ជនជាតិខ្មែរ​នៅ ​Los Angeles ​ដែល​ចូល​សញ្ជាតិ​ចង់ទៅ​អ្នក​បោះឆ្នោត​

  • ជាង សុភីណារ័ត្ន

ពលរដ្ឋ​ខ្មែរអាមេរិកាំង​ស្បថ​ចូល​សញ្ជាតិ​ថ្មីៗ​ សប្បាយ​ចិត្ត ​ហើយ​ចុះ​ឈ្មោះ​បោះឆ្នោត

ក្រុង Los Angeles៖ ជារៀង​រាល់ខែ​នៅតំបន់ Los Angeles ​មាន​មនុស្សរាប់ពាន់នាក់​ធ្វើការ​ស្បថ​ចូល​សញ្ជាតិ​ អាមេរិកាំង។ នៅថ្មីៗ​នេះ មាន​ពលរដ្ឋ​ខ្មែររាប់​រយនាក់​ត្រូវ​បាន​ផ្តល់​សញ្ជាតិ​អាមេរិកាំង​នៅទី​នេះ។ មន្រ្តីគណៈ​កម្មការ​ចុះឈ្មោះ​បោះឆ្នោត​មើល​ឃើញ​ថា ​នេះ​ជា​ឱកាស​សម្រាប់​ពួកគេ​បង្កើន​ចំនួន​អ្នក​បោះឆ្នោត​ដើម​កំណើត​ជា​ខ្មែរ​ដែល​មាន​ចំនួន​តិចតួច​នៅ​ឡើយ។​

លោក លោកស្រី​អ្នកនាង​កញ្ញា​ជាទីមេត្រី​ឥឡូវនេះ​នាង​ខ្ញុំកំពុង​ឈរ​នៅ​មជ្ឈមណ្ឌល​សន្និបាត​នៃ​ទីក្រុង​Los Angeles ​ឬ​គេហៅ​ថា LA Convention ​Center​ ​ហើយ​នៅខាង​ក្រោយ​នាងខ្ញុំ​នេះ​មាន​មនុស្ស​ជាង​៣ពាន់នាក់​កំពុង​ឈរ​តម្រង់​ជួរ​ ដើម្បី​ចូល​ទៅ​ក្នុង​ ស្បថ​ក្លាយ​ទៅជា​ពលរដ្ឋ​អាមេរិកាំង​ ហើយ​គណៈ​កម្មការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៃ​តំបន់ Los Angeles ​សង្ឈឹម​ថា អ្នក​ចូល​សញ្ជាតិ​ថ្មីទាំង​នេះ​នឹង​ចុះ​ឈ្មោះ​បោះឆ្នោត។​

នៅក្នុង​ចំណោម​មនុស្ស​រាប់ពាន់​អ្នក​ដែល​បាន​ស្បថ​ចូល​សញ្ជាតិ​ថ្មី​នេះ​មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​១៧៤​នាក់។​

បន្ទាប់ពី​ពួក​គេ​បាន​ធ្វើការ​ស្បថ អ្នកចូល​សញ្ជាតិ​ថ្មី​ទាំងនេះ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​បោះឆ្នោត។ ​ហើយ​ការបោះ​ឆ្នោត​បន្ទាប់​ទៅ​នេះ​គឺ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ដែល​នឹង​ធ្វើឡើង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។​
លោក នេត មនោរម្យ ធ្វើការ​នៅ​គណៈ​កម្មការ​ចុះ​ឈ្មោះ​បោះឆ្នោត​តំបន់ Los Angeles។​ កិច្ច​ការ​របស់គាត់​គឺ ធ្វើយ៉ាង​ណា​ឲ្យមាន​អ្នក​ដែល​ដើម​កំណើត​ខ្មែរ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យបាន​ច្រើន និង​យល់​ពីដំណើរ​ការ​នៃ​ការ​បោះឆ្នោត។ លោក​និយាយ​ថា ចំណោម​ពលរដ្ឋ​ ដែល​និយាយ​ភាសា​ខ្មែរ​នៅ​រដ្ឋ ​California ​យ៉ាង​ហោច​ណាស់​មាន​៥០.០០០​មាន​សិទ្ធិ​បោះឆ្នោ។ លោក​នេត មនោរម្យ និយាយ​ថា៖​
«ប៉ុន្តែ​ដល់​ពេល​ចុះឈ្មោះ​បោះឆ្នោត​ មាន​ប្រហែល​៤ពាន់​ជាង​ទេ​ តិចមែន​ទែន។​អញ្ចឹង​បាន​ខ្ញុំចង់​ជួយ​ប្រាប់​ឲ្យ​បង​ប្អូន​ខ្មែរ​ចុះ​ឈ្នោះ​បោះឆ្នោត​ឲ្យ​បាន​ច្រើន»។​

