កម្ពុជា​ជំរុញ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​បង្កើត​គោល​នយោបាយ​ការ​ពារ​កុមារ ដើម្បី​ប្រឆាំង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ

រូបឯកសារ៖ រូបថត​កាល​ពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បង្ហាញ​ពី​កម្មវិធី Messenger Kids ដែល​ជា​កម្មវិធី​ផ្ញើ​សារ​ឆ្លើយឆ្លង​សម្រាប់​កុមារ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក នៅ​លើ​ទូរស័ព្ទ iPhone មួយ​គ្រឿង ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​ដាក់ចេញ​ផែន​ការ​៥​ឆ្នាំក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ ដែល​ក្នុង​នោះ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ឲ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺ​ណិត(ISP)​បង្កើត​គោល​នយោបាយ​ការពារ​កុមារ និង​រៀបចំ​ឧបករណ៍​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​វេបសាយ​អាស​អាភាស​កុមារ​ផង​ដែរ។

«ផែន​ការ​សកម្មភាព ដើម្បី​បង្ការ​ទប់​ស្កាត់ និង​ឆ្លើយ​តប​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ ឆ្នាំ​២០​២១​-២០២៥» ត្រូវ​បាន​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ ដោយ​សហ​ការ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួង​មហា​ផ្ទៃ ដោយ​មាន​ជំនួយ​ពី​អង្គការ​យូនីសេហ្វ​(UNICEF)។

នៅ​ក្នុង​ពិធី​ប្រកាស​ផ្លូវ​ការ​អំពី​ផែន​ការ​សកម្មភាព​នេះ ហើយ​ដែល​ធ្វើ​តាម​ប្រព័ន្ធ​អន​ឡាញ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ លោក ​ស ខេង ​បាន​ថ្លែង​ថា​ផែន​ការ​នេះ​បាន​ដាក់​«​សកម្មភាព​ជាក់​លាក់» ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កេង​ប្រវ័ញ្ចផ្លូវ​ភេទ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​។ លោក​ជំរុញ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​របស់​រដ្ឋាភិបាល​ទាំង​អស់​«ចាំបាច់»​បញ្ចូលផែន​ការ​ការ​ពារ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ ទៅក្នុង​ផែន​ការ​ប្រតិ​បត្តិ​ប្រចាំ​ឆ្នាំ​របស់​អង្គភាព​សាមី។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង ក៏​បានស្នើ​ឲ្យ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរគមនាគមន៍​ធ្វើ​ការ​ជាមួយ​អ្នក​ផ្គត់​ផ្គត់​សេវា​អ៊ីន​ធឺណិត​ទាំង​អស់ ដើម្បី​ចូលរួម​ក្នុង​កិច្ច​ការ​នេះ ក្នុង​នោះ​មាន​ការ​កំណត់​បទដ្ឋាន​ដែល​អាច​ជួយ​រក្សា​កំណត់​ត្រា​នៃ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ និង​ជា​ពិសេស​បង្កើត​គោល​នយោបាយ​ការពារ​កុមារ។

លោក​បន្ថែម​ថា៖ «ជំរុញ​និង​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ដែល​ផ្តល់​សេវា​អ៊ីនធឺណិត​ណែនាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ចែក​ចាយ​អ៊ីនធឺណិត​ដែល​មាន​សុវត្ថិភាព​ចំពោះ​កុមារ។ ក្នុង​នោះ​ដែរ លើក​ទឹក​ចិត្ត​ឲ្យ​ពិនិត្យលទ្ធ​ភាព​ដាក់​ឧបករណ៍​ ដើម្បី​គ្រប់​គ្រង និង​ផ្តល់​សញ្ញា​ហាម​ឃាត់ និង​ប្រើ​ប្រាស់​វេប​សាយ​អាស​អាភាស​កុមារ»។

លោក វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច បានថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ថាការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ តាម​ប្រព័ន្ធ​អន​ឡាញ «ជា​ក្តីបារម្ភ​ថ្មី​ទៀត» ខណៈ​ល្បិច​កល​នៃ​ការ​ឆ​បោក​«កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ និង​អាក្រក់​ទៅ»។

