មន្ត្រី​បោះឆ្នោត​ទទួល​ការ​ហ្វឹកហ្វឺន​និង​ត្រូវ​ប្រាប់​ឱ្យ​អព្យាក្រិត

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រាប់​ទៅ​ដល់មន្ត្រី​របស់​ខ្លួន​ឱ្យធ្វើ​ការ​ប្រកប​ដោយឯករាជ្យ​និង​អព្យាក្រឹត​ដើម្បី​ឱ្យ​ការបោះឆ្នោត​លើក​ក្រោយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែល​អាច​ទទួល​យក​បាន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ពី​ច្បាប់​បោះឆ្នោត​ថ្មី​ដែល​ទើប​ត្រូវ​បាន​តាក់​តែង​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ លោក គួយ ប៊ុនរឿន​ អនុប្រធាន​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)បាន​បញ្ជាក់​ថា៖

«គ.ជ.ប​ត្រូវ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​ប្រកបដោយ​ឯករាជ្យ​ អព្យាក្រឹត ឥត​លម្អៀង ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ទទួល​បាន​សិទ្ធិ​ និង​ការ​ចូលរួម​បោះឆ្នោត​បាន​គ្រប់ៗ​គ្នា​ដោយ​រូម​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​សំដៅ​ឱ្យ​ការរៀបចំ​ការបោះឆ្នោត​ទទួល​បាន​ជោគជ័យ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​មាន​សន្តិភាព​ដល់​ប្រជាពលរដ្ឋ​និង​ប្រទេស​កម្ពុជា‍»។

គ.ជ.ប​មុន​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​ប្រកាន់​ថា​បាន​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​ហើយ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ក្រោយ​ពី​មាន​ដំណោះស្រាយ​រវាង​គណបក្ស​បក្ស​ទាំងពីរ។ ​

គ.ជ.ប​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ជា​លើក​ដំបូង​ពី​ច្បាប់​បោះឆ្នោត​ថ្មី​នេះ​ដល់​មន្ត្រី​ចំនួន​១៦៥​នាក់​របស់​ខ្លួន​ដែល​មក​ពី​ទី​ស្តីការ​គ.ជ.ប​និង​រាជធានី​ខេត្ត​ដើម្បី​ផ្តល់​ចំណេះ​ដឹង​និង​ពង្រឹង​សមត្ថភាព​របស់​ពួកគេ។​

កម្ពុជា​គ្រោងនឹង​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ ​និង​ការ​បោះឆ្នោត​ជាតិ​អាច​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ​២០១៨៕