ចំនួន​អ្នក​ដែល​ចុះ​ឈ្នោះ​បោះឆ្នោត​មាន​ដើម​កំណើត​ខ្មែរ​គឺមាន​តិចជាង​១០%​ទៅ​ទៀត។​ ដូច្នេះ លោក ​នេត មនោរម្យ ព្យាយាម​រក​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី។ ​ហើយ​ថ្ងៃ​នេះ​លោក​បាន​ជួប​អ្នក​ទាំង​នោះ​មួយ​ចំនួន​ដែរ។​

លោកស្រី​សេង ស៊ីណាត​ប្រាប់​ពី​មូលហេតុ​ដែល​លោកស្រី​ចុះ​ឈ្មោះ​បោះឆ្នោត៖
«ពីព្រោះ​ថា​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ចង់​ស្គាល់​របៀប​របប​ការ​បោះឆ្នោត​ចង់ស្គាល់​របៀប​រើស​ប្រធានាធិបតី​យ៉ាង​ម៉េច»។​

ប៉ុន្តែ​វា​មិនមែន​សុទ្ធតែ​មាន​ភាព​ងាយ​ស្រួល​បែប​នេះ​ទេ។ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ព្យាយាម​នៅ​ឆ្ងាយ​ពី​បញ្ហា​នយោបាយ ដោយសារ​បញ្ហា​វិបត្តិ​និយោបាយ​នៅ​ប្រទេស​កំណើត។ ​អ្នក​ខ្លះ​ធុញទ្រាន់ មិន​ចង់ចុះ​ឈ្នោះ​បោះឆ្នោត​ទេ។ អ្នកខ្លះ​ទៀត​មាន​ការ​រវល់។​

ដូចជា​លោក សួងសារិន​ នេះ​ជា​ឱកាស​ល្អ​សម្រាប់​លោក​ចុះ​ឈ្នោះ​បោះឆ្នោត។​លោក សារិន​និយាយ​ថា៖ ​

«ខ្ញុំមក​ម្នាក់​ឯង ​ហើយ​រវល់​តែធ្វើការ​ផង ជាពិសេស​ខ្ញុំមិន​សូវ​ពូកែ​រឿង​ភាសា​ទេ​។ នៅ​ពេលនេះ ​គេ​ជួយ​យើង​បានច្រើន។ ​ខ្ញុំ​ក៏មក​ចូល​សញ្ជាតិ»។​

តែនៅ​មាន​កិច្ចការ​ជាច្រើន​ទៀត។ មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាច្រើន​ដែល​មិន​បាន​ចុះឈ្មោះ​បោះ​ឆ្នោត។ ​តែនេះ​មិនបាន​ធ្វើឲ្យ​លោក នេត មនោរម្យ មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ។​

លោកនេត មនោរម្យ​និយាយ​ថា៖​
«ការ​ដែល​ឲ្យ​បងប្អូន​ចុះឈ្មោះ​បោះឆ្នោត​មាន​ការពិបាក តែ​ខ្ញុំ​នឹង​ខិត​ខំ»។​
ឱកាស​បន្ត​ទៀត​របស់​លោក​នេត ​មនោរម្យ​គឺនៅ​ថ្ងៃ​អង្គារ ទី២៥​កញ្ញា​ខាងមុខ​នេះ ​ដែល​ជា​ថ្ងៃចុះ​ឈ្នោះ​បោះឆ្នោត​ជាតិ។ លោក​និង​បន្ត​ស្វែងរក​អ្នកចុះ​ឈ្មោះ​បោះឆ្នោត​ដើម​កំណើត​ខ្មែរ​ដែល​ទើបតែ​ចូលសញ្ញាតិ​អាមេរិកាំង​ថ្មី នៅ​ទីក្រុង ឡងប៊ិច រដ្ឋកាលីហ្វញ៉ា៕