វិទ្យាស្ថាន​ប៉ាស្ទ័រ​សម្ពោធ​អគារ​ស្រាវជ្រាវ​មេរោគ​ជំងឺឆ្លង

អ្នក​ធ្វើ​ការ​ខាង​ជំងឺ​គ្រុន​ចាញ់​នៅ​ខេត្ត​ប៉ៃលិន​កាល​ពី​ឆ្នាំ​២០០៩។

វិទ្យាស្ថាន​ប៉ាស្ទ័​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បើក​សម្ពោធប្រើប្រាស់​អគារ​ស្រាវជ្រាវ​ជំងឺ​ឆ្លង​ប្រចាំ​តំបន់​អាស៊ី​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ។ ដែល​អគារ​នេះ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​ឆ្លង​ដ៏​សំខាន់​មួយ​ក្នុង​តំបន់។​

អគារ​នេះ​នឹង​បំពាក់​ដោយ​ឧបករណ៍​ថ្មីៗ ​ដែល​និង​អាច​ជួយ​ពង្រឹង​បន្ថែម​សមត្ថភាព​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​និង​ស្ថាប័ន​ស្រាវជ្រាវ​បារាំង​ថ្នាក់​តំបន់ ​ក្នុង​កិច្ចការ​ស្រាវជ្រាវ ​ដែល​នឹង​ផ្តល់​ប្រយោជន៍​ដល់​ក្រសួង​សុខាភិបាល​កម្ពុជា​ និង​ក្រសួង​កសិកម្ម​ផង​ដែរ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោកស្រី​បា​រ៉េ ស៊ីនូសស៊ី ​Barre' Sinoussi​ ជ័យលាភី​ណូបែល​ផ្នែក​វេជ្ជសាស្ត្រ​ បាន​ប្រាប់វីអូអេសំឡេងសហ​រដ្ឋ​អាមេរិក​ក្រោយ​ពី​ពិធី​សម្ពោធន៍នោះ​ថា​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថ្នាក់​តំបន់​នៅ​អាស៊ី​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​នានា​អាច​ចូលរួម​ស្រាវជ្រាវ​អំពី​ជំងឺ​ឆ្លង​រួម​គ្នា។​

«វា​ពិត​ជាគំរូ​ដ៏​ល្អ​មួយ​ ដែល​ឃើញ​ថា​ មាន​ស្ថាប័ន​ជាច្រើន​ ពិតជា​អាច​ធ្វើការ​ជា​មួយ​គ្នា។​ ឥឡូវ​នេះ​មាន​នៅ​កម្ពុជា ​ហើយ​បើក​ចំហ​ដល់​ប្រទេស​ដទៃ​ទៀត​ក្នុង​ថ្នាក់​តំបន់​ដែល​ចង់​ចូលរួម»។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​បញ្ជាក់​ថា​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​ឆ្លង​នេះ​នឹងអនុញ្ញាត​ឲ្យ​មាន​ការ​ទទួល​អ្នក​ស្រាវជ្រាវ​និង​បណ្តុះ​បណ្តាល​អ្នកស្រាវជ្រាវ​កម្ពុជា ​ក៏​ដូច​ជា​អ្នក​ស្រាវជ្រាវ​ក្នុង​អនុតំបន់​ដែល​បំពេញ​ការងារ​លើ​ជំងឺ​ឆ្លង ​ឬ​ជំងឺ​ឆ្លង​ដែល​កើត​ឡើង​វិញ។​

មួយ​វិញ​ទៀត​ មជ្ឈមណ្ឌល​នេះ​ក៏​នឹង​ផ្តល់​ឱកាស​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​ពី​បរទេស​ ដើម្បី​ធ្វើការ​ផ្លា​ល់​ប្តូរ​ចំណេះ​ដឹង ​និង​បទ​ពិសោធន៍​រវាង​គ្នា​ផង​ដែរ។​
ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​អន់​ថយ។​ ការ​វិភាគ​សញ្ញាណ​មេ​រោគ​សំខាន់ៗ​មួយ​ចំនួន​ នាពេល​កន្លង​មក​ ត្រូវ​ធ្វើ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ក្រៅ​ប្រទេស។​

លោក​វ៉ាង​សង់ ដឺប៊ែល (Vincent Deubel) ​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថ្នាក់​តំបន់​នៅ​អាស៊ី​នេះ​គឺ​ជា​គំនិត​បង្កើត​ថ្មី​បំផុត​នៅលើ​ពិភព​លោក។​

«វា​ជា​គំនិត​បង្កើត​ថ្មី​បំផុត​នៅលើ​ពិភព​លោក ​ដែល​មាន​ស្ថាប័ន​ថ្នាក់​តំបន់​ជាច្រើន​សហ​ការ​គ្នា​ និង​ចែក​រំលែក​ចំណេះ​ដឹង ​និង​ការស្រាវជ្រាវ​ និង​ការ​សហការ​គ្នា​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ ដែល​ស្ថិត​ក្នុង​ថ្នាក់​តំបន់​នោះ»។​

លោក​បន្ត​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​ប្រឈម​នឹង​ជំងឺ​ឆ្លង ​និង​ការ​លេច​ឡើង​នូវ​មេរោគ​ថ្មី។ ​ហើយ​លទ្ធភាព​នៃ​ការ​ស្រាវជ្រាវ​នៅ​កម្ពុជា ​នៅ​មាន​កម្រិត​ ទាំង​ផ្នែក​ធនធាន ​និង​អ្នក​ស្រាវជ្រាវ។​ ដូច្នេះហើយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថ្នាក់​តំបន់​នៅ​អាស៊ី​នេះ​នឹង​ផ្តល់​ឱកាស​ដល់​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​កម្ពុជា​ពង្រឹង​ចំណេះ​ដឹង​ និង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​នៅ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ប្រសើរ។​

លោក​លី សុវណ្ណ​ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​ហៅ​ការ​បើក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថ្នាក់​តំបន់​នៅ​អាស៊ី​នៅ​កម្ពុជា​ថា ​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា។​ លោក​បន្ត​ថា​ មជ្ឈមណ្ឌល​នេះ​នឹង​អនុញ្ញាត​ឲ្យ​កម្ពុជា​មាន​សមត្ថភាព​ធ្វើ​ការ​ពិនិត្យ​រោគ​សញ្ញា​នៃ​មេរោគ​ឆ្លង​នានា​បាន​ភាព​ទាន់ពេល​វេលា។​

«កាល​ពី​មុន​យើង​ត្រូវ​ផ្ញើរ​សំណាក​ទៅ​បរទេស​ដើម្បី​ឲ្យ​គេ​ពិនិត្យ​បញ្ជាក់​បន្ថែម ​តែ​ពេល​នេះ​យើង​មាន​ផ្ទាល់​ខ្លួន។​ អញ្ចឹង​យើង​ពិនិត្យ​ដោយ​ខ្លួន​ឯង​នៅ​កម្ពុជា​យើង»។​

លោក​លី សុវណ្ណ​រំពឹង​ទុក​ថា ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថ្នាក់​តំបន់​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​និស្សិត​កម្ពុជា​ទទួល​បាន​ចំណេះ​ដឹង​និង​បច្ចេកទេស​និង​ឧបករណ៍​ផ្សេងៗ​នៅ​ពេល​អនាគត៕