សមត្ថកិច្ច​ប៉ូលិស​អះអាង​ពី​ការ​ខ្នះខ្នែង​តាម​ចាប់​ខ្លួន​ឈូក បណ្ឌិត​

លោក​ ឈូក បណ្ឌិត​​ អតីត​អភិបាល​ក្រុង​បាវិត ​បាន​រត់​គេច​ខ្លួន​ បន្ទាប់​ពី​បាន​បាញ់​កម្មការិនី​ចំនួន​បី​នាក់​រង​របួស​ នៅ​ក្នុង​ព្រឹត្តិការណ៍​​បង្រ្កាប​ការ​តវ៉ា​របស់​ក្រុម​កម្ម​ករ​ ដែល​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ដើម្បី​ទាម​ទារ​​លក្ខខណ្ឌ​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ស្វាយរៀង ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​​ឆ្នាំ​​២០១២។​​ (រូបថត៖ ហេង រស្មី)

អាជ្ញាធរ​ប៉ូលិស​កម្ពុជា​អះអាង​ថា​ខ្លួន​កំពុង​ធ្វើការ​ដោយ​មិន​មាន​ការ​ធ្វេស​ប្រហែល​និង​បន្ធូរ​ដៃ​ទេ​ក្នុង​ការ​តាម​រក​ចាប់​ខ្លួន​ទណ្ឌិត​ឈូក បណ្ឌិត​ ក្នុង​សំណុំរឿង​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​លើ​កម្មការិនី​រោងចក្រ​ចំនួន​បី​នាក់។​

លោក​ឧត្ដមសេនីយ៍​ឯក​ គៀត ច័ន្ទថារិទ្ធិ​ អ្នកនាំពាក្យ​ប៉ូលិស​ជាតិបាន​ថ្លែង​តាម​សារ​វីដេអូមួយ​ផ្សាយ​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ប្រទេស​កម្ពុជា​ ​បាន​ស្នើ​សុំ​ទៅ​អគ្គលេខាធិការ​នគរបាល​អន្តរជាតិ​ អាំងទែប៉ូល ​ដើម្បី​ចេញ​និវេទ​ក្រហម​ទៅ​ប្រទេស​ជាង​១៩០ ​តាម​ចាប់​ខ្លួន​ជន​នោះ​ហើយ។​

លោក​ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត ​នៃ​ខេត្ត​ស្វាយរៀងដែល​មក​ពី​កូតា​គណបក្ស​ប្រជាជនកម្ពុជា​ត្រូវ​បាន​តុលាការ​កាត់​ទោស​នៅ​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១៣​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ​ដោយ​សារ​បាន​បាញ់​ឱ្យ​របួស​កម្មការិនី​ចំនួន​៣នាក់​ក្នុង​ពេល​ដែល​ពួកគេ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​កាល​ពីឆ្នាំ​២០១២។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​លោក​ឈូក បណ្ឌិត​នៅ​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​ដែល​នាំ​ឱ្យ​ជនរងគ្រោះ​ទាំង​បី​នាក់​បាន​ដាក់​ពាក្យ​ប្តឹង​មក​រដ្ឋ​សភាជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​សុំ​អន្តរាគមន៍​តាម​ចាប់​ខ្លួន​និង​ទាមទារ​យុត្តិធម៌។ ពួកគេ​បាន​ប្រៀបធៀប​សំណុំ​រឿង​របស់​ពួកគេ​ជាមួយ​នឹង​សំណុំរឿង​កញ្ញា​ឯក សុជាតា​ហៅ​សាសា​អតីត​ពិធីការិនី​ទូរទស្សន៍​ដែល​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល​នៅ​ពេល​ដែល​នាង​ត្រូវ​ឧកញ៉ា​ សុខ ប៊ុន ​វាយ​តប់​ធ្វើ​បាប​យ៉ាង​សាហាវ​ឃោរឃៅ។​

លោក​ គៀត ច័ន្ទថារិទ្ធិ​បាន​បញ្ជាក់​ថា៖

«ក្រសួង​មហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​នឹង​បន្ត​ដុតដៃ​ដុត​ជើង​រឿង​នេះ​ឱ្យ​ចប់​ចុង​ចប់​ដើម​គឺ​ថា​ធ្វើ​ម៉េច​ឱ្យ​ជនរងគ្រោះ​ក្មួយៗ ​ប្អូនៗ​ជា​កម្មការិនី​បាន​ទទួល​យុត្តិធម៌​ដូច​អ្វី​ដែល​ក្មួយៗ​និង​ប្អូនៗ​បាន​ទាមទារ​អញ្ចឹង»។

លោក​គៀត ច័ន្ទ​ថា​រិទ្ធិក៏​បាន​អំពាវនាវ​ឱ្យ​មហាជន​ចូលរួម​ផ្តល់​ព័ត៌មាន​ជាក់​លាក់​ដែល​អាច​តាម​ចាប់​ខ្លួន​លោក​ឈូក បណ្ឌិត​បាន ​ដោយ​លោក​បញ្ជាក់​ថា​កន្លង​មក​អាជ្ញាធរ​ទទួល​បាន​ព័ត៌មាន​ពី​កន្លែង​លាក់​ខ្លួន​ហើយ​ប៉ុន្តែ​ពេល​ទៅដល់​ជន​រូប​នោះ​បាន​គេច​ខ្លួន​បាត់៕