មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ប្តឹង​មន្រ្តី​សិទ្ធិមនុស្ស​​រឿង​ជនភៀស​ខ្លួន​ម៉ុងតាញ៉ា

ក្នុង​រូបថត​ឯកសារ​នេះ ជនជាតិ​ម៉ុងតាញ៉ា​ដើរ​ចេញ​ពី​ក្នុង​ព្រៃ​​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​រតន​គីរី​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ព្រំដែន​វៀតណាម កាល​ពី​ឆ្នាំ​២០០៤ ក្រោយ​​ពី​បាន​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម។

មន្ត្រី​អង្គការអាដហុក​ប្រចាំ​ខេត្ត​រតនគីរី​ ដែល​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជាបាន​ចាប់​ខ្លួន​ជនជាតិ​ម៉ុងតាញ៉ា​ចំនួន​៩​នាក់​ ក៏​ប៉ុន្តែ​មាន​៤​នាក់​បាន​រត់​គេច​ខ្លួន​រួច​ពី​ការ​ចាប់​របស់​ក្រុម​សមត្ថកិច្ច។​

ការ​អះអាង​នេះ​បាន​បង្ក​ឲ្យមាន​ប្រតិកម្ម​ពីមន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ ដែល​បាន​គំរាម​ថា​ នឹង​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​អាដហុក​ ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ រាយការណ៍​មិន​ពិត​ស្តី​ពីជនភៀស​ខ្លួន​មក​កម្ពុជា។​

លោក​ ឆាយ ធី​ អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី​ បាន​បញ្ជាក់​ថា​ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ក្រុម​សមត្ថកិច្ច​ដែល​រួម​មាន​ប៉ូលិស​ និង​មន្ត្រី​យោធា​ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិ​ មាន​គ្នា​ប្រមាណ​២០​នាក់​បាន​ព័ទ្ធ​ចាប់​ជន​ជាតិ​ម៉ុងតាញ៉ា​ចំនួន​៥នាក់​ ដែល​រួម​មាន​ឪពុក​ ម្តាយ ​និង​កូន​តូចៗ​ចំនួន​៣​នាក់។​

លោក​បាន​បញ្ជាក់​ថា ​រហូត​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ​ លោក​មិន​ទាន់​ដឹង​ថា​ សមត្ថកិច្ច​កម្ពុជាបញ្ជួន​ពួក​គេ​ទៅ​កាន់​ប្រទេស​វៀតណាម​ឬ​ក៏​យក​ពួកគេ​ទៅ​កន្លែង​ណា​ទេ។ ​លោក​បាន​បញ្ជាក់​ថា ​ក្រុម​មន្ត្រី​របស់​លោក​បាន​ព្យាយាម​តាម​រក​ដែរ​ តែ​រក​មិន​ឃើញ។​

លោក​និយាយ​ថា៖​ «បាទ​យើង​ឃើញ​ថា​ ការ​ចាប់​ខ្លួន​នេះ​វា​ធ្វើ​ទៅ​មាន​ការរំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​មាន​ការ​រំលោភ​ទៅ​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១»។​

លោក ​ឆាយ ធី ​មាន​ប្រសាសន៍​ថា ក្នុង​ការ​ចាប់​ខ្លួន​នេះ​ ដំបូង​សមត្ថកិច្ច​ចាប់​បាន​ជន​ជាតិ​ម៉ុងតាញ៉ា​ចំនួន​៩​នាក់​ ក៏​ប៉ុន្តែ​ក្រោយ​មក​មាន​ជន​ជាតិ​ម៉ុងតាញ៉ា​៤នាក់​បាន​រត់​រួច​ ដែល​ធ្វើ​ឲ្យចំនួន​ជនជាតិ​ម៉ុងតាញ៉ា​នៅ​សល់​តែ​២៧​នាក់​ប៉ុណ្ណោះ​ដែល​បាន​មក​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី។​

