លោកនាយករដ្ឋមន្រ្តីហ៊ុនសែននៅថ្ងៃពុធនិយាយថា លោកមិនខ្វល់នឹងការគំរាមកំហែងរបស់សហភាពអឺរ៉ុប ដែលបញ្ឈប់ការអនុគ្រោះពន្ធដោយសារតែបញ្ហាសិទ្ធិមនុស្ស ទេលោកលើកឡើងថា ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនឹងបន្ធូរបន្ថយឥទ្ធិពលទណ្ឌកម្ម។
សហភាពអ៊ឺរ៉ុបបានគំរាមដកការអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជា បន្ទាប់ពីរបាយការណ៍របស់គណៈកម្មការអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលរបស់លោកហ៊ុនសែនបានបង្ក្រាបក្រុមប្រឆាំង សង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយ។
សហភាពអឺរ៉ុបទុលពេលឲ្យកម្ពុជាត្រឹមថ្ងៃទី១២ខែធ្នូ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះ។
ក្នុងពិធីចែកសញ្ញាប័ត្រនៅរាជធានីភ្នំពេញ លោកហ៊ុនសែនបាននិយាយថា លោកមិនខ្វល់ទេ ប្រសិនបើគេចង់ធ្វើអ្វីក៏ធ្វើចុះ។ លោកហ៊ុន សែនដែលកាន់អំណាចជាង៣៤ ឆ្នាំ បាននិយាយថាលោកជឿថា ការចាកចេញរបស់អង់គ្លេសពីសហភាពអ៊ឺរ៉ុបនឹងបន្ធូរបន្ថយសម្ពាធទណ្ឌកម្មមកលើកម្ពុជា ពីព្រោះអង់គ្លេសនឹងបន្តទិញទំនិញពីកម្ពុជាទោះបីជាសហភាពអឺរ៉ុបសម្រេចដកក៏ដោយ។
លោកហ៊ុនសែនមានប្រសាសន៍ថា «យើងកំពុងតាមដាន Brexit ដោយសារតែការនាំចេញសរុបទៅសហគមន៍អ៊ឺរ៉ុបយើងនាំចេញច្រើនជាងគេទៅអង់គ្លេស»។ លោកបានមាននិយាយថា «បន្ទាប់ពីការចាកចេញ សេដ្ឋកិច្ចអង់គ្លេសនឹងនៅតែល្អហើយនឹងអាចបញ្ជាទិញកាន់តែច្រើនពីកម្ពុជា»។
សហភាពអ៊ឺរ៉ុបនាំចូលជិតពាក់កណ្តាលនៃការនាំចេញរបស់កម្ពុជា ដោយអាឡឺម៉ង់ជាទីផ្សារនាំចេញធំបំផុតរបស់់កម្ពុជាគឺមានប្រហែល១១ភាគរយ រីឯចក្រភពអង់គ្លេសជាប្រទេសនាំចូលច្រើនបំផុតទី២គឺមាន៨ភាគរយ។
ប្រទេសលោកខាងលិចបានថ្កោលទោសការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងគឺលោកកឹម សុខាតាំងពីឆ្នាំ២០១៧ មុនពេលគណបក្សសង្គ្រោះជាតិរបស់លោកត្រូវបានរំលាយនៅមុនការបោះឆ្នោតឆ្នាំមុន។
លោកកឹមសុខាត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះកាលពីខែមុន ប៉ុន្តែត្រូវហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយទេ។ ការជំនុំជម្រះសំណុំរឿងរបស់លោកគ្រោងធ្វើនៅថ្ងៃទី១៥ខែមករា៕