នៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិជប៉ុនមកកម្ពុជា ភាគីទាំងពីរបានប្តេជ្ញាពង្រឹងទំនាក់ទំនងផ្នែកយោធាឱ្យកាន់តែស៊ីជម្រៅបន្ថែម តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការយោធានិងសន្តិសុខ។
ការប្តេជ្ញារបស់ភាគីទាំងពីរធ្វើឡើងនៅគ្រារដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក គីហារ៉ា មីណូរុ (Kihara Minoru) កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មកទស្សនកិច្ចនៅកម្ពុជាដែលជាសម្ព័ន្ធមិត្តដ៏ស្អិតល្មួតរបស់ចិន។
ថ្ងៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិជប៉ុនចំពេលដែលកម្ពុជាបានចាប់ផ្តើមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនដែលភ្ជាប់ទន្លេមេគង្គទៅសមុទ្រ ហើយវាជាគម្រោងដែលបង្កក្តីបារម្ភដល់ប្រទេសវៀតណាម។
កម្ពុជាគឺជាប្រទេសដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលប្រមុខការពារជាតិជប៉ុនមកធ្វើទស្សនកិច្ច មុនលោកធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ចុះថ្ងៃទី៥ ខែសីហា នៅក្នុងជំនួបជាមួយលោក ទៀ សីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងទៅ។
ក្រសួងការពារជាតិបញ្ជាក់ថា៖ «រដ្ឋមន្ត្រីការពារជាតិទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ មាន៖ ១- កិច្ចសហប្រតិបត្តិការកងទ័ពជើងគោកទាំងពីរ, ២-វិស័យរក្សាសន្តិភាព, ៣-ការកសាងសមត្ថភាពយោធិន (ការបញ្ជូនយោធិនកម្ពុជាទៅជប៉ុន, យោធាចារ្យជប៉ុននៅកម្ពុជា) និង៤-ជំនួបពិភាក្សាការងារទ្វេភាគី»។
បើតាមសេចក្តីប្រកាសព័ត័មានដដែល កម្ពុជានិងជប៉ុនបានឯកភាពគ្នាក្នុងការផ្លាស់ប្តូរអនុព័ន្ធយោធាប្រចាំប្រទេសរៀងៗខ្លួន និងព្រមព្រៀងគ្នារៀបចំលំហាត់វគ្គហ្វឹកហ្វឺនជំនាញសង្គ្រោះពេលមានគ្រោះមហន្តរាយផងដែរ។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ភាគីទាំងពីរប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិភាព និងរបៀបវារៈស្ត្រី សន្តិសុខ សន្តិភាព ក្នុងការកសាងសមត្ថភាពកម្ពុជាចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមរយៈការរិះរកវិធីសាស្ត្រក្នុងការពង្រីកកាលានុភាពថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត។
រដ្ឋមន្រ្តីការពារជាតិជប៉ុនក៏បានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិជប៉ុនបានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃ«ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ជប៉ុននឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។
បើតាមសេចក្តីប្រកាសព័ត៌មាន ភាគីទាំងពីរក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរក្នុងក្របខណ្ឌកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ កិច្ចសហការទាំងនោះនឹងផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល ការបោសសម្អាតមីន និងលំហាត់រួមលើការសង្រ្គោះពេលមានគ្រោះមហន្តរាយជាដើម។
