នាយករដ្ឋមន្ត្រីគួរកាន់តំណែងយ៉ាងយូរបំផុតត្រឹមពីរអាណត្តិ ឬស្មើនឹងរយៈពេលដប់ឆ្នាំ។
ក្រុមអង្គការសង្គមស៊ីវិលបានទទូចបែបនេះកាលពីសប្តាហ៍មុន ហើយស្នើឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិព្រមព្រៀងគ្នាធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញដើម្បីកំណត់អាណត្តិនាយករដ្ឋមន្ត្រី។
សម្ព័ន្ធដើម្បីកំណែទម្រង់ការបោះឆ្នោតដែលមានអង្គការជាសមាជិកសរុបចំនួន២០អង្គការបានស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រាទី១១៩ ដោយបន្ថែមថាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនយោបាយមិនត្រូវជាបេក្ខជនដែលបានកាន់អំណាចរយៈពេលពីរអាណត្តិរួចមកហើយនោះទេ។
សំណើនេះហាក់ដូចជាបានជួយបន្ថែមទម្ងន់ទាមទាររបស់គណបក្សជំទាស់ដែលធ្លាប់បានលើកបញ្ហានេះជាច្រើនក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្រ្វែល មានប្រសាសន៍ថា ការកាន់កាប់អំណាចយូររបស់នាយករដ្ឋមន្ត្រីតែងតែនាំឲ្យមានការរំលោភអំណាចរបស់ខ្លួន និងប៉ះពាល់ដល់ការរីកចម្រើនរបស់ប្រទេស។
«អាចមានការព្រួយបារម្ភអំពីការប្រើប្រាស់អំណាចមិនត្រឹមត្រូវ ហើយគេទុកឲ្យមានដំណើរការប្រជាធិបតេយ្យឲ្យមានការផ្លាស់ប្តូរការដឹកនាំអំណាចនិតិប្រតិបត្តិឲ្យបានទៀងទាត់។ហើយប្រទេសជាច្រើនឃើញថា ការផ្លាស់ប្តូរការដឹកនាំនៃអង្គនិតិប្រតិបត្តិប្រទេសនឹងមានស្ថិរភាពនិងមានការរីកចម្រើនបានលឿន»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតមួយរូបក្នុងពិភពលោក។ លោកបានឡើងធ្វើជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ១៩៨៥ ពោលគឺមកទល់នឹងឆ្នាំនេះ លោកធ្វើជានាយករដ្ឋមន្ត្រីបានជិត៣០ឆ្នាំហើយ។
យ៉ាងតិចមានមេដឹកនាំដែលកាន់អំណាចយូរបំផុតក្នុងពិភពលោកចំនួន៣១រូបក្នុងទ្វីបអាស៊ី អឺរ៉ុប អាមេរិកនិងទ្វីបអាហ្វ្រិក។ មេដឹកនាំទាំងនោះបានកាន់អំណាចចន្លោះពី៣០ឆ្នាំដល់៥២ឆ្នាំ គឺប្រធានាធិបតីប្រទេសគុយបា លោកហ្វ៊ីដែល កាស្ត្រូ ដែលកាន់អំណាចបាន៥២ឆ្នាំនិង៦២ថ្ងៃ។ រីឯលោកម៉ូមូន អាបឌុល ហ្គេយូម (Maumoon Abdul Gayoom) អតីតប្រធានាធិបតីប្រទេសម៉ាល់ឌីវ ដែលកាន់អំណាចយូរជាងគេដែរ ប៉ុន្តែបានត្រឹម៣០ឆ្នាំ គឺដឹកនាំអំណាចបានតិចជាងគេក្នុងចំណោមអ្នកកាន់អំណាចយូរបំផុតក្នុងពិភពលោក។
