Your browser doesn’t support HTML5
«ការខ្វះផ្លូវនាំឲ្យមានការស្ទះចរាចរណ៍នៅតាមផ្លូវនៅភ្នំពេញ។ ប្រព័ន្ធលូនៅរដូវភ្លៀងមានភាពលិចលង់ ធ្វើឲ្យប្រជាពលរដ្ឋពិបាលធ្វើដំណើរ»។
ដើម្បីធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមាននិរន្តរភាព លោក រតនា បានឲ្យដឹងថា គេត្រូវសិក្សាអំពីអន្តរកម្មនិងទំនាក់ទំនងផ្សេងៗនៃហេដ្ឋារចនាសម្ព័ន្ធ។
«មុននឹងធ្វើផ្លូវថ្នល់យើងត្រូវសិក្សាអំពីប្រព័ន្ធលូ ប្រព័ន្ធទឹក ប្រព័ន្ធខ្សែកាប។ តើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យប្រព័ន្ធទាំងអស់ហ្នឹងស៊ីសង្វាក់នឹងគ្នា។ ហើយយើងក៏ត្រូវសិក្សាអំពីផលប៉ះពាល់នៃគម្រោងនីមួយៗទៅលើផ្នែកសង្គម បរិស្ថាន និងសេដ្ឋកិច្ច។ តើផលចំណេញលើវិស័យសេដ្ឋកិច្ចច្រើនជាផលប៉ះពាល់សង្គមនិងបរិស្ថានដែរឬអត់។ យើងត្រូវផ្តោតច្រើនលើផលចំណេញក្នុងរយៈពេលវែង ហើយគួរផ្តោតតិចលើតម្លៃចំណាយដំបូង»។
លោក ហៃ រតនា និយាយថា ក្រុមហ៊ុនភាគច្រើននៅកម្ពុជាបានយកបទដ្ឋាននៃការសាងសង់អគារពីបរទេសមកប្រើ ដែលនាំឲ្យមានគ្រោះថ្នាក់ដោយសារតែ គុណភាពសម្ភារៈសំណង់ដូចជាបេតុងនិងដែករបស់កម្ពុជាខុសពីគេ ហើយបរិយាកាសដូចជាភ្លៀងខ្យល់នៅក្នុងប្រទេសកម្ពុជាក៏ខុសពីគេដែរ។ ដូច្នេះលោក ហៃ រតនា ក៏ចង់ឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការជំនាញត្រួតពិនិត្យគម្រោងសាងសង់អគារទាំងឡាយក្នុងប្រទេសដើម្បីធានាដល់សុវត្ថិភាព សុខុមាលភាពប្រទេសពលរដ្ឋ និងនិរន្តរភាពនៃសេដ្ឋកិច្ចសង្គមទាំងមូល។
ដូចគ្នានេះដែរ លោក យឿន ពេជ្រតារារិទ្ធ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យស្ទែនហ្វ៊ដ (Stanford University) នៃសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នកំពុងធ្វើការជាអ្នកគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន Webcor Building របស់សហរដ្ឋអាមេរិកបានប្រាប់វីអូអេតាមទូរស័ព្ទថា ដោយកំណើនប្រជាពលរដ្ឋកាន់តែច្រើន កម្ពុជានៅខ្វះខាតសំណង់និងហេដ្ឋារចនាសម្ព័ន្ធកាន់ខ្លាំង។
«នៅប្រទេសកម្ពុជាយើងមានការខ្វះខាតច្រើនខាងផ្នែកសំណង់។ ប៉ុន្តែ មនុស្សទូទៅកំពុងខិតខំអភិវឌ្ឍច្រើននិងជ្រោមជ្រែងក្នុងការធ្វើឲ្យសំណង់របស់ប្រទេសយើងអាចដើរស្របពេលជាមួយនឹងការវិវឌ្ឍសំណង់បរទេស»។
ទាំងលោក ហៃ រតនា និងលោក យឿន ពេជ្រតារារិទ្ធ បានប្រាប់វីអូអេថា លោកនឹងយកចំណេះដឹងនិងបទពិសោធដែលលោកទទួលបាននៅសហរដ្ឋអាមេរិកទៅជួយអភិវឌ្ឍផ្នែកសំណង់នៅកម្ពុជាវិញ ដោយធ្វើឲ្យការសាងសង់ដំណើរការទៅប្រកបដោយប្រសិទ្ធផល ពោលគឺប្រើពេលខ្លី ចំណាយតិច និងជាប់បានយូរ៕