តុលាការ​រលើក​ពេល​សវនាការ​​របស់​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី

តុលាការ​បាន​ច្រាន​ចោល​សំណើ​នៅ​ក្រៅ​ឃុំ​របស់​លោក​ បន្ទាប់​ពី​លោក​ត្រូវ​បានតុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​លោក​ពី​បទ«ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​និង​ញុះញង់»​ ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រម​ព្រៀង​នាឆ្នាំ​១៩៧៩ទៅលើទំព័រ​ហ្វេសប៊ុក។ (រូប​ថត ៖ EPA/MAK REMISSA)

​តុលាការ​ថា​មូលហេតុ​ដោយ​សារ​ខ្លួន​​ពុំ​មាន​ជំនាញ​ក្នុង​ការ​ទាញ​យក​ឯកសារ​ដែល​ទាក់​ទិន​​រឿង​ក្តី​នេះ​ ចេញ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ។

​តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​ពេលអង្គ​សវនាការ​ជម្រះ​ក្តី​លោក​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី ពី​ព្រោះ​តុលាការ​ពុំ​មាន​ជំនាញ​ក្នុង​ការ​ទាញ​យក​ឯកសារ​ដែល​ទាក់​ទិនរឿង​ក្តី​នេះ​ ចេញ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ។​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​ហុង សុខហួរ ​ថ្លែង​ថា ​ការ​លើក​ពេលអង្គ​សវនាការ​នេះ​ជា​ការ​ពន្យារពេល​ឃុំឃាំង​ មិន​ព្រមផ្តល់​យុត្តិធម៌​ដល់​លោក​ហុង សុខហួរ​ ខណៈ​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​ថ្លែង​ថា​ នេះ​ជា​ការ​រំលោទ​សិទ្ធិ​សេរីភាព​របស់​ជន​ជាប់​ចោទ។​

តុលាការ​រាជធានីភ្នំពេញ​ នៅ​ថ្ងៃ​ពុធនេះ​ បាន​សម្រេច​លើក​ពេល​សវនាការ​រឿង​ក្តី​របស់លោក​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សម​ រង្ស៊ី ដោយ​សារ​តុលាការ​ពុំ​មាន​ជំនាញ​ក្នុង​ការ​ទាញ​យក​ឯកសារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​ ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្រុម​ប្រឹក្សាអង្គជំនុំ​ជម្រះ​ និង​មេធាវី​ការពារ​ក្តី​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ។​

ការ​ប្រកាស​ផ្អាក​សវនាការ​នេះ​ធ្វើ​ឡើង​ប្រហែល​ជាង​មួយ​ម៉ោង​ បន្ទាប់​ពី​ការ​សួរ​ដេញដោល​ និង​ការ​បង្ហាញ​ឯកសារ​ភស្តុតាង​រវាង​តំណាង​អយ្យការ​តុលាការ​ និង​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ។​

បន្ទាប់​ពី​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ហុង សុខហួរ​ពន្យល់​ បកស្រាយ​អំពី​វិធី​នៃ​ការ​រក​ឃើញ​ឯកសារ​សន្ធិសញ្ញា​មួយ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ ដែល​នាំ​ដល់​ការ​ចោទ​ប្រកាន់​លោក​ហុង សុខហួរ​ពី​បទ​«ក្លែង​បន្លំ​ឯក​សារ​សាធារណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ​និង​ញុះញង់»នោះ​ ​លោក​ រស់ ពិសិដ្ឋ ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ បាន​ប្រកាស​ផ្អាក​ការ​សួរ​ដេញ​ដោល​ ហើយ​ស្នើ​ឲ្យ​ក្រុម​មេធាវី​ការពារ​ក្តីជន​ជាប់​ចោទ​ បញ្ជូន​ឯកសារ​ដែល​បាន​ទាញ​ចេញ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ ហើយ​បញ្ជាក់ពី​ថ្ងៃ​នៃ​ការ​ទាញ​ឯកសារ​នោះ​ផង​ដែរ។​ លោក​ប្រធាន​អង្គ​ជំនុំ​ជម្រះ​ក៏បាន​ស្នើ​ឲ្យ​ក្រុម​មេធាវី​បញ្ជាក់​ពី​ឧបករណ៍​ដែល​ប្រើ​សម្រាប់​ក្នុងការ​ទាញ​យក​ឯកសារ​ ហើយ​ប្រគល់​ឧបករណ៍​នោះ​មក​កាន់​តុលាការ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​បន្ថែម​ តែ​លោក​មិន​បញ្ជាក់​ពី​ថ្ងៃ​នៃ​ការ​បើក​សវនាការ​ជាថ្មី​នោះ​ទេ។​