លោក​មាន​ប្រសាសន៍​ថា ​មានជន​ជាតិ​ម៉ុងតាញ៉ា​ចំនួន​ប្រមាណ​៣២​នាក់​បាន​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុម្នេញ​ពី​អាជ្ញាធរ​វៀត​ណាម​មក​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី​ ចាប់​តាំង​ពី​ដើម​ខែ​មករា​រហូត​មក​ដល់​ដើម​ខែកុម្ភៈ។​

វីអូអេ​បានព្យាយាម​ទាក់​ទង់​លោក​នួន កឿន​ ស្នង​ការ​ប៉ូលិស​ខេត្ត​រតនគីរី​ដើម្បីស្នើ​សុំ​សេច​ក្តី​អត្ថាធិប្បាយ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ។​ ក៏​ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​នាយ​ឧត្តមសេនីយ៍​ឯក ​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យដឹកថា​ ក្រុម​សមត្ថកិច្ច​កម្ពុជា​មិន​បាន​ចាប់​ខ្លួន​ជនជាតិ​ម៉ុងតាញ៉ា​បញ្ជូន​ទៅ​វិញ​ទេ។​

លោក​បាន​ទទួល​ស្គាល់​ថា​ កម្ពុជា​បាន​ចាប់​ខ្លួន​ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ដែល​បាន​មក​ធ្វើ​ចម្ការក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​ តែ​ពួក​គេ​មិន​មែន​ជា​ជន​ជាតិ​ម៉ុងតាញ៉ា​ ដែល​បានស្វែង​រក​សិទ្ធិ​ជ្រក​កោណ​ផ្នែក​នយោបាយ ដោយ​គេច​ពី​ប្រទេស​វៀតណាម​មក​កាន់​កម្ពុជា​ទេ។​

លោក​បាន​ព្រមាន​ថា​ នឹង​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវច្បាប់​ប្តឹង​មន្ត្រី​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​បាន​អះអាង​ថា​ ពួក​គេ​ជា​ជន​ជាតិ​ម៉ុងតាញ៉ា​ស្វែងរក​សិទ្ធិជ្រក​កោន​នោះ​ទេ។​

លោក​និយាយ​ថា៖​ «អត់​មាន​ម៉ុងតាញ៉ា​ទេ​ សុំ​ឲ្យអាដហុក​បញ្ជាក់​ឲ្យច្បាស់​ ហើយ​បើ​មិន​ដូច​នេះ​ទេ​ យើង​ខ្ញុំ​នឹង​ប្តឹង​ទៅ​តុលាការ​ពី​ការ​ចោទ​ប្រកាន់​ដែល​បម្រើហេតុ​ផល​នយោបាយ»។​

កាល​ពី​ចុង​ឆ្នាំ​២០១៤​ មាន​ជនជាតិ​ភាគ​តិចចារ៉ាយ​ចំនួន​១៣​នាក់ភៀសខ្លួន​មក​ពី​ប្រទេស​វៀតណាម ​ហើយ​ដែលមន្ត្រីអង្គការ​សិទ្ធិ​មនុស្ស​អាដហុកអះ​អាង​ថា​ ជា​ជន​ជាតិ​ម៉ុងតាញ៉ា។ ​ក្រោយមកពួកគេ​ត្រូវ​បាន​អង្គការ​សហ​ប្រជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​រក​ឃើញ ​ហើយបាន​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា។​

ជនជាតិ​ម៉ុងតាញ៉ា១៣​នាក់​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ​នៅ​ឡើយ។​

លោក​នាយ​ឧត្តមសេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃមាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ក្រសួង​មហាផ្ទៃ​កំពុង​រង់​ចាំ​របាយ​ការណ៍​វាយ​តម្លៃថា​ តើ​ជនជាតិ​ភាគតិច​វៀតណាម​ទាំង​១៣​នាក់ជាជន​ជាតិ​ម៉ុងតាញ៉ា​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ពិត​ប្រាកដ ឬ​យ៉ាង​ណា៕