មេដឹកនាំគណបក្សប្រឆាំងកម្ពុជានៅថ្ងៃអាទិត្យនេះបានថ្លែងថា គណបក្សរបស់លោកនឹងឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤មិថុនា និងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ដោយលើកឡើងពីកម្លាំងនៃក្រុមប្រឆាំងដែលមានសភាពខ្លាំងក្លានិងរួបរួមសាមគ្គីគ្នាខ្លាំងជាមុន ដើម្បីប្រជែងជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិបានថ្លែងនៅក្នុងបទសម្ភាសជាមួយនឹងទីភ្នាក់ងារព័ត៌មាន Reuters ថា គណបក្សរបស់លោកសង្ឃឹមថា នឹងឈ្នះ៦០ភាគរយនៃសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ ដែលត្រូវបានគេឃើញថាជា ឧបករណ៍ដ៏សំខាន់សម្រាប់វាស់ស្ទង់ទៅលើការបោះឆ្នោតជាតិឆ្នាំ២០១៨។
លោកបានថ្លែងបន្តថា គណបក្សសង្គ្រោះជាតិរំពឹងថា នឹងឈ្នះ៧០ភាគរយនៅក្នុងសភានៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។
ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះត្រូវបានគេឃើញថា ជាការប្រឈមដ៏ធំបំផុតមួយដែលគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវប្រឈមនៅជិត៤ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីគណបក្សរបស់លោកបានឈ្នះតិចតួចទៅលើគណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ដោយពេលនោះគណបក្សរបស់លោក ហ៊ុន សែន បាត់បង់អាសនៈជាច្រើនទៅឲ្យគណបក្សប្រឆាំង ដែលលទ្ធផលនៃការបោះឆ្នោតនោះគឺជាលទ្ធផលអាក្រក់បំផុតមួយសម្រាប់លោក ហ៊ុន សែន ចាប់តាំងពីប្រទេសកម្ពុជាប្រកាន់លទ្ធិប្រជាធិបតេយ្យពេញលេញនៅក្នុងឆ្នាំ១៩៩៨។
លោក កឹម សុខា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងបទសម្ភាសមួយក្រោយមានការប្រមូលផ្តុំដឹកនាំក្រុមអ្នកគាំទ្ររាប់ពាន់នាក់នៅក្នុងខេត្តព្រៃវែងថា៖«ការគាំទ្រទៅលើគណបក្សសង្គ្រោះជាតិមានភាពខ្លាំងក្លាជាងពេលណាៗទាំងអស់ ទាំងនៅក្នុងទីក្រុងនិងនៅតាមតំបន់ជនបទ»៕