លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​រុះរើ​គណៈរដ្ឋ​មន្រ្តី​ដើម្បី​ពន្លឿន​កំណែ​ទម្រង់

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ ថ្លែង​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ជា​លើក​ដំបូង កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ កំពុង​បន្ត​ធ្វើ​​កំណែ​ទម្រង់​ប្រកប​​​ដោយ​ភាព​ចម្រូង​ចម្រាស​មួយ​ ដោយ​ធ្វើ​ការ​រុះរើ​គណៈ​រដ្ឋ​មន្រ្តី​នៅ​​ពាក់​កណ្តាល​អាណត្តិ​ ដើម្បី​ដណ្តើម​យក​សំឡេង​ឆ្នោតមក​វិញ។​

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ កំពុង​បន្ត​ធ្វើកំណែ​ទម្រង់​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស​មួយ​ ដោយ​ធ្វើ​ការ​រុះរើ​គណៈ​រដ្ឋ​មន្រ្តី​នៅពាក់​កណ្តាល​អាណត្តិ​ ដើម្បី​ដណ្តើម​យក​សំឡេង​ឆ្នោត​ដែល​បាន​បាត់​បង់​ទៅ​គណបក្ស​ប្រឆាំងក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣​ មក​វិញ។​

រដ្ឋ​មន្រ្តី​៨រូប​ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្តូរ​នេះ បើ​ទោះ​ជា​មាន​ការ​តតាំង​តាម​បែបការិយាធិបតេយ្យ​មួយ​ដែល​ធ្លាប់​តែ​សម្រេច​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន ​ហើយ​ការ​ធ្វើ​ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​លុប​បំបាត់​ចោល​នូវ​ការ​ចោទ​ប្រកាន់​នានាពាក់ព័ន្ធ​នឹង​ការ​ប្រកាន់​បក្សពួក​និយម និងអំពើ​ពុករលួយ។

នេះ​ជា​ការ​រុះរើ​លើក​ទី​២​ហើយ​ ក្នុង​រយៈពេល​២​ឆ្នាំ ​ក្នុង​គោល​បំណង​ធ្វើ​កំណែ​ទម្រង់​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន​ឲ្យ​បាន​ច្រើន ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ឆ្នាំ​២០១៧​ និង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៨។ ការ​រុះរើ​ពាក់​កណ្តាល​អាណត្តិ​ដែល​បាន​ប្រកាស​កាល​ពី​២​សប្តាហ៍​កន្លង​ទៅ​ មាន​ន័យ​ថា នឹង​មាន​រដ្ឋ​មន្រ្តី​ថ្មី​សម្រាប់​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​និង​សំណង់ ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​កសិកម្ម​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​ធម្មការ​និង​សាសនា។ រដ្ឋ​សភាគ្រោង​នឹង​អនុម័ត​ជា​ផ្លូវ​ការ​លើ​ការ​រុះរើ​នេះ​នៅ​ថ្ងៃ​ទី៤ ​ខែមេសា។

រដ្ឋ​មន្រ្តី​២​រូប​នឹង​បន្ត​កាន់​តំណែង​ដដែល

រដ្ឋ​មន្រ្តី​២​រូប ​ពោល​គឺ​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា និង​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន នឹង​នៅ​បន្ត​កាន់​ក្រសួងរបស់​ខ្លួន​ដដែល។

