បញ្ហាជាច្រើនដែលពលរដ្ឋខ្មែរមកពីតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិក និង ប្រទេសកាណាដាសរុប ២.០០០នាក់បានស្តាប់ដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងពេលជួបសំណេះសំណាលនៅរដ្ឋធានីវ៉ាស៊ីនតោន គឺរួមទាំងរឿងទំនាក់ទំនងកម្ពុជា-អាមេរិក រឿងនយោបាយ សេដ្ឋកិច្ច សង្គម សុខាភិបាល និងទំនាក់ទំនងជាមួយប្រទេសជិតខាងផងដែរ។
បញ្ហាទាំងនោះត្រូវបានថ្លែងពីមួយវគ្គទៅមួយវគ្គ តាមលំដាប់លំដោយជាសង្ខេបៗច្បាស់ៗ ដើម្បីជម្រាបពលរដ្ឋដែលបានចូលស្តាប់ដោយផ្ទាល់ក្រោយពីការត្រួតពិនិត្យសន្តិសុខតឹងរ៉ឹង និង ការតម្រូវឱ្យធ្វើតេស្តកូវីដ១៩រហ័ស និងក្រោយពីរបាយការណ៍សង្ខេបពីលោក កែវ ឈា ឯកអគ្គរាជទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិកផងនោះ។
ចាប់ផ្តើមពីបញ្ហាសំខាន់មួយចំនួន ដែលរួមមានការគិតគូររឿងធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណជូនពលរដ្ឋដែលនៅក្រៅប្រទេស ដោយបានផ្តល់ភារកិច្ចភ្លាមៗជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជារដ្ឋមន្ត្រីការបរទេស ដើម្បីពិនិត្យលទ្ធភាពនេះនិងធ្វើកិច្ចការជាមួយក្រសួងមហាផ្ទៃ។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងសាលប្រជុំដ៏ធំនៃសណ្ឋាគារក្រុងវ៉ាស៊ីនតោនមួយថា៖ «មានរឿងមួយគួរចាប់អារម្មណ៍ហើយ «ត្រូវតែដោះស្រាយ» រវាងក្រសួងការបរទេស ហើយនិងក្រសួងមហាផ្ទៃ។ ក្រសួងការបរទេសមានផ្នែកកុងស៊ុល ក្រសួងមហាផ្ទៃមានខាងផ្នែកអន្តោប្រវេសន៍ និងអត្តសញ្ញាណកម្ម ជាពិសេសផ្នែកអត្តសញ្ញាណកម្ម គឺបងប្អូនមកនេះគឺអត់មានសញ្ជាតិខ្មែរទេ ព្រោះមកតាំងពីតូច អត់មានការចុះបញ្ជីឈ្មោះនៅក្នុងស្រុកទេ អ៊ីចឹងត្រូវធ្វើម៉េចឱ្យបងប្អូននេះ អាចមានអត្តសញ្ញាណបណ្ណខ្មែរបាន (សំឡេងទះដៃ)»។
រដ្ឋាភិបាលកម្ពុជា បានសម្រួលទិដ្ឋាការអចិន្ត្រៃយ៍ឡើងវិញសម្រាប់ពលរដ្ឋកម្ពុជានៅក្រៅប្រទេសដែលជាជនជាតិខ្មែរផងដែរ ក្រោយពីការផ្អាកមួយរយ:ពេលខ្លីដោយសារជំងឺកូវីដ១៩រាតត្បាត។ ពលរដ្ឋខ្មែរជាច្រើនដែលរស់នៅក្រៅប្រទេស ទាំងសហរដ្ឋអាមេរិក កាណាដា បារាំង និងប្រទេសផ្សេងៗទៀត ត្រូវគេដឹងថាបានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្បីទៅលេងស្រុកកំណើត ធ្វើជំនួញ ទិញផ្ទះសម្បែងដើម្បីស្នាក់នៅក្រោយពេលចូលនិវត្តន៍ជាដើម។
