ភ្នំពេញ៖ «មកវិញឃើញតែសាកសព ព្រះអង្គយាងទៅបាត់ហើយ»។ នេះជាសម្តីរបស់អ្នកស្រីសែ ម៉ុន អមដោយការយំអណ្តឺតអណ្តកនៅពេលដែលក្បួនដង្ហែរព្រះសពសម្តេចឪនរោត្តម សីហនុ ឆ្លងកាត់មុខរបស់គាត់ឆ្ពោះទៅកាន់ព្រះបរមរាជវាំងនាទីក្រុងភ្នំពេញ។
ពាក់អាវស សំពត់ខ្មៅ ដៃកាន់ផ្កាឈូកមួយទងភ្ជាប់ជាមួយធូបមួយបាច់តូច អ្នកស្រីសែ ម៉ុន មកពីឃុំបែកចាន ខេត្តកណ្តាល។
«ធ្លាប់លោកនិយាយប៉ប៉ាច់ប៉ប៉ោចនៅតាមទូរទស្សន៍មើលតាមចិត្ត។ ឥឡូវអស់ហើយ អស់ពេលមើលទៀតហើយ។ ខ្ញុំអស់ពេលមើលគាត់ទៀតហើយ។ ឃើញតែរូបថត។ ខ្ញុំសោកស្តាយជាទីបំផុត»។
ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់មកពីខេត្តនានា នៅជុំវិញទីក្រុងភ្នំពេញ និងអ្នកក្រុងភ្នំពេញបានឈរនៅអមសងខាងផ្លូវចាប់តាំងពីអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញរហូតទៅដល់ព្រះបរមរាជវាំង។ ភាគច្រើនមានទឹកមុខស្រពាប់ស្រពោន និងពាក់បូណ៌ពណ៌ខ្មៅជាប់នឹងអាវ នៅលើទ្រូងខាងឆ្វេង។
ព្រះសង្ឃនិមន្តមកពីវត្តនានាដែលស្ថិតនៅជាប់នឹងដងផ្លូវបានគង់ជាជួរ និងបានសូត្រធម៌សម្រាប់ឧទ្ទិសដល់វិញ្ញាណខន្ធនៃព្រះមហាវីរក្សត្រទៀតផង។
អ្នកស្រីតេង ណារី មកពីសង្កាត់ចោមចៅជាយទីក្រុងភ្នំពេញ។
«ខ្ញុំឃើញគេដង្ហែរព្រះសពខ្ញុំស្លុតណាស់។ ខ្ញុំបានឃើញព្រះទ័យព្រះអង្គល្អ។ ឥឡូវនេះលែងបានឃើញព្រះភក្ត្រព្រះអង្គទៀតហើយ។ ដង្ហែរមកឃើញតែព្រះសពនិងក្តាមឈូសព្រះអង្គតែប៉ុណ្ណឹង»។
ដោយឡែកក្រុមយុវជនមិនសូវមានអារម្មណ៍ក្តុកក្តួលនោះទេ ក៏ប៉ុន្តែពួកគេភាគច្រើនអះអាងដូចគ្នាអំពីការសោកស្តាយសម្តេចឪនរោត្តម សីហនុ។
ឌុច ភុំចន្ទវាសនា និស្សិតឆ្នាំទី៣នៃសកលវិទ្យាល័យធនធានមនុស្សនមិនលាក់អារម្មណ៍របស់ខ្លួនទេ។
«ជាការសោកស្តាយមួយដែលប្រទេសកម្ពុជាបាត់បង់ព្រះមហាក្សត្រដ៏ឆ្នើមពីព្រោះព្រះអង្គបានជួយប្រទេសយើងឲ្យរួចផុតពីកុម្មុយនីស្ត ទាមទារឯករាជ្យជាតិ និងទាមទារទឹកដីជាច្រើនដែលប្រទេសកម្ពុជាបានបាត់បង់»។
ព្រះមហាវីរក្សត្របានយាងចូលទីវង្គតនៅព្រះជន្ម៩០ព្រះវស្សា កាលពីព្រឹកថ្ងៃចន្ទទី១៥តុលាក្នុងទីក្រុងប៉េកាំងប្រទេសចិន។
កម្ពុជាទាំងមូលកាន់មរណទុក្ខចំពោះព្រះសពរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី១៧តុលានេះតទៅ។
ប្រជាពលរដ្ឋនៅតាមដងផ្លូវភាគច្រើនអះអាងថា ពួកគាត់មកបដិសណ្ឋារកិច្ចព្រះសពសម្តេចឪនរោត្តម សីហនុ ដោយស្ម័គ្រចិត្តហើយអ្នកខ្លះបានស្រែកបួងសួងជូនពរព្រះអង្គឮៗទៀតផង។
«សូមវិញ្ញាណខន្ធរបស់សម្តេចតាស្តេចយាងទៅឋានលើហើយស្តេចបើកឲ្យត្រជាក់ត្រជុំដល់កូនចៅជំនាន់ក្រោយឲ្យបានម្លប់ដ៏ត្រជាក់។ យើងខ្ញុំអស់សង្ឃឹម យើងខ្ញុំសោកស្តាយសម្តេចឪណាស់។ កើតមួយជីវិតនេះខ្ញុំម្ចាស់បានជួបព្រះអង្គផ្ទាល់បានម្តងគត់អាយុ១១ឆ្នាំរហូតដល់ចំណាស់នេះ»។
ក្រុមប្រជាពលរដ្ឋបានមកអុជធូបបួងសួងឧទ្ទិសដល់វិញ្ញាណខន្ធព្រះមហាក្សត្រចាប់តាំងពីថ្ងៃអង្គារ ទី១៦ ខែតុលា រៀងមក។ គាត់មានចំនួនកាន់តែច្រើនថែមទៀតនៅមុខព្រះបរមរាជវាំងកាលពីព្រឹកថ្ងៃពុធរហូតមកទល់នឹងយប់នេះ។
រដ្ឋាភិបាលខ្មែរបានសម្រេចតម្កល់ព្រះសពរបស់សម្តេចឪនរោត្តម សីហនុ យ៉ាងតិចចំនួនបីខែដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណខន្ធ៕