មន្ត្រីកម្ពុជាបានសម្តែងការមិនពេញចិត្តដែលមន្ត្រីយោធាសហរដ្ឋអាមេរិកបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាមួយនឹងថ្នាក់ដឹកនាំយោធាកម្ពុជាក្នុងអំឡុងទស្សនកិច្ចមួយកាលពីសប្តាហ៍មុន។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេកាលពីសប្តាហ៍មុនថា ការលើកឡើងពីបញ្ហានយោបាយជាមួយនឹងថ្នាក់ដឹកនាំយោធាកម្ពុជាជាការមិនអាចទទួលយកបានទេ។
លោក ផៃ ស៊ីផាន បន្ថែមថា៖
«យើងមិនអាចទទួលយកបានដែលតំណាងកងទ័ពសហរដ្ឋអាមេរិកមកនិយាយជាមួយកងទ័ពកម្ពុជាឱ្យខិតចូលក្នុងនយោបាយនោះគឺជាការយល់ច្រឡំហើយ។ នោះជាអតីតកាលដែលធ្វើឱ្យខ្មែរនឹកឃើញនៅពេលដែលមានការធ្វើបដិវត្តន៍ឆ្នាំ១៩៧០ដែលមានការជួយជ្រោមជ្រែងពីកងទ័ពសហរដ្ឋអាមេរិក។ ដូច្នេះយើងមិនចង់ឱ្យខ្លួនយើងធ្លាក់ទៅក្នុងសភាពការណ៍នោះទេ។ អាស្រ័យដោយកងយោធពលខេមរភូមិន្ទរបស់យើងមិនមែនជាស្ថាប័ននយោបាយ តែគឺជាស្ថាប័នអនុវត្តក្រោមបញ្ជានាយករដ្ឋមន្ត្រីដែលជាច្បាប់របស់យើង»។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាកើតមានឡើងក្រោយពីដំណើរទស្សនកិច្ចកាលពីថ្ងៃទី១៥និង១៦ខែមករា របស់លោក ចូសេហ្វ ហ្វេលធឺ ឧបការីរងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកទៅកម្ពុជាដើម្បីស្វែងរកវិធីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ទាប់ពីជួបភាពរកាំរកូសក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។
នៅក្នុងដំណើរទស្សនកិច្ចនោះលោកហ្វែលធឺ បានលើកឡើងពីបញ្ហានយោបាយកម្ពុជាក្នុងជំនួបជាមួយនឹងលោកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ដែលរួមមានការស្នើឱ្យទម្លាក់ចោលការចោទប្រកាន់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពីបទឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិកធ្វើបដិវត្តន៍ពណ៍ដើម្បីទម្លាក់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកហ្វែលធឺចាត់ទុកថាវាជារឿងក្លែងក្លាយហើយសហរដ្ឋអាមេរិកមិនមានជាប់ពាក់ព័ន្ធអ្វីទេ។
លោក ហ្វេលធឺ បានប្រាប់វីអូអេក្នុងបទសម្ភាសពិសេសថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភពីការវិវត្តន៍នយោបាយនោះហើយស្នើឱ្យកម្ពុជាស្វែងរកវិធី«បង្រួបបង្រួមជាតិ»។
លោកបានបន្ថែមថា៖
«ខ្ញុំគិតថាវាជាកាយវិការល្អពីភាគីកម្ពុជាដែលទម្លាក់ការចោទប្រកាន់ទាំងនោះហើយខ្ញុំគិតថាវាជាឧទាហរណ៍ល្អមួយដែលជួយឱ្យទំនាក់ទំនងយោធារបស់យើងបានប្រសើរឡើងនិងបង្កើនកិច្ចសហប្រតិបត្តិការយោធា»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិកដើម្បីធ្វើបដិវត្តន៍ពណ៍។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងកណ្តាលយប់កាលពីដើមខែកញ្ញាឆ្នាំ២០១៧។ បច្ចុប្បន្នលោកកំពុងតែជាប់ឃុំនៅក្នុងលំនៅដ្ឋានហើយត្រូវហាមឃាត់មិនឱ្យទាក់ទងជាមួយនឹងមន្ត្រីគណបក្ស។ តុលាការកំពូលបានរំលាយអតីតគណបក្សប្រឆាំងនេះកាលពីចុងឆ្នាំ២០១៧។