នៅកម្ពុជា ជាមធ្យម មាន​ការ​រាយការណ៍ជាង១៥០ករណីក្នុងមួយឆ្នាំៗ ដែលជាករណីសង្ស័យទាក់ទងនឹងការលួងលោមកុមារតាមអនឡាញ ការផលិត និងចែកចាយរូបភាព ឬសម្ភារ​អាសអាភាស​អំពី​កុមារ និងការគំរាមខាងផ្លូវភេទជាដើម។

សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ និង​អង្គ​ការ​យូនី​សេហ្វ (UNICEF)​ឲ្យ​ដឹង​ថា​កម្ពុជា​មិន​ទាន់​មាន​ទិន្នន័យ​ផ្លូវ​ការ​ជាក់​លាក់​បញ្ជាក់​ពី​ទំហំ​នៃ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​តាម​អន​ឡាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​រាយ​ការណ៍​ពី​សាធារណ​ជន​មក​កាន់​សមត្ថ​កិច្ច និង​បណ្តាញ​រាយ​ការណ៍​តាម​អ៊ីន​ធឺ​ណិត ជា​មធ្យម មាន​ចំនួន​រាយការណ៍​ជាង​១៥០​ករណី ក្នុង​មួយ​ឆ្នាំ​ៗ ដែល​ជា​ករណី​សង្ស័យ​ទាក់​ទង​នឹង​ការ​លួង​លោម​កុមារ​តាម​អន​ឡាញ ការ​ផលិត និង​ចែក​ចាយ​រូបភាព សម្ភារ​អាស​អាភាស​កុមារ និង​ការ​គំរាម​ខាង​ផ្លូវ​ភេទ​ជា​ដើម។

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ស្តី​ពី​ការ​វិភាគ​ស្ថាន​ភាព​ដំបូង​នៃ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​តាម​អន​ឡាញ​នៅ​កម្ពុជា ឆ្នាំ​២០២០ ដែល​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារបាន​ដឹក​នាំ​និង​សម្រប​សម្រួល ប្រមាណ​៦០%​នៃ​កុមារ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ការ​អង្កេត​ត្រូវ​បាន​រាយការណ៍​ថា​ធ្លាប់​បាន​ជួប​ប្រទះ​ហានិភ័យ​នៃ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​អន​ឡាញ នៅ​ពេល​ពួកគេ​ប្រើប្រាស់​អ៊ីន​ធឺណិត ដូច​ជា​ការ​លួង​លោម​ក្នុង​គោល​បំណង​ផ្លូវ​ភេទ​និង​ការ​បង្ខំ​ផ្ញើ​រូប​អាក្រាត​របស់​កុមារ​ជាដើម។

ផែនការ​សកម្មភាព​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ កំណត់​នូវ​គោល​ដៅ​យុទ្ធសាស្រ្ត​សំខាន់ៗ រួម​មាន​ការ​ពង្រឹង​ប្រសិទ្ធ​ភាព​ការ​អនុវត្តន៍​គោល​នយោបាយ និង​អភិបាលកិច្ច​លើក​កម្ពស់​យុត្តិធម៌​ព្រហ្ម​ទណ្ឌ លើក​កម្ពស់​វិធាន​ការ​បង្ការ ទប់ស្កាត់ និង​ស្តារ​នីតិ​សម្បទា​ជន​រង​គ្រោះ​ដោយ​អំពើ​កេង​ប្រវ័ញ្ច​ផ្លូវ​តាម​ប្រព័ន្ធ​អនឡាញ ពង្រឹង​សុវត្ថិ​ភាព​សហគមន៍​ពី​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ ពង្រឹង​លក្ខន្តិកៈ​សម្រាប់​ការ​ផ្តល់​សេវា​អ៊ីនធឺណិត បង្កើន​ការ​ផ្សព្វ​ផ្សាយ និង​ការ​យល់​ដឹង​ត្រឹម​ត្រូវ​អំពី​បញ្ហា​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ។