ក្រុម​អ្នក​វិភាគ​និយាយ​ថា អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ថា​ មាន​ការ​រក្សា​ទុក​តំណែង​របស់​ លោក ហង់ ជួនណារ៉ុន ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ ដែល​លោក​បាន​ចាប់​ផ្តើម​ធ្វើ​ការបង្រ្កាប​លើការ​លួច​ចម្លង​ពេល​ប្រឡង ការ​បំប៉ោង​និទ្ទេស និង​ការ​បង្រៀន​ដែល​មាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​តាម​សាលារៀន​ទូទាំង​ប្រទេស​ កាលពី​ជិត​២​ឆ្នាំ​មុន។ អត្រា​ប្រឡង​ជាប់​នៃ​សិស្ស​គ្រប់វិទ្យាល័យ​ទាំង​អស់​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ពី​កម្រិត​មធ្យម​ដែល​មាន​ជិត ​៨៧ ​ភាគរយកាល​ពី​ពេល​មុន​ មក​នៅ​ត្រឹម​តែ​២៥,៧ ភាគរយ​ប៉ុណ្ណោះ។ ការ​ប្រឡង​សង​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​មក ប៉ុន្តែ​អត្រា​សិស្ស​ប្រឡង​ធ្លាក់​នៅ​តែ​មាន​កម្រិត​ខ្ពស់​ដដែល។ ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ​ប្រាក់​ខែ​គ្រូ​បង្រៀន​ត្រូវ​បាន​ដំឡើង​ដើម្បី​បញ្ឈប់​ការ​កេងយក​ប្រាក់​ពី​សិស្ស​នៅ​ក្នុង​ថ្នាក់​រៀន។

លោក ​Ray Leos ព្រឹទ្ធ​បុរសផ្នែក​ទំនាក់ទំនង និង​សិល្បៈ​នៃ​បណ្តាញផ្សព្វផ្សាយ​ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ​មាន​ការ​ពេញ​ចិត្ត​ ឬ​ការ​គាំទ្រ​ជា​ទូទៅ ​ទៅ​លើ​អ្វី​ដែល​លោក​រដ្ឋ​មន្រ្តី ​ហង់ ជួនណារ៉ុន ​កំពុង​ធ្វើ។ ខ្ញុំ​គិត​ថា​ គាត់​ជា​រដ្ឋ​មន្រ្តី​គំរូ​មួយ​រូប​នៅ​ក្នុង​ជួរ​គណៈរដ្ឋ​មន្រ្តី»។

លោក ​Leos​ ​និយាយ​ថា ​លោក ​ណារ៉ុន បាន​សម្រេច​សមិទ្ធិផលច្រើន​តែ​ក្នុង​រយៈពេល​ខ្លី​មួយ​ប៉ុណ្ណោះ​ ក៏ប៉ុន្តែការ​ធ្វើ​កំណែ​ទម្រង់​នឹង​ត្រូវការ​ពេល​វេលា​ច្រើន​ឆ្នាំ​ទៀត​ដើម្បី​អាច​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​នានា។

លោក​បាន​បន្ថែម​ថា៖ «លោក​ ណារ៉ុន​ កំពុង​បោះជំហាន​ទៅ​មុខ​ទៀត​ និង​កំពុង​ព្យាយាម​ធ្វើ​កំណែ​ទម្រង់ផ្សេងៗ​ក្នុង​ស្ថាប័ន​របស់​លោក។ វា​ជា​ដំណើរការ​មួយ​ប្រកប​ដោយ​បញ្ហា​ប្រឈម ហើយ​ខ្ញុំ​គិត​ថា លោក​ធ្វើ​បាន​សម្រេច​យ៉ាង​ច្រើន​រួច​ទៅ​ហើយ។ ការ​ដែល​ក្រសួង​នេះ​មិន​មាន​ការ​ដូរ​រដ្ឋ​មន្រ្តី​អាច​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​នាយក​រដ្ឋ​មន្រ្តី​ពេញ​ចិត្ត​នឹង​អ្វី​ដែល​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​កំពុង​ធ្វើ»។

ក្រសួង​បរិស្ថាន

ដូច​គ្នា​ដែរ ​លោក​ Marcus Hardtke ​អ្នក​បរិស្ថាន​ដែល​បាន​បម្រើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​ឆ្នាំ​បាន​និយាយ​ថា លោក​ សាយ សំអាល់ ​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​បាន​ចាត់​ឡើង​នូវ​កំណែ​ទម្រង់​ធំៗមិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លង​មក។