បញ្ហាផ្សេងទៀតគឺអំពីទំនាក់ទំនងកម្ពុជាជាមួយអាមេរិកគឺលោក ហ៊ុន សែន បានបញ្ជាក់ថា បានឈានដល់ចំណុចខ្ពស់បំផុតក្នុងរដ្ឋាភិបាលរបស់លោក។
នាយករដ្ឋមន្ត្រីខ្មែររូបនេះអះអាងថា៖ «ដំបូងយើងគួរតែនិយាយថាទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក បានដើរដល់ចំណុចកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ»។
លោកបានបន្តថា ក្រោយឆ្នាំ២០០០ឬក្រោយដំណាក់កាលកម្ពុជារកឃើញសន្តិភាព សហរដ្ឋអាមេរិកមានស្ថានទូតខ្លួនឯង ដោយលែងជួលកន្លែងនៅកម្ពុជា ដែលការមានស្ថានទូតនេះ គឺលោកនាយករដ្ឋមន្ត្រីបានអះអាងថា លោកបានសម្រួលជូននៅដីទីតាំងជិតវត្តភ្នំដែលជាទីតាំងល្អនោះដើម្បីសាងសង់ស្ថានទូត ដែលលោកបញ្ជាក់ថា បើមិនមែនអាមេរិកទេ លោកមិនឱ្យទេព្រោះជាទីតាំងកីឡារបស់យុវជន។ ហើយទី២គឺទំហំពាណិជ្ជកម្មជាមួយអាមេរិកបានកើនឡើងដល់ទៅ៩ពាន់លានដុល្លារសម្រាប់ការនាំចេញពីកម្ពុជា ដែលរឿងនេះលោកស្នើសុំដល់ពលរដ្ឋខ្មែរសម្លឹងមើល ទោះបីជាទំនាក់ទំនងរវាងប្រទេសទាំងពីរ «លិចអណ្តែតៗ» ក្តី។
ក្នុងពេលដែលលោកមិនបានអះអាងពីរឿងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដូចអ្នកវិភាគខ្លះនិងការលើកឡើងរបស់ក្រុមអ្នកជំទាស់ដែលបាននិយាយពីភាពល្អក់កករខ្លះដែលត្រូវប៉ះទង្គិចទំនាក់ទំនងជាមួយអាមេរិកនោះ លោកនាយករដ្ឋមន្ត្រីបានអះអាងដោយយោងទៅលើបញ្ហាខ្លះ ដែលលោកថាលិចអណ្តែតៗ។ ការណ៍នោះ គឺការផ្អាកសមយុទ្ធយោធាឆ្នាំ២០១៧ ជាឆ្នាំបោះឆ្នោត ដែលអាមេរិកច្រឡំថាកម្ពុជាលុបសមយុទ្ធយោធារវាងកម្ពុជា និងអាមេរិក ទៅធ្វើជាមួយចិន។ ហើយបញ្ហាមួយទៀតគឺការយល់ច្រឡំអំពីការបង្កើតមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា ដែលលោកនាយករដ្ឋមន្ត្រីបានអះអាងថា លោកខំពន្យល់អាមេរិក ហើយលើកយករដ្ឋធម្មនុញ្ញកម្ពុជាមកបញ្ជាក់ពីអធិបតេយ្យភាព អព្យាក្រឹតភាព កម្ពុជា ដោយបន្ថែមថាកម្ពុជាមិនត្រូវការកងទ័ពបរទេសទេ គឺត្រូវការវិនិយោគ ពាណិជ្ជកម្ម។
