សារព័ត៌មាន​រដ្ឋ​ចិន​ព្រមាន​ថា​ «កលយុគ​នយោបាយ» ​អាច​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា

រូបឯកសារ៖ កម្មករនៅរោងចក្រកាត់ដេរមួយ​ក្នុង​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី០៤ ខែ​សីហា ឆ្នាំ​២០០៧។

សារព័ត៌មាន ​Global ​Times ​​ត្រូវ​បាន​ស្គាល់​ថា ​ជា​កាសែត​មួយ​ក្នុង​ចំណោម​​សារព័ត៌មាន​​​​ផ្លូវការ​នានា​របស់​បក្ស​កុម្មុយនិស្ត​ចិន ​ដែល​តែង​បញ្ចេញ​បទ​វិភាគ ​និង​បទ​វិចារណ​កថា ​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​​របស់​​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​ទៅ​លើ​របៀបវារៈ​សាកល​លោក​នានា។​

នៅ​ពេលដែល​គណបក្ស​ជំទាស់​លំដាប់​ទី​មួយ​នៃ​កម្ពុជា​ប្រឈម​នឹង​ការ​រំលាយចោល ​សារព័ត៌មាន​រដ្ឋ​របស់ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ស្និទ្ធស្នាល​បំផុត​របស់​បក្ស​កាន់​អំណាចគឺ ​គណបក្ស​កុម្មុយនិស្ត​ចិន​ បាន​ចេញ​ផ្សាយ​អត្ថបទ​ទស្សនៈ​វិភាគមួយ​ ​ព្រមាន​ថា​«កល​យុគ​នយោបាយ»​នៅ​ប្រទេស​កម្ពុជា​ អាច​នឹង​ជះ​ផល​ប៉ះ​ពាល់​ដល់​ភាព​ជោគ​ជ័យនៃ​សេដ្ឋ​កិច្ចដ៏លេច​ធ្លោ​របស់​កម្ពុជា។​

ក្នុង​អត្ថបទ​ទស្សនៈវិភាគមួយ​ដែល​មាន​ចំណង​ជើង​ថា​ «កលយុគនយោបាយទំនងជាគំរាមកំហែងសមិទ្ធផលសេដ្ឋកិច្ចដែលសម្រេចបាន​ដោយ​លំបាក​របស់​កម្ពុជា» សរសេរ​ដោយ​ឈ្មោះ​ Hu ​Weijia ​ស្មេរ​ព័ត៌មាន​នៃ ​Global Times ​កាសែតផ្លូវការមួយ​នេះ​បានលើកឡើង​អំពី​ដំណើរ​វិវត្ត​ចុង​ក្រោយ​នៅ​ប្រទេស​កម្ពុជា​ ​ដោយរ៉ាយរ៉ាប់អំពីដំណើរឈានទៅរកការរំលាយគណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គូ​ប្រជែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និងការ​ដេញ​ចាប់ចង​អ្នក​នយោបាយជំទាស់ ​ខណៈ​ដែល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ខិត​ជិត​មក​ដល់។​

សារព័ត៌មាន ​Global ​Times ត្រូវ​បាន​ស្គាល់​ថា ​ជា​កាសែត​មួយ​ក្នុង​ចំណោមសារព័ត៌មានផ្លូវការ​នានា​របស់​បក្ស​កុម្មុយនិស្ត​ចិន ​ដែល​តែង​បញ្ចេញ​បទ​វិភាគ ​និង​បទ​វិចារណ​កថា ​ឆ្លុះ​បញ្ចាំង​ពី​ជំហររបស់រដ្ឋាភិបាលក្រុង​ប៉េកាំង​ទៅ​លើ​របៀបវារៈ​សាកល​លោក​នានា។​

​អត្ថបទ​ទស្សនៈ​ខាង​លើ​របស់ ​Global​ Times​ ​ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ទាំង​ស្រុង​ថា៖​

