​នេះ​ ជា​ពិសេស​ក្នុង​ក្រុង​ព្រះសីហនុ​ ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក។

លោក​មាន​ប្រសាសន៍​ថា៖​ «ពី​មុនមា​ន​ការ​ទិ​ញលក់​ច្រើន ​តែ​ឥឡូវ​នេះ​គឺ​គ្មាន​តែ​ម្តង។ ​បើ​យើង​ជិះ​ទៅ​កំពង់​សោម​គឺ​ឃើ​ញ​តែ​ម្តង​អត់​មាន​ការ​ទិញ​លក់​ទេ»។​

លោក​បន្ត​ថា​ ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ ​ការ​ទិញ​លក់​អចលន​ទ្រព្យ​ថយ​ចុះ​ប្រមាណ​៧០​ភាគរយ ​ហើយ​ប្រជា​ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវបង្ខំ​ចិត្ត​លក់​ដី​ ឬ​សំណង់​អគារ​របស់​ខ្លួន ​ក្រោម​តម្លៃ​ទីផ្សារ​ប្រហែល​៣០​ភាគ​រយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «សម្រាប់​ក្រុម​ហ៊ុន​របស់​ខ្ញុំ​ នៅ​មាន​អតិ​ថិជន​គា​ត់នៅ​រក​នៅ​ឡើយ​ ​ប៉ុន្តែ​មាន​បរិមាណ​ទាប​ ​បើ​ប្រៀប​ធៀប​១០​នៅ​សល់​៣​ ឬ​៤​អ៊ីចឹងទៅ»។​

មុន​ផ្ទុះ​វីរុស​កូរ៉ូណា​ ធនាគារ​ពិភព​លោក​ធ្លាប់​បាន​ព្រមាន​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៩​ថា​ ដោយ​សារ​ប្រភព​នៃ​ទុន​វិនិយោគ​នៅ​កម្ពុជា​ភាគ​ច្រើន​បាន​មក​ពី​ប្រទេស​ចិន​ ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន​អាច​ធ្វើ​ឲ្យ​វិស័យ​សំណង់ ​និង​អចលន​ទ្រព្យ​នៅ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ។​

លោក ​ច្រឹក​ សុខនីម ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ ខេត្ត​ព្រះ​សីហនុ​ ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង​ ក្រុង​ប៉ោយ​ប៉ែត​នៃ​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​ជា​ទិស​ដៅ​សំខាន់​របស់​ជន​ជាតិ​ចិន​ក្នុង​ការ​សាង​សង់​កាស៊ីណូ​ និង​សណ្ឋាគារ ​បាន​រង​ផល​ប៉ះ​ពាល់​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​មួយ​កម្រិត​ទៀត​ ​នៅ​ពេលវីរុស​កូរ៉ូណា​ផ្ទុះ​ឡើង។​

លោក​មាន​ប្រសាសន៍​ថា៖ «ពេល​បច្ចុប្បន្ន​នេះ​ ​ជំងឺ​កូវីដ​ចូល​នៅ​កំពង់​សោម។ ​ខ្ញុំ​លើក​ករណី​ជាក់​ស្តែង​ ពី​មុន​តម្លៃ​ដី​នៅ​ម្តុំ​ជិត​តោ​ពីរ​មួយ​ម៉ែត្រ​ការ៉េ​តម្លៃ​សុទ្ធ​តែ​ ៨៥០​ដុល្លារ​ទៅ​១០០០​ដុល្លារ​ជាង។​ ឥឡូវ​សល់​តែ​៤០០​ ទៅ​៣០០​ជាង​ហ្នឹង!​អ៊ីចឹង​ វា​ធ្លាក់​រហូត​ដល់ ​២០០​ភាគ​រយ»។​

លោក ​សេង ឡូត​ អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ដី ​នគ​រូបនីយ​កម្ម​ និង​សំណង់​ ​បាន​ឲ្យ​ដឹង​ថា​ ​រយៈពេល​២​ខែ​ នៅ​ឆ្នាំ​២០​២០​ គម្រោង​ស្នើ​សុំ​សាង​សង់​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ​៧២៨​គម្រោង​មាន​តម្លៃ​ទុន​វិនិយោគ​ប្រមាណ​ ៣១២២​លាន​ដុល្លារ​អាមេរិក​ គឺ​មាន​ការ​កើន​ឡើង​ ១២៥​ភាគ​រយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩។​ ប៉ុន្តែ​លោក​ថា​ ទោះ​បី​ជា​ការ​សាង​សង់​នេះមាន​កំណើន​ក៏​ដោយ​ ក៏​ស្ថិត​នៅ​ក្នុង​ការ​ព្រួយ​បារម្ភ​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖ «ពេល​កំពុង​ទទួល​រង​សម្ពាធ​ពី​ជំងឺ​ឆ្លង​កូវីដ​១៩ ​ក៏​មិន​ទាន់​ឃើញ​មាន​ការ​ធ្លាក់​ចុះ។ ​ក៏​ប៉ុន្តែ​ជា​ការ​ព្រួយ​បារម្ភ ​យើង​តែង​ព្រួយ​បារម្ភ​ពី​ការ​ថ​យ​ចុះ​នេះ​ ពី​ព្រោះ​ការ​ប៉ាន់​ស្មាន ​ការ​វិភាគចំពោះ​សេដ្ឋកិច្ច​ពិភព​លោក​ក៏​គេ​ប៉ាន់​ស្មាន​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ​នៅ​ក្នុង​វិ​ស័យ​ឯក​ជន​នេះ​ដែរ។​ យ៉ាង​ណា​យើង​នៅ​តាម​មើល​ស្ថាន​ភាព​នៃកា​រប្រែ​ប្រួល​នេះ​ជា​បន្ត​ទៀត»។​

