ព្រះសង្ឃ បណ្ដាសមាគម សកម្មជននយោបាយ និងពលរដ្ឋខ្មែរកម្ពុជាក្រោមយ៉ាងច្រើនកុះករបានជួបជុំគ្នានៅព្រឹកថ្ងៃអង្គារនេះដើម្បីប្រារព្ធពិធីបុណ្យខួបលើកទី៧០រាប់ចាប់ពីតាំងពីឆ្នាំ១៩៤៩ពេលដែលរដ្ឋាភិបាលបារាំងសម្រេចប្រគល់ទឹកដីកូសាំងស៊ីនទៅឱ្យប្រទេសវៀតណាមគ្រប់គ្រង។
ក្នុងទីតាំងដីឡូតិ៍មួយកន្លែង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពោរពេញដីភក់ជ្រាំ និងហ៊ុមព័ទ្ធទៅដោយសំណង់ផ្ទះល្វែងជុំជិត រោងពិធីត្រូវបានសង់ឡើង ដែលមានអ្នកចូលរួមប្រមាណ២ពាន់នាក់ បន្ទាប់ពីខាងអ្នករៀបចំបានលើកឡើងថា សំណើសុំធ្វើកម្មវិធីនេះនៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវត្រូវបានអាជ្ញាធរបដិសេធ។
នៅឯពិធីនេះមានការជជែក និងលើកឡើងជាសេចក្ដីថ្លែងការណ៍ស្រដៀងៗគ្នាពីសំណាក់វាគ្មិនផ្សេងៗ ថ្លែងអំពីការរំឭកចងចាំដំណើរឈានឆ្ពោះទៅរកការកាត់ទឹកដីកម្ពុជាក្រោមទៅក្នុងការគ្រប់គ្រងរបស់ប្រទេសវៀតណាម។
លោកតូច ថឹង អគ្គលេខាធិការសហគមន៍ខ្មែរកម្ពុជាក្រោមបានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃទី៤ខែមិថុនាឆ្នាំ១៩៤៩ជាហេតុការណ៍ប្រវត្តិសាស្ត្រដែលបណ្ដាជនខ្មែរ«មិនត្រូវបំភ្លេច»ចំពោះ«ក្ដីអយុត្តិធម៌»ដែលកើតចេញពីការសម្រេចរបស់អាជ្ញាធរបារាំងនាគ្រានោះ។
«យើងខ្ញុំទាំងអស់គ្នាបានមកជួបជុំគ្នានៅថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយដ៏ជូរចត់ដែលកូនចៅខ្មែរគ្រប់រូបមិនអាចបំភ្លេចបានគ្រប់កាលសម័យ ហើយជាថ្ងៃគម្រប់ខួប៧០ឆ្នាំនៃថ្ងៃអាណានិគមយួនកាន់កាប់ទឹកដីកម្ពុជាក្រោមរហូតមកដល់សព្វថ្ងៃ ដោយពុំមានឥស្សរជនខ្មែរណា ឬប្រជាជនខ្មែររូបណាយល់ព្រម ឬទទួលស្គាល់ឡើយ»។
សកម្មជនខ្មែរកម្ពុជាក្រោមរូបនេះបានថ្លែងបន្តទៅកាន់អង្គពិធីថា៖
«ម៉្យាងទៀត ខ្ញុំសូមឱ្យខ្មែរយើងគ្រប់រូប កុំយល់ឃើញថា ទឹកដីកម្ពុជាក្រោម គ្រាន់តែមាននៅក្នុងអារម្មណ៍នោះ សូមឱ្យទឹកដីកម្ពុជាក្រោមស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់រូប និងធ្វើការទាមទារឱ្យមានសេរីភាព ដូចជាប្រជាជាតិនៅលើពិភពលោកយើងនេះដែរ»។
បណ្ដាវាគ្មិនដទៃទៀតដែលឡើងថ្លែងក្នុងរោងពិធីប្រក់តង់ ក្រោមកម្ដៅថ្ងៃស្រោចកម្លោចនាវេលាពេលព្រឹកមុនបាយថ្ងៃត្រង់បានលើកឡើងពីការ«ធ្វើទុក្ខបុកម្នេញ»របស់អាជ្ញាធរវៀតណាមលើពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក ទាំងការរឹតត្បិតលើសេរីភាពនយោបាយ និងសេរីភាពខាងជំនឿសាសនារបស់ពួកគេ។
ក្នុងឆ្នាំ១៩៤៩ រដ្ឋអំណាចបារាំងបានសម្រេចប្រគល់ការកាន់កាប់ចំណែកទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោម ដែលមានទីតាំងនៅដីសណ្ដប៉ែកខាងក្រោមទន្លេមេគង្គ ទៅឱ្យវៀតណាមគ្រប់គ្រង ខណៈដែលចលនាទាមទារឯករាជ្យបានផ្ទុះឡើងនៅទូទាំងតំបន់ឥណ្ឌូចិនដែលជាមូលដ្ឋានអាណានិគមរបស់បារាំងនៅអាស៊ីអាគ្នេយ៍។
ទឹកដីកម្ពុជាក្រោមត្រូវបានគេប៉ាន់ប្រមាណថា មានទំហំ៦៧៧០០គីឡូម៉ែត្រក្រឡា និងមានបណ្ដាជនខ្មែរក្រោមរស់នៅប្រមាណ៧លាននាក់។ នេះបើយោងតាមអង្គការនៃបណ្ដាប្រជាជាតិនិងប្រជាជនខ្វះភាពតំណាង UNPO។ តួលេខផ្លូវការរបស់រដ្ឋាភិបាលវៀតណាមបានដាក់តួលេខជនជាតិខ្មែរក្នុងប្រទេសខ្លួននៅត្រឹមតែ១,៤លាននាក់ប៉ុណ្ណោះ។