«ស្ថិរភាព​នយោបាយ​ជា​ប្រការ​មួយ​ចាំ​បាច់​សម្រាប់​វិបុលភាព ​និង​ការ​អភិវឌ្ឍ​នៃ​ប្រជាជាតិ​មួយ។ ​ហើយ​សម្រាប់​ប្រទេស​ដូចជា​កម្ពុជា​ ក្នុង​កាលៈទេសៈ​ដែល​សេដ្ឋកិច្ច​ត្រូវ​បាន​ទ្រទ្រង់​ជា​ប្រពៃណី​ដោយ​វិស័យ​ទេសចរណ៍ ​និង​ការ​នាំ​ចេញ​នៃវិស័យ​កាត់ដេរ ​ការ​បណ្ដែត​បណ្ដោយ​ឱ្យ​ស្ថានការណ៍​នៅ​កម្ពុជា​រអិល​ធ្លាក់​ចុះ​យ៉ាង​គំហុក​បែប​នេះ ​នឹង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​ទេសចរ​ និង​វិនិយោគិន​បរទេស»។

រូបឯកសារ៖ បុរសម្នាក់​អានកាសែត Global Times ដែល​ជា​សារព័ត៌មាន​រដ្ឋ​របស់ប្រទេស​ចិន។

​អត្ថបទ​ដដែល​ក៏​បាន​បង្ហាញ​អំពី​ការធ្លាក់ចុះ​ជាបន្តបន្ទាប់នៃទំនាក់ទំនងរវាង​កម្ពុជា​ ​និងសហរដ្ឋ​អាមេរិក​ ​ដែលនាំឱ្យ​«គេ​មិន​អាច​ទាត់​ចោល​បាន​នោះ​ទេ ​នូវលទ្ធភាពនៃការដាក់ទណ្ឌ​កម្មលើការ​នាំ​ចេញផលិតផលវាយន​ភ័ណ្ឌកម្ពុជាទៅកាន់​សហរដ្ឋ​អាមេរិក»។

ប្រទេស​ចិន​ជា ​ប្រទេស​ដាក់​ទុន​វិនិយោគ​ធំ​បំផុត​ទៅ​លើ​វិស័យ​កាត់ដេរ​ ដែល​មាន​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​នាំ​ចេញ​របស់​កម្ពុជា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

រី​ឯ​សហរដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ ​ដែល​ជា​អ្នក​បញ្ជា​ទិញ​ផលិត​ផល​ប្រមាណ​ ៦០ភាគ​រយ​នៃ​ការ​នាំ​ចេញសរុប​របស់​កម្ពុជា​កាលពី​ឆ្នាំ​ទៅ​មិញ ​បាន​ព្រមាន​ ​និង​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​បន្ត​បន្ទាប់​លើ​ស្ថានការណ៍​នយោបាយ​កម្ពុជា ​និង​ទាមទារម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​មាន​ការ​ដោះលែង​លោក ​កឹម ​សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​និងចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​នឹង​សហរដ្ឋ​អាមេរិក​ ដើម្បី​រៀប​គម្រោង​ការណ៍​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​ជា​បទ​ចោទ​ដែលនាំ​ឱ្យសូម្បី​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​មូល​ ក៏​ត្រូវ​ប្រឈម​នឹង​ការ​សម្រេច​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​ផង​ដែរ។

ប្រទេស​ស៊ុយអែត​កាលពី​សប្ដាហ៍​មុន​ បាន​ក្លាយ​ជា​រដ្ឋ​សមាជិក​នៃ​សហភាពអឺរ៉ុប​ ឬ​ជា​ប្រទេស​បស្ចិមប្រទេស​ទី​មួយ​ ដែលព្រមានសើរើ​ទំនាក់ទំនង​ទាំង​ឡាយ​ទាំង​ពួង​ជាមួយ​ប្រទេស​កម្ពុជា​ ល្គឹក​ណា​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កាន់កាប់​អាសនៈ​រដ្ឋ​សភា​ចំនួន​៥៥ ​និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប្រមាណ ​៥.០០០ ​ពិត​ជា​ត្រូវ​រំលាយ​ពិត​មែន​នោះ។

