ភ្នំពេញ
បន្ទាប់ពីមានការចរចា ជនរងគ្រោះជនជាតិខ្មែរចំនួន៦នាក់បានសម្រេចដកពាក្យបណ្តឹងប្រឆាំងនឹងជនជាតិរុស្ស៊ីពីបទបង្កហឹង្សាដោយចេតនានិងបង្ករបួសស្នាម។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារជនជនរងគ្រោះ។
សាលាដំបូងខេត្តព្រះសីហនុបានចោទប្រកាន់ជនជាតិរុស្ស៊ីចំនួន៣នាក់ពីបទសង្ស័យថា បានឃុំខ្លួនបុគ្គលិករបស់ខ្លួនចំនួន៦នាក់និងបង្ខំឲ្យពួកគេលោតទឹកសមុទ្រក្នុងគោលបំណងបោះបង់ពួកគេចោល។
លោកប៉ូឡុនស្គី សេហ្គេ (Po Lonsky Sergie) អាយុ៤១ឆ្នាំ និងបុរសជនជាតិរុស្ស៊ីពីរនាក់ទៀតត្រូវចាប់ខ្លួនក្នុងកណ្តាលសមុទ្រដោយកងរាជអាវុធហត្ថខេត្តព្រះសីហនុកាលពីថ្ងៃទី៣០ខែធ្នូ បន្ទាប់ពីពួកគេបានចាប់បង្ខាំងបុគ្គលិកនាវារបស់ខ្លួនចំនួន៦នាក់នៅក្នុងបន្ទប់ទឹក ដោយប្រើកាំបិតចុងស្រួចភ្ជុងក រួចបង្ខំឲ្យពួកគេលោតទឹកនៅចំណុចកោះដូង ហើយក្រោយមកក៏បើកនាវាចេញដំណើរចោលពួកគេ។ នេះបើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្ត។
ជនរងគ្រោះត្រូវបានសង្គ្រោះដោយកងល្បាតសមុទ្រ បន្ទាប់ពីបុគ្គលិក ជនជាតិខ្មែរបានលោតទឹក នៅពេលដែលនាវាកំពុងធ្វើដំណើរ ហើយពួកគេបានឃើញកងនាវាល្បាត។ ជនរងគ្រោះបានផ្តល់សញ្ញាសុំការជួយសង្គ្រោះ ខណៈដែលជនជាតិរុស្ស៊ីទាំងបីនាក់បានព្យាយាមបើករត់គេចខ្លួន។
បើតាមប្រភពពីក្រុងព្រះសីហនុបានដឹងថា ជនជាតិរុស្ស៊ីទាំងបីនាក់គឺជាជំនួញ និងមានកម្មសិទ្ធិផ្ទះសំណាក់និងភោជនីយដ្ឋានពស់ និងវិនិយោគលើសណ្ឋាគារមួយនៅកោះដែកគោលព្រមទាំងមានមុខជំនួញមួយចំនួនទៀត។
លោកអ៊ូច សុភក្ត្រា មេធាវីការពារក្តីជនរងគ្រោះជនជាតិខ្មែរទាំង៦នាក់ បាននិយាយថា លោកបានសម្រេចដកពាក្យបណ្តឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ បន្ទាប់ពីមានការព្រមព្រាងគ្នាជាមួយជនជាប់ចោទជនជាតិរុស្ស៊ី ដោយបានផ្តល់ប្រាក់សំណងសរុបចំនួន២ម៉ឺនដុល្លារសហ រដ្ឋអាមេរិក។
«ពីព្រោះខាងគេចង់សងដើម្បីបញ្ចប់ កុំឲ្យយើងប្តឹងទាមទារគេ តទៅទៀត»។
លោកព្រះរាជអាជ្ញារងហួត វិចិត្របានបដិសេដមិនធ្វើអត្ថាធិប្បាយទេ ដោយលោកបានបង្វែសំណួរឲ្យទៅសួរលោកស្រីចៅក្រមស៊ លីនណា។
«នីតិវិធីនេះផុតដៃអយ្យការហើយ។ អញ្ចឹងបងអាចទាក់ទងទៅចៅក្រមស៊ើបបាន ពីព្រោះនៅក្នុងក្រមនីតិវិធីការងារស៊ើបសួរជាការងារដែលមិនអាចប្រាប់បានទេ។ អញ្ចឹងបងអាចសួរទៅចៅក្រមស៊ើបបាន»។
វីអូអេបានព្យាយាមទាក់ទងអ្នកស្រីចៅក្រមស៊ លីនណាតាមទូរស័ព្ទដើម្បីសុំសេចក្តីពន្យល់ តែមិនអាចទាក់ទងបានទេ នៅថ្ងៃសុក្រនេះ។
លោកហេង ធឿន អ្នកមើលការខុសត្រូវផ្ទះសំណាក់និងភោជនីយដ្ឋានពស់ដែលចេញមុខរៀបចំការសម្របសម្រួល បាននិយាយថា ជនរងគ្រោះបានសុខចិត្តទទួលយកសំណងដោយក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន១០០០ដុល្លារ។
«មូលហេតុថា ក្មេងៗហ្នឹង គាត់អាណិតថៅកែគាត់។ បើសិនណាមានរឿងរ៉ាវអញ្ចឹង គាត់ឃើញថៅកែ ដែលគាត់ធ្លាប់រស់នៅបួនដប់ឆ្នាំមកហើយ មានមុខជូររហូត ពីព្រោះប្រហែលជាគាត់មានភាគហ៊ុននៅក្នុងហ្នឹងដែរ»។
លោកច័ន្ទ ចំរើន អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ បាននិយាយថា តាមផ្លូវច្បាប់ជាសិទ្ធិរបស់ជនរងគ្រោះក្នុងការដកពាក្យបណ្តឹង។ ក៏ប៉ុន្តែរឿងបណ្តឹងអាជ្ញា ទោះបីជនរងគ្រោះដកពាក្យបណ្តឹងក៏ដោយ មិនដកពាក្យបណ្តឹងក៏ដោយ ឲ្យតែលោកព្រះរាជអាជ្ញាបានដឹងក្នុងរឿងហ្នឹងគឺបណ្តឹងអាជ្ញាអត់រលត់ទេ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ។
លោកបាននិយាយថា ចំពោះសំណុំរឿងរដ្ឋប្បវេណី ជនរងគ្រោះដកពាក្យបណ្តឹងនោះជាការស្រេច។
លោកបានបញ្ជាក់ថា មកដល់ពេលនេះជនជាតិរុស្ស៊ីទាំងបីនាក់កំពុងជាប់ឃុំឃាំងនៅឡើយ នៅក្នុងពន្ធនាគារខេត្ត៕