គិតត្រឹមល្ងាចថ្ងៃអង្គារនេះ ស្ថានទូតវៀតណាមនៅភ្នំពេញមិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺរបស់ VOAឡើយ ទាក់ទិននឹងថ្ងៃអនុស្សាវរីយ៍៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនេះ រីឯស្ថានទូតបារាំងបដិសេធមិនធ្វើអត្ថាធិប្បាយ។
អ្នករៀបចំបានលើកឡើងថា ព្រះបរមរាជវាំងបានបរិច្ចាគវិភាគទាន៣ពាន់ដុល្លារអាមេរិក ដល់ការប្រារព្ធពិធីរំឭកខួបខាងលើ។
ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានយាងចូលរួមជាព្រះអធិបតីក្នុងអង្គពិធីតំណាងឱ្យព្រះរាជា និងព្រះរាជវាំង។ ព្រះអង្គម្ចាស់ក្សត្រីបានកោតសរសើរអង្គការសមាគមខ្មែរក្រោមនានាចំពោះកិច្ចខិតខំប្រឹងប្រែងលើកស្ទួយអត្តសញ្ញាណ ប្រពៃណី វប្បធម៌របស់ខ្លួន។
«មួយឆ្នាំៗចេះតែនៅតត្រុក តិចច្រើនអី ក៏ចេះតែនៅតត្រុកជាប់រហូត កុំភ្លេច[ថា]ការព្យាយាម វាមិនដែលមិនបានផលទេ។ វាតែងតែបានផល គ្រាន់តែយូរហើយនិងឆាប់ ទាល់តែយើងមានចិត្តអត់ធ្មត់ខ្លាំងក្លាណាស់»។
ព្រះអង្គម្ចាស់ក្សត្រីអង្គនេះ ដែលមានព្រះមាតាជាខ្មែរកម្ពុជាក្រោម បានមានព្រះសុវណ្ណីបន្តថា៖
«សូមបានពរសិរីសួស្ដី! ខំព្យាយាមប្អូនណា! មិនដែលថា អត់បានសម្រេចទេ ណាកូនណា! គ្រាន់តែថា ខ្ញុំមិនមែនលូកលាន់រឿងនយោបាយ។ ខ្ញុំអត់ចេះ ខ្ញុំអត់ចេះទេរឿងនយោបាយ។ ឱ្យខ្ញុំនិយាយវរៗខុស សុខចិត្តណា ដង្ហែតែមហាក្សត្រហ្នឹងជាប់អ៊ីចឹង»។
វាគ្មិនដទៃទៀតដូចជាលោក ខឿន វីរ៉ាត តំណាងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍លើកសំណើក្នុងជំនួបផ្សេងៗ ជាមួយថ្នាក់ដឹកនាំវៀតណាម ឱ្យមានការធានាការពារសិទ្ធិរស់នៅ រក្សាប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលបានស្ដាប់ឮទុក្ខកង្វល់របស់បណ្ដាជនខ្មែរក្រោម ហើយលោកថា ព្រឹត្តិការណ៍ថ្ងៃទី៤ខែមិថុនាជា«ការរៀនសូត្រប្រវត្តិសាស្ត្រ» តែលោកថា រដ្ឋាភិបាលពុំមានជម្រើសអ្វីក្រៅពីទទួលយកមរតកអាណានិគម និងបន្តបោះបង្គោលព្រំដែនគោកជាមួយវៀតណាម ដែលបច្ចុប្បន្នសម្រេចបាន៨៤%។
«មិនមែនចោទថា រាជរដ្ឋាភិបាលព្រងើយកន្តើយនឹងជនជាតិរបស់ខ្លួន ដែលរស់នៅក្រៅប្រទេសនោះទេគឺអត់មានទេ ដូចខ្ញុំបានបញ្ជាក់ហើយគឺអង្គការសហប្រជាជាតិបានទទួលស្គាល់ខ្មែរកម្ពុជាក្រោមថា ជាជនជាតិដើម។ អាហ្នឹងគឺជាការតតាំងរបស់ក្រុមកម្ពុជាក្រោមទេ មិនមានពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ»។
មន្ត្រីអ្នកនាំពាក្យរូបនេះបានបន្តថា៖
«ដូច្នេះអារម្មណ៍អ្វីទៅដែលយើងហៅថា ជាការស្រឡាញ់ ការនឹករឭកនូវដែនដីក៏ដូចជាប្រជាពលរដ្ឋ ដែលត្រូវបានកាត់ចេញពីមាតុភូមិរបស់យើង។ អាហ្នឹងជាអារម្មណ៍របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា រួមទាំងរាជរដ្ឋាភិបាល»។
កម្មវិធីដែលរៀបចំឡើងនៅព្រឹកថ្ងៃអង្គារបានបិទបញ្ចប់ជាមួយនឹងការប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន១៩៤៩អង្គ ដែលយោងតាមអ្នករៀបចំកម្មវិធីថា តួលេខនេះជាលេខតំណាងនៃឆ្នាំ១៩៤៩ជាឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនោះឯង៕