រដ្ឋាភិបាលកម្ពុជាបានរៀបចំការបោះឆ្នោតកាលពីខែកក្កដាឆ្នាំមុនដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះយកអាសនៈសភាទាំង១២៥។ ការបោះឆ្នោតនោះមិនគាំទ្រដោយបស្ចិមប្រទេសទេប៉ុន្តែរដ្ឋាភិបាលថ្មីត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងនយោបាយ។ ក្រោយពីការបោះឆ្នោតនោះ លោកហ៊ុន សែនហាក់បន្ធូរបន្ថយវោហារសាស្រ្តវាយប្រហារសហរដ្ឋអាមេរិក។
ប៉ុន្តែសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភពីទំនាក់ទំនងរវាងចិននិងកម្ពុជាដែលអាចនឹងត្រូវចិនប្រើប្រាស់ប្រទេសកម្ពុជាធ្វើជាមូលដ្ឋានយោធា ឬអាគារផ្ទុកសម្ភារៈយោធា។
ក្នុងអំឡុងពេលទស្សនកិច្ចនោះលោកហ្វេលធឺក៏បានសម្តែងការព្រួយបារម្ភពីលទ្ធភាពអាចមានវត្តមានមូលដ្ឋានយោធាចិននៅកម្ពុជាដោយចាត់ទុកថា«ធ្វើឱ្យខូចដល់សន្តិសុខក្នុងតំបន់និងសន្តិសុខរបស់កម្ពុជាខ្លួនឯង»ហើយឈានទៅដល់ការខូចខាតដល់អធិបតេយ្យរបស់កម្ពុជា។
លោក ហ្វេលធឺ បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា។
«យើងគោរពអធិបតេយ្យភាពកម្ពុជា។ យើងគោរពកម្ពុជាជាប្រទេសដែលមានអធិបតេយ្យដែលធ្វើការសម្រេចចិត្តប្រកបដោយសេរី ហើយយើងសង្ឃឹមថាកម្ពុជានៅតែអាចធ្វើការសម្រេចចិត្តដូចនេះបានជារៀងរហូត។ យើងសង្ឃឹមថាគ្មានប្រទេសណាផ្សេងដែលអាចចូលជ្រៀតជ្រែកក្នុងអធិបតេយ្យរបស់កម្ពុជានិងប្រើឥទ្ធិពលលើការសម្រេចចិត្តនោះទេ»។
លោក ផៃ ស៊ីផាន បានការពារជំហររបស់កម្ពុជាដោយបានលើកឡើងនូវជំហរជាសាធារណៈដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានបញ្ជាក់ក្នុងពេលកន្លងមកថា៖
«យើងបានប្រាប់ដល់មិត្តទាំងឡាយនៅក្នុងពិភពលោកថាយើងមិនមែនខ្ញុំចិនហើយយើងក៏មិនឆ្កួតអនុញ្ញាតឱ្យចិនមកតាំងទ័ពនៅកន្លែងហ្នឹង។ បើសិនជាយើងអនុញ្ញាតឱ្យចិនយកកម្ពុជាជាមូលដ្ឋានទ័ពបានសេចក្តីថាយើងសម្លាប់ខ្លួនឯង។ យើងយល់ច្បាស់ចំណុចហ្នឹង។ ដូច្នេះកម្ពុជានិងចិនគ្រាន់តែជាដៃគូអភិវឌ្ឍន៍ ដៃគូយុទ្ធសាស្ត្រផ្សេងៗទេ»។
សព្វថ្ងៃនេះ ទំហំបណ្តូរពាណិជ្ជកម្មកម្ពុជានិងចិនក៏បានកើនឡើងដល់ ៥.៦០០លានដុល្លារហើយ។ នេះបើតាមការបញ្ជាក់របស់លោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា។ ដោយឡែកបណ្តូរពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជាមាន៣.៦២៥លានដុល្លារក្នុងឆ្នាំ២០១៨។
លោក ហ៊ុន សែន កំពុងធ្វើទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា។ លោកហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកក្នុង អំឡុងទស្សនកិច្ចរយៈពេលបួនថ្ងៃក្នុងប្រទេសចិនថា៖
«កម្ពុជាត្រូវខិតខំបើកពង្រីកនិងពង្រឹងទីផ្សារឲ្យបានច្រើនថែមទៀតក្រៅពីទីផ្សារអាមេរិក និងអឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅ ដូចជានៅក្នុងប្រទេសចិន អាហ្វ្រិក មជ្ឈិមបូព៌ា និងកូរ៉េជាដើម»។
លោកបន្ថែមទៀតថា៖
«មិត្តចិនគឺវិនិយោគធំជាងគេនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គិសនីជាដើម»៕