អ្នក​តាម​ដាន​សាលាក្តី​សង្ឃឹម​លើ​ចៅក្រម​អាមេរិកាំងឱ្យ​បន្ត​សំណុំ​រឿង​០០៣​និង​០០៤​

សាលាក្តី​ខ្មែរក្រហម​

វ៉ាស៊ីនតោន៖ ក្រុមអ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​រំពឹងថា​ដំណើរ​មក​ដល់​របស់​សហ​ចៅក្រម​ ស៊ើបអង្កេត​អសប​គឺ​លោក​ ម៉ាក ហាមិន​ នឹងធ្វើ​ឲ្យមានការ​រីកចម្រើន​ទៅមុខ​ ចំពោះ​សំណុំរឿង​បន្ថែម​ពីរ​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ត្រូវ​រដ្ឋា​ភិបាល​រារាំង​នោះ។
សំណុំរឿង​០០៣​និង​០០៤​ដែលមាន​អតីត​កម្មាភិបាល​ខ្មែរក្រហម​៥នាក់​បានជាប់ គាំង​ដំណើរ​ដោយសារ​ចៅក្រម​ស៊ើបអង្កេត​បរទេស​បានលាឈប់​ដោយសារ​អ្វី មួយ​ដែល​ពួកគេ​ចាត់ទុកថា​មានការ​រំខានផ្នែក​នយោបាយ។

លោក ​ឡុង បញ្ញាវុធ​ មន្ត្រីកម្មវិធី​នៃគម្រោង​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​បាន​បង្ហាញ​ក្តីសង្ឃឹមថា​លោក​ ម៉ាក ហាមិន​ នឹង​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ចំពោះ ​សំណុំរឿង​០០៣​និង​០០៤​ក្រោយពី​ការមកដល់​នៅថ្ងៃពុធ​ស្អែកនេះ។

«យើងអាច​និយាយថា​នេះ​ជា​ឱកាស​ថ្មីមួយ​សម្រាប់​ការិយាល័យ​សហចៅក្រម ស៊ើបអង្កេត​ ហើយ​យើង​ឃើញ​ថា​ការតែងតាំង​របស់​លោក​ ម៉ាក ហាមិន​ជា មុខងារ​ សហ​ចៅក្រម​ស៊ើបអង្កេត​នោះ​ហាក់ដូចជា​អត់មាន​បញ្ហា​ប្រទុស្តរាយ​ ទេ»។
លោកថ្លែង​យ៉ាង​ដូច្នេះ​ដោយយោង​ថា​កិច្ចសហ​ប្រតិបត្តិ​ការ​នឹង​ដំណើរការ ទៅ​មុខ​ដោយរលូន​ក្នុងការ​បំពេញ​កិច្ចការ។

លោក ​បញ្ញាវុធ​បាន​បន្ថែម​សេចក្តី​ថា៖
«នេះជា​សញ្ញា​ដ៏​វិជ្ជ​មាន​ដែលយើង​អាចនិយាយថា​អវត្តមាន​របស់​សហ​ចៅក្រម​ ស៊ើបអង្កេត​អន្តរជាតិ​រយៈពេល​សឹង​តែ​៦ខែ​មកហើយនេះ​ត្រូវបាន​បំពេញ។ ហើយ​យើង​គិតថា​ការមក​ដល់​របស់​គាត់​ធ្វើឲ្យ​គាត់​មាន​លទ្ធភាព​គ្រប់គ្រាន់​នៅ​ ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​គ្រប់គ្រាន់​សម្រាប់​ការិយាល័យ​សហចៅក្រម​ស៊ើប អង្កេត»។

ក្រោយពី​ធ្លាប់​បម្រើការ​ជា​រដ្ឋអាជ្ញា​អាមេរិកាំង​ជាច្រើនឆ្នាំ​ លោក ​ម៉ាក ហាមិន ដែលធ្លាប់​បម្រើការ​ជាមេធាវី​ជាន់ខ្ពស់​១៧ឆ្នាំ​នៅតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី ​(ICTY)​ មុនពេល​ត្រូវតែងតាំង​ជាសហ​ ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែលចូលរួម​ដោយ​អ.ស.ប​កាលពីថ្ងៃ​ទី២០​ខែមិថុនា​ភ្លាមៗ​បន្ទាប់ពី​កម្ពុជា​និង​អ.ស.ប​មានការ​ខ្វែង​គំនិត​គ្នា ​អំពីរឿង​តែងតាំង​សហចៅក្រម​ដើម្បី​ស៊ើបអង្កេត​សំណុំរឿង​០០៣​និង​០០៤នេះ។