Global ​Times​ ​របស់​បក្ស​កុម្មុយនិស្ត​ចិន​បាន​សរសេរ​បន្ត​ក្នុង​ន័យ​ដើម​ទាំង​ស្រុង​ថា៖ «ការ​រិះគន់​ពី​បណ្ដា​រដ្ឋ​នៅ​បស្ចិមលោក ​អាច​នឹង​បង្ក​ជា​ពពក​ខ្មៅ​គ្របដណ្ដប់​លើសេដ្ឋកិច្ច​ទៅ​ថ្ងៃ​អនា​គត​របស់​ប្រទេសកម្ពុជា»។ ​

កាសែត​រដ្ឋ​ចិន​បាន​បន្ថែម​ថា ​«ដំណោះ​ស្រាយ​សម​ស្រប» ​ចាំ​បាច់​ត្រូវ​តែ​មាន​សម្រាប់​ឆ្លើយ​តប​នឹង​ការ​បន្ធូរ​បន្ថយភាព​តាន​តឹង​នៅ​ប្រទេស​កម្ពុជា ​ដើម្បី​ធានា​ការពារ​ស្ថិរ​ភាព​កំណើន​នៅ​កម្ពុជា ​ដោយ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖​

​«ក្នុង​នាម​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​នៃប្រទេស​កម្ពុជា ​ប្រទេស​ចិន​នឹង​ពិនិត្យ​តាមដាន​យ៉ាង​ដិត​ដល់​ ទៅ​លើ​ស្ថានការណ៍នៃប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​ហើយ​នឹង​ផ្ដល់​ឱ្យ​ប្រកប​ដោយ​ឆន្ទៈ ​នូវ​ជំនួយ​ចាំបាច់​នានា»។​

​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​ ​គេ​សង្កេត​ឃើញ​ថា​ ​រដ្ឋា​ភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​ហាក់​មាន​ទំនោរ​ទៅ​រក​ប្រទេស​ចិន​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​ ​ហើយ​ជំនួយ​និង​កម្ចី​ ​ជា​ច្រើន​លាន​ដុល្លារ​ ​ត្រូវ​បាន​ផ្តល់​ឱ្យ​កម្ពុជា​ ​ពី​សំណាក់​ចិន​ជា​បន្តបន្ទាប់។​ លោក​ ហ៊ុន សែន​ ​កាល​ពី​ខែ​កន្លង​ទៅ​ក៏​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ ​សិក្សា​ភាសា​ចិន​ឱ្យ​បាន​ច្រើន​ ​ហើយ​ថា​ កម្ពុជា​កំពុង​ព្យាយាម​នាំ​ទំនិញ​វាយនភណ្ឌ​របស់​ខ្លួន​ទៅ​កាន់​ប្រទេសកុម្មុយនិស្ត​នេះ​ ​ឱ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។

សម្រាប់​ការ​ពិនិត្យ​លើ​បរិបទ​ ​និង​សាវតារ​ជា​ប្រវត្តិសាស្ត្រ​ពី​ការ​ជួយ​គាំពារ​របស់​ចិន​មក​លើ​កម្ពុជា​ ​ចិន​តែង​បង្ហាញ​នូវ​ការបត់​បែន​ជានិច្ច​ ដោយ​ផ្ដល់​អាទិភាព​ទំនាក់ទំនង​ទៅ​នឹង​បណ្ដា​ក្រុម​បក្ស​នយោបាយ ​ឬ​របប​ដែល​នៅ​អាច​ឱ្យ​ចិន​ប្រើ​អំណាចស្រទន់​ទាញ​យក​ប្រយោជន៍​សម្រាប់​ម៉ាស៊ីន​សេដ្ឋកិច្ច ​និង​នយោ​បាយ​របស់​គេ។ ​នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក ​ឯម សុវណ្ណារ៉ា ​អ្នក​អត្ថាធិប្បាយ​នយោបាយ​នៅ​ទី​ក្រុង​ភ្នំពេញ ​ដែល​បាន​និយាយ​ថា ​វា​ហាក់​ថា​ គ្មាន​សារព័ត៌មាន​រដ្ឋណា​មួយ​នៅចិន ​ដែល​អាច​បញ្ចេញ​អត្ថបទ​ទស្សនៈ​និយាយ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​រដ្ឋ​នោះ​ទេ។​