លោកនាយករដ្ឋមន្ត្រីក៏បានសុំស្នើឱ្យសហរដ្ឋអាមេរិកយល់ពីបញ្ហាពលរដ្ឋខ្មែរអាមេរិកាំងដែលជាប់ទោសរួច និងមានការលំបាកទាំងនោះ ត្រូវអាមេរិកបញ្ជូនទៅកម្ពុជាវិញតាមកិច្ចព្រមព្រៀងជាយូរមកហើយ ដែលលោកថា រដ្ឋាភិបាលលោកចង់ការពារដោយធ្វើវិសោធនកម្មច្បាប់ តែមន្ត្រីការទូតកម្ពុជារងទណ្ឌកម្មផ្នែកវីស្សា (ទិដ្ឋាការ) ទៅវិញ ដោយក្លាយជាប្រទេសមិនសហការ ដោយការយល់ច្រឡំ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ប៉ុន្តែយ៉ាងហោចណាស់មកដល់ម៉ោងនេះអាមេរិកគួរផ្តល់ឱ្យមកវិញនូវទិដ្ឋាការព្រោះកម្ពុជាកំពុងតែអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់តើ។ អ៊ីចឹងចំណុចអ៊ីចឹងៗវាមានបញ្ហា (យល់ច្រឡំ)»។
ភាគីកម្ពុជានិងអាមេរិក ត្រូវគេគិតថា អាចនឹងមានការសម្រួលកិច្ចការជាច្រើន ទាំងកិច្ចការកម្ពុជា តំបន់ សាកលនៅពេលដែលលោកប្រធានាធិបតីអាមេរិក Joe Biden (ចូ បៃដិន) ផ្តល់ជំនួបដោយផ្ទាល់ ជាមួយមេដឹកនាំអាស៊ាន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានផងនោះ។
ក្រៅពីបញ្ហាទាំងនោះលោកបានជម្រាបពលរដ្ឋខ្មែរ អាមេរិកាំងនិងកាណាដាពីរឿងជាច្រើនទៀតរួមទាំងបញ្ហាកម្ពុជាគ្មានឆ្លងជងឺកូវីដ១៩ រយ:ពេល៥ថ្ងៃជាប់គ្នាមកដល់ថ្ងៃទី១១ខែឧសភា បញ្ហាសេដ្ឋកិច្ចកើនដល់៥.២ភាគរយនៅឆ្នាំនេះ ក្រោយធ្លាក់ចុះក្រោមសូន្យកាលពីឆ្នាំ២០១៩ ដោយសារការបិទប្រទេសបណ្តោះអាសន្នដោយការរាតត្បាតជំងឺកូវីដ១៩ និងបញ្ហាជឿនលឿនទៅមុខរឿងព្រំដែនកម្ពុជា-វៀតណាមចេញពីជំនួបជាមួយសមភាគីវៀតណាមនៅខាងក្រៅកិច្ចប្រជុំអាមេរិក-អាស៊ាន ដែលសម្រេចបាន៦ភាគរយទៀត លើការព្រមព្រៀងបោះបង្គោលព្រំដែន ដែលសរុប៩០ភាគរយ។
ក្រៅពីនេះក៏មានបញ្ហានយោបាយនៃគណបក្សជំទាស់ទាក់ទងនឹងរឿង ក្តីលោក កឹម សុខា និង អាមេរិក និងរឿង លោក សម រង្ស៉ី ដែលមិនបានឆ្លៀតឱកាសធ្វើលិខិតទៅកាន់លោកពេលកាន់ទុក្ខ ក្នុងពេលលោក ហ៊ុន ណេង ជាអ្នកតំណាងរាស្ត្រនិងជាអតីតអភិបាលខេត្តកំពង់ចាម ត្រូវជាបងប្រុសរបស់លោក បានទទួលមរណភាពជាដើម។ ការណ៍នេះត្រូវគេទន្ទឹងរង់ចាំមើលពីលទ្ធភាពនៃការសន្ទនានយោបាយរវាងមេដឹកនាំនយោបាយទាំងពីរជាយូរមកហើយ នៅពេលសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកចង់ឃើញនិងទទូចឱ្យមានការសន្ទនារវាងអ្នកនយោបាយកម្ពុជា៕