អ្នកជំនាញកិច្ចការតំបន់ លោក សេង វណ្ណលី ប្រាប់វីអូអេថា ការពង្រឹងទំនាក់ទំនងផ្នែកយោធារវាងកម្ពុជានិងជប៉ុនជាលទ្ធផលនៃកំណើនកិច្ចសហប្រតិបត្តិការរបស់ជប៉ុនជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសនៅក្នុងតំបន់ ដើម្បីទប់ឥទ្ធិពលចិន។
បើតាមអ្នកតាមដានរូបនេះ ការដាក់មន្ត្រីអនុព័ន្ធយោធារវាងប្រទេសទាំងពីរបង្ហាញពីសារៈសំខាន់នៃការកើនឡើងផ្នែកការទូតដោយភ្ជាប់ជាមួយសន្តិសុខរបស់ជប៉ុន។
លោកថ្លែងថា៖ «ទន្ទឹមនឹងនេះ កម្ពុជាក៏ឆ្លើយតបនឹងតម្រូវការរបស់កម្ពុជាដែរដោយសារកម្ពុជាចង់បានការធ្វើពិពិធកម្មផ្នែកសន្តិសុខជាមួយនឹងបរទេស ជាពិសេសប្រទេសមហាអំណាចក្នុងតំបន់ ដូចជាជប៉ុន ឥណ្ឌា អូស្ត្រាលី ក៏ដូចជាកូរ៉េខាងត្បូង ដើម្បីធ្វើម៉េចគេចវេះពីការរិះគន់ជុំវិញទំនាក់ទំនងផ្នែកសន្តិសុខរបស់កម្ពុជាជាមួយនឹងចិន»។
បើតាមលោក សេង វណ្ណលី តួនាទីផ្នែកយោធានិងសន្តិសុខរបស់ជប៉ុនចាប់ផ្តើមកើនឡើង ដែលលោកថា កិច្ចសហប្រតិបត្តិការផ្នែកយោធារវាងកម្ពុជានិងជប៉ុននឹងកើនឡើងជាបន្តបន្ទាប់ ក្រោយការដាក់អនុព័ន្ធយោធា។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិជប៉ុនធ្វើឡើងមិនដល់មួយខែផង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន អ្នកស្រី ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko) ដែលបានមកកម្ពុជាកាលពីដើមខែកក្កដា។
ប្រទេសជប៉ុនបានរក្សាទំនាក់ទំនងដ៏កក់ក្តៅជាប្រវត្តិសាស្ត្រជាមួយប្រទេសកម្ពុជា ប៉ុន្តែឥទ្ធិពលរបស់ជប៉ុនគឺតិចតួច បើប្រៀបធៀបទៅនឹងប្រទេសចិន ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់រដ្ឋាភិបាលក្រុងតូក្យូនៅអាស៊ី។ រដ្ឋាភិបាលក្រុងតូក្យូមានការរំខានដោយ«សកម្មភាពដែនសមុទ្រដ៏គឃ្លើនរបស់ចិន» ហើយកំពុងស្វែងរកការប្រឆាំងនឹងការទូត និងសេដ្ឋកិច្ចរបស់ រដ្ឋាភិបាលក្រុងប៉េកាំង។
នៅមុនធ្វើដំណើរមកកាន់ប្រទេសកម្ពុជានិងវៀតណាម លោក Kihara រដ្ឋមន្រ្តីការពារជាតិជប៉ុន បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសជប៉ុនបាននិងកំពុងបង្កើនទំនាក់ទំនងផ្នែកការពារជាតិជាមួយកម្ពុជា និងវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយលោកសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។
លោក Kihara និយាយថា៖«បណ្តាប្រទេសអាស៊ីអាគ្នេយ៍គឺស្ថិតនៅក្នុងតំបន់សំខាន់ជាយុទ្ធសាស្ត្រដែលជាផ្នែកមួយនៃផ្លូវសមុទ្រដ៏សំខាន់របស់ប្រទេសជប៉ុន»។
លោកបន្ថែមថា ជប៉ុនបានលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា និងវៀតណាមដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក Kihara បន្តថា លោកសង្ឃឹមថានឹងចែករំលែក«ការយល់ដឹងរបស់លោកអំពីបរិយាកាសយុទ្ធសាស្ត្រ«នៅក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខជាមួយកម្ពុជា និងវៀតណាម»។
គួរបញ្ជាក់ថា កងទ័ពចិនកំពុងជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ ការធ្វើទំនើបកម្មនេះត្រូវបានសហរដ្ឋអាមេរិកបង្ហាញការសង្ស័យថា អាចប្រើប្រាស់ដើម្បីធ្វើជាមូលដ្ឋានកងទ័ពរបស់ចិននាពេលណាមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ទប់ទល់នឹងអាមេរិក ប៉ុន្តែកម្ពុជាបានបដិសេធជាបន្តបន្ទាប់៕