កម្ពុជា​ដើរ​ឆ្ពោះ​ទៅ​រក​ការ​អប់រំ STEM

លោក​ស្រី​បណ្ឌិត​ជែលឌិន រិជម៉ុន​ (Geraldine Richmond)​ ​ជំនួយការ​ពិសេស​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​និង​ជា​ប្រេសិត​វិទ្យា​សាស្រ្ត​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​អំឡុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។ (រូបភាព​ដោយ ស្ថានទូត​អាមេរិក​ភ្នំពេញ)

កាល​ពី​ថ្ងៃ​សុក្រ ទី១៣ ខែមីនា កន្លង​ទៅ​នេះ កម្ពុជា​បាន​ប្រារព្ធ​មហោស្រព​ជាតិ​លើក​ទី១​ស្តី​អំពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម (1st Cambodia Science and Engineering Festival) ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម ដែល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​អភិវឌ្ឍរបស់​ប្រទេស​កម្ពុជា ដោយ​ទទួល​បាន​ការ​គាំទ្រ និង​ការ​សហការ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ព្រឹត្តិការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញថា យុវជន​កម្ពុជា​មាន​ចំណាប់​អារម្មណ៍​ខ្លាំង និង​មាន​ការ​យល់​ដឹង​ពី​សារៈសំខាន់នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​វិស្វកម្ម ដែល​ជំរុញ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី​សម្រាប់​ការ​អភិវឌ្ឍន៍ និង​វិនិយោគទុន​ក្នុង​ប្រទេស។

ការ​ស្រាវជ្រាវ​ជា​ច្រើន​ពី​ប្រទេស​អភិវឌ្ឍ​ន៍​បង្ហាញ​ថា ការ​អប់រំ​ខាង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា ដែល​ស្គាល់​ថា (STEM Education) ជំរុញ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ការ​វិនិយោគ​ទុន ការ​អភិវឌ្ឍ និង​ទំនើប​កម្ម​ក្នុង​ប្រទេស។ បើ​ទោះ​បី​កម្ពុជា​គឺ​ជា​ប្រទេស​កំពុង​អភិឌ្ឍ​ន៍ក្តី រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ព័ន្ធ​កំពុង​យក​ចិត្ត​ទុក​ដាក់ និង​ចាប់​ផ្តើម​បណ្តាក់​ទុន​លើ​វិស័យ​នេះ ដោយ​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ចាប់​យក​ជំនាញ STEM នេះ។

ជាក់​ស្តែង កាល​ពី​ថ្ងៃ​សុក្រ ទី១៣​កន្លង​ទៅ​នេះ ក្រោម​ការ​សហការ និង​ការ​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ USAID និង​មូលនិធិ​សប្បុរសធម៌ Golden West យុវជន​កម្ពុជា​ស័្មគ្រ​ចិត្ត​មួយ​ក្រុម​បាន​រៀប​ចំ​កម្មវិធី​មហោស្រព​ជាតិ​លើក​ទី​១​នៅ​កម្ពុជា​ស្តី​ពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម។ មហោស្រព​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​មាន​ការ​លើក​កម្ពស់​ការ​អប់រំ​ខាង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា ឬ​STEM Education និង​បង្កើត​ឲ្យ​មាន​អ្នក​វិទ្យាសាស្ត្រ​ជំនាន់​ថ្មី​របស់​កម្ពុជា។

មហោស្រព​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ដោយ​លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ លោក Allen Tan នាយក​គ្រប់គ្រង​ទូទៅ​របស់​មូលនិធិ​សប្បុរសធម៌ Golden West អ្នក​តំណាង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ជា​ពិសេស​គឺ​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​យុវជន​កម្ពុជា​វ័យ​ក្មេង​ជា​ច្រើន​នាក់។ មហោស្រព​ជាតិ​លើក​ទី១​នេះ​មាន​ការ​តាំង​ពិព័ណ៌​ស្តី​ពី​ការ​ច្នៃ​ប្រឌិត​ខាង​វិទ្យសាស្ត្រ វិស្វកម្ម និង​បច្ចេកវិទ្យា​ទំនើប និង​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​ជំនាញ​ផ្សេងៗ។