អ្នក​វិភាគ​រូប​នេះ​បញ្ជាក់​ប្រាប់ VOA ថា៖​

«អ៊ីចឹង​បើ​សិន​ជា​សារ​ព័ត៌មាន​ចិន​ចេញ​ជំហរ​នេះ​មួយ​ ឬ​ក៏​ហៅ​ថា​ ជា​បទ​វិចារណកថា ​ខ្ញុំ​វា​មិន​បាន​ឃើញ​ទេ ​តែ​បើ​ចេញ​អ៊ីចេះវា​បង្ហាញ​ពី​ការ​គាំទ្រ​មួយ​របស់​ពលរដ្ឋ​ចិន ​របស់​រដ្ឋាភិបាល​ចិន ​ដែល​គិត​ពិចារណា​ ការ​ឈរ ​ការ​ងាក​គាំទ្រ​ទៅ​លើ​អ្នកនយោបាយ​នៅ​ប្រទេស​ណា​មួយ​ហើយ! ​វា​មិន​ថា​ទាំង​ស្រុង​ទេ ​ក៏​ប៉ុន្តែ​វា​បញ្ជាក់​ពី​ជំហរ​នៃ​ការ​ចង់​បាន​របស់​ចិន»។​

គេ​ហាក់​មិន​ទាន់​ឃើញ​សញ្ញា​ណាមួយ​ដែល​គូស​បង្ហាញ​អំពី​ភាពថមថយ​យុទ្ធនាការ​ទាញ​ទម្លាក់​បង្ក្រាប​ទៅ​លើ​គណ​បក្សសង្គ្រោះ​ជាតិ​ឡើយ។​ ស្រប​ពេល​ដែល​ពាក្យ​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​កំពុង​ស្ថិត​ក្នុង​ដៃនៃតុលាការ​កំពូល ​កាល​ពី​ថ្ងៃ​អាទិត្យ ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​ទស្សន៍ទាយ​ទុក​ថា ​ការរំលាយគណបក្សសង្គ្រោះជាតិ​ទំនង​ជា​ជៀស​មិន​ផុត​នោះ​ទេ​ ម្ល៉ោះ​ហើយ​លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានអំពាវនាវ​ឱ្យបណ្ដាសមាជិក​បក្ស​ជំទាស់​ដែល​កាន់​កាប់​អាសនៈ​សភា ​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ រិះ​រក​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច ដើម្បីរក្សា​តំណែង​អាសនៈ​របស់​ពួក​គេ ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ទៅ​បាត់។

ក្រុម​អ្នក​រិះគន់​ទៅ​លើ​ការ​បង្ក្រាប​ក្រុម​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា ​បាន​ដាក់​ការ​ស្ដី​បន្ទោស​ជា​បន្ត​បន្ទាប់​ទៅ​លើភាពជិតស្និទ្ធរបស់​កម្ពុជា​ទៅ​កៀក​នឹង​ចិន​ប៉េកាំង ​ថា​ជា​ដើមចម​ដែលនាំ​ឱ្យ​ទីក្រុង​ភ្នំពេញ​ហ៊ាន​ដំឡើង​សរសៃ​ក​ដាក់​ប្រទេសលោក​ខាង​លិច ​និង​ដែល​នាំ​ឱ្យ​ស្ថានការណ៍​នយោបាយ​កាន់​តែ​មាន​សភាព​ផុយស្រួយ​ ខណៈ​ដែល​មានការកាន់តែខិតជិតមក​ដល់ការ​បោះ​ឆ្នោត​ជាតិឆ្នាំ​២០១៨ ​ដែល​អាច​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ប្រផិត​ប្រផើយ ​ប្រសិន​ជានៅ​មានបក្សសង្គ្រោះជាតិ​អាច​ប្រកួត​ប្រជែង​ក្នុង​ពេល​ ៩​ខែ​ខាង​មុខ។

