រាជធានី​ និង​ទីប្រជុំជន​នានា​ត្រូវ​ការ​លំនៅដ្ឋាន​ជាង​ ៨០​ម៉ឺន​ខ្នង​មុន​ឆ្នាំ​ ២០៣០

ប្រជា​ជន​ដែល​ស្នាក់នៅ​អគារ​បូឌិញ​ចាប់ផ្តើម​រៀបចំ​ដើម្បី​ចាកចេញពីទីលំនៅ​ចាស់​របស់ខ្លួន​​ទៅតាំងទីលំនៅថ្មី ក្រោយ​ការ​ចចារ​ជាមួយ​អាជ្ញាធរ និងតំណាង​​ក្រុមហ៊ុន​វិនិយោគបរទេស, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី ០៦ ខែ​មិថុនា​ ឆ្នាំ២០១៦។​ (ខាន់​ សុគុំ​មនោ/ VOA)

លោក​ជា សុផារ៉ា​ អតីត​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​​ថា​ ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យ​ម​ និង​ទាប​អាច​ទទួល​បាន​លំនៅដ្ឋាន​សមរម្យ​ ​ក្រសួង​បាន​ផ្តើម​សហការ​ជាមួយ​ក្រុម​ហ៊ុន​​ឯកជន​ចំនួន​ពីរ​ ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ ដែលមាន​តម្លៃ​សមរម្យ។​

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគររូបនីយកម្ម​ និង​សំណង់​គឺ​លោក​ជា សុផារ៉ាបាន​ថ្លែង​នៅថ្ងៃ​អង្គារ​នេះ​ថា​ ​គិត​ពីឆ្នាំ​២០១៥​ទៅ​ដល់​ឆ្នាំ​២០៣០​ រាជធានី​ភ្នំពេញ​ និង​តំបន់​ទីប្រជុំ​ជន​នានានឹង​ត្រូវការលំនៅ​ដ្ឋាន​ប្រមាណ​៨០​ម៉ឺនខ្នង​ ​ជាមធ្យម​គឺ​ត្រូវការ​ប្រមាណ​ ៥​ម៉ឺន​ខ្នង​ក្នុង​មួយ​ឆ្នាំ។​

ក្នុង​វេទិកា​លំនៅដ្ឋាន​ថ្នាក់ជាតិ​ រៀបចំ​ដោយ​អង្គការ​លំនៅដ្ឋាន​មនុស្ស​ជាតិ​កម្ពុជា​ ​ឬ​ជា​ភាសាអង់​គ្លេស​ថា​ ​Habitat for Humanity Cambodia​ ​ដែល​ធ្វើឡើង​នា​ថ្ងៃ​អង្គារ​នេះ​ លោក​ជា សុផារ៉ា​ថ្លែង​ថា​ តម្រូវការ​លំនៅដ្ឋាន​នឹង​កើន​ឡើង​ជាបន្ត​បន្ទាប់ក្នុង​រយៈពេល​១៥​ឆ្នាំ​ទៅ​មុខ​ទៀត​ ​គ្រាដែល​កំណើន​ប្រជាជន​ក្នុង​រាជធានី​ និង​ទីប្រជុំជន​នា​នា​នឹង​កើន​ពី​ចំនួន៤,៣​លាន​នាក់​ ក្នុង​ឆ្នាំ​២០១៤​ដល់ ​៧,៩​លាន​នាក់​នៅ​ឆ្នាំ ​២០៣០។​ ​រដ្ឋមន្ត្រីរូប​នេះ​បន្ត​ថា​ រដ្ឋាភិបាល​បាន​កំពុង​អនុវត្ត​គោល​នយោបាយថ្នាក់ជាតិ​ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​លំនៅ​ដ្ឋាន​ដ៏​ច្រើន​នេះ។​

«ឆ្លើយតប​នឹង​តម្រូវ​ការ​នេះ​ ក្រសួង​បាន​នឹង​កំពុង​សកម្ម​ ​អនុវត្ត​នូវ​គោល​នយោបាយ​ជាតិ​ស្តី​អំពី​លំនៅដ្ឋាន ផ្សារភ្ជាប់​ទៅនឹង​គោល​នយោបាយ​ជាតិ​ស្តីពី​ការ​រៀបចំ​ដែនដី​ ដើម្បី​ជំរុញ​ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​គ្រប់​ប្រភេទ​ ​ពិសេស​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ​ ជូន​មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ ប្រាក់​ចំណូល​ទាប​ និងប្រជាជន​ងាយ​រង​គ្រោះ​ ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌»។​

លោក​ជា សុផារ៉ា​ អតីត​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យ​ម​ និង​ទាប​អាច​ទទួល​បាន​លំនៅដ្ឋាន​សមរម្យ​ ​ក្រសួង​បាន​ផ្តើម​សហការ​ជាមួយ​ក្រុម​ហ៊ុនឯកជន​ចំនួន​ពីរ​ ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ ដែលមាន​តម្លៃ​សមរម្យ។​

«ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់​បាន​នឹង​កំពុង​សហការ​ជាមួយក្រុមហ៊ុន​ World Bridge Land ​និង​ ក្រុម​ហ៊ុន​ PNPN ​នៅក្នុង​ការ​សាង​សង់​លំនៅដ្ឋាន​មាន​តម្លៃ​សមរម្យ​ សម្រាប់​លក់​ជូន​ ​តម្លៃ​ទាប​ជាង​៣០.០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​លំនៅដ្ឋាន​ និង​អនុវត្ត​រូប​មន្ត​នៃ​ការ​បង់រំលោះ​ប្រចាំ​ខែ​ ក្នុង​បរិមាណ​ទឹកប្រាក់តិច​សម្រាប់​រយៈ​ពេល​វែង»។​

រូបឯកសារ៖ លោក​ ជា​ សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ នៅក្នុង​វេទិកា​លំនៅឋាន​ថ្នាក់ជាតិ​ឆ្នាំ២០១៧ អំពី«លំនៅឋាននៅចំណុចមូលដ្ឋាន»​ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​២៧ ខែ​មិថុនា​ ឆ្នាំ២០១៧​។ (ខាន់​ សុគុំមនោ/ VOA Khmer)

យ៉ាងណា​ក៏​ដោយ​ ​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​ ដែល​មាន​តម្លៃ​សមរម្យ​ ត្រូវ​គេដឹង​ថា​ បាន​កើត​ឡើង​ក្រោយ​ពី​ប្រជា​ពល​រដ្ឋ​ខ្មែររាប់​សិប​ម៉ឺន​នាក់​បាន​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នានា​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ទីប្រជុំជន​ទូទាំង​ប្រទេស។​

ខ្សែភាពយន្ត​ឯកសារ​ថ្មី​មួយ​ដែលមាន​ចំណង​ជើង​ថា​«រដូវ​ផ្ការីក​នៅ​កម្ពុជា» ​ ឬ​ A Cambodian Spring​ ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ផលិតករ​ជនជាតិ​អង់គ្លេស​គឺ​លោក​ ​Chris Kelly​ បាន​ឲ្យ​ដឹង​ថា​ ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ការ​រឹបអូស​យក​ដីធ្លី​ពលរដ្ឋ​ក្រីក្រ​ជា​បន្ត​បន្ទាប់​ និង​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ទាមទារ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល​ជិត​ពីរ​ទស​វត្សរ៍ចុង​ក្រោយ​នេះ។

មាន​ពលរដ្ឋ​ខ្មែរ​ជាង​៨០​ម៉ឺន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍ​ តាំងពី​ឆ្នាំ​២០០០​ ​ដែល​នាំ​ឱ្យ​ពួក​គេ​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​លំនៅដ្ឋាន ​ដោយ​មិន​ទទួល​បាន​សំណង​សមរម្យ​ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ជាប់​ពន្ធនាគារ​ទៀត​ផង។​ ពល​រដ្ឋ​រងគ្រោះ​ជាច្រើន​បន្ត​រស់​នៅ​ក្នុង​ទីតាំង​ជម្លៀស​ចេញ​ដែល​មាន​ស្ថានភាព​គួរ​ឱ្យ​ខ្លោចផ្សា​ ដែល​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ម្ហូប​អាហារ​ និង​ជំងឺ​ដង្កាត់​នានា។

ដោយព្យាយាម​បញ្ចៀសការ​អាក់​អន់​ចិត្ត​ និង​ការ​ខឹង​សម្បារ​ពី​ប្រជា​ពល​រដ្ឋ​ដែល​ធ្លាប់​កើត​ឡើង​នៅ​ពេល​ការ​អភិវឌ្ឍ​ចាប់​ផ្តើម​ ​ ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដឹកនាំ​ដោយ​លោក​ ​ជា សុផារ៉ា​ ​បាន​សម្របសម្រួល​ឲ្យ​មាន​ការ​ទិញ​លក់​ក្នុង​តម្លៃ​មួយ​ខ្ពស់​ ដែល​អាច​ទទួល​យក​បាន​សម្រាប់​អ្នក​រស់​នៅ​ក្នុង​អគារ​ចំណាស់​មួយ​ដែល​គេស្គាល់​ថា​ ជា​អគារ​ប៊ូឌីញ។​ ​ទោះ​ជា​មាន​ការ​សម្រប​សម្រួល​លើការទិញ​លក់​បន្ទប់​នៃ​អគារ​ស​នេះ​ក៏​ដោយ មាន​ករណី​វិវាទ​ដីធ្លី​មួយ​ចំនួន​នៅក្នុង​រាជធានី និង​ខេត្ត​ជា​ច្រើន​ទៀត​មិន​ទាន់​ត្រូវ​បានរដ្ឋាភិបាល​ដោះ​ស្រាយ​នៅ​ឡើយ។​