កំណែ​ទម្រង់​ទាំង​នោះ​រួម​មាន ​ការ​ផ្លាស់ប្តូរការ​គ្រប់​គ្រង​យ៉ាង​សំខាន់​ទៅ​លើ​ធនធាន​ផ្សេងៗ​ពី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ដែល​កាលពី​មុន​គ្រប់គ្រង​ដី​ទាំង​អស់​របស់​រដ្ឋ។ ក្រសួង​កសិកម្ម​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ដីធ្លី។ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម​នេះ​ មួយ​ភាគ​ធំ​នៃ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​កាប់​បំផ្លាញ​ បន្ទាប់​ពី​មាន​ការ​ផ្តល់​អាជ្ញាបណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ជា​ញឹកញយ​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស។

ប៉ុន្តែ ​ចាប់តាំងពី​មាន​ការ​ប្រកាស​អំពី​កំណែ​ទម្រង់​ផ្សេងៗមក ប្រភព​នានា​បាន​និយាយ​ថា មន្ត្រីក្រសួង​កសិកម្ម​ព្យាយាម​រារាំង​មិន​ឲ្យ​មាន​ការ​ផ្ទេរ​ការ​គ្រប់គ្រង​ព្រៃឈើ​ដែល​នៅ​សេសសល់​ឲ្យ​ទៅ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​ទេ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា ឈ្មួញ​កាប់​ឈើ​កំពុង​បង្កើន​ការ​កាប់ឈើ​ទ្វេដង នៅ​មុន​ពេល​មាន​ការ​ផ្លាស់ប្តូរ​ការ​គ្រប់គ្រង​នេះ។

លោក ​Hardtke​ បាន​ស្វាគមន៍ចំពោះ​ការ​ចាត់​តាំង​លើ​ការ​គ្រប់​គ្រង​ថ្មី​នេះ​ ដោយនិយាយ​ថា ការ​ផ្លាស់​ប្តូរ​ទៅ​លើ​ការិយាធិបតេយ្យ​នេះ​គឺជា​ការងារ​ចាំបាច់។

លោក​បាន​និយាយ​ថា៖ «ប៉ុន្តែ មែន​ទែន​ទៅ​ វា​គ្រាន់​តែ​មាន​ន័យ​ថា ជា​ការផ្លាស់​ប្តូរ​ឯកសណ្ឋាន​ប៉ុណ្ណោះ​ ​មិន​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ឲ្យ​បាន​ល្អ​ជាង​មុន​ ឬគំនិត​ល្អ​ជាង​មុន ឬ​ការ​កំណត់​តំបន់ឲ្យ​ល្អ​ជាង​មុន ឬ​ការ​អនុវត្ត​ច្បាប់​ល្អ​ជាង​មុន​ ឬ​ក៏​អ្វី​មួយ​ដូចនេះ​ទេ។ លោក​បាន​កត់​សម្គាល់​ថា កំណែ​ទម្រង់​ផ្នែក​បរិស្ថាន​កំពុងស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងនៅ​ឡើយ។

តើ​វា​ជា​ប្រតិកម្ម​ទៅ​នឹង​ភាព​វឹកវរ​ឬ?

ក្រុម​អ្នក​វិភាគ​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​កំពុង​តែ​ជំរុញ​កំណែ​ទម្រង់​ដើម្បី​បង្វែងកំហឹង​មហាជន​ដែល​ចេះ​តែ​កើន​ឡើង​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​គម្លាត​ទ្រព្យធន​ដែល​កំពុង​តែ​រីកធំ​យ៉ាង​ឆាប់​រហ័ស។ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បន្ត​កាន់​អំណាច​បន្ទាប់​ពីការ​បោះឆ្នោត​ឆ្នាំ​២០១៣ ក៏​ប៉ុន្តែ​ ​សំឡេង​គាំទ្រ​ភាគ​ច្រើន​របស់​គណបក្ស​នេះ​បាន​ធ្លាក់​ទាប​ជាង​មុន ហើយ​គណបក្ស​នេះ​បាន​ប្រឈម​នឹង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នានា​ដែល​បាន​អូស​បន្លាយអស់​រយៈពេលពេញ​១ឆ្នាំ។