ប៉ុន្តែប្រសិនបើលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបញ្ចប់អាណតិ្តជាប្រមុខដឹកនាំរដ្ឋនៅកម្ពុជាក្នុងរដ្ឋាភិបាលអាណត្តិទី៥នេះ រូបលោកនឹងក្លាយជាមេដឹកនាំដែលកាន់អំណាចបាន៣៤ឆ្នាំគឺយូរជាងគេបំផុតក្នុងចំណោមបណ្តាមេដឹកនាំដែលកាន់អំណាចយូរជាងគេនៃសមាគមអាស៊ាន។ លោក លី ក្វាន់យូ នាយករដ្ឋមន្ត្រីរបស់ប្រទេសសិង្ហបុរី ដែលជាប្រទេសសមាជិកអាស៊ានមួយ កាន់អំណាចបាន៣១ឆ្នាំនិង១៧៦ថ្ងៃ។ នាយករដ្ឋមន្ត្រីវៀតណាមផាំ វ៉ាន់ដុងកាន់តំណែងបាន៣១ឆ្នាំនិង២៧១ថ្ងៃ ដោយឡែកប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ី លោកស៊ូហាតូកាន់អំណាចបាន៣១ឆ្នាំនិង៧០ថ្ងៃ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនអាចស្ថិតនៅពីក្រោយមគ្គុទេសក៍របស់ប្រទេសកុម្មុយនិស្តកូរ៉េខាងជើងក្នុងទ្វីបអាស៊ីគឺលោកគឹម អ៊ីលស៊ុង ដែលកាន់អំណាចបាន៤៥ឆ្នាំនិង៣០២ថ្ងៃ។
គណបក្សសង្គ្រោះជាតិធ្លាប់បានបង្ហាញគោលនយោបាយរបស់ខ្លួនថា នឹងដាក់ឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមតែពីរអាណត្តិ តែប៉ុណ្ណោះប្រសិនជាខ្លួនជាប់ឆ្នោត។
លោកកឹម សុខា អនុប្រធានគណបក្សជំទាស់នេះដែលគេដឹងថា នឹងក្លាយជាអនុប្រធានទី១នៃរដ្ឋសភា បានថ្លែងថា គណបក្សរបស់លោកនៅតែរក្សាគោលជំហរនេះ ហើយលោកនឹងជំរុញឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងអាណត្តិនេះ។
«កាលពេលយើងជួបជាមួយថ្នាក់កំពូលដំបូងបំផុតនៅរដ្ឋសភាក៏ធ្លាប់លើករឿងនេះដែរ។ ហើយលោកហ៊ុន សែនក៏អត់ជំទាស់អីដែរ។ ហើយឥឡូវសង្គមស៊ីវិលលើកសមហេតុសមផល។ ខ្ញុំគាំទ្រ១០០ភាគរយ។ ក្នុងអាណត្តិនេះ យើងត្រូវតែធ្វើ(កែអាណត្តិនាយករដ្ឋមន្ត្រី) ហើយខ្ញុំជឿថា ពួកមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលចាស់ៗ ហើយគាត់មិនសាញអីទេ ព្រោះគាត់ដឹងថា ពីរអាណត្តិទៀតគាត់ល្មមហើយ»។
លោកកឹម សុខាថ្លែងថា ការកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីគឺដើម្បីជំរុញឲ្យមានអ្នកដឹកនាំថ្មីមកកាន់ចង្កូតប្រទេស និងជួយទប់ស្កាត់ការប្រព្រឹត្តរំលោភច្បាប់របស់នាយករដ្ឋមន្ត្រី។ ហើយមួយវិញទៀតគោលការណ៍ថ្មីនេះក៏ជាការពង្រឹងលទ្ធិប្រជាធិបតេយ្យទាំងក្នុងប្រទេស និងទាំងក្នុងផ្ទៃក្នុងរបស់គណបក្ស។
ដោយឡែកលោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស ឲ្យដឹងថា ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីគឺជាសំខាន់កុំឲ្យមេដឹកនាំប្រទេសក្រាញក្នុងអំណាចរបស់ខ្លួន។