​ក្នុង​ម៉ោង​សម្រាក​នៃ​វេទិកា​លំនៅដ្ឋាន​ថ្នាក់​ជាតិ លោក​សៀរ ភារម្យ ​នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំ​នៅដ្ឋាន​ ​បានប្រាប់​ VOA ​ថា​ ដំណោះស្រាយ​សម្រាប់​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​អគារ​ស​ ជា​ចំណុច​ចាប់​ផ្តើម​មួយ​នៃ​ការ​ឈាន​ទៅ​ដល់​ការបញ្ចប់​វិវាទ​នានា​ ពាក់​ព័ន្ធ​នឹង​សិទ្ធិ​កាន់​កាប់​លំនៅដ្ឋាន​ និង​ការ​ដោះដូរ។​

លោក​និយាយ​ថា៖​

«វាជា​ចំណុច​ល្អ​ ជា​ឆន្ទៈ​ល្អ​ ហើយ​បើ​សិន​ជា​មាន​ការ​ដោះស្រាយ​ ដូច​អគារ​ប៊ូឌីញ​ហ្នឹង​ទៅ​សហគមន៍​ក្រីក្រ​ផ្សេងៗទៀត ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ឬ​ក៏​ទៅទីប្រជុំ​ជន​ផ្សេងៗ​ទៀត​ អីចឹង​ ខ្ញុំ​ជឿ​ថា​ បញ្ហា​ទំនាស់​ហ្នឹង​ លែង​មាន​ហើយ»។

រូបឯកសារ៖ ប្រជា​ជន​ដែល​ស្នាក់នៅ​អគារ​បូឌិញ​ចាប់ផ្តើម​រៀបចំ​ដើម្បី​ចាកចេញពីទីលំនៅ​ចាស់​របស់ខ្លួនទៅតាំងទីលំនៅថ្មី ក្រោយ​ការ​ចចារ​ជាមួយ​អាជ្ញាធរ និងតំណាងក្រុមហ៊ុន​វិនិយោគបរទេស នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ០៦ ខែ​មិថុនា​ ឆ្នាំ២០១៦។​ (ខាន់​ សុគុំ​មនោ/ VOA)

ទាក់​ទិន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ក្នុង​ការ​បង្កើន​លំនៅដ្ឋាន​ ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​លោក​សៀរ ភារម្យ​បាន​មើលឃើញ​ថា​ ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ចលករ​មួយ​ដែល​អាច​បង្អាក់​ដល់​កិច្ច​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដល់​អ្នក​ក្រីក្រ​ក្នុង​តំបន់​ទីប្រជុំ​ជន​ដែល​មាន​ប្រមាណ​ ១៧,៧​ភាគរយ​នៅ​ក្នុង​ប្រទេស។​

«រាជរដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ ​ឬ​ក៏​ទប់​ស្កាត់​នូវ​អំពើ​ពុករលួយ​ដើម្បី​យក​ប្រាក់​ចំណូល​ពន្ធ​ទាំងឡាយ​ហ្នឹង​ ដើម្បី​យក​មក​ជួយ​បង្កើន​នូវ​លំនៅដ្ឋាន​សមរម្យ​ ទើបបាន​យើង​អាច​នឹង​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​គេ​ហៅ​ថា​ ផ្ទុះ​មហារីក​ផ្ទុះ​ ពីព្រោះ​យើង​ពីមុន​ យើង​អត់​បាន​ទប់​ស្កាត់​នូវ​ដី​សាធារណៈរបស់​រដ្ឋ​មួយ​ចំនួន​ ដូច​ជា​តាម​ដង​ផ្លូវ​តាម​ទន្លេ​តាម​អី​ ​តាម​បឹង​ហ្នឹង។ ​យើង​អត់​ទប់​ស្កាត់​ទេ​ យើង​អត់​បានផែនការមេដើម្បី​ការពារ​គ្រប់​គ្រង​ កុំឲ្យ​មាន​ការ​រស់​នៅ​ដែល​មិន​សមរម្យ»។​

អ្នក​សិក្សា​ស្រាវជ្រាវ​អំពី​ទីក្រុង​បាន​ឲ្យដឹង​ថា​ ផែន​ការ​អភិវឌ្ឍន៍​លំនៅដា្ឋន​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម​អាច​ដំណើរការ​ទៅ​បាន​ជោគជ័យ​ ​ប្រសិន​បើ​រដ្ឋាភិបាល​មាន​កម្ម​វិធី​លើក​ទឹកចិត្ត​ដល់​ក្រុម​អ្នក​វិនិយោគ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ពន្ធគយ​ ក៏​ដូចជា​ការ​បន្ធូរ​បន្ថយ​នៃ​ថ្លៃ​សេវា​មួយ​ចំនួន។​