លោក​ អ៊ូ វីរៈ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ឈ្មោះ​ថា «វេទិកា​អនាគត» ​និយាយ​ថា ការ​ខ្វះ​ភាព​ច្បាស់​លាស់​លើ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​បណ្តាល​ឲ្យ​មាន​ជម្លោះផ្សេងៗ​ មិន​ត្រឹម​តែ​ជម្លោះ​ក្នុង​ចំណោម​កសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ជម្លោះ​ក្នុង​ចំណោម​អ្នក​មាន​ទ្រព្យធន ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​គ្នា​ ហើយ​ក៏​កើត​មាន​នៅ​ក្នុង​រង្វង់​គ្រួសារ​ផង​ដែរ ជាពិសេស​នៅ​ពេល​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​កេរមរតក។

លោក​និយាយ​ថា ​ការ​តែង​តាំង​លោក​ ជា សុផារ៉ា ​ឲ្យ​កាន់​ក្រសួង​រៀបចំ​ដែន​ដី​នេះ​អាច​នឹង​ជួយ​សម្រួល​ដល់​ដំណើរ​ការ​នេះ។

«ក្រសួង​សំខាន់​មួយ​ទៀត​គឺ​ក្រសួង​រៀបចំ​ដែនដី។ មាន​អំពើ​ពុករលួយ​កើត​ឡើង​ជា​ច្រើននៅ​ក្នុង​ក្រសួង​នេះ។ ហើយ​ក៏​មាន​បញ្ហា​ច្រើន​ពាក់ព័ន្ធនឹង​ជម្លោះ​ដី​ធ្លី​ផង​ដែរ»។

ឯកសារ​បាន​បែក​ធ្លាយ

ការ​រុះរើ​នេះ​កើត​ឡើង​បន្ទាប់​ពី​ការ​បែក​ធ្លាយ​នូវ​ឯកសារ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឯកសារ​នោះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ទាក់ទាញ​អ្នក​បោះឆ្នោត​ក្មេងៗ​ ដែល​៦៥ភាគរយនៃ​ប្រជាជន​កម្ពុជា​ទាំងអស់មាន​អាយុ​ក្រោម​៣០ឆ្នាំ និង​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​នៅ​ថ្នាក់មូលដ្ឋាន​មក​វិញ។

ក្នុង​ចំណោម​រដ្ឋ​មន្រ្តី​ចូល​និវត្តន៍​ក៏​មាន​លោក ហោ ណាំហុង ​ដែល​ជា​រដ្ឋ​មន្រ្តី​កាន់​តំណែង​យូរ​អង្វែង​មួយ​រូប​ផង​ដែរ។

លោក​ហោ ណាំហុង​ ត្រូវ​បាន​ជំនួស​ដោយ​លោក​ ប្រាក់​ សុខុន វ័យ​៦១​ឆ្នាំ ដែល​ជា​អតីត​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន។ កាល​ពី​មុន លោក​ ប្រាក់ សុខុន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។

គណបក្ស​សង្រ្គោះ​ជាតិ​បាន​និយាយ​ថា​ ខ្លួន​នឹង​រង់ចាំ​មើល​រហូត​ទាល់​តែ​ការ​រុះរើ​នេះ​ត្រូវ​បាន​សភា​អនុម័ត​ មុន​នឹង​ធ្វើ​ការ​អធិប្បាយ។ ទោះ​ជា​យ៉ាង​ណា​ក្តី លោក​ កឹម សុខា ដែល​ជា​ប្រធាន​ស្តី​ទី​របស់​គណបក្ស​នេះបាន​និយាយ​ប្រាប់​សារព័ត៌មាន​ Khmer Times ​ថា​ វា​ជា​ការ​ផ្លាស់​ប្តូរ​ឲ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ ហើយ​ការ​ផ្លាស់​ប្តូរ​នេះ​មិន​បាន​ដោះស្រាយ​បញ្ហាកើត​ឡើង​ជា​ប្រព័ន្ធ​ដែល​ប្រទេស​កំពុង​ជួប​ប្រទះ​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