«យើងដឹងថា ក្នុងរយៈពេលតែពីរអាណត្តិនឹងផុតអាណត្តិនាយករដ្ឋមន្ត្រី ហើយអញ្ចឹងអត់មានលទ្ធភាពក្នុងការក្រាញអំណាចទេ។ ហើយបើអត់លទ្ធភាពក្នុងការក្រាញអំណាចធ្វើឲ្យមនុស្សម្នាក់ៗមិនហ៊ានធ្វើអ្វីផ្តេសផ្តាស ពីព្រោះខ្លាចពេលអស់អំណាចទៅនឹងមានបញ្ហា»។
ការជំរុញឲ្យអាណត្តិនាយករដ្ឋមន្ត្រីត្រូវកំណត់ត្រឹមរយៈពេលដប់ឆ្នាំ ឬពីរអាណត្តិត្រូវគេមើលឃើញថា ជាការរុញច្រានការបន្តអាណត្តិរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងដើម្បីដាក់ឲ្យប្រទេសកម្ពុជាឲ្យមានរបបដឹកនាំជាក់លាក់មួយតាមគំរូប្រទេសជឿនលឿនជាច្រើន។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានប្រកាសម្តងហើយម្តងទៀតថា លោកនៅមានកម្លាំងដឹកនាំអំណាចតទៅទៀតបាន។ ហើយលោកនឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជាពីរអាណត្តិទៅមុខទៀត។
លោកជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បង្ហាញការស្វាគមន៍ចំពោះសំណើរបស់ក្រុមអង្គការសង្គមស៊ីវិល។ ប៉ុន្តែលោកបញ្ជាក់ថា ការងារដែលត្រូវអនុវត្តនោះគឺត្រូវអនុលោមតាមកិច្ចព្រមព្រៀងនៃគណបក្សទាំងពីរ។
កិច្ចព្រមព្រៀងរវាងមេដឹកនាំកំពូលនៃគណបក្សគូជម្លោះគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ខែកក្កដាមិនបានលើកអំពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ។
លោកជាម យៀបអះអាងថា ការធ្វើវិសោធនកម្មដើម្បីកែប្រែអាណត្តិរបស់នាយករដ្ឋមន្ត្រីបាន លុះណាតែមានការឯកភាពគ្នានៃគណបក្សទាំងពីរ។
«ខ្ញុំសូមជំរាបថាអ្វីៗទាំងអស់ រាប់ទាំងកែរដ្ឋធម្មនុញ្ញក៏អាចកែបានដែរ ប៉ុន្តែ លុះណាតែប្រធានគណបក្សទាំងពីរព្រមព្រៀងនិងឯកភាពគ្នា»។
នៅក្នុងអំឡុងពេលមានវិបត្តិនយោបាយថ្មីៗនេះ លោកជាម យៀបធ្លាប់បានស្នើឲ្យមានការកំណត់សញ្ជាតិបេក្ខជននាយករដ្ឋមន្ត្រីថា បេក្ខជនត្រូវតែមានសញ្ជាតិខ្មែរដាច់ខាត។
ទោះជាបែបនេះក្តី ការឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីរបស់លោកហ៊ុន សែនសម្រាប់ការបោះឆ្នោតអាណត្តិ ក្រោយអាចនឹងធ្វើឲ្យគេស្ទង់បានអំពីទឹកចិត្តអ្នកបោះឆ្នោត ហើយវាក៏ជាចំណុចនៃសមភាព ឬវិសមភាពផ្ទៃក្នុងរបស់គណបក្សកាន់អំណាចរឹងមាំមួយនេះដែរ។
លោកជាម យៀបពន្យល់ថា ការសម្រេចអាណត្តិនាយករដ្ឋមន្ត្រីបែបណានោះគឺម្ចាស់ឆ្នោតទេជាអ្នកកំណត់៕