លោក​បាន​ទទួល​ស្គាល់​ថា​ ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​ខេត្ត​មួយ​ចំនួន​ក៏​មាន​ការ​ផ្អាក​ការ​សាង​សង់​ខ្លះ​ដែរ ។​

«ហ្នឹង​យើង​សង្កេត​ឃើញ​ដែរ។ នៅ​ក្រុង​ព្រះសីហនុ​ហ្នឹង​មាន​ការ​ផ្អាក​ដំណើរ​ការ​សាង​សង់​ហ្នឹង​១០៤​អាគារ។ ​ហើយ​តាម​បណ្តាល​ខេត្ត​ផ្សេង​ទៀត​មានតិច​តួច​មិន​ច្រើន​ទេ»។​

លោក ​មាស សុខ​សេន​សាន​ អគ្គ​លេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បាន​ទទួល​ស្គាល់​ថា​ ការ​ទិញ​លក់​ផ្នែក​អចលន​ទ្រព្យ​នៅ​ក្នុង​អំឡុង​ពេល​នេះ​ធ្លាក់​ចុះ​ បើ​ទោះ​ក្រសួង​មិន​ទាន់​មាន​របាយ​ការណ៍​ក៏​ដោយ។​

លោក​មាន​ប្រសាសន៍​ថា៖​«ផល​ពី​ការ​បិទ​អនឡាញ​នេះ​ប្រាកដ​ហើយ​ថា​ វា​បាន​ជះ​ឥទ្ធិ​ពល​មួយ​ចំនួន។​ ហើយ​យើង​ឃើញ​តាំង​ពី​ខែ​១មក​ ការ​លក់​ការ​ដោះ​ដូរ​ ​ខាង​ក្រសួង​យើង​ខ្ញុំ​បាន​ទទួល​ព័ត៌​មាន​មក​ ​មាន​ការ​ធ្លាក់​ចុះ​មែន។ ​ការ​លក់​ហ្នឹង​អ៊ី​ចឹង​ឥឡូវ​បូក​ជា​មួយ​វីរុស​ទៀត​ ​យើង​មិ​ន​ដឹង​ថា​ តើ​វា​មាន​ផល​ពី​វីរុស​ហ្នឹង​ទៅ​លើ​ការ​លក់​ដូរ​ហ្នឹង​ម៉េច​ទៀ​ត។ ​ប៉ុន្តែ​ទំហំ​ប៉ុន្មាន​ហ្មង ​យើង​អត់​ទាន់វា​យ​តម្លៃ​បាន​ទេ»។​

វិស័យ​អចលន​ទ្រព្យ​ និង​សំណង់​ជា​វិស័យ​សំខាន់​មួយ​ក្នុង​ចំណោម​វិស័យ​ធំៗ​ដែល​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ច្រឹក សុខនីម​ ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា ​មាន​សុទិដ្ឋិ​និយម​ថា ​ប្រហែល​ជា​៦​ខែ​ទៀត​វិស័យ​នេះ​នឹង​អាច​រីក​ចម្រើន​ឡើង​វិញ​ ​បន្ទាប់​ពីអាច​គ្រប់​គ្រង​វីរុស​កូរ៉ូណា​បាន ​ហើយ​អ្នក​វិនិយោ​គចិន​ជា​ច្រើន​នឹង​ត្រឡប់​មក​កម្ពុជា​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​ «គាត់​នឹង​មក​ច្រើន!គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ​ហើយ​ភាព​ស្អិតល្មួត​រវាង​រដ្ឋា​ភិបាល​ទាំង​ពីរ​ ខ្ញុំ​គិត​ថា​ ​វា​នឹង​បន្ត​ធ្វើ​ឲ្យ​ជំនួញប្រទេស​ទាំង​ពីរ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ។ ​គាត់​មក​ច្រើន​ជាង​មុន។ អ៊ីចឹង​គាត់​មា​ន​តម្រូវ​ការ​ក្នុង​ការ​ស្នាក់​នៅ។ ​ក្រៅ​ពី​ជន​ជាតិ​ចិនក៏​មាន​ជន​ជាតិ​ជប៉ុន​ ហើយ​មាននៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ផង​ ចូល​រួម​ជួយ​សហ​ការ​ផង​ដែរ»។​

គួរ​បញ្ជាក់​ថា​ នៅ​គ្រា​ដែល​វីរុស​កូរ៉ូណា​កំពុង​តែ​ផ្ទុះ​ខ្លាំង​នៅ​ប្រទេស​ចិន​ លោក​នាយក​រដ្ឋមន្រ្តី ​ ហ៊ុន សែន​ បាន​ទៅ​ប្រទេស​ចិន​ ហើយ​ពេល​នោះ​ លោក​បាន​ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ប្រទេស​ចិន។ ​ប្រធានា​ធិបតី​ចិន​ លោក ស៊ី ជិនពីង ​បាន​ស្នើ​ឲ្យ​ពិនិត្យ​មើល​ តើ​អ្នក​វិនិយោគ​ចិន​ប្រឈម​បញ្ហា​អ្វី​ខ្លះ​នៅ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ដែល​ជា ​«មិត្ត​ដែក​ថែប»​ របស់​ប្រទេស​ចិន៕