លោក ចាទ្បាក់ អាប់ឌុលវ៉ាហាប់ (Jalaa Abdelwahab) នាយក​ស្តីទី​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ថា​អង្គការ​យូនីសេហ្វ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ទៅ​លើ​សារ​សំខាន់​នៃ​កិច្ច​សហ​ការ​គ្នា ដើម្បី​បង្ការ និង​ឆ្លើយ​តប​នឹង​អំពើ​ហិង្សា​លើ​កុមារ និង​ការ​កេង​ប្រវ័ញ្ច​និង​សហការ​ជាមួយ​ដៃ​គូ​ពាក់​ព័ន្ធ​«ដើម្បី​ធានា​ថា​គ្មាន​កុមារ​ណា​ម្នាក់ ត្រូវ​ចម្រើន​វ័យ​ជាមួយ​នឹង​ការ​រំលោភ​បំពាន និង​ភាព​ភ័យ​ខ្លាច​ទ្បើយ ទោះ​នៅ​លើ​ប្រព័ន្ធ​អន​ទ្បាញ ឬ​ក្រៅ​ប្រព័ន្ធ​នេះ​ក៏​ដោយ»។

ចំនួន​ថវិកា​ប៉ាន់​ស្មាន​សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​នេះ គឺ​ប្រមាណ​ជាង​៣,៨​លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល​ជាង​៥ឆ្នាំ​។ ថវិកា​ចំនួន​៣៦%​ផ្តល់​ដោយ​រដ្ឋាភិបាល និង​ថវិកា​៦៤​%​ទៀត គឺ​ជា​ការ​ចូលរួម​ចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍​នានា។ នេះ​បើ​តាម​សេចក្តី​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល។

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​នៅ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ ក្មេង​ៗ​កាន់​តែ​ច្រើន​បាន​ចំណាយ​ពេល​កាន់​តែ​ច្រើន​លើ​ប្រព័ន្ធ​សង្គម ដែល​ជា​ហានិភ័យ​បន្ថែម​ទៀត។

អ្នកស្រី មាស សាអ៊ីម ​អនុ​ប្រធាន​ផ្នែក​ស្រ្តី​និង​កុមារ​នៃ​សមាគម​អាដហុក បាន​ថ្លែង​ថា​ចំណេះ​ដឹង​របស់​អាណា​ព្យាបាល​នៅ​មាន​កម្រិត និង​មិន​ដឹង​អំពី​វិធី​នៃ​ការ​បិទ​បាំង​រូបភាព​អាស​អាភាស​ផ្សេងៗ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​សង្គម ហើយ​កុមារ​ងាយ​នឹង​ឃើញ​រូប​ទាំង​អស់​នោះ ហើយ​ងាយ​នឹង​ចាញ់​បោក​គេ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ក្មេងៗ​គាត់​យក​ទៅ​ប្រើ​ហើយ គាត់​មើល​អ្វីដែល​មាន​លើ​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​ក្មេង​វ័យ​ប្រហែល​គាត់​ហ្នឹង មិន​គួរ​មើល មិន​គួរ​ដឹង មិន​គួរ​ឃើញ​រូបភាព​ទាំង​អស់​ហ្នឹង។ វា​លើស​ពី​វ័យ​របស់​គាត់ ដែល​គាត់​ត្រូវ​ទទួល​យក»។

អ្នកស្រី​បញ្ជាក់​ថា​ការ​រៀបចំ​ផែន​ការ​សកម្មភាព​ប្រឆាំង​នឹង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ ជា​រឿង​ល្អ ប៉ុន្តែ​អ្នកស្រី​ស្នើ​ឲ្យ​មាន​ការ​អនុវត្តន៍​ឲ្យ​បាន​ពេញ​លេញ ​ដោយ​មាន​ថវិកា ​ធនធាន​ និង​បច្ចេក​ទេស​គ្រប់​គ្រាន់​ក្នុង​ការ​អនុវត្តន៍​ផង​ដែរ។

គួរ​បញ្ជាក់​ថា​ទិន្នន័យ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា​កម្ពុជា​មានមនុស្ស​ជាង​១០​លាន​នាក់ ដែល​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។ ក្រុមហ៊ុន​ហ្វេស​ប៊ុក​ក៏​បាន​ដាក់​គោល​នយោបាយ ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្មេង​អាយុ​ក្រោម​១៣​ឆ្នាំ បង្កើត​គណនី​ហ្វេស​ប៊ុក​នោះ​ទេ ហើយ​ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​រាយការណ៍​ពី​សាធារណជន នៅ​ពេល​ដឹង​ថា​មាន​ក្មេង​អាយុ​ក្រោម​១៣​ឆ្នាំ មាន​គណនី​ហ្វេសប៊ុក​៕