ឈរ​នៅ​ពី​មុខច្រក​ចូល​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ លោក​ ជួង ជូងី ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ហុង​ សុខហួរ​ មានប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ការ​ផ្អាក​សវនាការ​នេះ​គឺ​មិន​ត្រឹម​ត្រូវ​ទៅ​តាម​នីតិ​វិធីទេ​ ពី​ព្រោះ​ក្រុម​មេធាវី​កំពុង​ព្យាយាម​បង្ហាញ​ភស្តុតាង​ដើម្បី​ដោះបន្ទុក​កូន​ក្តី​ តែ​ត្រូវ​តុលាការ​ប្រកាស​ចាត់​របៀប​ដើម្បី​លើក​ពេលការ​កាត់​ក្តី។

«ខ្ញុំ​ចាប់​ផ្តើម​នីតិ​វិធី​ដើម្បី​បង្ហាញ​ភស្តុតាង​ដោះ​បន្ទុក ​ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​បាន​ដំណើរ​ការនីតិ​វិធី​របស់​ខ្ញុំ​ផង​ស្រាប់​តែ​តុលាការ​ចាត់​របៀប​ភ្លាម​ គឺ​អត់​ផ្តល់​ឱកាស​ឲ្យខ្ញុំ​បង្ហាញ​នីតិ​វិធី​ដោះ​បន្ទុក​កូន​ក្តី​ខ្ញុំ​ផង»។​

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់ VOA ​ថា​ តើ​នេះ​ជាការ​ស្មុគ​ស្មាញ​ទេ​សម្រាប់​ឲ្យ​តុលាការ​រកវិធី​ទាញ​យក​ឯកសារ​នេះ​ លោក​មេធាវី​ជួង ជូងី​ថ្លែង​ថា៖​

«គ្រាន់​តែ​តុលាការ​ភ្ជាប់​អ៊ីនធឺណិត​ភ្លាម​ ខ្ញុំ​បង្ហាញ​ឲ្យ​ឃើញ​ភ្លាម​តែ​ម្តង»។​

លោក​មេធាវី​បញ្ជាក់​បន្ថែម​ថា​ ការ​ប្រកាស​ចាត់​របៀប​ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​ធ្វើ​ការ​អង្កេត​សារ​ជាថ្មី​លើ​វិធី​នៃ​ការ​ទាញយក​ឯកសារ​នេះ ​គឺ​ចេតនា​របស់​តុលាការ​ដែល​មិន​ចង់​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក​ ខណៈ​ដែល​តំណាង​អយ្យការ​កំពុង​បន្ត​រក​បន្ទុក​ដាក់​លើ​កូន​ក្តី​របស់​លោក​ថែម​ទៀត។​

នៅ​មុន​ការ​ប្រកាស​ផ្អាក​សវនាការ​នេះ​ លោក​ហុង សុខហួរ​ត្រូវ​បាន​លោក​សៀង សុខ​ តំណាង​អយ្យការ​តុលាការ​សួរ​អំពី​សកម្ម​ភាព​របស់​លោក​នៅ​មុន​ពេលដែលលោក​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​កង​អន្តរាគមន៍​ពិសេស​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​កន្លង​ទៅ។​ ​លោក ​ហុង សុខហួរ​បាន​រៀប​រាប់​ប្រាប់​តុលាការ​ថា​ មុន​ការ​ចាប់​ខ្លួន​លោក​ លោក​បាន​ចូល​ទៅ​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​មន្តី្រ​នៅ​ក្នុង​ស្ថានទូត​បារាំង​ ហើយ​ក៏បន្ត​ដំណើរ​មក​ផ្ទះ​លោក​យ៉ុន ថារ៉ូ​ តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​ លោក​បាន​ស្នាក់​អាស្រ័យ​នៅ​ផ្ទះ​តំណាង​រាស្រ្ត​រូបនោះ ហើយ​ក៏ត្រូវ​បាន​ចាប់​ខ្លួន​តែ​ម្តង។​

ក្រោយ​ពេល​តុលាការប្រកាស​ផ្អាក​សវនាការ​ភ្លាម​ លោក​ហុង សុខហួរ​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ជាមួយអ្នក​យក​ព័ត៌មាន​នោះ​ទេ។​

លោក ​អំ សំអាត​ ប្រធាន​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ហៅការ​ប្រកាស​ចាត់​របៀប​នេះ​ថា ​ជាការ​ពន្យារ​ពេល​នៃ​ការ​កាត់​ក្តី​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាពរបស់​ជន​ជាប់​ចោទ ​ហើយ​នេះ​ជា​ការ​ពន្យារ​ពេល​ឃុំឃាំង។​ លោក​មាន​ប្រសាសន៍​ថា៖​