នៅ​មិន​ដល់​ប៉ុន្មាន​ថ្ងៃ​ផង​ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ទាំង​កណ្ដាល​រាត្រី​កាល​ពី​ខែ​កញ្ញា ​អ្នកការទូតចិនជាន់​ខ្ពស់​មួយ​រូបគឺលោក ​Wang ​Jiarui ​អនុ​ប្រធាន​ការិយាល័យ​ប្រឹក្សា​នយោបាយ​ប្រជាជន​ ​នៃបក្ស​កុម្មុយនិស្ត​ចិន​ បានប្រកាស​ក្នុងដំណើរទស្សន​កិច្ច​របស់​លោក​ថា​ ចិន​នឹង​នៅ​ជួយ​ទ្រទ្រង់​កម្ពុជា ​ការពារ​រក្សា​នូវ​សន្តិសុខ​ផ្ទៃ​ក្នុង​របស់​ខ្លួន។

រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

ក្នុង​លិខិត​មួយ​ដែល​គេ​អះអាង​ថា​ ផ្ញើ​ចេញ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដើម្បី​រំឭក​ខួបទី២៦នៃ​កិច្ច​ព្រម​ព្រៀងទីក្រុង​ប៉ារីស ​លោក​ ​កឹម សុខា​ ​បាន​ថ្លែង​ថា​ ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​បាន​នឹង​កំពុង​រុញ​កម្ពុជា​ត្រឡប់​ទៅភាពឯកោ​ផ្នែក​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​ដូច​សម័យ​កាល​នៅ​មុន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​វិញ។​

​លិខិត​របស់​លោក​ ​កឹម សុខា​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ទាំង​ស្រុង​ថា៖

​«ខ្ញុំ​យល់​ថា ​ប្រសិន​សហគមន៍​អន្តរជាតិ​ក៏​ដូច​ជា​ភាគី​ខ្មែរ​ទាំងអស់ ​មិន​រក​ដំណោះ​ស្រាយ​ឱ្យ​ទាន់​ពេល​វេលា​ទេ ប្រទេសកម្ពុជានឹង​វិល​ថយ​ក្រោយ​វិញ​ ដែល​នាំ​ឱ្យ​កម្ពុជា​បាត់​បង់​ប្រយោជន៍ ​និង​យឺត​យ៉ាវ​ក្នុង​ការ​អភិវឌ្ឍ»។

​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​មិន​អាច​ត្រូវ​បាន​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ ​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក​ ​សុខ ​ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​ថា ការ​លើក​ឡើង​របស់​កាសែត​ដែល​ស្និទ្ធ​នឹងគណបក្សកុម្មុយនិស្ត​ចិន ​មិន​មាន​លក្ខណៈ​ផ្លូវការ​ ដែល​អាច​យក​ជា​ជំហរ​រួម​របស់​រដ្ឋាភិបាល​ចិន​បាន​នោះ​ទេ​ ហើយ​លោក​ថា ​ជំហរដែល​បាន​ប្រកាស​ជា​ផ្លូវការ​ដោយលោក ​Wang​ Jiarui ​តាំង​ពី​ខែកញ្ញា​ ពុំ​មាន​អ្វី​ប្រែ​ប្រួល​នោះ​ទេ ​ហើយទីក្រុង​ប៉េកាំង​ក៏​មិន​បាន​ស្វះស្វែង​រក​ការ​អន្តរាគមន៍​ផ្លូវ​កាត់​ណា​មួយ ​ជួយ​សម្រុះ​សម្រួល​បញ្ហា​នយោបាយ​កម្ពុជា​នោះ​ទេ។

លោក​ ​សុខ ​ឥសាន ថ្លែង​ប្រាប់ VOA ថា៖​

​«នៅ​ដដែល ​អត់​មាន​បញ្ហា​អី​ផង។ ​បាទ! ​អាហ្នឹង​ហើយ​ជា​តំណាង​ប្រជាជន។ យើង​ទៅ​យក​អ្នក​សារព័ត៌មានម្នាក់​មកធ្វើ​តំណាងឆន្ទៈ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​[ចិន]​ម្ដេច​ម៉េច​កើត»។ ​

