កម្ពុជា​ដាក់​ឱ្យ​ប្រើ​ប្រាស់​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ខេត្ត​សៀមរាប ​ដែល​ស្ថិត​ក្រោម​គម្រោង​BRI​របស់​ចិន

អាកាសយានដា្ឋន​អន្តរជាតិ​សៀមរាបអង្គរ​ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​ នៅថ្ងៃទី​១៦ តុលា ឆ្នាំ២០២៣។(TVK/Facebook)

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​ក្នុង​ខេត្ត​សៀមរាប នា​ថ្ងៃ​ចន្ទ​នេះ ដែល​មាន​តម្លៃ​ជាង​១ពាន់​លាន​ដុល្លារ ហើយ​វា​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម ​(Belt and Road Initiative ឬBRI)​របស់​ប្រទេស​ចិន។

ក្នុង​ពិធី​បើក​ដំណើរ​ការ​ទទួល​ជើង​យន្តហោះ​លើក​ដំបូង​ក្នុង​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​សៀមរាប​អង្គរ ​លោក ​វង្សី វិស្សុត ​ឧបនាយក​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ​និង​ជា​តំណាង​នាយក​រដ្ឋមន្រ្តី ​លោក ហ៊ុន ម៉ាណែត ​លើក​ឡើង​ថា ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀមរាប​នេះ​ជា​សមទ្ធិ​ផល​ប្រវត្តិ​សាស្ត្រ​មួយ​ក្នុង​ទំនាក់​ទំនង​មិត្ត​ភាព​ដែក​ថែប​រវាង​កម្ពុជា​ចិន​ ហើយ​លោក​ថា ​ការណ៍​នេះ​នឹង​អាច​ពង្រឹង​វិស័យ​សេដ្ឋ​កិច្ច​ និង​ទេស​ចរណ៍​នៅ​កម្ពុជា​ផង​ដែរ។​ លោក​បន្ថែម​ថា​ ការ​ស្ថាបនា​ព្រលាន​យន្ត​ហោះ​នេះ​គឺ​ ដោយសារ​ទំនាក់​ទំនង​ល្អ​នៃ​ប្រទេស​កម្ពុជា ​និង​ចិន​ក្រោម​គម្រោង​BRI។​

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ ស្ដីពី​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​ ២០២៣ នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​ ២៥ ខែ​មករា ឆ្នាំ​ ២០២៣។(លាស់​ លីបលីប/វីអូអេ)

លោក​ថ្លែង​ថា៖​ «ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រាជ​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ ជាពិសេស​អ្នក​វិនិយោគ​គិន​ដែល​បាន​វិនិយោគ​នៅ​អាកាស​យានដ្ឋាន​ថ្មី​នេះ ដែល​ជា​មរតក​ ជា​សមិទ្ធ​ផល​ដ៏​អាស្ចារ្យ​មួយ​ដូច​ដែល​ខ្ញុំ​និយាយ​អម្បាញ់មិញ​អ៊ីចឹង​ ហើយ​ក៏​មរតក​ដ៏​សំខាន់​នៃ​សម្តេច​តេជោ​ហ៊ុន សែន​ និង​ឯកឧត្តម​ប្រធាធិបតី​ Xi Jinping ​ដែល​បាន​ឯកភាព​គំាទ្រ ​និង​អនុវត្ត​នូវ​គម្រោង​នេះ​ឱ្យ​ចេញ​ជា​ផ្លែ​ផ្លា ​និង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ ពាណិជ្ជ​កម្ម ​វប្បធម៌​សម្រាប់​ប្រជាជន​កម្ពុជា ​និង​ជា​សមិទ្ធ​ផល​ប្រវត្តិ​សាស្រ្ត​ដែល​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ដែក​ថែប​រវាង​ប្រទេស​ចិន ​និង​កម្ពុជា»។​

អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ​បាន​ចាប់​ផ្តើម​សាង​សង់​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២០​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្រៀល​ពង ឃុំ​ពពេល ​និង​ភូមិ​ប្រវ៉ាល ​ឃុំ​តាយ៉ែក ​ស្រុក​សូទ្រនិគម ​ខេត្ត​សៀមរាប ​ដោយ​ក្រុមហ៊ុន ​Angkor International Airport Investment​ (Cambodia) Co.,Ltd ​(AIAI) ​ក្រោម​ទុន​វិនិយោគ​ប្រមាណ​១១០០​លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ការ​វិនិយោគ​ BOT​(Build Operate and Transfer)​ មានន័យ​ថា​ សាងសង់ ​ដំណើរ​ការ​រក​ផល​ចំណេញ​ រួច​ហើយ​នឹង​ផ្ទេរ​មក​កម្ពុជា​គ្រប់គ្រង​វិញ ​ក្នុង​រយៈ​ពេល​៥៥​ឆ្នាំ។ ​ព្រលាន​យន្ត​ហោះ​ថ្មី​នេះ​ត្រូវ​បាន​កសាង​ឱ្យទៅ​ជា​លំដាប់​ថ្នាក់​4E ​សម្រាប់​យន្តហោះ​ធំៗ​គ្រប់​ប្រភេទ ​ដែល​អាច​ហោះ​ឡើង ​និង​ចុះចត​បាន។​ នេះ​បើ​តាម​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា។​

ក្រុមហ៊ុន​វិនិយោគ​អាកាស​យានដ្ឋាន​អន្តរជាតិ​អង្គរ​(AIAI)​ មាន​ភាគ​ហ៊ុន​ក្រុម​ហ៊ុន​វិនិយោគ​យូណាន​(Yunnan Investment Group)​ ចំនួន​៧៦,៦% ​ក្រុមហ៊ុន​សំណង់​យូណាន ​(Yunnan Construction Group) ​ចំនួន​២០% ​និង​ក្រុមហ៊ុន​គ្រប់​គ្រង​ និង​ប្រតិបត្តិ​ការ​អាកាស​យានដ្ឋាន​យូណាន​ (Yunnan Airport Group) ​មាន​ចំនួន​៣,៤%។​
ការ​ដាក់​ឱ្យ​ប្រើប្រាស់​ព្រលាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​សៀមរាប​នេះ ​ធ្វើ​ឡើង​នៅ​គ្រា​ដែល​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​នា​ថ្ងៃ​ចន្ទ​នេះ ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម​«វេទិកា​ខ្សែ​ក្រវាត់ ​និង​ផ្លូវ​លើក​ទី៣​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ» ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ ចាប់​ពី​ថ្ងៃ​ទី​១៧ ​ដល់​ថ្ងៃ​ទី​១៨ ​ខែ​តុលា​ ឆ្នាំ​២០២៣។​

នាយករដ្ឋមន្ត្រីកម្ពុជាលលោក ហ៊ុន ម៉ាណែត បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​ជាមួយ​ភរិយា​កាលពីថ្ងៃទី​១៦ តុលា ឆ្នាំ២០២៣។ (Photo by Ken Ishii / POOL / AFP)

នៅ​ក្នុង​ដំណើរ​ទៅ​ចូលរួម​នេះ ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​«នឹង​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​កម្ពុជា​ចំពោះ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​និង​ផ្លូវ​ ដែល​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ចិន ​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ប្រកប​ដោយ​គុណភាព​ខ្ពស់​សម្រាប់​កំណើន​រួម ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់​និង​អន្តរ​ជាតិ»។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។​

នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ ចាប់​តាំង​ពី​ការ​បង្កើត​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​BRI​របស់​ចិន​មក​ កម្ពុជា​បាន​ទទួល​កម្ចី​ដ៏​សម្បើម​ដើម្បី​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​ រួម​មាន​ស្ពាន ​ថ្នល់ ​និង​ព្រលាន​យន្តហោះ​ជាដើម។​ រដ្ឋាភិបាល​កម្ពុជា​ដែល​កាន់​តែ​ស្និទ្ធ​នឹង​ប្រទេស​ចិន​បាន​សរសើរ​គម្រោង ​BRI​ នេះ ​បើ​ទោះ​មាន​ភាព​ចម្រូង​ចម្រាស​ដែល​លើក​ឡើង​ថា ​គម្រោង​មួយ​នេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​អន្ទាក់​បំណុល​ ហើយ​ចិន​អាច​មាន​ឥទ្ធិពល​លើ​ប្រទេស​ដែល​ខ្ចី​បំណុល​ពី​ចិន​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​មាន​ការ​លំបាក​ក្នុង​ការ​សង​ត្រឡប់​វិញ។​

ទោះ​ជា​យ៉ាងណា ​ការ​មាន​ព្រលាន​យន្តហោះ​ថ្មី​នេះ​ត្រូវ​បាន​មន្រ្តី​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​មក​ខេត្ត​សៀមរាប។ ​

