ព្រះមហាក្សត្រនៃប្រទេសកម្ពុជាបានប្រទានពរដល់គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលមានជម្លោះដ៏រ៉ាំរ៉ៃនឹងគ្នាឱ្យទទួលបានជោគជ័យក្នុងបុព្វហេតុដឹកនាំប្រទេសបន្ទាប់ពីគណបក្សទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់វិបត្តិនយោបាយដែលបានអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំក្រោយការបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី ដែលមានភាគីម្ខាងៗចំនួនបីនាក់នៅថ្ងៃព្រហស្បតិ៍នេះបានក្រាបបង្គំគាល់ព្រះមហាក្សត្រក្នុងព្រះបរមរាជវាំងដើម្បីទូលថ្វាយពីលទ្ធផលក្រោយពីជំនួបកាលពីថ្ងៃអង្គារ។
នៅខាងក្រៅបរិវេណព្រះបរមរាជវាំងមានការរឹតបន្តឹងសន្តិសុខយ៉ាងមាំទាំក្នុងខណៈពេលដែលមេដឹកនាំគូជម្លោះទាំងពីរបានដឹកដៃគ្នាក្រាបបង្គំគាល់ព្រះមហាក្សត្រ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងគណបក្សប្រជាជនកម្ពុជាមិនបានធ្វើអត្ថាធិប្បាយជាមួយអ្នកកាសែតដែលឈរចាំប្រមាញ់ព័ត៌មាននៅខាងក្រៅព្រះបរមរាជវាំងទេ។ ក៏ប៉ុន្តែលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍យ៉ាងខ្លីថាជំនួបប្រព្រឹត្តទៅដោយបរិយាកាសល្អ។
លោកនិយាយថា៖ «បរិយាកាសល្អសង្ឃឹមច្រើន។ លោកបានប្រទានពរជ័យឱ្យបានជោគជ័យទាំងអស់គ្នា»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិក្នុងជំនួបកំពូលកាលពីដើមសប្តាហ៍នេះបានព្រមព្រៀងគ្នាថា បញ្ចប់វិបត្តិនយោបាយដ៏រ៉ាំរ៉ៃ។ ជាថ្នូរនឹងការបញ្ចប់វិបត្តិនេះគណបក្សសង្គ្រោះជាតិទទួលបាននូវមុខតំណែងក្នុងស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា។
គណបក្សទាំងពីរក៏បានយល់ព្រមថានឹងកែប្រែសមាសភាគគ.ជ.បតាមរូបមន្ត៤.៤.១ គឺមានន័យថាគណបក្សសង្គ្រោះជាតិត្រូវជ្រើសរើសសមាសភាព៤រូប គណបក្សប្រជាជនកម្ពុជាចំនួន៤រូប និងមួយរូបផ្សេងទៀតត្រូវជាបុគ្គលដែលគណបក្សទាំងពីរយល់ព្រមរួមគ្នា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាសម្រាប់សមាសភាពគ.ជ.បទាំង៤រូបគណបក្សសង្គ្រោះជាតិទើបតែជ្រើសរើសលោក គួយ ប៊ុនរឿន តែម្នាក់ប៉ុណ្ណោះហើយនៅសល់ចំនួន៣រូបទៀតគណបក្សនឹងជ្រើសចេញពីអ្នកនយោបាយដែលមានបទពិសោធន៍យូរឆ្នាំនិងមកពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល។
លោកបាននិយាយថា៖ «យើងនឹងរើសចេញក្នុងចំណោមសង្គមស៊ីវិល ក្នុងចំណោមឥស្សរជននយោបាយដែលមានគេគោរព ហើយក្នុងចំណោមសមាជិកថ្នាក់ដឹកនាំគណបក្ស ក៏ប៉ុន្តែថ្នាក់ដឹកនាំគណបក្សត្រូវលាលែង»។
លោក គួយ ប៊ុនរឿន សមាជិកសភាជាប់ឆ្នោតមណ្ឌលខេត្តកំពង់ចាមបានលាលែងពីសមាជិកសភាតំណាងរាស្ត្រហើយត្រូវបានគណបក្សសង្គ្រោះជាតិតែងតាំងជាសមាសភាពគ.ជ.ប។ ចំណែកលោកសម រង្ស៊ីត្រូវបានគណបក្សបានជូនដំណឹងទៅគ.ជ.បដោយដាក់បេក្ខភាពជំនួសលោក គួយ ប៊ុនរឿន។
មកទល់ពេលនេះទាំងមុខតំណែងលោក សម រង្ស៊ី និងលោកកឹម សុខា នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោក យឹម សុវណ្ណ។
ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណក្សប្រជាជនបានអះអាងថា លោក កឹម សុខា ទំនងជាកាន់កាប់មុខតំណែងជាអនុប្រធានទី១នៃរដ្ឋសភា។ ក្នុងខណៈពេលដែលលោក ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភាបច្ចុប្បន្នត្រូវបានគណបក្សប្រជាជនតែងតាំងជាឧបនាយករដ្ឋមន្ត្រីវិញ៕