លោកទេព ម៉ាកាធី​ នាយកស្ថានិក​នៃ​វិទ្យាស្ថាន​នគរូបនីយកម្ម​ ​យល់​ថា​ រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្រួល​ឲ្យ​មាន​ការ​កសាង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវការ​ជំនួយ​ខាង​ហិរញ្ញវត្ថុ​ដើម្បី​ទទួល​បាន​ផ្ទះ​សមរម្យ។​

«រដ្ឋាភិបាល​ត្រូវ​ដើរ​តួនាទី​សំខាន់​ណាស់​ សំខាន់​តាំងពី​របប​គោល​នយោបាយ​ យុទ្ធសាស្ត្រ​ ហើយ​នឹង​ការ​អនុវត្ត​ ជួយ​ដោយ​ផ្ទាល់។ ​ឧទាហរណ៍​ វា​គ្មិន​យើង​លើក​ឡើង​ហ្នឹង​ ឧទាហរណ៍​ បើ​នាំ​ពន្ធ​ នាំ​ខ្សាច់​ នាំ​ដែក​ សម្រាប់​មក​៨ចូល​ផលិត​ត្រង់​ហ្នឹង​ គាត់​សួរ​យើង​ហើយ​ តើ​ដក​ពន្ធ​គាត់​ចេញ​បាន​ទេ ដើម្បី​ឲ្យ​គាត់​អាច​ផលិត​មួយ​ការ៉េ​បាន​ប៉ុន្មាន​ ជាជាង​ផលិត​ទៅ​លក់​ក្នុង​ផ្ទះ​ល្វែង​ធម្មតា។​ អា​ហ្នឹង​ធ្លាក់​បន្ទុកទៅ​ណា?​ ទៅ​រដ្ឋាភិបាល​ដដែល»។​

លោក​បេង ហុងសុជាតិខេមរ៉ូ​ អគ្គនាយក​ ​អគ្គនាយកដ្ឋាន​លំនៅដ្ឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយកម្ម និង​សំណង់​ ​បាន​លើក​ឡើង​ថា ​ក្រសួង​រៀបចំដែន​ដី​កំពុង​សិក្សា​ជាមួយស្ថាប័ន​ពាក់​ព័ន្ធ​របស់​រដ្ឋ​ និង​ឯកជន​ ទាក់​ទិន​ការ​ធ្វើ​យ៉ាង​ណា​ទើប​អាច​កសាង​លំនៅដ្ឋាន ​ដែល​មាន​តម្លៃ​សម​ល្មម​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវការ​ផ្ទះ​សម្បែង​ តែ​ប្រឈម​នឹង​កង្វះ​ហិរញ្ញ​វត្ថុ។​

«ក្រសួង​រៀបចំ​ដែនដី​ជាមួយ​នឹង​ស្ថាប័ន​ពាក់​ព័ន្ធ​កំពុង​ពិភាក្សាថា​ តើ​យើង​គួរ​មាន​កត្តា​អ្វី​ខ្លះ​ ដើម្បី​លើក​លែង​ ទាំង​ផ្នែកលើក​ទឹកចិត្ត​ ទាំង​សម្រាប់​ប្រជា​ពលរដ្ឋ​ ដែល​អ្នក​ទិញ​លំនៅដ្ឋាន​មាន​តម្លៃ​សមរម្យ​ ទាំង​អ្នក​ដែល​មក​រក​ធ្វើ​អាជីវកម្ម​លំនៅ​ដ្ឋាន​មាន​តម្លៃ​សមរម្យ»។​

ថ្វី​ដ្បិត​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួនក្នុង​វិស័យ​លំនៅដ្ឋាន​នេះ​ត្រូវ​គេ​ដឹង​ថា ​មិន​ទាន់​បាន​ដោះ​ស្រាយ​ចប់​រួចរាល់​ក្តី​ ​លោក​ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម​និង​សំណង់​ បាន​ឲ្យដឹង​ថា​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ និង​លំនៅដ្ឋាន​ នៅឆ្នាំ​២០១៦​ មាន​ប្រមាណ​ ៥.៥៨០​លាន​ដុល្លារ​អាមេរិក​ ហើយ​ក្នុង​រយៈពេល​៥ខែ​ដើម​ឆ្នាំ​២០១៧​នេះ​ ទុនវិនិយោគ​ក្នុង​វិស័យ​ដដែល​នេះ​មាន​ប្រមាណ​៤.៣៦២​លាន​ដុល្លារ​អាមេរិក​ ​គឺ​មានកំណើន​២០​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦​ និង​បង្កើត​បាន​ការ​ងារ​សម្រាប់​មនុស្ស​២០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ៕