លោក​ ម៉ៅ ហាវណ្ណាល់ ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​រដ្ឋ​លេខា​ធិការដ្ឋាន​អាកាស​ចរស៊ីវិល​ក៏​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ទទួល​ជើង​ហោះ​ហើរ​ដំបូង​ក្នុង​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​សៀមរាប​អង្គរ​ថា ​មុន​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ ​ មុន​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ មុន​មាន​ការ​ដណ្តើម​ភូមិ​សាស្ត្រ​នយោបាយ​របស់​មហា​អំណាច​ពិភព​លោក ​និង​មុន​វិបតិ្ត​សេដ្ឋ​កិច្ច​សកល​ក្នុង​ឆ្នាំ​២០១៩​ កម្ពុជា​បាន​ទទួល​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ប្រមាណ​៣,៩​លាន​នាក់​ និង​ជើង​ហោះ​ហើរ​ប្រមាណ​៤​ម៉ឺន​ជើង​ និង​១០០​ជើង​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ក្នុង​អាកាស​យានដ្ឋាន​ខេត្ត​សៀមរាប។ ​លោក​បន្ត​ថា​ កម្ពុជា​រំពឹង​ថា​ នឹង​មាន​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរ​ជាតិ​បន្ថែម​ជាពិសេស​ភ្ញៀវ​ទេសចរចិន​នឹង​មក​ចុះ​ចត​នៅក្នុង​អាកាស​យានដ្ឋាន​ថ្មី​មួយ​នេះ។​

លោកថ្លែង​ថា៖​ «ទោះ​បី​ជា​នា​ពេល​បច្ចុប្បន្ន​នេះ​ចលនា​ជើង​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ត្រឹម​តែ​៣៤​គ្រឿង ​ឬ​ស្មើ​នឹង​៣២%​នៃ​ឆ្នាំ​២០១៩ ​ក៏​យើង​នៅ​មាន​ក្តី​សង្ឈឹម​ថា​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ស្រឡាង​នៃ​អាកាស​យានដ្ឋាន​អន្តរជាតិ​អង្គរ​ខេត្ត​សៀមរាប​អង្គរ​នឹង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទាក់​ទាញ​ជើង​ហោះ​ហើរ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុក ​និង​បរទេស​ជា​ពិសេស​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន។​

អ្នកស្រី ​ឆាយ សៀវលីន​ ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ វា​ជា​រឿង​ដ៏​គួរ​ឱ្យ​ត្រេក​អរ​មួយ​សម្រាប់​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា ​ដែល​មាន​អាកាស​យានដ្ឋាន​អាច​ទទួល​យន្ត​ហោះ​បាន​ទូលំ​ទូលាយ។​ អ្នក​ស្រី​បន្ត​ថា​ រដ្ឋាភិបាល​អាណត្តិ​ថ្មី​និង​ភាគី​ពាក់​ព័ន្ធ​បាន​ពិភាក្សា ​ដើម្បី​ពង្រឹង ​និង​ពង្រីក​ទេស​ចរណ៍​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។​

អ្នកស្រី​ថ្លែង​ថា៖​ «កាល​ណា​មាន​ជើង​ហោះ​ហើរ​ច្រើន​ចូល​មក​គឺ​ជា​ជម្រើស​ដល់​ភ្ញៀវ​ទេសចរ​ច្រើន​ផង​ដែរ​ អ៊ីចឹង​វា​មាន​ការ​រំពឹង​ថា​ ភ្ញៀវ​ទេសចរ​ដែល​កំពុង​តែ​សម្លឹង​រក​គោល​ដៅ​សម្រាប់​ដំណើរ​ទេស​ចរណ៍​នឹង​មាន​ការ​ចាប់​អារម្មណ៍​មក​លើ​ខេត្ត​សៀមរាប ​និង​ប្រទេស​កម្ពុជា​ទាំង​មូល​ផង​ដែរ»។​

ចាប់​តាំង​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ​ខេត្ត​សៀមរាប​ដែល​មាន​តំបន់​ទេសចរណ៍​ប្រាង្គ​ប្រាសាទ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ជំងឺ​រាត​ត្បាត​មួយ​នេះ។​ រហូត​មក​ដល់​ពេល​នេះ ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​ភ្ញៀវ​ទេសចរ ​ជា​ពិសេស​មក​ពី​ប្រទេស​ចិន​ នឹង​ចាប់​ផ្តើម​ចូល​មក​លេង​ខេត្ត​សៀមរាប​យ៉ាង​ច្រើន​ដូច​កាល​ពី​មុន​ជំងឺ​កូវីដ១៩​ នា​ពេល​ណា​នោះ​ទេ៕​