​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ក៏​បាន​បន្ថែម​ដែរ​ថា៖

​«ខ្ញុំ​យល់​ថា ​អ្នក​កាសែត ​អ្នក​សារព័ត៌មាន ​វា​មិនកំណត់អឺ ​គាត់​ថា​ អី​ចេះ​តែ​ត្រូវ​នោះ​ទេ ​ពីព្រោះអាហ្នឹងជាការបញ្ចេញមតិជាឯកជន​របស់​គាត់ ​តាម​ការ​យល់​ឃើញ​របស់​គាត់ ​ទោះ​បី​គាត់​នៅ​ចិន​ក៏​ដោយ ​គាត់នៅ​លោក​ខាង​លិច​ក៏​ដោយ ​ក៏មិនអាចចាត់​ទុកថា ​ត្រូវមួយ​រយ​ភាគរយ​ដែរ។ ​អរគុណ​ហើយ​ដែល​គាត់​ព្រួយ​បារម្ភ​អំពី​សភាពការណ៍​ក្ដៅ​នៅ​កម្ពុជា»។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ (ហ៊ាន សុជាតា/VOA)

លោក​ ​សុខ ​ឥសាន​ ​បាន​បញ្ជាក់​ថា ​ប្រធាន​រឿង​គណបក្ស​សង្គ្រោះ​ជាតិ ​ជា​រឿង​ផ្ទៃ​ក្នុង ​ប៉ះ​ពាល់​ត្រឹម​គណបក្ស​សុទ្ធ​សាធ ​ហើយមិន​អាច​ចាត់​ចូល​ជា ​កលយុគ ​ឬ​បញ្ហា​នយោបាយ​សម្រាប់​ជាតិ​ទាំង​មូល​នោះ​ទេ ​ហើយ​ថា ​បើ​គណបក្ស​ប្រឆាំងត្រូវរំលាយ ​លោក​ក៏​ជឿ​ជាក់​ថា ​វា​ហាក់​គ្មាន​អ្វី​បារម្ភ​ឡើយ​អំពី​ឥទ្ធិពល ​និង​ទំនាក់ទំនង​នៃ​ការ​រំលាយ​នៃលំហ​អនុគ្រោះពន្ធ​លើ​ការ​នាំ​ផលិតផល​សម្រេច​ចេញ​ពី​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​នៅ​បណ្ដា​ប្រទេស​លោក​ខាង​លិច​នោះ​ដែរ។

ការ​ចេញ​ផ្សាយ​អត្ថបទ​ទស្សនៈ​អំពី​បញ្ហា​នយោបាយ​នៅ​ប្រទេស​កម្ពុជា​របស់​សារព័ត៌មាន ​Global ​Times​ នេះ ធ្វើ​ឡើង​នា​ពេល​មិន​ដល់​ប៉ុន្មាន​ផង ​ក្រោយ​ពី​បក្ស​កុម្មុយនីស្ដ​ចិន​បាន​បិទ​បញ្ចប់នូវ​មហា​សន្និបាតបក្សជា​ប្រវត្តិសាស្ត្រ​លើក​ទី១៩ ​ដែល​ជា​ចំណុច​របត់​មួយ​ជះ​ឥទ្ធិពល​ដល់​របៀប​វារៈ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​របស់​ចិន ​ខណៈដែល​លោក​ប្រធានាធិបតី ​ស៊ី ​ជីនពីង (Xi Jinping) ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​បាន​ស្រវា​ក្ដោប​យក​អំណាច​គ្រប់គ្រង​បក្សយ៉ាងណែន​ជាង​មុន ​ក្លាយ​ជា​អ្នក​នយោបាយ​មាន​អំណាច​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ប្រជាមានិត​សម័យ​ទំនើប​ ​តាំង​ពី​ជំនាន់​ ​លោកប្រធាន​ស្ថាបនិក​របស់​គណបក្ស ​ម៉ៅ សេទុង​មក៕​