លោក ឆាំង យុ​នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឯកសារ​កម្ពុជាបាន​រំពឹង​ដែរ​ថា បេសកម្ម​របស់​លោក ​ម៉ាក ហាមិន​នឹង​ទទួលបាន​លទ្ធផល​ជោគជ័យ​នៅចុង បញ្ចប់។

«ខ្ញុំគិតថា​គាត់មាន​បេសកកម្ម​ដ៏លំបាកមួយ​ដែលត្រូវការ​ជំនាញ​ បុគ្គលិក​ត្រូវការ​គាំទ្រ​ហើយ​ខ្ញុំ​គិត​ថា​បើសិន​ជា​គាត់មាន​ទាំងអស់នេះ​ ខ្ញុំ​គិត​ថា​គាត់​បំពេញ​នូវ​បេសកកម្មនេះ​ប្រកបដោយ​ជោគជ័យ​ ហើយវា​ជាបេសកកម្ម ​ដ៏​សំខាន់​មួយ​ក្នុងការ​លើកកម្ពស់​តម្លៃ​របស់​តុលាការ»។

នៅពេលសួរ​អំពី​កិច្ច​សហប្រតិបត្តិ​ការ​រវាង​លោក​សហចៅក្រម​ ម៉ាក ហាមិន លោក​ យូ ប៊ុនឡេង​សហចៅក្រម​ស៊ើបអង្កេត​កម្ពុជា​បានអះអាង​ប្រាប់​វីអូអេ​ ថា​កិច្ចការ​ទាំងឡាយ​នឹង​ត្រូវពិភាក្សាគ្នា​ពេលលោក​ ម៉ាក ហាមិន​ មកដល់៖
«ឥឡូវ​ខ្ញុំអត់ទាន់​និយាយ​ទេ​ ខ្ញុំរង់ចាំ​គាត់មក​យើងនឹង​ពិភាក្សាគ្នា​អំពីវិធី​ធ្វើកាងារ ជាមួយ​គ្នា»។

ចំណែក​លោក​ ឡាស អូលសិន​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បញ្ជាក់​ពីការ ចាប់ផ្តើម​ធ្វើកិច្ចការ​របស់លោក​ ម៉ាក ហាមិន​នៅសប្តាហ៍នេះ ​តែបដិសេធ​ផ្តល់ អត្ថាធិប្បាយ​លម្អិត ។

«លោកចៅក្រម​ ម៉ាក ហាមិន​(Mark Harmon) ​រំពឹងថា​មកដល់។​ ហើយ​ចាប់ផ្តើម កិច្ចការ​របស់លោក​ ក្នុងរាជធានី​ភ្នំពេញ​នៅប៉ុន្មានថ្ងៃ​ទៀតក្នុង​សប្តាហ៍​នេះ»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​កំពុងកាត់ទោស​សំណុំរឿង​០០២​ដែល​មាន ​អតីត​មេដឹកនាំ​ខ្មែរក្រហម​៣នាក់​ពី​បទសង្ស័យ​ថាមាន​ជាប់ទាក់ទិន​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋខ្មែរ​ជាង​១លាន៧សែន​នាក់​នៅចន្លោះ​ឆ្នាំ១៩៧៥ ​ដល់​១៩៧៩។
សាលាក្តី​នេះ​រងការិះគន់​ពី​បញ្ហា​ពុករលួយ​ពី​ដំបូង​បញ្ហាជ្រៀត​ជ្រែកផ្នែក​នយោ បាយ​ បញ្ហា​ឯករាជ្យភាព​និង​កិច្ចសហប្រតិបត្តិ​ការ​ដែលធ្វើ​ឲ្យម្ចាស់​ជំនួយ​ខ្លះ ខកចិត្ត​ក្នុងការ​បន្ត​ថវិកា​ជាពិសេស​ភាព​យឺតយ៉ាវ​និង​ដំណើរ​មិនទៅមុខ​នៃ​ សំណុំរឿង​បន្ថែម​០០៣​និង​០០៤៕