«តាម​គោល​ការណ៍​ច្បាប់​ គឺថា​ កាត់​ឲ្យ​កាន់​តែ​លឿន​ វាកាន់តែ​ល្អ។ ​វាកាត់​បន្ថយ​ការ​ប៉ះពាល់​សិទ្ធិ​របស់​ជន​ដែល​ត្រូវ​បន្ត​ឃុំ​ខ្លួន​ ឬ​មិនត្រូវ​ឃុំ​ខ្លួន ​ពីព្រោះ​មក​ទល់​ពេល​នេះ ​គេ​មិន​ទាន់​ដឹង​ថា ​គាត់​ត្រូវ​មាន​ទោស​ ឬ​អត់​ទោស​នោះ​ទេ។​ ​អញ្ចឹងជា​គោល​ការណ៍​ធ្វើ​ម៉េច​ឲ្យ​បាន​លឿន»។

បន្ទាប់​ពី​ការ​ប្រកាស​ចាត់​របៀប​នេះ​ លោក​បញ្ជាក់​ថា​ ការណ៍​ដែល​តុលាការ​មិន​ព្រម​ប្រកាស​ថ្ងៃ​ជាក់​លាក់​នៃ​ការ​បើក​សវនាការ​នៅ​ពេល​ខាង​មុខ​នោះគឺរឹតតែ​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់សិទ្ធិ​របស់​ជន​ជាប់​ចោទ​ ហើយ​ថា​ រឿង​ក្តី​ទាក់​ទិន​សកម្ម​ជន​នយោបាយ​ ឬ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង រមែងតែ​ផ្សារ​ភ្ជាប់​នឹង​ការ​ចរចា​ផ្នែក​នយោបាយ​រវាង​អ្នកនយោ​បាយ​នៃ​គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច។​

លោក​ ហុង សុខហួរ ​ត្រូវ​បាន​ចាប់​ខ្លួន​ ​ក្រោយ​ពី​មាន​បទ​បញ្ជា​ពី​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ ដែល​បាន​ចោទ​ថា ​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ទាក់​ទង​នឹង​ការ​បង្ហោះ​ និង​ពន្យល់​អំពី​សន្ធិសញ្ញា​មួយ​ដែល​ប្រទេស​កម្ពុជា​ និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៧៩។ ​ការចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​ជាប់​នឹង​ខ្លួន​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពីការ​ប្រកាស​បទ​បញ្ជា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។​

ការ​ពី​ថ្ងៃ​ទី៣​ តុលា​កន្លង​ទៅ​ លោក​ ហុង សុខហួរ​ ដែល​ជា​ជនជាតិ​ខ្មែរកាន់​សញ្ជាតិ​បារាំង​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ដោយ​តុលាការ​អះអាង​ថា​ ការ​ដោះ​លែង​ឲ្យ​លោក​ ហុង សុខហួរ​ នៅ​ក្រៅ​ឃុំនឹង​អាច​បង្ក​ឲ្យ​«មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម» ​បើ​ទោះ​ជា​សមាជិក​ព្រឹទ្ធ​សភា​រូបនេះស្ថិត​ក្នុង​វ័យ​ចាស់​ និង​មាន​ជំងឺ​បេះ​ដូង​ជា​ប្រចាំ​ក៏​ដោយ។​

ការ​សម្រេច​របស់​តុលាការ​ ដែល​បដិសេធ​សំណើ​របស់លោក​ហុង សុខហួរ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ​បានរង​ការ​រិះគន់​ពីអ្នក​តាមដាន​ស្ថាន​ភាព​សិទ្ធិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ពួក​គេ​ថ្លែង​ថា​ លោកហុង សុខហួរ​ «មាន​ហេតុ​ផលគ្រប់​គ្រាន់​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​សុំ​នៅ​ក្រៅ​ឃុំ»​ ​ដោយ​លោក​បាន​បញ្ជាក់​ពី​បញ្ហា​សុខ​ភាព​ មាន​តួនាទី​ជាក់​លាក់ តម្កល់​ថវិកា​ធានា​ចំនួន​២០​លាន​រៀល​ តម្កល់​លិខិត​ឆ្លង​ដែន​ ​និង​សន្យា​ចូលរួម​តាម​នីតិវិធី​តុលាការ​គ្រប់​ដំណាក់​កាល​ជា​ដើម។​

យ៉ាង​ហោចណាស់​មាន​សកម្មជន ​និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះជាតិ​ជាង​១០រូប​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ​និង​កាត់ទោស​ជា​បន្ត​បន្ទាប់​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ ​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ការ​មន្ទិល​សង្ស័យ​រឿងផែនទី​ និង​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​នោះ៕