បន្ថែម​លើ​ការ​តាំង​ពិព័ណ៌ និង​ការ​ធ្វើ​បទ​បង្ហាញ មហោស្រព​ជាតិ​លើក​ទី១​ស្តី​ពី​វិទ្យសាស្ត្រ និង​វិស្វកម្ម មាន​រៀប​ចំ​ជា​គម្រោង​៣ធំៗ​ផ្សេង​ទៀត។ ទី១ គឺ​ការ​ធ្វើ​ដំណើរ​ស្តី​ពី​វិទ្យសាស្ត្រ ដោយ​ក្រុម​ការងារ​នឹង​ធ្វើ​ដំណើរ​ចុះ​ទៅ​តាម​ទី​រួម​ខេត្ត​ក្បែរ​រាជធានី​ភ្នំពេញ រយៈពេល​២សប្តាហ៍​ដើម្បី​ផ្សព្វផ្សាយ​តាម​សាលារៀន​អំពី​សារៈ​សំខាន់​នៃ​វិទ្យាសាស្ត្រ និង​ឲ្យ​សិស្សានុសិស្ស​សាក​ល្បង​នឹង​ការ​ធ្វើ​ពិសោធន៍​ថ្មី។

ទី២ គឺ​ការ​ជ្រើស​រើស​សិស្ស និង​និស្សិត​ឆ្នើម​ឲ្យ​ធ្វើការ​ជាមួយ​នឹង​អ្នក​វិទ្យាសាស្ត្រ​ជំនាញ ដើម្បី​ឲ្យ​ពួក​គេ​បង្កើត​ជា​គម្រោង​ច្នៃ​ប្រឌិត​ថ្មី​សម្រាប់​កម្មវិធី​មហោ​ស្រព​ជាតិ។

ទី៣ គឺ​សិក្ខាសាលា​មហោស្រព ដោយ​ផ្តល់​ឱកាស​ឲ្យ​ក្មេងៗ​សិស្សា​នុសិស្ស​ប្រឡូក​ក្នុង​ការ​ធ្វើ​ពិសោធន៍​ផ្សេងៗ ជំរុញ​ឲ្យ​ក្មេងៗ​បង្ហាញ​ពី​សមត្ថភាព​ច្នៃ​ប្រឌិត ហើយ​ក៏​ជំរុញ​ឲ្យ​លោក​គ្រូ និង​អ្នក​គ្រូ​បង្កើត​កម្មវិធី​បង្រៀន​ថ្មីៗ ដែល​ជំរុញ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី​កាន់​តែ​ច្រើន​ឡើង។

ខណៈ​ដែល​កម្ពុជា​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​ការ​អប់រំ​ដោយ​ផ្តោត​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋអាមេរិក​បាន​វាយ​តម្លៃ​ថា ប្រទេស​កម្ពុជា​មាន​សក្តានុពល​ភាព​ខ្ពស់​ក្នុង​ការអភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកទេស និង​ព័ត៌មានវិទ្យា​ដើម្បី​ជួយ​ពន្លឿន​ការរីក​ដុះដាល​សេដ្ឋ​កិច្ច​នៃ​ប្រទេស​នេះ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​VOA ខេមរភាសា លោកស្រី Geraldine Richmond ជា​ជំនួយ​ការ​ពិសេស​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​និង​ជា​ប្រេសិត​វិទ្យា​សាស្រ្ត​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ឲ្យ​ដឹង​ថា សិស្ស​ និស្សិត​កម្ពុជា​មាន​ភាព​ប៉ិនប្រសប់​ និង​ចំណាប់​អារម្មណ៍​ខ្ពស់​ក្នុង​ការ​ស្រាវជ្រាវ​ អភិវឌ្ឍ​ និង​បង្កើត​ apps​ គឺ​កម្មវិធី​ថ្មីៗ​សម្រាប់ទូរស័ព្ទ​ចល័ត​និង​កុំព្យូទ័រ។

ជាក់​ស្តែង មាន​កម្មវិធី​មួយ​ចំនួន​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ជំរុញ​ឲ្យ​ការ​ច្នៃ​ប្រឌិត​ថ្មី រួម​មាន​កម្មវិធី​សប្តាហ៍​ក្រុមហ៊ុន​ថ្មីថ្មោង​ភ្នំពេញ ហៅថា (Startup Weekend Phnom Penh) ដោយ​បង្កើត​ឡើង​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​យុវជន​នៅ​ប្រទេស​កម្ពុជា​បង្ហាញ​សមត្ថភាព​ច្នៃ​ប្រឌិត​របស់​ខ្លួន​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​យក​រង្វាន់ និង​ឈាន​ទៅ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​បង្កើត​ក្រុម​ហ៊ុន​ថ្មីថ្មោង Startup ផ្សេងៗ​ទៀត​ជុំវិញ​ពិភពលោក។

ខណៈ​ដែល​យុវជន​វ័យ​ក្មេង​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​វិទ្យាសាស្ត្រ និង​វិស្វកម្ម មាន​ឱកាស​ជា​ច្រើន​ដែល​យុវជន​កម្ពុជា​អាច​ចូល​រួម​បង្ហាញ​សមត្ថភាព​ច្នៃ​ប្រឌិត​ថ្មី​នៅ​ក្នុង​ឆាក​អន្តរជាតិ។ ជាមួយ​គ្នា​នោះ គម្រោង​ផ្តួច​ផ្តើម​ការ​ច្នៃ​ប្រឌិត​ថ្មី​ពិភពលោក​តាមរយៈ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ហៅ​ថា Global Innovation through Science and Technology បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​ជា​លក្ខណៈ​សាកល​លោក ដែល​មាន​ឈ្មោះ​ថា​ការ​ប្រកួត​ប្រជែង Tech-I។

ការ​ប្រកួត​ប្រជែង Tech-I នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​«បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​អ្នក​ជំនួញ​នៅ​ក្នុង​បណ្តា​ទ្វី​អាមេរិក​ឡាទីន មជ្ឈិមបូព៌ា អាស៊ី និង​អាហ្វ្រិក ដោយ​ផ្តល់​ជា​វគ្គ​បណ្តុះ​បណ្តាល និង​ថវិកា​ទៅ​ដល់​អ្នក​ជំនួញ​វ័យ​ក្មេង និង​អ្នក​ច្នៃ​ប្រឌិត​ថ្មី​តាមរយៈ​បច្ចេក​វិទ្យា ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​វិវត្តន៍​របស់​មនុស្ស និង​ភាព​រុងរឿង។

ដូច្នេះ តើ​អ្នក​ចូល​ចិត្ត​ការ​ស្រាវជ្រាវ បច្ចេកវិទ្យា និង​ការ​ច្នៃ​ប្រឌិត​ថ្មី​ដែរ​ឬ​ទេ? បើ​អ្នក​ចូល​ចិត្ត ហើយ​ចង់​ក្លាយ​ជា​អ្នក​ច្នៃ​ប្រឌិត​ថ្មី​សម្រាប់​កម្ពុជា និង​ពិភពលោក នោះ​មហោស្រព​ជាតិ​លើក​ទី១​ស្តី​ពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម​របស់​កម្ពុជា កម្មវិធី Startup Weekend Phnom Penh និង​កម្ម​វិធី​ប្រក្រួត​ប្រជែង​ពាន​រង្វាន់ Tech-I គឺ​សម្រាប់​អ្នក​ទាំង​អស់​គ្នា៕